កិច្ចប្រជុំនៃមន្រ្តីជាន់ខ្ពស់ ក្នុងកិច្ចសហការដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក

សេចក្តីប្រកាសសម្រាប់ផ្នែកសារព័ត៌មាន
ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១

នៅថ្ងៃទី ២៩ ខែមិថុនា លោក Kin Moy ដែលជាមន្រ្តីជាន់ខ្ពស់​នៃការិយាល័យសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​របស់សហរដ្ឋអាមេរិក បានចូលរួមរៀបចំជាមួយប្រទេសកម្ពុជា នូវកិច្ចប្រជុំប្រចាំឆ្នាំលើក ដំបូង នៃមន្រ្តីជាន់ខ្ពស់ ក្នុងកិច្ចសហការដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក។ លេខាធិការដ្ឋានអាស៊ានបានចូលរួម​ក្នុងកិច្ចប្រជុំ​នេះ ក្នុងនាមជាអ្នកសង្កេតការណ៍។

មន្រ្តីជាន់ខ្ពស់ Moy បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្ត​ក្នុងការធ្វើឲ្យអនុតំបន់ទន្លេមេគង្គមានភាពបើកចំហ មានវិបុលភាព និងសន្តិសុខ ដែលមានសារសំខាន់ចាំបាច់​សម្រាប់ភាពល្អប្រសើររបស់តំបន់និងប្រជាជនអាស៊ាន។ លោកបានគូសបញ្ជាក់ពីសារសំខាន់​នៃសារសំខាន់​ស្នូលរបស់អាស៊ាន ចំពោះចក្ខុវិស័យ​របស់សហរដ្ឋអាមេរិក ដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ ហើយបានគូសបញ្ជាក់ពីការគាំទ្រ​របស់សហរដ្ឋអាមេរិកចំពោះទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសន្យានិងបានផ្តល់ថវិកាចំនួន ៤,៣ ពាន់លានដុល្លា ជាជំនួយឥតសំណង ដល់អនុតំបន់ទន្លេមេគង្គ គិតតាំងពីឆ្នាំ ២០០៩ មក។

ប្រទេសទាំង ៦ នៅក្នុងកិច្ចសហការជាដៃគូ​នេះ បានពិភាក្សាពីដំណើរជឿនលឿនទៅមុខ លើការលើកកម្ពស់ការឆ្លើយតបនឹងមេរោគកូវីដ ១៩ និងសន្តិសុខផ្នែកសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព ដែលរួមមានការអភិវឌ្ឍតាមរយៈកិច្ចសហការគ្នាជាដៃគូ រវាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ ក្នុងផ្នែកថាមពល ការបង្កើនសមត្ថភាពនៃធនធានមនុស្ស និងការកសាងគ្រឹះ​សម្រាប់សេដ្ឋកិច្ចឌីជីថុល នៅតំបន់ទន្លេមេគង្គ ជំរុញលទ្ធភាពផ្នែកសេដ្ឋកិច្ចសម្រាប់ស្រ្តី លើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិ និងធនធានទឹកប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងមិនធម្មតាលើសន្តិសុខ ដែលរួមមានទាំងការជួញដូរខុសច្បាប់ លើមនុស្ស សត្វព្រៃ ឈើហ៊ុប គ្រឿងញៀន និងអាវុធ។

លោកមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក Moy បានអំពាវនាវឲ្យដៃគូចាត់វិធានការភ្លាមៗ ក្នុងការធ្វើឲ្យប្រទេសភូមាមានការទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀង ៥ ចំណុច​របស់អាស៊ាន។ លោកបានអំពាវនាវឲ្យធ្វើសកម្មភាពរួមគ្នា ក្នុងការជំរុញឲ្យយោធាភូមាបញ្ចប់អំពើហឹង្សា ដោះលែងអ្នកដែលត្រូវឃុំខ្លួនទាំងអយុត្តិធម៌ ហើយធ្វើឲ្យប្រទេសភូមាដើរលើផ្លូវប្រជាធិបតេយ្យឡើងវិញ។

កិច្ចសហការគ្នាជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក រួមមានសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។ ប្រទេសជាដៃគូធ្វើការជិតស្និទ្ធនឹងគ្នា​ លើការអភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព ជាមួយមិត្ត​នៃក្រុមតំបន់មេគង្គ  ដែលក្រៅពីសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់ទន្លេមេគង្គ រួមមានប្រទេសអូស្រា្តលី សហភាពអឺរ៉ុប ជប៉ុន សាធារណរដ្ឋកូរ៉េ ណូវែលសេឡង់ ធនាគារអភិវឌ្ឍន៍​អាស៊ី ធនាគារពិភពលោក និងលេខាធិការដ្ឋាន​នៃគណកម្មាការទន្លេមេគង្គ។

ចំពោះព័ត៌មានបន្ថែម សូមចូលមើលក្នុងគេហទំព័រ MekongUSPartnership.org និងតាមដាន Facebook របស់យើង។

# # #