ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងកម្ពុជា និងសហរដ្ឋអាមេរិក

សេចក្តីប្រកាសព័ត៌មាន
August 30, 2023

ស្ថានទូតអាមេរិក​ នៅភ្នំពេញ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងលើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ នាថ្ងៃ​នេះ ដែលជាការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង​របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌​ដ៏សម្បូរបែប របស់កម្ពុជា។ កម្ពុជា គឺជាប្រទេសតែមួយគត់​នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀង​នេះ។ អនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាលើកដំបូង ត្រូវបានចុះហត្ថលេខា​នៅឆ្នាំ ២០០៣។ 

ការបន្ត MOU ទៀតនេះរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា​នៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់​នៃវត្ថុបុរាណដ៏ល្អឯក ពីប្រទេសកម្ពុជា។ ការបន្ត MOU នេះនឹងបន្តការផ្លាស់ប្តូរគ្នា នូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុសាស្ត្រ សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត ដើម្បីធ្វើឲ្យសាធារណជនកាន់តែយល់ និងផ្តល់តម្លៃ ហើយស្វែងយល់បាន​នូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប​របស់កម្ពុជា។ 

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក MOU នេះ​បានជួយសម្រួល​ដល់ការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណដ៏​មានតម្លៃចំនួនជាង ១០០ ដុំ និងបានកសាងសមត្ថភាព​របស់ជនជាតិខ្មែរ ដែលធ្វើការងារថែរក្សាគាំពារបេតិកភណ្ឌវប្បធម៌។  

នៅក្នុងពិធី​នេះ លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ក៏បានប្រកាសផងដែរ​ នូវជំនួយថវិកាចំនួន ៤៥ ម៉ឺនដុល្លារ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត​សម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្ស​នៅប្រាសាទភ្នំបាខែង។ 

នៅក្នុងសុន្ទរកថារបស់លោក ឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ប្រទេសយើងទាំងពីរមើលឃើញអំពីអំណាច​នៃវប្បធម៌ ក្នុងការធ្វើឲ្យមនុស្សមានការរួបរួមគ្នា។ សហរដ្ឋអាមេរិកមានមោទនភាពចំពោះការរួមចំណែក​របស់ខ្លួន ក្នុងការជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌​នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗទៀត» ។ 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ៖ ​« អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវត្ថុបុរាណរបស់ព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានលួច និងទទួលទិញដោយអ្នកធ្វើសមុច្ច័យជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។ វិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវវត្ថុបូរាណ និងសម្បត្តិវប្បធម៌ ពឹងផ្អែកលើសហប្រតិបត្តិការជិតស្និទ្ធ..កិច្ចសហការគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាមានសារសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបូរាណខុសច្បាប់”។ 

លោកជំទាវបណ្ឌិសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក​ សម្រាប់ការបន្តការ​គាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌។ 

តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាថវិកាជិត ៦ លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌ ៕ 

###