សេចក្តីប្រកាសព័ត៌មានរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Michael R. Pompeo
ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០
សហរដ្ឋអាមេរិកគាំទ្រឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ។ ពេលនេះ យើងកំពុងពង្រឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកដ៏មានសារសំខាន់ និងមានភាពចម្រូងចម្រាសនៃតំបន់នេះ គឺសមុទ្រចិនខាងត្បូង។ យើងសូមបញ្ជាក់ច្បាស់ថា ការទាមទាររបស់ប្រទេសចិនចំពោះធនធានក្នុងភាគច្រើនបំផុតនៃសមុទ្រចិនខាងត្បូងគឺខុសច្បាប់ទាំងស្រុង គឺដូចគ្នានឹងយុទ្ធនាការរបស់ចិនក្នុងការសម្លុតតគេឯង ដើម្បីបានគ្រប់គ្រងធនធានទាំងនោះ។
នៅសមុទ្រចិនខាងត្បូង យើងចង់រក្សាសន្តិភាព និងស្ថិរភាព លើកកម្ពស់សេរីភាពសមុទ្រ ស្របតាមច្បាប់អន្តរជាតិ រក្សាលំហូរដោយគ្មានឧបសគ្គនៃពាណិជ្ជកម្ម ប្រឆាំងការប៉ុនប៉ងណាមួយក្នុងការប្រើការសម្លុត ឬកម្លាំង ដើម្បីដោះស្រាយជម្លោះ។ យើងមានផលប្រយោជន៍ដ៏ជ្រាលជ្រៅ និងស្របច្បាប់ ជាមួយដៃគូ និងសម្ព័ន្ធមិត្តជាច្រើនរបស់យើង ដែលជាយូរមកហើយ បានគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
ផលប្រយោជន៍រួមទាំងនេះបានរងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ពីសាធារណរដ្ឋប្រជាមានិតចិន។ ទីក្រុងប៉េកាំង បានប្រើការគំរាមកំហែងដើម្បីបំផ្លាញសិទ្ធិអធិបតេយ្យ នៃប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាប់នឹងសមុទ្រចិនខាងត្បូង សម្លុតគេមិនឲ្យទទួលបានធនធានសមុទ្រ ប្រកាសធ្វើការគ្រប់គ្រងជាឯកតោភាគី ហើយយកគោលការណ៍ “អ្នកខ្លាំងជាអ្នកត្រូវ” មកជំនួសច្បាប់អន្តរជាតិ។ គេមើលឃើញយុទ្ធសាស្រ្តរបស់ប្រទេសចិនរាប់ឆ្នាំមកហើយ។ នៅឆ្នាំ ២០១០ រដ្ឋមន្រ្តីការបរទេសចិនកាលនោះ ឈ្មោះ Yang Jiechi បានប្រាប់សមភាគីអាស៊ានរបស់លោកថា “ប្រទេសចិនគឺជាប្រទេសធំ ហើយប្រទេសដទៃគឺជាប្រទេសតូច ហើយវាគឺជាការពិត”។ ទស្សនៈបែបចង់រំលោភលើគេរបស់ប្រទេសចិនមិនត្រូវមានឡើយ នៅក្នុងសវត្សរ៍ទី ២១ យើងនេះ។
