សេចក្តីសង្ខេបរួម
រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានលើកកម្ពស់ តាមរយៈការមានថ្ងៃឈប់សម្រាក ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័នពុទ្ធសាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាពនេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ច្បាប់មិនអនុញ្ញាតឲ្យនិកាយដែលមិនមែនជាព្រះពុទ្ធសាសនា ធ្វើការទទួលអ្នកដូរសាសនាជាសាធារណៈទេ។ រដ្ឋាភិបាលនៅតែមិនព្រមអនុញ្ញាតឲ្យការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ (UNHCR) ទទួលយកជាអចិន្រ្តៃយ៍ នូវជនម៉ុងតាញ៉ាមួយក្រុម ដែលកាន់សាសនាគ្រិស្តមកពីប្រទេសវៀតណាម ហើយដែលបានមកប្រទសកម្ពុជា ដើម្បីទាមទារសិទ្ធិជ្រកកោន។ រដ្ឋាភិបាល បានប្រគល់ឲ្យវិញនូវដីខ្លះទៅសហគមន៍ជនជាតិ ដែលច្រើនមានជំនឿលើរុក្ខអារក្សអ្នកតា ដោយដើមឡើយ រដ្ឋផ្តល់ដីនោះទៅឲ្យក្រុមហ៊ុនបរទេសមួយធ្វើជាដីសម្បទានសម្រាប់ធ្វើការអភិវឌ្ឍន៍។
សារព័ត៌មានបានរាយការណ៍ថា អ្នកភូមិបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ ដោយគេសង្ស័យថា បានធ្វើធ្មប់ ដោយសារគេមានជំនឿលើអារក្សអ្នកតា។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (OHCHR) បាននិយាយថា បទល្មើសទាក់ទងនឹងអំពើអាបធ្មប់ នៅតែបន្តមានច្រើន ហើយនៅចន្លោះពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ មានករណីបែបនេះយ៉ាងហោចណាស់ចំនួន ៤៩។ នៅតែមានសេចក្តីរាយការណ៍ថា មានឧបសគ្គនៅក្នុងសង្គម ចំពោះសមាហរណកម្មនៃក្រុមភាគតិចដែលកាន់សាសនាអ៊ីស្លាម និងក្រុមអ្នកកាន់សាសនាគ្រិស្ត។
មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកតែងតែលើកឡើងពីសេរីភាពសាសនា និងភាពអត់ឱន ជាមួយតំណាងនៃក្រសួងធម្មការ និងសាសនា និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល។ កម្មវិធីខ្លះរបស់ស្ថានទូតបានបន្តផ្តោតលើការអភិរក្សនៃទីតាំងវប្បធម៌សាសនា។
ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា
តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៦,៧ លាននាក់ (ចំនួនប៉ាន់ប្រមាណនៅពាក់កណ្តាលឆ្នាំ ២០១៩)។ បើយោងតាមក្រសួងធម្មការ និងសាសនា ប្រហែល ៩៥% នៃប្រជាជនកម្ពុជាកាន់ព្រះពុទ្ធសាសនា ហើយកាន់ពុទ្ធសាសនាហីនយាន ។ ចំនួន ៥%ទៀតគឺជាអ្នកកាន់សាសនាគ្រិស្ត អ៊ីស្លាម ជំនឿលើអារក្សអ្នកតា សាសនា Bah’is សាសនាជីហ្វ និងសាសនា កៅដាយ។ តាមប្រពៃណី អាណិកជនវៀតណាមកាន់ព្រះពុទ្ធសាសនាមហាយាន តែមានច្រើនបានបែរមកកាន់ពុទ្ធសាសនាហីនយានវិញ។ អាណិកជនវៀតណាមដទៃទៀតកាន់សាសនារ៉ូម៉ង់កាតូលិក ហើយក្រុមនេះជាក្រុមធំជាងគេ ដែលកាន់សាសនាកាតូលិកនៅកម្ពុជា។ អ្នកកាន់សាសនាកាតូលិកមានចំនួន ០,៤% នៃប្រជាជនសរុប។ ការវាយតម្លៃរបស់អង្គការមិនមែនរដ្ឋាភិបាល លើអ្នកកាន់សាសនាប្រូតេស្តង់ រួមទាំងអ្នកកាន់សាសនាគ្រិស្ត Evangelical ផង ឃើញថា មានចំនួនខុសៗគ្នា តែឃើញថា ចំនួនគឺតិចជាង ២% នៃប្រជាជនសរុប។
យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល អ្នកកាន់សាសនាអ៊ីស្លាមមានចំនួនប្រមាណពី ២,១% នៃប្រជាជនទាំងអស់ តែអង្គការមិនមែនរដ្ឋាភិបាលខ្លះប៉ាន់ប្រមាណថា អាចមានចំនួនពី ៤% ទៅ ៥%។ ក្នុងចំណោមនេះ ភាគច្រើនលើសលុបគឺចាម ថ្វីបើមិនមែនគ្រប់ចាមទាំងអស់កាន់សាសនាអ៊ីស្លាមទេ។ ចាមច្រើនរស់នៅតាមទីប្រជុំជន និងភូមិនេសាទតាមជនបទ តាមមាត់បឹងទន្លេសាបនិងទន្លេមេគង្គ និងក្នុងខេត្ដកំពត ។ នៅកម្ពុជា សាសនាអ៊ីស្លាមមានបួនសាខា គឺសាខា Shafi ដែលប្រតិបត្តិដោយអ៊ីស្លាមសាសនិករហូតដល់ ៩០% សាខា Salafi (Wahhabi) សាខាដើមដែលមាន ឈ្មោះថា Iman-San និងសាខា Kadiani ។
ជនជាតិព្នងមានចំនួនប្រមាណ ០,២៨% ដែលភាគច្រើនជឿលើអារក្សអ្នកតា។ ចំនួនប្រហែល ០,២៥%ទៀតជាក្រុមអ្នកកាន់សាសនា Baha’i Faith ជ្វីហ្វ និង Cao Dai ។
ផ្នែកទី ២. ស្ថានភាពនៃការគោរពរបស់រដ្ឋាភិបាលចំពោះសេរីភាពសាសនា
ក្របខ័ណ្ឌច្បាប់
រដ្ឋធម្មនុញ្ញចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាវាមិនជ្រៀតជ្រែកជំនឿ សាសនាដទៃទៀត ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋធម្មនុញ្ញកំណត់ថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយចែងពីការឲ្យរដ្ឋផ្តល់ការគាំពារចំពោះការអប់រំតាមព្រះពុទ្ធសាសនា ហើយហាមប្រាមការរើសអើងខាងសាសនា។ ច្បាប់ហាមប្រាមក្រុមសាសនានានា មិនឲ្យរិះគន់ដោយចំហលើក្រុមសាសនាដទៃទៀត តែមិនបានបញ្ជាក់លម្អិតពីផលវិបាកចំពោះការរំលោភលើការហាមប្រាមនេះ។ ច្បាប់ហាមប្រាមអង្គការសាសនាមិនឲ្យរៀបចំពិធី ធ្វើការប្រមូលផ្តុំ ប្រជុំ និងបើកវគ្គរៀនសូត្រ ដែលផ្តោតលើនយោបាយ។
ច្បាប់តម្រូវឲ្យក្រុមអ្នកកាន់សាសនាទាំងអស់ រួមទាំងក្រុមពុទ្ធសាសនិកផង ឲ្យចុះបញ្ជីការជាមួយ ក្រសួងធម្មការនិងសាសនា។ ច្បាប់កំណត់ថា ក្រុមនានាត្រូវតែប្រាប់រដ្ឋាភិបាលនូវបំណងនៃអង្គការសាសនារបស់គេ រៀបរាប់ពីសកម្មភាពសាសនារបស់គេ ផ្តល់ប្រវត្តិរូបនៃមេដឹកនាំសាសនារបស់គេ រៀបរាប់ប្រភពថវិកា សន្យាផ្តល់របាយការណ៍ប្រចាំឆ្នាំ ដែលរៀបរាប់លម្អិតពីសកម្មភាពសាសនាទាំងអស់ យល់ព្រមគោរពតាមបញ្ញត្តិដែលហាមក្រុមសាសនាប្រមាថក្រុមសាសនាដទៃទៀត បង្កជម្លោះ ឬបំផ្លាញសន្តិសុខជាតិ។ ការចុះបញ្ជីតម្រូវឲ្យមានការយល់ព្រមពីថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយដំណើរការនេះអាចចំណាយពេលរហូតដល់ ៩០ ថ្ងៃ។ គ្មានការពិន័យចំពោះការខកខានមិនបានចុះបញ្ជីទេ។ ក្រុមសាសនាដែលបានចុះបញ្ជីហើយ ទទួលបានការលើកលែងពន្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ច្បាប់ហាមប្រាមជាផ្លូវការ មិនឲ្យក្រុមមិនមែនជាពុទ្ធសាសនិក ដើរបញ្ចុះបញ្ចូលឲ្យគេចូលសាសនារបស់ខ្លួន ហើយចែងថា ខ្លឹមសារអត្ថបទមិនមែនជារបស់ពុទ្ធសាសនិកអាចចែកចាយបានតែនៅក្នុងកន្លែងសាសនារបស់គេតែប៉ុណ្ណោះ ។ ច្បាប់ក៏ហាមផងដែរលើការផ្តល់លុយ ឬសម្ភារៈដើម្បីបញ្ចុះបញ្ចូលឲ្យគេចូលសាសនារបស់ខ្លួន។
ច្បាប់តម្រូវឲ្យមានការចុះបញ្ចីដាច់ដោយឡែកពីគ្នាផងដែររ នូវកន្លែងគោរពបូជា និងសាលាសាសនា។ កន្លែងគោរពបូជា និងសាលាសាសនាអាចត្រូវបានបិទបណ្តោះអាសន្ន រហូតដល់កន្លែងទាំងនោះត្រូវបានចុះបញ្ជីការហើយ តែក្រសួងធម្មការ និងសាសនានិយាយថា ខ្លួនមិនបានចាត់វិធានការនេះទេ។ ច្បាប់ធ្វើការញែកដាច់ពីគ្នារវាង “កន្លែងធ្វើសក្ការៈបូជា” និង “កន្លែងសូត្រធម៌”។ ការបង្កើតកន្លែងបូជាទាមទារឲ្យស្ថាបនិកគឺជាម្ចាស់កម្មសិទ្ធិលើអាគារ និងដីអាគារនោះ។ កន្លែងនោះត្រូវដាក់មនុស្សបានយ៉ាងតិច ២០០ នាក់ ហើយពាក្យសុំការអនុញ្ញាតត្រូវមានការគាំទ្ររបស់អ្នកជឿនិងគាំទ្រចំនួនយ៉ាងតិច ១០០ នាក់។ កន្លែងសូត្រធម៌ អាចស្ថិតនៅក្នុងទីតាំងជួល ឬនៅលើដីជួល ហើយមិនចាំបាច់ទាល់តែដាក់មនុស្សបានប៉ុន្មាននោះទេ ។ចំណែកពាក្យសុំការអនុញ្ញាតលើកន្លែងសូត្រធម៌ត្រូវមានអ្នកគាំទ្រចំនួន២៥ នាក់យ៉ាងតិច។ កន្លែងគោរពបូជាត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងតិច ២ គម ហើយមិនអាចប្រើប្រាស់ដើម្បីបម្រើបំណងផ្នែកនយោបាយ ទទួលឧក្រិដ្ឋជនឲ្យស្នាក់នៅ ឬជនគេចខ្លួនពីច្បាប់ឡើយ ។ ការកំណត់ចម្ងាយ ពីគ្នានេះគឺសម្រាប់តែការកសាងកន្លែងគោរពបូជាថ្មីៗតែប៉ុណ្ណោះ ហើយមិនទាក់ទងនឹងការិយាល័យរបស់អង្គការសាសនា ឬកន្លែងសូត្រធម៌ទេ ។
សាលាសាសនាត្រូវតែមានការចុះបញ្ជីការជាមួយក្រសួងធម្មការនិងសាសនា ហើយនិងក្រសួងអប់រំ។ សាលាសាសនាត្រូវបានណែនាំដោយក្រសួងអប់រំ ឲ្យធ្វើតាមកម្មវិធីសិក្សាស្នូលរបស់ក្រសួងអប់រំ ដែលមិនបញ្ចូលផ្នែកស្តីពីសាសនាទេ តែសាលាអាចបន្ថែមមេរៀនស្តីពីព្រះពុទ្ធសាសនា បន្ថែមលើកម្មវិធីសិក្សាស្នូលរបស់ក្រសួង។ រដ្ឋាភិបាលតម្រូវឲ្យតាមសាលារដ្ឋធ្វើការសម្របសម្រួលជាមួយក្រសួងអប់រំ នៅពេលបង្រៀនមេរៀនបន្ថែមស្តីពីព្រះពុទ្ធសាសនា។ សិស្សដែលមិនកាន់ព្រះពុទ្ធសាសនា អាចមិនរៀនមេរៀននេះក៏បានដែរ។ ច្បាប់មិនអនុញ្ញាតឲ្យបង្រៀនសាសនាមិនមែនព្រះពុទ្ធ នៅសាលារដ្ឋទេ។ ការបង្រៀនសាសនាដទៃ ដែលមិនមែនជាពុទ្ធសាសនា អាចបង្រៀនបាននៅតាមសាលាឯកជន។
