ការសិក្សាដ៏ទូលំទូលាយលើកដំបូងបង្អស់អំពីចំនួនសត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា រកឃើញថាមានចំនួនសត្វដំរីច្រើនជាងការរំពឹងទុក
សម្រាប់ការចុះផ្សាយជាបន្ទាន់
ខេត្តកំពង់ធំ (ថ្ងៃទី១២ សីហា ២០២២) – ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) កំពុងប្រារព្ធទិវាដំរីពិភពលោកឆ្នាំ ២០២២ ដោយប្រកាសពីការរកឃើញនៃការសិក្សាដ៏ទូលំទូលាយលើកដំបូងបង្អស់អំពីសត្វដំរីអាស៊ីនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។ ដោយប្រើបច្ចេកទេសសំណាកសេនេទិច ការសិក្សាបានរកឃើញថាចំនួនសត្វដំរីអាស៊ីច្រើនជាងការរំពឹងទុកដែលរស់នៅក្នុងតំបន់ដ៏ធំទូលាយនៃជម្រកសមស្របនៅទូទាំងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា។
លោកស្រី Rebecca Black នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “ការសិក្សាប៉ាន់ប្រមាណថាមានចំនួនដំរីអាស៊ីប្រហែល ៣១ ក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និង ២០ ក្បាលនៅដែនជម្រកសត្វព្រៃឆែប និងព្រះរកា។ តួលេខទាំងនេះខ្ពស់ជាងការប៉ាន់ស្មានពីមុន។ លោកស្រីបានបន្ថែមថា “ការរកឃើញនៃការសិក្សាបង្ហាញថា ដំរីអាស៊ីនៅភាគខាងជើងប្រទេសកម្ពុជា មានភាពចម្រុះសេនេទិចខ្ពស់បំផុតក្នុងពិភពលោក។ ដោយមានការការពារគ្រប់គ្រាន់ សត្វដំរីអាស៊ីដែលរស់នៅទូទាំងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា អាចកើនឡើងវិញដល់កម្រិតចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ពួកវាក្នុងរយៈពេលវែង។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងបន្តធ្វើការជាមួយក្រសួងបរិស្ថាន សហគមន៍ និងវិស័យឯកជន ដើម្បីអភិរក្សតំបន់ការពារធម្មជាតិដែលហ្វូងដំរីអាស៊ីរបស់កម្ពុជារស់នៅ។”
លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជាបានបន្ថែមថា “បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងតាមវាល ក្នុងមន្ទីរពិសោធន៍ និងការវាយតម្លៃបន្ថែមតាមកុំព្យូទ័រ យើងមានសេចក្តីរំភើបរីករាយដែលបានបញ្ចប់ការសិក្សាដ៏សំខាន់នេះ ដែលនាំមកនូវក្តីសង្ឃឹម និងទិន្នន័យចាំបាច់ ក៏ដូចជាទិសដៅសម្រាប់ការអភិរក្សដំរីអាស៊ីនៅតំបន់ទំនាបកណ្តាល និងភាគខាងជើងរបស់កម្ពុជា”។
អំពីគម្រោង USAID ព្រៃឡង់បៃតង
គម្រោង USAID ព្រៃឡង់បៃតង (GPL) គឺជាសកម្មភាពរយៈពេលប្រាំឆ្នាំដែលមានគោលបំណងលើកកម្ពស់ភាពធន់ ការអភិវឌ្ឍដែលមានកម្រិតបំភាយឧស្ម័នទាប និងការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ (PLEL) ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពតាមរយៈការគាំទ្រសហគមន៍ ការអភិរក្ស និងការពង្រឹងអភិបាលកិច្ច។ ដើម្បីស្វែងយល់ពីគម្រោងបន្ថែម ចូលទៅកាន់ www.facebook.com/USAIDGPL។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
គម្រោង USAID ព្រៃឡង់បៃតង
លោក អ៊ុន ចក្រី |
អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI)
លោក Pablo Sinovas |