សេចក្តីប្រកាសព័ត៌មាន
២ កុម្ភៈ ២០២៣
2023/01
ភ្នំពេញ ៖ នៅថ្ងៃទី ១ ខែកុម្ភៈនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្សប្រចាំឆ្នាំ ។
ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន ។ កញ្ញាគឺជាអ្នកទីមួយ នៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ ។
កញ្ញា ស៊ីថរ ដឹកនាំ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ» នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ។ ចាប់តាំងពីចុងឆ្នាំ ២០២១ កញ្ញា ស៊ីថរ បានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយសន្តិវិធី អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលជឿថាពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពចំនួនជាង ១០ រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ ។
ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួនកាលពីខែមករា ឆ្នាំ ២០២២ ក្នុងពេលកូដកម្មណាហ្គាវើលដ៍ កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ ។ ក្រោយពីអាជ្ញាធរដោះលែងកញ្ញា ស៊ីថរ ជាថ្មីម្តងទៀត ពួកគេក៏បានចាប់ខ្លួននាង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយចោទថាបានរំលោភនូវលក្ខខណ្ឌនៅក្រៅឃុំ ដោយសារធ្វើដំណើរទៅក្រៅប្រទេស ចូលរួមសន្និសីទទាក់ទងនឹងសហជីព ។ កញ្ញា ត្រូវបន្តឃុំខ្លួនដោយរង់ចាំការកាត់ទោស ដែលមិនទាន់កំណត់ពេល ហើយមិនអាចធ្វើដំណើរទៅចូលរួមយកពានរង្វាន់ នៅរដ្ឋធានីវ៉ាស៊ីងតុន ជាមួយអ្នកទទួលពានដទៃទៀតបាន ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ ២០២២ ម្នាក់ ។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារដ៏ក្លាហាននិងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា ។»
ការការពារនិងគាំទ្រអ្នកការពារសិទ្ធិមនុស្ស គឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ។ ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា សូមអបអរសាទរដល់កញ្ញា ឈឹម ស៊ីថរ និងអ្នកទទួលទាំងអស់នៃ ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ ២០២២ ។
###