ថ្ងៃនេះ លោករដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញានៅសង្កាត់ Manhattan ក្នុងក្រុង New York គឺលោក Cy Vance, Jr. បានប្រកាសការបញ្ជូនប្រឡប់មកវិញ នូវវត្ថុបូរាណចំនួន ២៧ រូប ដែលមានតម្លៃ ៣,៨ លានដុល្លារ មកជូនប្រជាជនកម្ពុជាវិញ នៅក្នុងពិធីបញ្ជូនប្រឡប់មកវិញ ដោយមានការចូលរួមនៃលោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា លោក ជុំ សុន្ទរី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងភ្នាក់ងារស៊ើបអង្កេតពិសេស Erik Rosenblatt ដែលមកពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។
លោករដ្ឋអាជ្ញា Vance បានមានប្រសាសន៍ថា៖ «ការបញ្ជូនត្រឡប់មកមាតុភូមិវិញ នៃវត្ថុបូរាណទាំង ២៧ រូប ដ៏ល្អនេះ ជូនប្រជាជនកម្ពុជាស្តារឡើងវិញ នូវចំណងទាក់ទងគ្នាដ៏សំខាន់មួយ រវាងសម័យកាលអង្គររបស់កម្ពុជា និងប្រពៃណីនាសម័យទំនើបរបស់ខ្លួន និងជំនឿ ដែលអស់រយៈពេលជាយូរមកហើយ ត្រូវបានកាត់ផ្តាច់ដោយការលោភលន់របស់ឈ្មួញជួញដូរវត្ថុបូរាណដែលត្រូវបានគេលួច។ ពិធីនាថ្ងៃនេះគឺជាការរម្លឹកមួយយ៉ាងច្បាស់ថា អ្នកដែលលួចប្លន់ និងលក់វត្ថុដែលមានតម្លៃផ្នែកវប្បធម៌ កំពុងតែប្រព្រឹត្តបទល្មើស មិនមែនគ្រាន់តែប្រឆាំងនឹងបេតិកភណ្ឌនៃប្រទេសមួយតែប៉ុណ្ណោះទេ តែថែមទាំងប្រឆាំងនឹងបច្ចុប្បន្នភាព និងអនាគតនៃប្រទេសនោះថែមទៀតផង។ ខ្ញុំសូមអរគុណអង្គភាពប្រឆាំងការជួញដូរវត្ថុបូរាណនៃការិយាល័យរបស់ខ្ញុំ និងដៃគូរបស់យើង នៅខាងផ្នែកស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ ដែលបានខិតខំយ៉ាងស្វិតស្វាញ ហើយនាំដល់ការបញ្ជូនវត្ថុមានតម្លៃជិត ៤០០ ដុំ ត្រឡប់ទៅមាតុភូមិវិញ នៅក្នុងប្រទេសចំនួន ១០ នៅក្នុងឆ្នាំកន្លងទៅនេះ។ ខ្ញុំសង្ឃឹមថា នឹងមានការបញ្ជូនត្រឡប់វិញថែមទៀត ក្នុងពេលអនាគតដ៏ខ្លី”។
ភ្នាក់ងារស៊ើបអង្កេតពិសេស គឺលោក Peter C. Fitzhugh ដែលមកពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការលួចប្លន់បេតិកភណ្ឌវប្បធម៌ និងការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់។ ថ្ងៃនេះ វត្ថុបូរាណជាង ២០ រូបត្រូវប្រគល់ជូនប្រជាជនកម្ពុជាវិញ។ ថ្វីបើក្នុងទីផ្សារងងឹត វត្ថុទាំងនេះមានតម្លៃត្រឹមលានដុល្លារក្តី តែវាមានតម្លៃកាត់ថ្លៃមិនបាន សម្រាប់ការអភិរក្សប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។ ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិនៅទីក្រុង