ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង ធ្វើការលក់ដេញថ្លៃឡាយឡុងនូវឥវ៉ាន់ប្រើប្រាស់រួចដូចជា រថយន្តម៉ាស៊ីនភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងទៀត ដល់សាធារណៈជនទូទៅ ។
ទីតំាងលក់ឥវ៉ាន់ដេញថ្លៃ:
ឃ្លាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អាគារលេខ ១៧៨២ ផ្លូវជាតិលេខ ៥ សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ (ខាងជើងស្ពានមិត្តភាព កម្ពុជា ជប៉ុន)។
កាលបរិចេ្ឆទ និង ពេលវេលា:
ថ្ងៃព្រហស្បត៏ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩
- ម៉ោង ៨:00 ព្រឹក – ០៩:00 ព្រឹក: អាចចូលពិនិត្យមើលនូវរថយន្ត និងឥវ៉ាន់សម្រាប់ដេញថ្លៃបាន។
- ម៉ោង ០៩:00 ព្រឹក – ១២:០0 រសៀល: ការដេញថ្លៃចាប់ផ្តើម អ្នកចូលរួមដេញថ្លៃអាចទម្លាក់ប័ណ្ណដេញថ្លៃសម្រាប់ឡូត៍ដែលខ្លួនពេញចិត្តបាន។
- ១២:០0 រសៀលៈ បិទការដេញថ្លៃ។ ស្ថានទូតនឹងបើកប្រអប់ដេញថ្លៃនារសៀលថ្ងៃខែឆ្នាំដដែល ដោយមានការចូលរួមអង្កេតពីមន្រ្តីគយរដ្ឋាករ។ អ្នកឈ្នះសម្រាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទង។
លក្ខខណ្ឌនៃការលក់:
- ឥវ៉ាន់នឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត។
- ឥវ៉ាន់ដែលបានលក់ដូចឃើញនៅនឹងកន្លែងស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។
- ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃឥវ៉ាន់ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។
- ការបង់ប្រាក់ៈ អ្នកដេញថ្លៃបាន ត្រូវបង់បា្រក់គ្រប់ចំនួនជាសាច់បា្រក់សុទ្ធភ្លាមៗ ឬបង់ប្រាក់កក់ ១០% ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល២៤ម៉ោងដែលត្រូវបានទាក់ទង។ ប្រាក់កក់នេះនឹងត្រូវបានទុកជាអាសារបង់ បើសិនជាប្រាក់នៅសល់ដទៃទៀតមិនត្រូវបានបង់ក្នុងអំឡុងពេល ៩៦ម៉ោង ទៅបេឡារបស់ស្ថានទូត។ គេអាចយកឥវ៉ាន់ចេញបានបន្ទាប់ពីបង្ហាញសំណៅនៃភស្តុតាងថា បានបង់ពន្ធហើយ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃរបស់ស្ថានទូត នៅក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅមន្រ្តីគយកម្ពុជា អំពីនិតិវិធីលើកលែងពន្ធអាករផ្សេងៗ។
- រាល់ការរៀបចំ និងចំណាយនៅក្នុងការយកចេញនូវឥវ៉ាន់ដែលដេញថ្លៃបាន គឺជាបន្ទុករបស់អ្នកទិញ។
- នៅក្នុងករណីដែលអ្នកទិញខកខានមិនបានយកឥវ៉ាន់ដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០, តាមការសំរេចរបស់ខ្លួន ស្ថានទូតអាមេរិកនៅភ្នំពេញ អាចទារថ្លៃថែររក្សាទុកឥវ៉ាន់ដែលអាចកើនឡើងរហូតដល់តំលៃនៃការដេញថ្លៃ ដែលបន្ទាប់ពីហ្នឹង អ្នកដេញថ្លៃបានបាត់បង់សិទ្ធិក្នុងការយកឥវ៉ាន់ដែលទិញបាននោះ ហើយនិងប្រាក់ទាំងអស់ដែលបានបង់។
- ដើម្បីយកឥវ៉ាន់ចេញពីទីតាំងលក់បាន គេត្រូវបង្ហាញបង្កាន់ដៃមានចុះហត្ថលេខា ដែលចេញដោយបេឡារបស់ស្ថានទូតអាមេរិក ដែលមានបង្ហាញការបានបង់ថ្លៃពេញ សំណៅនៃការបង់ពន្ធឥវ៉ាន់និងសំណៅនៃឯកសារលើកលែងពន្ធឥវ៉ាន់(ចំពោះស្ថាប័នដែលសុំការលើកលែងពន្ធ)។
- បុគ្គលិករបស់ស្ថានទូតអាមេរិកដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភាក្នុងការដេញថ្លៃនេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។