ដំណើរទស្សនកិច្ច លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Blinken មកប្រទេសកម្ពុជា ហ្វីលីពីន អាហ្រ្វិកខាងត្បូង សាធារណរដ្ឋកុងហ្គោ និងប្រទេសរ៉ូវ៉ានដា

សេចក្តីថ្លែងការណ៍របស់ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក

ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២

លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken នឹងធ្វើដំណើរមកប្រទេសកម្ពុជា ហ្វីលីពីន អាហ្រ្វិកខាងត្បូង សាធារណរដ្ឋកុងហ្គោ និងប្រទេសរ៉ូវ៉ានដា ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២។

លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Blinken នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាផ្នែកមួយ​នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនិមួយៗ លោករដ្ឋមន្រ្តី​នឹងថ្លែងសង្កត់ធ្ងន់​លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យ​លើទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកក៏​នឹងថ្លែងផងដែរពីជំងឺរាតត្បាតកូវីដ ១៩ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ វិបត្តិ​នៅប្រទេសភូមា និងសង្គ្រាម​របស់ប្រទេសរុស្ស៊ី​នៅប្រទេសអ៊ុយក្រែន។  លោករដ្ឋមន្រ្តីនឹងជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្រ​របស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និងការខិតខំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី​របស់យើង ជាមួយប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តី Blinken ក៏​នឹងជួបផងដែរ ជាមួយសមាជិក​នៃគម្រោងគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំវ័យក្មេង​នៅអាស៊ីអាគ្នេយ៍ (YSEALI) 

នៅទីក្រុងម៉ានីល​ នៃប្រទេសហ្វីលីពីន នៅថ្ងៃទី ៦ ខែសីហា លោករដ្ឋមន្រ្តី​នឹងជួបជាមួយ​លោកប្រធានាធិបតី Romualdez Marcos Jr និងលោករដ្ឋមន្រ្តីក្រសួងការបរទេស Enrique Manalo ដើម្បីពិភាក្សាពីការខិតខំទ្វេភាគី ក្នុងការពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន ដោយរួមទាំងកំណើននៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ពាណិជ្ជកម្ម និងការវិនិយោគ ការជំរុញគុណតម្លៃប្រជាធិបតេយ្យរួមរបស់យើង និងការងើបឡើងវិញពីជំងឺរាតត្បាត។

បន្ទាប់មក លោករដ្ឋមន្រ្តី Blinken នឹងធ្វើទស្សនកិច្ច​នៅប្រទេសអាហ្វ្រិកខាងត្បូង ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែសីហា។ លោកនឹងចូលរួមសម្ពោធឯកសារយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកសម្រាប់អនុតំបន់សាហារ៉ា​នៃទ្វីបអាហ្រ្វិក ដែលបញ្ជាក់បន្ថែម នូវទស្សនៈ​របស់សហរដ្ឋអាមេរិកថា ប្រទេសអាហ្វ្រិកមានតួនាទីដែលមានលក្ខណៈភូមិសាស្រ្តយុទ្ធសាស្រ្ត និងជាដៃគូយ៉ាងសំខាន់ លើបញ្ហាបន្ទាន់បំផុតនៃសម័យកាលរបស់យើង រាប់ពីការលើកកម្ពស់នូវប្រព័ន្ធជាអន្តរជាតិដែលមានភាពបើកចំហ និងប្រកបដោយស្ថិរភាព ដល់ការដោះស្រាយផលវិបាក​នៃបម្រែបម្រួលអាកាសធាតុ អសន្តិសុខស្បៀង  ជំងឺរាតត្បាតជាសាកល ដល់ការកំណត់អនាគតផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា​​របស់យើង។

នៅទីក្រុង Pretoria លោកនឹងដឹកនាំគណៈប្រតិភូរបស់សហរដ្ឋអាមេរិក ដើម្បីចូលរួម​ក្នុងកិច្ចពិភាក្សាជាយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក និងប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីពង្រឹងបន្ថែម និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវការប្តេជ្ញាចិត្ត​របស់យើង ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ស្តីពីបញ្ហាសាកល ព្រមទាំងអាទិភាពរួមជាច្រើន ដូចជាវិស័យ​សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ ហើយនិងអាកាសធាតុ។ នៅទីក្រុង Johannesburg លោកនឹងចូលរួមក្នុងការប្រារព្ធពិធីរបស់ប្រទេសអាហ្វ្រិកខាងត្បូង ចំពោះទិវាជាតិសម្រាប់នារី។

នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហា លោករដ្ឋមន្រ្តី នឹងជួបជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់​នៃប្រទេសកុងហ្គោ និងសមាជិក​នៃអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាពីផលប្រយោជន៍​ដែលមានទៅវិញទៅមករបស់យើង ក្នុងការធានាឲ្យមានការបោះឆ្នោតដោយសេរី មានការចូលរួម​នៃគ្រប់ភាគី និងប្រកបដោយយុត្តិធម៌ នៅឆ្នាំ ២០២៣ ដោយលើកកម្ពស់ការគោរពចំពោះសិទ្ធិមនុស្ស និងការពារសេរីភាព​ជាមូលដ្ឋាន។ លោកនឹងផ្តោតផងដែរ​លើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គាំទ្រពាណិជ្ជកម្ម និងការវិនិយោគ ពិនិត្យ​ដោះស្រាយ​វិបត្តិអាកាសធាតុ បង្កើនភាពធន់នៃផ្នែកកសិកម្ម និងគាំទ្រការខិតខំ​របស់ប្រទេសអាហ្វ្រិកក្នុងតំបន់ ក្នុងការជំរុញសន្តិភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ​ភាគខាងកើត និងមហាតំបន់ទន្លេ Great Lakes 

ចុងក្រោយ លោករដ្ឋមន្រ្តីនឹងធ្វើដំណើរទៅប្រទេសរ៉ូវ៉ានដា សម្រាប់ទស្សនកិច្ចពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែសីហា ដោយលោកនឹងជួបជាមួយមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់​នៃប្រទេសរ៉ូវ៉ានដា និងសមាជិក​នៃអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាពីអាទិភាពរួម ដូចជាការថែរក្សាសន្តិភាព។ លោករដ្ឋមន្រ្តី​នឹងផ្តោតលើតួនាទីដែលរដ្ឋាភិបាលរ៉ូវ៉ានដាអាចបំពេញបាន នៅក្នុងការកាត់បន្ថយភាពតានតឹង និងហិង្សាដែលកំពុងមាន​ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្កោ​នៅភាគខាងកើត។ ក្រៅពីនេះ លោកនឹងលើកឡើងពីកង្វល់លើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយរួមទាំងការបង្ក្រាបឆ្លងព្រំដែន ព្រំដែនកំណត់លើលំហសម្រាប់អ្នកប្រឆាំង និងគណបក្សប្រឆាំង ហើយនិងការឃុំខ្លួន​ដោយខុសលើឈ្មោះ Paul Rusesabagina ដែលមានសិទ្ធិរស់នៅស្របច្បាប់ជាអចិន្រ្តៃយ៍​នៅក្នុងសហរដ្ឋអាមេរិក ៕