ប្រទេសកម្ពុជាបានចូលរួមជាភាគីមួយ នៅក្នុងកតិកាអន្តរជាតិស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។
ការប្រតិបត្តិរបស់រដ្ឋាភិបាល
នួន ជា ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ ២០១៨ ពីបទប្រល័យពូជសាសន៍ទាក់ទងនឹងសាសនា និងក្រុមជនជាតិ ទៅលើជនជាតិវៀតណាម និងចាម នៅក្នុងសម័យខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ បានស្លាប់នៅអាយុ ៩៣ មុនពេលសាលាក្តីបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់គាត់។
រដ្ឋាភិបាលបន្តមិនឲ្យអង្គការឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទទួលយកជាអចិន្រ្តៃយ៍ នូវក្រុមជនជាតិតំបន់ភ្នំម៉ុងតាញ៉ាដែលកាន់សាសនាគ្រិស្ត មកពីប្រទេសវៀតណាម ដែលបានមកប្រទេសកម្ពុជាដើម្បីស្វែងរកឋានៈជាជនភៀសខ្លួន។ ក្រុមចំណោមសមាជិកក្រុមនេះចំនួន ២០០ នាក់ ដែលបានគេចខ្លួនពីប្រទេសវៀតណាម ហើយបានមកដល់កម្ពុជា នៅឆ្នាំ ២០១៧ មាន ២៧ នាក់បានស្ថិតនៅកម្ពុជានៅឡើយ។ រដ្ឋាភិបាលបានបញ្ជូនត្រឡប់ទៅវៀតណាមវិញចំនួន ៤ នាក់ នៅខែមិថុនា។ សកម្មជនសិទ្ធិមនុស្សបានសម្តែងកង្វល់ថា អ្នកដែលត្រូវបញ្ជូនត្រឡប់ទៅវៀតណាមវិញ នឹងប្រឈមនូវការធ្វើបាប នៅពេលទៅដល់វិញ។ អង្គការ UNHCR បាននិយាយថា មានម្នាក់ក្នុងចំណោម ៤ នាក់នោះបានវិលត្រឡប់វិញដោយស្ម័គ្រចិត្ត ហើយ ៣ នាក់ទៀតត្រូវបានរកឃើញដោយអង្គការ UNHCR ថា គ្មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់សម្រាប់ទទួលឋានៈជនភៀសខ្លួនទេ។ នៅខែមិថុនាដដែលនោះ រដ្ឋាភិបាលបាននិយាយថា នឹងអនុញ្ញាតឲ្យអ្នកនៅសល់ចំនួន ២៧ នាក់ទៅតាំងទីលំនៅនៅប្រទេសទី ៣ បើសិនជាអង្គការ UNHCR ទទួលបានការយល់ព្រមពីរដ្ឋាភិបាលវៀតណាម។ អង្គការនេះបានបដិសេធសំណើនេះ ដោយនិយាយថា រដ្ឋាភិបាលកម្ពុជាគួរទាក់ទងដោយផ្ទាល់ជាមួយរដ្ឋាភិបាលវៀតណាម។
រដ្ឋាភិបាលបានបន្តឲ្យមានថ្ងៃឈប់សម្រាកបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ជាផ្លូវការ ហើយថែមទាំងផ្តល់ការបង្រៀនតាមសាសនាព្រះពុទ្ធដល់សង្ឃ និងអ្នកឯទៀត នៅតាមវត្ត ហើយជួយជាថវិកាដល់វិទ្យាស្ថានដែលធ្វើការស្រាវជ្រាវ និងបោះពុម្ពឯកសារស្តីពីវប្បធម៌ខ្មែរ និងប្រពៃណីតាមព្រះពុទ្ធសាសនា។ រដ្ឋាភិបាលមិនបានធ្វើដូច្នេះឡើយ ចំពោះក្រុមសាសនា ឬថ្ងៃឈប់សម្រាកតាមសាសនាដទៃទៀតទេ។
