ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩
សេចក្តីប្រកាសព័ត៌មានរបស់លោក Michael R. Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក
ខួបលើកទី៥២ នៃការបង្កើតសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍
តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំមានសេចក្តីរីករាយ សូមសម្តែងការអបអរសាទរដល់រដ្ឋជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងលេខាធិការដ្ឋានអាស៊ាន នៅខួបលើកទី៥២ នៃការបង្កើតសមាគមអាស៊ាន នៅថ្ងៃទី៨ ខែសីហា។ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន អាស៊ានបានជួយធ្វើអោយតំបន់នេះមានសន្តិភាព វិបុលភាព និងស្ថិរភាព។ សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្ត ក្នុងការធ្វើអោយតួនាទីអាស៊ានមានសារៈសំខាន់ស្នូល នៅក្នុងតំបន់។
ភាពជាដៃគូជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិក និងអាស៊ាន រួមចំណែកដល់ចក្ខុវិស័យរួម ក្នុងការធ្វើអោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់ដែលមានការចូលរួមទាំងអស់គ្នា មានភាពបើកចំហ និងឈរលើច្បាប់។ យើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បីជម្រុញគុណតម្លៃ ផលប្រយោជន៍ និងនយោបាយ ដែលធ្វើឲ្យតំបន់នេះរីកចម្រើន ហើយកសាងទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិករីករាយនឹងឃើញភាពជាដៃគូជាមួយអាស៊ានមានជាបន្ត អស់ពេលជាច្រើនឆ្នាំទៀត។