កូដកម្មរបស់បុគ្គលិកកាស៊ីណូ NagaWorld និងមេដឹកនាំសហជីពដែលត្រូវបានឃុំខ្លួន

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក
ថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២២

នៅទិវានារីអន្តរជាតិ យើងសូមផ្តល់កិត្តិយសដល់ភាពក្លាហានរបស់មេដឹកនាំសហជីពជាស្រ្តី នៅកម្ពុជា ដែលបានដឹកនាំសហជីព​របស់គេដោយក្លាហាន នៅសណ្ឋាគារ និង កាស៊ីណូ NagaWorld នៅក្នុងការតស៊ូដើម្បីសិទ្ធិ​របស់បុគ្គលិកកម្មករ ជាអ្នករួមការងាររបស់ពួកគេ។

អាជ្ញាធរកម្ពុជាបានឃុំខ្លួនស្រ្តីចំនួន ៧ នាក់ ជាមេដឹកនាំសហជីព គិតតាំងពីខែធ្នូនៃឆ្នាំកន្លងទៅ ដោយចោទពួកគេពីបទញុះញង់​ ដោយសារពួកគេបានដឹកនាំកូដកម្មដោយសន្តិភាព ដើម្បីទាមទារឲ្យថៅកែទទួលឲ្យចូលធ្វើការវិញ នូវអ្នកដែលត្រូវបានបណ្តេញចេញ។

សហរដ្ឋអាមេរិកមានកង្វល់យ៉ាងខ្លាំង ចំពោះការប្រើបទចោទប្រកាន់ព្រហ្មទណ្ឌ ទៅលើអ្នកដែលប្រើសិទ្ធិរបស់គេ​ដោយសន្តិភាព ក្នុងការចងក្រងជាក្រុម សមាគម និងការប្រមូលផ្តុំគ្នាដោយសន្តិភាព។ យើងសូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងសមាជិកសហជីពទាំងអស់ ដែលត្រូវបានឃុំខ្លួន ទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេ ហើយងាកមកដោះស្រាយជម្លោះ​របស់គេ ប្រកបដោយន័យស្ថាបនា។