នៅពេលនេះ មនុស្សនៅទូទាំងពិភពលោកចំណាយពេលមើលអ៊ិនធ័រណែតច្រើនជាងពេលណាៗទាំងអស់កន្លងមក ។ ក្នុងពេលដែលគេប្រើអ៊ិនធ័រណែតសំរាប់ការទិញអីវ៉ាន់ ទំនាក់ទំនងជាមួយធនាគារ គ្រប់គ្រងហិរញ្ញវត្ថុ និងទាក់ទងគ្នាលេង គេប្រឈមនឹងហានិភ័យតាមអ៊ិនធ័រណែតកាន់តែច្រើនឡើង។ ការគំរាមកំហែង និងការវាយប្រហារតាមអ៊ិនធ័រណែតគឺជាការគំរាមកំហែងចំពោះសន្តិសុខជាតិ និងសន្តិសុខសេដ្ឋកិច្ចនៃប្រទេសទាំងអស់។ ដោយហេតុថាសន្តិសុខតាមអ៊ិនធ័រណែតមានសារៈសំខាន់សំរាប់សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិរបស់យើង ស្ថានទូតអាមេរិកនៅភ្នំពេញចូលរួមជាមួយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ដើម្បីលើកកំពស់ការយល់ដឹងពីសន្តិសុខតាមអ៊ិនធ័រណែត នៅក្នុងខែយល់ដឹងពីសន្តិសុខអ៊ិនធ័រណែតជាតិ ក្នុងខែតុលានេះ។
សន្តិសុខតាមអ៊ិនធ័រណែតមិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្រុមហ៊ុន ក្រុមមនុស្សនានា ឬបុគ្គលតែប៉ុណ្ណោះទេ។ គ្រប់គ្នាត្រូវមានការទទួលខុសត្រូវចំពោះសន្តិសុខតាមអ៊ិនធ័រណែត រាប់ពីអ្នកប្រើទូរស័ព្ទទំនើបធម្មតា ដល់អ្នកគ្រប់គ្រងក្រុមហ៊ុន។ នៅខែតុលានេះ និងនៅរាល់ថ្ងៃ សូមតាមដានការណែនាំធម្មតាស្តីពីសុវត្ថិភាពតាមអ៊ិនធ័រណែត ពីយុទ្ធនាការ ឈប់ គិត ភ្ជាប់ (https://www.dhs.gov/stopthinkconnect) ៖
- ធ្វើអោយមានការបញ្ជាក់ភាពដើមត្រូវអោយបានខ្លាំង(Stronger authentication) ។ ជានិច្ចជាកាល ត្រូវធ្វើអោយមានស្រទាប់បន្ថែមទៀតនៃសន្តិសុខ លើសពីកូដសំងាត់ (Password) ដែលមានសំរាប់អ៊ីម៉េល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគណនេយ្យហិរញ្ញវត្ថុ។ ការបញ្ជាក់ពីភាពត្រឹមត្រូវដែលមានភាពរឹងមាំ (ឧទាហរណ៍ ការបញ្ជាក់ពីភាពត្រឹមត្រូវដែលផ្អែកលើកត្តាច្រើន ដែលអាចប្រើកូដសំរាប់ប្រើតែម្តង នៅលើទូរស័ព្ទដៃ) ជួយផ្ទៀងផ្ទាត់ថា អ្នកប្រើនោះពិតជាមានសិទ្ធិបើកចូលទៅក្នុងគណនេយ្យអ៊ិនធ័រណែតនោះមែន។ បើចង់ដឹងព័ត៌មានស្តីពីការបញ្ជាក់ភាពត្រឹមត្រូវនៃម្ចាស់ដើម សូមចូលមើលគេហទំព័រនេះ lockdownyourlogin.org ។
- Password ត្រូវវែង ហើយពិបាករាវរក។ ត្រូវប្រើលេខ សញ្ញា និងអក្សរ ប្រកបដោយលក្ខណៈស្មុគស្មាញ។ គណនេយ្យមួយគួរប្រើ Password ដោយឡែកមួយ។ ប្តូរ Password អោយបានទៀងទាត់ ពិសេសបើអ្នកគិតថា គេងាយដឹងវា។
- ធ្វើអោយម៉ាស៊ីនស្អាត។ ត្រូវ Update កម្មវិធីទាក់ទងនឹងសន្តិសុខ ប្រព័ន្ធប្រតិបត្តិការ និង Web browser នៅក្នុងគ្រឿងភ្ជាប់បណ្តាញអ៊ិនធ័រណែតទាំងអស់។ ការ Update កម្មវិធីទន់ផ្នែកសន្តិសុខ នឹងធ្វើមិនអោយគេចូលមកវាយប្រហារបានដោយងាយ។ ពេលណាមានការសង្ស័យ សូមបោះវាចោល។ ឈ្នាប់នៅក្នុងអ៊ីម៉េល និងក្នុងអត្ថបទដែលគេបង្ហោះតាមអ៊ិនធ័រណែត គឺជាវិធីដែលជនល្មើសធ្វើអោយខូចដល់កុំព្យូទ័ររបស់អ្នក។ បើមើលទៅមានការសង្ស័យ (បើទោះបីជាអ្នកដឹងប្រភពហើយក្តី) អ្នកគួរវាលុបចោល។
- សូមមានការប្រយ័ត្នក្នុងការ Share ។ សូមកំរិតព្រំដែននៃព័ត៌មានផ្ទាល់ខ្លួនដែលអ្នក Share ហើយត្រូវប្រើ Privacy setting ដើម្បីកុំអោយព័ត៌មានខ្ចរខ្ចាយខ្លាំង។
- រក្សាសន្តិសុខនៃបណ្តាញ Wi-Fi របស់អ្នក។ គ្រឿងប្រដាប់ Wi-Fi គឺជាច្រកសំខាន់សំរាប់អោយជនល្មើសតាមអ៊ិនធ័រណែតចូលមកក្នុងម៉ាស៊ីនរបស់អ្នក។ សូមរក្សាសន្តិសុខនៃ Wi-Fi និងរបស់របរជាគ្រឿងអេឡិចត្រូនិករបស់អ្នក ដោយប្តូរ Password និង Username ដែលកំណត់ពីរោងចក្រនៃរបស់ទាំងនោះ។
បើចង់ដឹងបន្ថែមទៀត ស្តីពីខែ យល់ដឹងពីសន្តិសុខអ៊ិនធ័រណែតជាតិ និងវិធីការពារខ្លួនរបស់អ្នកពីការគំរាមកំហែងតាមអ៊ិនធ័រណែត សូមចូលមើលគេហទំព័រ www.dhs.gov/ncsam។