គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា

សម្រាប់ការផ្សព្វផ្សាយបន្ទាន់ 

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កម្មវិធីអប់រំថ្មីមួយក្រោមមូលនិធិគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន ២៥ លាន ដុល្លារ ដែលនឹងជួយបង្កើនបទពិសោធន៍អំណាននិងការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សានៅកម្ពុជា​ ​ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនាថ្ងៃនេះនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត   សហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Nancy J. Eslick ​​​នាយិកាបេសកកម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID។​​ 

គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា(IPEA) ជួយបង្កើនដល់សមិទ្ធផលមុនៗ​​ របស់ទីភ្នាក់ងារជំនួយអាមេរិកUSAID គាំទ្រលើអំណានកម្រិតថ្នាក់ដំបូងដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូង»។ គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា(IPEA) នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅ ទូទាំងប្រទេសកម្ពុជាដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារតាមរយៈកម្មវិធី កុមាររៀនកុមារចេះ នៃក្រសួងអប់រំ យុវជន និងកីឡា។ 

ឯកឧត្តម ឯកអគ្គរដ្ឋទូត W. Patrick Murphy មានប្រសាសន៍ថា «កុមារនៅថ្ងៃនេះគឺជាអ្នកដឹកនាំនៅថ្ងៃអនាគត» ហើយយើងមានមោទកភាពក្នុងការគាំទ្រដល់កុមារកម្ពុជាតាមរយៈឧបករណ៍សិក្សា ដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោកដែលកាន់តែសម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ»។ «យើងមានទំនុកចិត្តថា កិច្ចសហការរបស់យើងលើកម្មវិធី កុមាររៀនកុមារចេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ»។ 

កម្មវិធី កុមាររៀនកុមារចេះ​​​ រួមមានកញ្ចប់អំណានភាសាខ្មែរដែលបានបង្កើតឡើងប្រកបដោយសុខុដុមបនីយកម្ម ដោយទីភ្នាក់ងារជំនួយអាមេរិក USAID សម្រាប់ប្រើប្រាស់នៅទូទាំងប្រទេស។ រហូតមកដល់បច្ចុប្បន្ននេះ គ្រូបង្រៀនប្រមាណ ៦,៥០០នាក់ ទទួលបានការបណ្តុះបណ្តាលលើការប្រើប្រាស់សម្ភារអំណាន ថ្នាក់ទី១ និងទី២ រួមជាមួយនឹងមត្តេយ្យកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃភាពជាដៃគូរវាង ក្រសួងអប់រំ យុវជននិង​​ ​កីឡា ទីភ្នាក់ងារជំនួយអាមេរិក USAID និងភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)។ គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាល បាន     អនុវត្តកម្មវិធីអក្ខរកម្មភាសាខ្មែរ និងវិធីសាស្រ្តបង្រៀនថ្មី ក្រោមកិច្ចគាំទ្រពីគ្រូបង្វឹកអំណានដែលមានជំនាញក្នុងខេត្តចំនួនប្រាំបី។ 

ឯកឧត្តមបណ្ឌិត សភាចារ្យ  ហង់ជួនណារ៉ុន មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត គម្រោងនឹងបន្តការជំរុញ និងលើកកម្ពស់ការសិក្សានៅកម្រិតថ្នាក់ដំបូង ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងបន្តការសម្របសម្រួលនៅក្នុងវិស័យទាំងមូល ឱ្យរឹតតែមានប្រសិទ្ធភាព និងភាពស័ក្តសិទ្ធតាមរយៈការពង្រឹងការអនុវត្តកម្មវិធីកុមាររៀនកុមារចេះ នៅទូទាំងប្រទេស ជាមួយនឹងការអនុវត្តកម្មវិធីគាំទ្រថ្នាក់អប់រំបរិយាបន្នផងដែរ»។ 

ដោយមានការគាំទ្រពីភ្នាក់ងារជំនួយអាមេរិក USAID កម្មវិធីអំណានបានជួយដល់សិស្សប្រមាណ ២០០,០០០នាក់ ប្រមាណជា ៣២% នៃសិស្សសាលាបឋមសិក្សារដ្ឋទូទាំងប្រទេស។​​ លើសពីនេះទៀត ដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជាបានធ្វើការរួមគ្នា ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចែកសម្ភារសិក្សាតាមផ្ទះ ដល់សិស្សានុសិស្ស និងមាតាបិតាសិស្សថ្នាក់ទី១ និងទី២ នៅទូទាំងប្រទេសក្នុងអំឡុងពេលបិទសាលារៀនកាលពីឆ្នាំកន្លងទៅ។ 

គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា(IPEA) នឹងបង្កើនលើភាពជោគជ័យថ្មីៗនេះតាមរយៈការពង្រីកការអនុវត្ត​​​​ទៅខេត្តថ្មីបន្ថែមទៀត ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូនានា ដើម្បីឈានទៅកាន់ការអនុវត្តទូទាំងប្រទេសទន្ទឹមនឹងការសហការដោយផ្ទាល់ជាមួយអង្គការដៃគូពាក់ព័ន្ធក្នុងការគាំទ្រដល់សាលាអប់រំពិសេស គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា(IPEA) នឹងគាំទ្រដល់គ្រូបង្រៀន ដែលកំពុងបង្រៀនកុមារគថ្លង់ ឬមានកម្សោយការស្តាប់ 

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 

សេង បុប្ផា
ប្រធានផ្នែកទំនាក់ទំនងនិងភាពជាដៃគូ
គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា(IPEA)
អ៊ីមែល៖ bseng@rti.org