New York មានមោទនភាពដែលបានធ្វើការក្នុងការស៊ើបអង្កេតនេះ ជាមួយនឹងរដ្ឋអាជ្ញានៅទីក្រុង New York ដែលនៅទីបំផុត នាំដល់ការបញ្ជូនត្រឡប់មកមាតុភូមិវិញ នូវត្ថុបូរាណទាំងនេះ ដោយវត្ថុមួយៗតំណាងឲ្យបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា”។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា៖ «ពិធីនេះសបង្ហាញឲ្យឃើញកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ នៅក្នុងការការពារការលួចប្លន់និងការជួញដូរនៃវត្ថុបូរាណខ្មែរ។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការដើរតួនាទីមួយ ដើម្បីធានាឲ្យបេតិកភណ្ឌវប្បធម៌របស់ប្រជាជនកម្ពុជា នៅគង់វង្ស»។
លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា៖ «គោលនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាពជូនប្រទេសកម្ពុជា គឺជាមូលដ្ឋានរឹងមាំសម្រាប់ការអភិរក្សវប្បធម៌របស់ប្រទេស។ ការបញ្ជូនត្រឡប់មកមាតុភូមិវិញផ្តល់ភស្តុតាងថា ថ្វីបើស្ថិតក្នុងស្ថានភាពពិបាកបែបនេះនៃមេរោគកូវីដក្តី តែកម្ពុជានៅតែមានការប្តេជ្ញាចិត្តក្នុងការរក និងនាំត្រឡប់មកវិញ នូវអ្វីដែលជាដួងប្រលឹងនៃដូនតាយើង ដែលបានចាកឆ្ងាយពីមាតុភូមិអស់រាប់ឆ្នាំ ដោយរួមទាំងនៅក្នុងអំឡុងពេលនៃសង្គ្រាមផង។ ប្រទេសកម្ពុជាសូមអរគុណដោយស្មោះ និងសូមកោតសរសើរការិយាល័យរដ្ឋអាជ្ញា New York ផ្នែកស៊ើបអង្កេតនៃក្រសួងសនិ្តសុខមាតុភូមិអាមេរិក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា។ ក្រសួងសូមអរគុណផងដែរ ដល់បុគ្គលនិងស្ថាប័នឯកជនដទៃទៀត ដោយរួមទាំងសារមន្ទីរដៃគូ ដែលបានផ្តល់ការគាំទ្រសម្រាប់ជោគជ័យដ៏សំខាន់នេះ ដូចជាការផ្តល់ការដឹកជញ្ជូននៃរូបចម្លាក់ដ៏មានតម្លៃទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពុជា និងពិភពលោក»។
វត្ថុដែលត្រូវបានបញ្ជូនមកនៅថ្ងៃនេះ រួមមាន ២៤ រូប ដែលត្រូវបានរឹបអូស ក្រោយការស៊ើបអង្កេតលើឈ្មោះ SUBHASH KAPOOR និង ៣ រូប ក្រោយការស៊ើបអង្កេតលើឈ្មោះ NANCY WIENER ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអង្គភាពប្រឆាំងការជួញដូរវត្ថុបូរាណរបស់រដ្ឋអាជ្ញានៅសង្កាត់ Manhattan រួមជាមួយនឹងដៃគូផ្នែកពង្រឹងការអនុវត្តច្បាប់របស់ក្រសួងសន្តិសុខមាតុភូមិ បានធ្វើការស៊ើបអង្កេតលើឈ្មោះ KAPOOR និងអ្នកសមគំនិតជាមួយគាត់ ក្នុងការលួច នាំចេញ និងលក់ដោយខុសច្បាប់ នូវវត្ថុបូរាណពីប្រទេសស្រីលង្កា