សម្រាប់ការចេញផ្សាយបន្ទាន់
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩
ស្ថានទូតអាមេរិកមានមោទនភាព សូមធ្វើការឧបត្ថម្ភដំណើរសម្តែងរបស់ក្រុមតន្រ្តីអាមេរិក ឈ្មោះ Harpeth Rising នៅកម្ពុជា។ ដំណើរប្រគំតន្រ្តីពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ប្រព្រឹត្តទៅដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានឈ្មោះថា អង្គការសិល្បៈខ្មែរអមតៈ (CLA)។
មុនចាប់ផ្តើមការសម្តែង ស្ថានទូតសូមគោរពអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី ២៣ ខែកុម្ភៈ នាវិទ្យាសា្ថនភាសាបរទេស (IFL) វេលាម៉ោង ៥:៣០-៦:០០ ល្ងាច។ លោកភារធារីស្ថានទូត ក៏នឹងថ្លែងសុន្ទរកថាបើកបន្ទាប់ពីសន្និសីទកាសែតផងដែរ។
នេះជា កម្មវិធីតន្រ្តីអាមេរិកនៅបរទេស (AMA) ដែល ទទួលបានការឧបត្ថម្ភពីការិយាល័យកិច្ចការវប្បធម៌ និងអប់រំ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយចាត់ចែងដោយ សមាគមសម្លេងអាមេរិក។
សមាជិកបីរូបជាស្រ្តីវ័យក្មេងនៃក្រុមតន្រ្តី Harpeth Rising រួមមានឈ្មោះ Jordana Greenberg, Maria Di Meglio និង Michelle Younger នឹងធ្វើសិក្ខាសាលាជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ មូលនិធិ Harpswell Foundation, អង្គការ Epic Arts និងមូលនិធិគ្រួសារថ្មី ហើយនឹងសម្តែងនៅតាមរាជធានី ខេត្តចំនួន ៣ គឺ រាជធានីភ្នំពេញ ខេត្តសៀមរាប និងកំពត។ ដំណើរសម្តែងរបស់គេនឹងជួយបង្កើនចំណងទាក់ទងរឹងមាំថែមទៀតផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ព្រមទាំងជួយផ្តល់លទ្ធភាពដល់ស្រ្តី និងលើកកម្ពស់សិទ្ធិស្រ្តី ស្របពេលនៃការប្រារព្ធ ទិវានារីអន្តរជាតិ នៅពេលខាងមុខនេះ។
យើងមានជំនឿយ៉ាងមុតមាំថា ការប្រគំតន្រ្តីនេះគឺជាមធ្យោបាយដ៏ប្រសើរ សម្រាប់ជួយស្រ្តី ក្នុងពេលដែលពួកគេបន្តការតស៊ូ ដើម្បីសមភាពជេនឌ័រ នៅកម្ពុជា។ តន្រ្តីមានអំណាចបង្រួបបង្រួមមនុស្ស ហើយវាជាយានមួយសម្រាប់ឲ្យស្រ្តីបង្ហាញពីខ្លួនឯង ហើយបង្ហាញអត្តសញ្ញាណរបស់គេផងដែរ។ សមាជិកម្នាក់ៗនៃក្រុមតន្រ្តី Harpeth Rising មានរឿងល្អៗ ដែលពួកគេនឹងប្រាប់ នៅក្នុងអំឡុងពេលនៃការធ្វើសិក្ខាសាលា និងក្នុងពេលសម្តែងរួមជាមួយសិល្បករកម្ពុជា។ យើងសូមអញ្ជើញលោកអ្នក ស្តាប់រឿងរបស់ពួកគេ ដើម្បីយកមកឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី នៅប្រទេសកម្ពុជា។
បើចង់ដឹងបន្ថែម និងស្តាប់តន្រ្តីរបស់ក្រុមតន្រ្តី Harpeth Rising សូមចូលមើលក្នុងគេហទំព័រ http://www.harpethrising.com/ ។