For Immediate Release February 11, 2020
2020/07
ផលិតករភាពយន្តអាមេរិក ២ រូបបានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើការបញ្ចាំងភាពយន្តឯកសាររបស់គេ ស្តីពីអំណាចនៃការសិក្សាមុខវិជ្ជា STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។ ទស្សនកិច្ចរបស់ពួកគាត់ ឧបត្ថម្ភថវិកាដោយកម្មវិធីបញ្ចាំងភាពយន្តអាមេរិក (AFS) គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ស្ថានទូត ទៅលើប្រធានបទ យុវជន បច្ចេកវិទ្យា និងការសិក្សា នៅក្នុងការ រំលឹក ពេញមួយឆ្នាំ ខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។
ផលិតករភាពយន្ត ឈ្មោះ Kip និង Kern Konwiser ដែលបានទទួលរង្វាន់ Emmy នឹងចូលរួមនៅក្នុងការបញ្ចាំងភាពយន្តជូនសាធារណជន ដែលមានចំណងជើងថា Make It Work នៅថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ៦ ល្ងាច នៅរោងភាពយន្ត លេជេន ក្នុងផ្សារទំនើប Exchange Square ភ្នំពេញ ជាផ្នែកមួយនៃកម្មវិធីបញ្ចាំងភាពយន្តអាមេរិក (AFS) ដែលជាកម្មវិធីផ្លាស់ប្តូរផ្នែកសិល្បៈរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ស្ថានទូតអាមេរិកនៅភ្នំពេញមានមោទកភាពចំពោះការបញ្ចាំងភាពយន្តឯកសាររយៈពេល ១០៧ នាទីនេះ ផ្តោតលើអំណាចនៃការសិក្សាមុខវិជ្ជា STEM ។ រឿងនេះនិយាយពីដំណើរជីវិតរបស់យុវជនមួយចំនួន ដែលឈាន មកដល់ផ្លូវបំបែកនៃការស្រមើស្រមៃ ដោយការព្យាយាមសម្រេចនូវក្តីសុបិនរបស់គេ ទោះក្នុងស្ថានភាពណាក៏ដោយ ។
សូមមើលឈុតខ្លីនៃភាពយន្តឯកសារនេះ https://www.youtube.com/watch?v=DBp91LdmP5Q
កម្មវិធីបញ្ចាំងភាពយន្តអាមេរិកនេះគឺជាកម្មវិធីផ្លាស់ប្តូរផ្នែកសិល្បៈរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ កម្មវិធីនេះរៀបចំដោយមហាវិទ្យាល័យសិល្បៈភាពយន្តរបស់សាកលវិទ្យាល័យ Southern California ។ ដោយធ្វើការជាមួយស្ថានទូតអាមេរិកចំនួន ៥០ ក្នុងមួយឆ្នាំៗ កម្មវិធី AFS នេះនាំយកមកបញ្ចាំង នូវភាពយន្តឯកសារបច្ចុប្បន្នភាពរបស់អាមេរិក ដែលបានទទួលរង្វាន់ ភាពយន្តនិទាន និងជំនាញក្នុងការនិទានរឿង ដល់ទស្សនិកជន នៅទូទាំងពិភពលោក។