ប្រទេសចិនគ្មានមូលដ្ឋានច្បាប់ក្នុងការចាប់បង្ខំឲ្យគេទទួលយកឆន្ទៈរបស់ខ្លួននៅក្នុងតំបន់នេះទេ។ ទីក្រុងប៉េកាំងមិនបានផ្តល់មូលដ្ឋានច្បាប់ត្រឹមត្រូវសម្រាប់ការទាមទារតាម “ខ្សែបន្ទាត់ ៩” របស់ខ្លួន នៅសមុទ្រចិនខាងត្បូងទេ តាំងពីពេលដែលខ្លួនបានប្រកាសវា នៅឆ្នាំ ២០០៩មក។ នៅក្នុងការសម្រេចចិត្តជាឯកឆន្ទ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ តុលាការកាត់ក្តី ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ឆ្នាំ ១៩៨២ ស្តីពីអនុសញ្ញាសមុទ្រ ដែលប្រទេសចិនជារដ្ឋបានចុះហត្ថលេខាយល់ព្រមផងដែរនោះ បានបដិសេធការទាមទារតំបន់សមុទ្ររបស់ប្រទេសចិន ថាគ្មានមូលដ្ឋានច្បាប់ នៅក្នុងច្បាប់អន្តរជាតិ។ តុលាការនេះបានឲ្យប្រទេសហ្វីលីពីន ដែលជាប្រទេសដាក់ពាក្យបណ្តឹង ឈ្នះក្តីស្ទើរតែក្នុងគ្រប់ការទាមទារទាំងអស់។
ដូចដែលសហរដ្ឋអាមេរិកបានបញ្ជាក់កន្លងមកហើយ និងដូចដែលត្រូវបានបញ្ជាក់ច្បាស់នៅក្នុងអនុសញ្ញាហើយ ការសម្រេចរបស់តុលាការនេះគឺបិទផ្លូវតវ៉ា ហើយភាគីទាំងសងខាងត្រូវតែគោរព។ ពេលនេះ ជំហររបស់សហរដ្ឋអាមេរិកស្តីពីការទាមទាររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង គឺស្របតាមការសម្រេចរបស់តុលាការ ពោលគឺ៖
ប្រទេសចិនមិនអាចធ្វើការទាមទារដោយស្របច្បាប់លើការទាមទារក្នុងតំបន់សមុទ្រនេះបានទេ ដែលរួមមានការទាមទារលើតំបន់សេដ្ឋកិច្ចពិសេសណាមួយ រាប់ពីតំបន់ថ្មប៉ប្រះទឹក Scarborough ដល់ប្រជុំកោះ Sprartly ទាក់ទងនឹងប្រទេសហ្វីលីពីន នៅក្នុងតំបន់ដែលតុលាការបានរកឃើញថា ជាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសហ្វីលីពីន។ ការរំខានរបស់ទីក្រុងប៉េកាំងដល់ការនេសាទ និងការអភិវឌ្ឍថាមពលសមុទ្រ នៅក្នុងតំបន់ទាំងនោះ គឺខុសច្បាប់ ហើយសកម្មភាពជាឯកតោភាគីរបស់ប្រទេសចិន ក្នុងការធ្វើអាជីវកម្មលើធនធានទាំងនោះ ក៏ខុសច្បាប់ដែរ។ ស្របតាមការសម្រេចរបស់តុលាការដែលមានតម្លៃតាមផ្លូវច្បាប់ ប្រទេសចិនគ្មានការទាមទារទឹកដី ឬដែនសមុទ្រស្របច្បាប់ នៅតំបន់ Micheif Reef ឬ Second Thomas Shoal ទេ ដោយតំបន់ទាំងពីរនេះស្ថិតនៅក្រោមសិទ្ធិអធិបតេយ្យ និងយុត្តាធិការរបស់ប្រទេសហ្វីលីពីន ហើយទីកុ្រងប៉េកាំងក៏មិនត្រូវទាមទារដី ឬសមុទ្រដោយសារតែលក្ខណៈនៃតំបន់ទាំងនេះបានដែរ។