នៅថ្ងៃទី ៧ ខែឧសភា នាយករដ្ឋមន្រ្តី ហ៊ុន សែនបានរៀបចំអាហារស្រាយបួស Iftar ជាមួយសមាជិកម្នាក់នៃសភាម៉ាឡេស៊ី ឈ្មោះ Wan Junaidi bin Tuanku Jaafar ដែលជាសមាជិកនៃក្រុមប្រឹក្សាសាសនាអ៊ីស្លាម Selagor ដែលតំណាងឲ្យអង្គការសហប្រតិបត្តិការអ៊ីស្លាម អ៊ីស្លាមសាសនិកចំនួន ៣២០ នាក់ មានសញ្ជាតិចំនួន ៣២ និងអ៊ីស្លាមសាសនិកកម្ពុជាចំនួន ៤៧៥០ នាក់។ នោះគឺជាឆ្នាំលើកទី ៦ ជាប់គ្នាមកហើយដែលនាយករដ្ឋមន្រ្តីបានរៀបចំពិធីបែបនេះ ហើយគាត់បានសន្យាថា នឹងបន្តរៀបចំតទៅទៀត។ នៅក្នុងសុន្ទរកថារបស់លោក លោកបានសន្យារក្សា «សុខដុមផ្នែកសាសនា ដើម្បីឲ្យប្រទេសកម្ពុជាគ្មានជម្លោះជាតិសាសន៍ និងសាសនា»។
កាលពីខែតុលា នៅក្នុងពិធីភោជនីយាហារជាមួយគ្រិស្តសាសនិកចំនួន ៣០០០ នាក់ នៅភ្នំពេញ លោកនាយករដ្ឋមន្រ្តីបានិយាយថា កម្ពុជា គ្មានជម្លោះសាសនាទេ។ លោកបានលើកទឹកចិត្តឲ្យអ្នកចូលរួមរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងប្រទេស។
នៅខែឧសភា នៅក្នុងពិធីសូត្រគម្ពីកូរ៉ាន ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអំពាវនាវឲ្យអ៊ីស្លាមសាសនិកនៅក្នុងប្រទេសប្រឆាំងនឹងអន្តរាគមន៍បរទេស នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ គាត់បានសុំឲ្យពួកគេ «រក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឺកដី ហើយប្រឆាំងរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ»។
នៅថ្ងៃទី ៨ ខែឧសភា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាឲ្យប្រធានមន្ទីរពេទ្យរដ្ឋទាំងអស់រៀបចំបន្ទប់នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការថ្វាយបង្គំរបស់អ្នកជំងឺ និងបុគ្គលិកជាអ៊ីស្លាមសាសនិក។ នៅថ្ងៃទី ១៥ ខែឧសភា ក្រសួងអប់រំបានធ្វើដូចគ្នានេះ ហើយបានស្នើឲ្យសាកលវិទ្យាល័យ សាលាឯកជន និងសាលារដ្ឋចំនួន ១២៥ នៅទូទាំងប្រទេសបន្ថែមបន្ទប់សូត្រធម៌ ថ្វាយបង្គំ នៅក្នុងនោះ។
នៅថ្ងៃទី ២៦ ខែមីនា រដ្ឋាភិបាលបានប្រកាសសេចក្តីសម្រេចចិត្តមួយ ក្នុងការដកហូតយកដីចំនួន ៧៤២ ហិកតា ពីក្រុមហ៊ុនសម្បទានមួយរបស់វៀតណាម ឈ្មោះ Hoang Anh Gia Lai ហើយបានបង្វិលដីនោះឲ្យទៅសហគមន៍ជនជាតិដើម នៅរតនៈគីរី ដែលភាគច្រើនជឿលើអារក្សអ្នកតា។
ផ្នែកទី ៣. ស្ថានភាពនៃការគោរពរបស់សង្គម ចំពោះសេរីភាពសាសនា
នៅថ្ងៃទី ២១ មករា នៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បើយោងតាមផ្នែកសារព័ត៌មាន ឈ្មោះ វង់ ដែន បានកាប់សម្លាប់ឈ្មោះ នក សល់។ របាយការណ៍និយាយថា ឈ្មោះដែនបានចោទឈ្មោះសល់ថា បានធ្វើអំពើ ដើម្បីឲ្យគាត់ និងគ្រួសារគាត់ឈឺ។ នគរបាលបានចាប់ឈ្មោះដែន នៅថ្ងៃបន្ទាប់ ហើយបានចោទគាត់ពីបទសម្លាប់មនុស្សគិតទុកជាមុន។
