ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០
នៅថ្ងៃទី ១៥ ខែធ្នូ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តើមកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដោយសហការជាមួយមជ្ឈមណ្ឌល Stimson Center និង Eyes on Earth។
កម្មវិធីថ្មីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គគឺជាជំហានសំខាន់មួយ សម្រាប់បង្កើនការយល់ពីស្ថានភាពទឹកនៅក្នុងតំបន់អាងទន្លេមេគង្គ។ ប្រទេសទាំងឡាយមិនអាចគ្រប់គ្រងបានល្អឡើយ លើអ្វីដែលគេមិនអាចធ្វើការវាស់ស្ទង់បាន ហើយអស់រយៈពេលជាយូរមកហើយ ដែលប្រជាជននៅតំបន់ទន្លេមេគង្គខ្វះការក្តាប់បានលើធនធានទឹកនៃអាងទន្លេនេះ។ កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គប្រើការស្វែងយល់ពីចម្ងាយ ពីប្រភពបើកចំហ រូបភាពតាមផ្កាយរណប និងការវិភាគតាមប្រព័ន្ធព័ត៌មានស្តីពីភូមិសាស្រ្ត ដើម្បីផ្តល់ព័ត៌មានទាន់ពេល ស្តីពីលក្ខណៈអាកាសធាតុ លំហូរនៃទឹកទន្លេ និងស្ថានភាពនៃអាងទឹកទន្លេមេគង្គ។
មធ្យោបាយនេះ ដែលអាចមានសម្រាប់សាធារណៈ នឹងបង្កើនទិន្នន័យទឹកបានយ៉ាងច្រើន សម្រាប់តំបន់នេះ ដោយធ្វើឲ្យប្រជាជនដែលត្រូវការខ្លាំង ទទួលបានព័ត៌មានទាំងនេះ ដើម្បីឲ្យគេអាចធ្វើការសម្រេចចិត្តបានល្អ ដែលមានផលទៅលើមុខរបរប្រកបជីវភាពរស់នៅ និងសន្តិសុខតំបន់។ ជាយូរមកហើយដែលសហរដ្ឋអាមេរិកបានគាំទ្រការអំពាវនាវរបស់សហគមន៍នៅក្នុងតំបន់ទន្លេមេគង្គ ដែលចង់បានទិន្នន័យទឹកឲ្យបានច្រើន។ សហរដ្ឋអាមេរិកនឹងបន្តធ្វើជាដៃគូជាមួយគណកម្មាការទន្លេមេគង្គ រដ្ឋាភិបាលនានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពរបស់គេ ក្នុងការទទួលបាន និងប្រើប្រាស់ទិន្នន័យល្អៗសម្រាប់ជួយដល់ការសម្រេចចិត្តធំៗផ្អែកលើវិទ្យាសាស្រ្ត។
តាមរយៈកម្មវិធីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ក្រសួងការបរទេសអាមេរិកនឹងបន្តលើកកម្ពស់សន្តិសុខទឹកថែមទៀត។ កម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គចូលរួមចំណែកដល់គំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត នៅក្រោមគំនិតផ្តួចផ្តើមស្តីពីទិន្នន័យនៃទឹកទន្លេមេគង្គ ដោយសម្របសម្រួលការផ្លាស់ប្តូរគ្នា នូវការប្រតិបត្តិល្អៗ ជំរុញការសម្របសម្រួលគ្នានៃដៃគូអភិវឌ្ឍន៍ និងពង្រឹងវិបុលភាពរបស់សហគមន៍ និងរដ្ឋាភិបាល នៅតំបន់ទន្លេមេគង្គ តាមរយៈការមានធនធានទឹកដែលត្រូវបានគ្រប់គ្រង និងចែករំលែកប្រកបដោយនិរន្តភាព។
ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើទន្លេមេគង្គ សូមចូលមើល www.MekongWater.org ។
សម្រាប់អ្នកសារព័ត៌មានដែលចង់សួរនាំបន្ថែម សូមទាក់ទង OES-PA-DG@state.gov ។