ដោយសារទីក្រុងប៉េកាំងមិនបានចេញការទាមទារស្របច្បាប់ និងស៊ីចង្វាក់ត្រឹមត្រូវ នៅសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកសូមបដិសេធរាល់ការទាមទាររបស់ប្រទេសចិន ចំពោះដែនទឹកដែលស្ថិតនៅក្នុងចម្ងាយលើសពី ២២ គម ពីកោះដែលខ្លួនបានទាមទារ នៅប្រជុំកោះ Spratly (ដោយគ្មានការធានាថា នឹងគ្មានការបដិសេធដូចគ្នានេះដែរចំពោះការទាមទារលើអធិបតេយ្យភាពដោយរដ្ឋដទៃទៀត លើកោះបែបនោះ)។ ដូច្នេះ សហរដ្ឋអាមេរិកបដិសេធការទាមទារណាមួយរបស់ប្រទេសចិននៅក្នុងដែនទឹកនៅជុំវិញតំបន់ Vanguard Bank (ក្បែរប្រទេសវៀតណាម) និងតំបន់ Luconia Shoals (ជិតប្រទេសម៉ាឡេស៊ី) ដែនទឹកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសប្រ៊ុយណេ និងតំបន់ Natuna Besar (ក្បែរប្រទេសឥណ្តូនេស៊ី)។ សកម្មភាពណាមួយរបស់ប្រទេសចិនដែលយាយីការនេសាទឬការអភិវឌ្ឍធនធានអ៊ីដ្រូកាបោនរបស់រដ្ឋដទៃទៀត នៅក្នុងដែនទឹកទាំងនេះ ឬដែលប្រព្រឹត្តសកម្មភាពបែបនេះជាឯកតោភាគី គឺជាអំពើខុសច្បាប់។
ប្រទេសចិនមិនអាចធ្វើការទាមទារដោយស្របច្បាប់លើដែនដី ឬដែនសមុទ្រនៅ (ឬក្បែរ)តំបន់ James Shoal ដែលជាតំបន់លិចទឹក ហើយមានចម្ងាយតែជាង ៩០គម ពីប្រទេសម៉ាឡេស៊ី និងប្រហែលជាង ១៨០០ គម ពីឆ្នេររបស់ប្រទេសចិន។ តំបន់ James Shoal ត្រូវបានប្រព័ន្ធឃោសនារបស់ប្រទេសចិននិយាយថា ជា “ទឹកដីនៅចុងខាងត្បូងបំផុតនៃប្រទេសចិន”។ ច្បាប់អន្តរជាតិចែងច្បាស់ហើយ គឺថា ដីទួលនៅក្រោមទឹក ដូចជា James Shoal មិនអាចរដ្ឋណាមួយទាមទារយកបានឡើយ ហើយមិនអាចត្រូវបានបង្កើតជាតំបន់កំហិតលើការធ្វើនាវាចរណ៍បានទេ។ តំបន់ James Shoal (ដែលស្ថិតនៅក្រោមផ្ទៃទឹកប្រហែល ២០ ម) មិនមែន ហើយក៏មិនដែលជាទឹកដីរបស់ប្រទេសចិនឡើយ ហើយទីក្រុងប៉េកាំងក៏មិនអាចទាមទារសិទ្ធិស្របច្បាប់លើតំបន់នេះបានដែរ។
ពិភពលោកនឹងមិនអនុញ្ញាតឲ្យទីក្រុងប៉េកាំងយកសមុទ្រចិនខាងត្បូងធ្វើជាអាណាចក្រសមុទ្ររបស់ខ្លួនបានទេ។ ប្រទេសអាមេរិកឈរនៅជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងនៅអាស៊ីអាគ្នេយ៍ នៅក្នុងការការពារសិទ្ធិអធិបតេយ្យរបស់គេ លើធនធានសមុទ្រ ស្របតាមសិទ្ធិ និងកាតព្វកិច្ចរបស់គេ នៅក្រោមច្បាប់អន្តរជាតិ។ យើងឈរនៅជាមួយសហគមន៍អន្តរជាតិ នៅក្នុងការការពារសេរីភាពសមុទ្រ ហើយគោរពអធិបតេយ្យភាព ព្រមទាំងបដិសេធការប៉ុនប៉ងក្នុងការបង្ខំឲ្យគេទទួលយកគោលការណ៍ “អ្នកខ្លាំងគឺជាអ្នកត្រូវ” នៅសមុទ្រចិនខាងត្បូង ឬតំបន់ដទៃទៀត ក្នុងពិភពលោក។