ឥណ្ឌា ប៉ាគីស្ថាន អាហ្គានីស្ថាន កម្ពុជា ថៃ នេប៉ាល់ ឥណ្ឌូនេស៊ី ភូមា និងប្រទេសដទៃទៀត។ KAPOOR និងសហចុងចោទដទៃទៀតរបស់គាត់ ជាធម្មតា បានរត់ពន្ធវត្ថុដែលត្រូវបានគេលួច ចូលទៅក្នុងតំបន់ Manhattan ហើយបានលក់វត្ថុទាំងនោះ តាមរយៈវិចិត្រសាល Madison របស់គាត់។ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០២០ ការិយាល័យរដ្ឋអាជ្ញា និងផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិបានរឹបអូសបានវត្ថុបូរាណចំនួន ២៥០០ ដែលត្រូវបានជួញដូរខុសច្បាប់ដោយ KAPOOR និងបណ្តាញរបស់គាត់។ តម្លៃសរុបនៃវត្ថុបូរាណទាំងនោះគឺលើសពី ១៤៣ លានដុល្លារ។
ជាដំបូង ការិយាល័យរដ្ឋអាជ្ញាចេញសាលក្រមចាប់ខ្លួន KAPOOR នៅឆ្នាំ ២០១២។ នៅខែកក្កដា ឆ្នាំ ២០១៩ មានការចោទប្រកាន់ និងការចេញសាលក្រមចាប់ខ្លួនជាបន្តបន្ទាប់លើ KAPOOR និងមនុស្ស ៧ នាក់ទៀត ហើយការចោទប្រកាន់របស់តុលាការបានចេញ នៅខែតុលា ឆ្នាំ ២០១៩។ នៅខែកក្កដា ឆ្នាំ ២០២០ ការិយាល័យរដ្ឋអាជ្ញាបានចេញឯកសារធ្វើបត្យាប័នលើរូប KAPOOR ដែលនៅពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ ក្នុងប្រទេសឥណ្ឌា ដោយរង់ចាំការបញ្ចប់សវនាការដែលកំពុងដំណើរការ នៅ Tamil Nadu ។
វត្ថុបូរាណ ៣ ទៀត ដែលមិនជាប់ទាក់ទងនឹង KAPOOR ហើយដែលត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ គឺបានមកដោយសារការស៊ើបអង្កេតលើឈ្មោះ WIENER ដែលត្រូវបានចោទកាលពីខែធ្នូ ឆ្នាំ ២០១៦ ពីបទល្មើសព្រហ្មទណ្ឌថា រក្សារបស់លួច ក្នុងកម្រិតទី ១ និងកម្រិតទី២ និងការឃុបឃិតក្នុងកម្រិតទី ៤។ យ៉ាងហោចណាស់ នៅចន្លោះពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៦ WIENER ត្រូវបានគេនិយាយថា បានប្រើមុខជំនួញរបស់គាត់នៅទីក្រុង New York ដែលមានឈ្មោះថា វិចិត្រសាល Nancy Wiener Gallery ដើម្បីទិញ រត់ពន្ធ បន្លំ និងលក់វត្ថុបូរាណដែលមានតម្លៃរាប់លានដុល្លារ ពីប្រទេសអាហ្គានីស្ថាន កម្ពុជា ចិន ឥណ្ឌា ប៉ាគីស្ថាន និងប្រទេសថៃ។
វត្ថុដែលត្រូវបានបញ្ជូនប្រឡប់មកកម្ពុជាវិញ នៅថ្ងៃនេះ រួមមានរូបព្រះពុទ្ធបដិមាសម័យអង្គរ និងបដិមាសាសនាហិណ្ឌូ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរិទ្ធ រូបព្រះឥសូរ និងរូបព្រះនាងប្រាថ្នាបារមីតាធ្វើពីថ្មភក់។