នៅថ្ងៃទី ១៤ មេសា នៅឃុំស្រែ ឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បើយោងតាមផ្នែកសារព័ត៌មាន ឈ្មោះ នន ម៉ៅបានបាញ់សម្លាប់ឈ្មោះ ជុច ផស នៅពេលគាត់កំពុងដេកក្នុងផ្ទះ។ ម៉ៅបានចោទផសពីបទធ្វើអំពើឲ្យគាត់ និងគ្រួសារគាត់ឈឺ។ នគរបាលបានចាប់ឈ្មោះម៉ៅ នៅថ្ងៃដដែលនោះ ហើយបានចោទគាត់ពីបទសម្លាប់មនុស្សគិតទុកជាមុន។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជនទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាននិយាយថា បទល្មើសទាក់ទងនឹងអាបធ្មប់មានការថយចុះនៅតំបន់ទីប្រជុំជន តែនៅតែជាបញ្ហានៅតំបន់ជនបទ។ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៨ អង្គការ OHCHR បានកត់សម្គាល់ឃើញមានបទល្មើសទាក់ទងនឹងរឿងអាបធ្មប់ចំនួន ៤៩ ដោយក្នុងនោះ មានការសម្លាប់មនុស្សចំនួន ៣៥ ករណី និងការប៉ុនប៉ងសម្លាប់ ឬយាយីលើមនុស្សចំនួន ១៤ ករណី។
អ្នករស់នៅក្នុងសហគមន៍ចាមកាន់សាសនាអ៊ីស្លាមខ្លះបាននិយាយថា គេជួបឧបសគ្គនៅក្នុងការទទួលបានសមាហរណកម្មពេញលេញទៅក្នុងសង្គម ដោយក្នុងនោះរួមមានទាក់ទងនឹងការរកបានការងារហើយនិងសេដ្ឋកិច្ច និងសង្គម។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មានអ្នកខ្លះនៅក្នុងសហគមន៍ពុទ្ធសាសនិកដែលជាក្រុមភាគច្រើន នៅតែមានការសង្ស័យទៅលើចាម និងក្រុមភាគតិចដទៃទៀត ថាចេះនិងធ្វើអាបធ្មប់។
ផ្នែកទី ៤. គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការពាក់ព័ន្ធ
មន្រ្តីស្ថានទូតសហរដ្ឋអាមេរិកតែងតែបានលើកឡើងពីសារៈសំខាន់នៃការធ្វើសមាហរណកម្មពេញលេញនៃក្រុមសាសនាភាគតិច ទៅក្នុងសង្គមខ្មែរ និងអត្ថប្រយោជន៍នៃការគាំទ្រពហុភាពនៃសាសនា ជាមួយតំណាងក្រសួងធម្មការ និងសាសនា ហើយនិងមន្រ្តីដទៃទៀត ក្នុងរដ្ឋាភិបាល។
ស្ថានទូតអាមេរិកបានបញ្ជាក់ពីសារៈសំខាន់នៃការទទួលយកភាពចម្រុះនៃសាសនា ក្នុងជំនួបជាមួយមេដឹកនាំសាសនាព្រះពុទ្ធ សាសនាគ្រិស្ត និងសាសនាអ៊ីស្លាម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ឱនរវាងអ្នកកាន់សាសនាផ្សេងៗ នៅក្នុងសង្គមប្រជាធិបតេយ្យ។
មន្រ្តីស្ថានទូតបានជួបទៀងទាត់ជាមួយក្រុមជនជាតិចាម និងសមាជិកអ៊ីស្លាមសាសនិកដទៃទៀត ដើម្បីគាំទ្រការអត់ឱនផ្នែកសាសនា ការគោរពចំពោះវប្បធម៌នៃក្រុមភាគតិច ឱកាសស្មើគ្នាផ្នែកសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្រុមជនជាតិភាគតិច ទៅក្នុងវប្បធម៌នៃក្រុមភាគច្រើន។ នៅក្នុងអំឡុងពេលនៃទស្សនកិច្ចមួយចំនួន មកកាន់តំបន់នេះ មន្រ្តីជាន់ខ្ពស់មកពីទីក្រុងវ៉ាស៊ីនតោន ថែមទាំងបានជួបជាមួយអាជ្ញាធរ និងសមាជិកនៃអង្គការសង្គមស៊ីវិលក្នុងស្រុក ដើម្បីជំរុញសេរីភាពសាសនា។
កម្មវិធីខ្លះ របស់ស្ថានទូតបានផ្តោតលើការគាំទ្រការអភិរក្សទីតាំងវប្បធម៌បែបសាសនា។