សេចក្តីប្រកាសព័ត៌មាន
២១ ឧសភា ២០២១
2021/11
ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន (ICFJ) កំពុងរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយ តាមប្រព័ន្ធអ៊ិនធឺណែតក្រោមគម្រោងគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) ស្តីពីសារព័ត៌មានពលរដ្ឋ។ វគ្គសិក្សាដែលមានរយៈពេល ៦ សប្តាហ៍ បានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះ។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «សារព័ត៌មានសេរី និងឯករាជ្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់លទ្ធិប្រជាធិបតេយ្យប្រកបដោយវិបុលភាព។ ជាងពេលណាៗទាំងអស់ យើងត្រូវការអ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកសារព័ត៌មាន ដើម្បីធ្វើឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ហើយលើកកម្ពស់ការយល់ដឹងលើបញ្ហានានា បញ្ហាប្រឈម និងឱកាស នៅក្នុងសង្គម។ ខ្ញុំមានការជឿជាក់ថា សិក្ខាសាលានេះនឹងផ្តល់ដល់មេដឹកនាំវ័យក្មេងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នូវជំនាញសម្រាប់ធ្វើការងារទាំងនេះ»។
នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ តាមអ៊ិនធឺណែតនេះ សិក្ខាកាមចំនួន ៤៣ នាក់ មកពីប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសទីម័រ នឹងទទួលបានចំណេះដឹងជាក់ស្តែង ស្តីពីសារព័ត៌មានពលរដ្ឋ រៀនសូត្របានពីចំណុចសំខាន់ៗ នៃសីលធម៌សម្រាប់អ្នកសារព័ត៌មាន ហើយបណ្តុះសមត្ថភាពក្នុងការធ្វើសេចក្តីរាយការណ៍ប្រកបដោយគុណភាព និងផ្អែកលើភស្តុតាងបញ្ជាក់។
លោកស្រី Melissa A. Brown ភារធារីនៃស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅសមាគមអាស៊ាន បានមានប្រសាសន៍ថា ៖ «ការផ្តល់អំណាចដល់អ្នកសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ តាមរយៈឱកាសបណ្តុះបណ្តាលនានា ដែលផ្តល់ដោយកម្មវិធីYSEALI កម្មវិធីអ្នកទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ(IVLP) និងកម្មវិធីប្រឡងស្តីពីការងារសារព័ត៌មានសង្គមរបស់យុវជនអាស៊ាន និងទីភ្នាក់ងារជំនួយ អាមេរិក (USAID) រួមចំណែកដល់វឌ្ឍនភាពតំបន់ ឆ្ពោះទៅរកសង្គមដែលមានភាពសេរី និងបើកចំហ ហើយដែលគាំទ្រគណនេយ្យភាព និងការចូលរួមរបស់ពលរដ្ឋ។ គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងសមាគមអាស៊ាន បានរួមចំណែកឱ្យមានចំណាត់ថ្នាក់ប្រសើរជាងមុន នៅក្នុងចំណោមប្រទេសអាស៊ានខ្លះ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។ យើងសូមអបអរសាទរដល់ពួកគេ ចំពោះភាពរីកចម្រើននេះ»។
លោកស្រី Johanna Carrillo អនុប្រធានកម្មវិធីនៃ ICFJ បានមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានពលរដ្ឋ មានតួនាទីសំខាន់នៅក្នុងការផ្តល់ព័ត៌មានសម្រាប់សហគមន៍របស់គេ ហើយកម្មវិធីនេះមានបំណងធ្វើឲ្យមានអ្នកដឹកនាំ នៅក្នុងផ្នែកនេះ។ ដោយរៀនសូត្រពីលក្ខណៈសំខាន់ៗនៃការងារល្អផ្នែកសារព័ត៌មាន សិក្ខាកាមនឹងជួយផ្សព្វផ្សាយព័ត៌មានដែលមានមូលដ្ឋានត្រឹមត្រូវ នៅទូទាំងតំបន់»។ ពលរដ្ឋដែលដើរតួជាអ្នកសារព័ត៌មានគឺជាអ្នកដែលស្ថិតនៅក្រៅអង្គការសារព័ត៌មានធម្មតា ធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន។
គម្រោង YSEALI គឺជាកម្មវិធីពិសេសមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ មានគោលបំណងបង្រៀន និងផ្តល់ជំនាញស្តីពីភាពជាអ្នកដឹកនាំ ដល់យុវជន ដែលស្ថិតក្នុងអាយុពី ១៨ ដល់ ៣៥ ឆ្នាំ។ គម្រោង YSEALI កសាងសមត្ថភាពលើភាពជាអ្នកដឹកនាំរបស់យុវជននៅអាស៊ីអាគ្នេយ៍ ហើយជំរុញការធ្វើសហប្រតិបត្តិការគ្នាឆ្លងព្រំដែន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងក្នុងសាកលលោក។ គម្រោង YSEALI បានបើកសិក្ខាសាលាជាច្រើន និងបានបញ្ជូនមនុស្សពីតំបន់អាស៊ីអាគ្នេយ៍ ឲ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនានា ដូចជាសិក្ខាសាលាថ្នាក់តំបន់នៅប្រទេសថៃ ស្តីពីជំនាញក្នុងការគិតដោយការវិភាគលម្អិត សិក្ខាសាលាស្តីពីអក្ខរកម្មសារព័ត៌មាន នៅប្រទេសភូមា និងបានផ្តល់ជំនួយជាថវិកាពីគម្រោង Seed for the Future សម្រាប់ប្រភពព័ត៌មានមួយ ស្តីពីសុខភាពសាធារណៈនៅប្រទេសហ្វីលីពីន បានបញ្ជូនអ្នកចូលរួមក្នុងកម្មវិធីសិក្សា និងបង្កើនជំនាញអាជីព។ល។
###
ព័ត៌មានបន្ថែមសូមទាក់ទង
លោក Chad Roedemeier
អ្នកនាំពាក្យ ស្ថានទូតអាមេរិកនៅភ្នំពេញ
អ៊ីម៉េល ៖ Roedemeiercr@state.gov