គិតមកដល់ពិធីនាថ្ងៃនេះ ការិយាល័យរដ្ឋអាជ្ញា បានបញ្ជូនប្រឡប់វិញនូវវត្ថុសិល្បៈចំនួន ៣៩០ ដល់ប្រទេសចំនួន ១០ តាំងពីខែសីហា ឆ្នាំ ២០២០ មក ដោយក្នុងនោះ នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ ៣ រូបត្រូវបាននាំត្រឡប់ទៅប្រទេសនេប៉ាល់ បដិមា ២ ទៅប្រទេសស្រីលង្កា ១៣ ទៅប្រទេសថៃ និង ៣៣ រូបទៅប្រទេសអាហ្គានីស្ថាន ។ នៅដើមសប្តាហ៍នេះ ការិយាល័យរដ្ឋអាជ្ញាបានបញ្ជូនប្រឡប់វិញនូវវត្ថុបូរាណមានតម្លៃចំនួន ១២ រូប ទៅប្រទេសចិន ដោយមានរៀបចំពិធីមួយ នៅស្ថានអគ្គកុងស៊ុលនៃប្រទេសចិន នៅទីក្រុង New York ។
អង្គភាពផ្នែកជួញដូរវត្ថុបូរាណនៃការិយាល័យរដ្ឋអាជ្ញានៅសង្កាត់ Manhattan នៃទីក្រុង New York
គិតមកដល់ពេលនេះ អង្គភាពផ្នែកជួញដូរវត្ថុបូរាណនៃការិយាល័យរដ្ឋអាជ្ញានៅសង្កាត់ Manhattan ដែលជាអង្គភាពដំបូងគេនៅក្នុងការងារផ្នែកនេះ បានរកឃើញវត្ថុបូរាណដែលត្រូវបានគេលួច បានចំនួនរាប់ពាន់ ដែលមានតម្លៃសរុបចំនួនជាង ១៧៥ លានដុល្លារ។ វត្ថុបូរាណកាត់ថ្លៃមិនបានទាំងនេះចំនួនរាប់រយ ត្រូវបានបញ្ជូនត្រឡប់ទៅម្ចាស់ដើមវិញ និងទៅកាន់ប្រទេសដើមវិញ ដោយរួមទាំងវត្ថុបូរាណសរុបចំនួន ៣៩០ ត្រូវបានបញ្ជូនប្រឡប់ទៅប្រទេសចំនួន ១០ គិតតាំងពីខែសីហា ឆ្នាំ ២០២០ មក។ វត្ថុបូរាណចំនួនរាប់រយដុំទៀតក៏ត្រៀមនឹងបញ្ជូនចេញទៅប្រទេសដើមវិញផងដែរ នៅពេលណាដែលប្រទេសជាអ្នកទទួលនោះ អាចទទួលបាន ក្នុងពេលមានមេរោគរាតត្បាតនេះ។ តែវត្ថុបូរាណចំនួនជាងមួយពាន់ទៀត ត្រូវរង់ចាំក្តីព្រហ្មទណ្ឌប្រឆាំងនឹងជនល្មើសសិន។ វត្ថុបូរាណដែលត្រូវបានបញ្ជូនត្រឡប់ទៅមាតុភូមិវិញរួមមានរូបព្រះបដិមាចំនួន ២ ទៅប្រទេសស្រីលង្គកា ថ្មសម្គាល់ធ្វើពីថ្មភក់មួយដែលមានចំណាស់តាំងពីឆ្នាំ ៦៦៤ មុនគ្រឹះសករាជ ទៅប្រទេសអេហ្ស៊ីប វត្ថុបូរាណចំនួន ៤៥ ដែលមានចំណាស់តាំងពីសតវត្សទី ២ ទៅប្រទេសប៉ាគីស្ថាន ម្ឈូសមាស ដែលត្រូវបានលួចពីប្រទេសអេហ្ស៊ីប នៅក្រោយពេលមានបដិវត្តន៍នៅប្រទេសអេហ្ស៊ីប នៅឆ្នាំ ២០១១ បដិមាចំនួន ៣ ធ្វើពីថ្មម៉ាបរបស់ប្រទេសលីបង់ ជាដើម។
លោក Mathew Bogdanos ដែលជារដ្ឋអាជ្ញារង និងជាទីប្រឹក្សាជាន់ខ្ពស់នៃសវនាការ និងជាប្រធាននៃ
អង្គភាពស្តីពីការជួញដូរវត្ថុបូរាណ ជាអ្នកចាត់ចែងនិងទទួលខុសត្រូវលើការទុកដាក់វត្ថុបូរាណ ជាមួយ Alyssa Thiel អ្នកវិភាគក្នុងការស៊ើបអង្កេត និងភ្នាក់ងារពិសេស John Paul Labbat និង Brenton Easter ។
រដ្ឋអាជ្ញា Vance បានអរគុណផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិ និងលោកជំទាវ ភឿង សកុណា ចំពោះការផ្តល់ការគាំទ្រលើរឿងនេះ។
សូមទាញយករូបភាព ទីនេះ