ថ្លែងការណ៍រួម ខួប ២ ឆ្នាំ នៃការធ្វើរដ្ឋប្រហារដោយយោធានៅប្រទេសភូមា

សេចក្តីថ្លែងការណ៍រួម​របស់ឧត្តមស្នងការ​នៃសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងការបរទេស​នៃប្រទេសអាល់បានី អាមេនី  អូស្រ្តាលី បូសនី កាណាដា សហព័ន្ធ Micronesia, Georgia, ហ្កាណា, អ៊ីស្លង់  Lichtenstein, ណូវែលសេឡង់ ម៉ាសាដូនីខាងជើង ណ័រវ៉េ សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋ Marshall Islands សាធារណរដ្ឋ Palau, ស៊ែប៊ី ស្វីស អ៊ុយក្រែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នៅខួបលើកទី ២ នៃការធ្វើរដ្ឋប្រហារដោយយោធា​នៅប្រទេសភូមា។

នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ យោធាភូមាបានធ្វើរដ្ឋប្រហារ ហើយចាប់យកអំណាច ដែលផ្ទុយនឹងឆន្ទៈ​របស់ប្រជាជន ហើយធ្វើឲ្យប្រទេសធ្លាក់​ក្នុងវិបត្តិមនុស្សធម៌ សេដ្ឋកិច្ច និងវិបត្តិនយោបាយដ៏​ជ្រៅ។

​នៅក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ប្រជាជនភូមាមានសេចក្តីក្លាហាន​ក្នុងការសម្តែងចេញ​ នូវការប្តេជ្ញាចិត្តរបស់គេ ក្នុងការចង់ឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ ដោយទាមទារឲ្យមានការគោរពចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយបង្ហាញស្មារតីរឹងប៉ឹង នៅចំពោះមុខអំពើឃោរឃៅបំផុត។

ចាប់តាំងពីមានរដ្ឋប្រហារ របបយោធាបានធ្វើការបង្ក្រាបដោយហិង្សា ទៅលើគ្រប់ទម្រង់​នៃការប្រឆាំង ដែលរួមមានការតវ៉ាដោយសន្តិវិធី។ របាយការណ៍​ដែលគួរឲ្យទុកចិត្តបានបង្ហាញឲ្យឃើញថា ជនស៊ីវិលរាប់ពាន់នាក់ រួមទាំងកុមារផង ត្រូវបានដាក់ក្នុងពន្ធនាគារ រងការធ្វើទារុណកម្ម និងសម្លាប់។

មានរបាយការណ៍​កាន់តែច្រើនថា ការបាញ់ និងទម្លាក់គ្រាប់បែកពីអាកាស និងការដុតភូមិ និងកន្លែងប្រតិបត្តិសាសនា បានដៅទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ មានសេចក្តីរាយការណ៍​ច្រើនអំពីការធ្វើទារុណកម្ម និងហិង្សាផ្លូវភេទដោយកម្លាំងសន្តិសុខ។ ជម្លោះដែលអូសបន្លាយមក​នេះ ធ្វើឲ្យជនស៊ីវិល​រាប់ពាន់នាក់ស្លាប់ និងរបួស មនុស្ស ១៧ លាននាក់ធ្លាក់ខ្លួនក្រីក្រ ហើយមាន ១,៥ លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។

យើងស្វាគមន៍ និងគាំទ្រតួនាទីស្នូលរបស់សមាគមអាស៊ាន នៅក្នុងការដោះស្រាយវិបត្តិ​នៅភូមា រួមទាំងការខិតខំ​របស់ប្រធានអាស៊ាន និងបេសកជនពិសេសរបស់អាស៊ាន​នៅភូមា។

យើងស្វាគមន៍​សេចក្តីសម្រេចចិត្ត​របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ លេខ ២៦៦៩ (ចេញឆ្នាំ ២០២២) ស្តីពីស្ថាន​ភាព​នៅប្រទេសភូមា ដែលអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ នូវហិង្សា ហើយលើកកម្ពស់សិទ្ធិមនុស្សជាសាកល ការផ្តល់លទ្ធភាពឲ្យគេអាចផ្តល់ជំនួយមនុស្សធម៌ពេញលេញ ដោយគ្មានការរារាំង និងការការពារជនស៊ីវិល។ សេចក្តីសម្រេចចិត្ត​នេះបានអំពាវនាវឲ្យរបបយោធាអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន ហើយដោះលែងជាបន្ទាន់ នូវមនុស្សដែលត្រូវបានចាប់ឃុំតាមអំពើចិត្ត ដោយរួមទាំងប្រធានាធិបតី Win Myint និងទីប្រឹក្សារដ្ឋ Aung San Suu Kyi ។ វាបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់យើង ចំពោះបេសកជនពិសេសរបស់អាស៊ាន ប្រចាំ​នៅប្រទេសភូមា និងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំ​នៅប្រទេសភូមា ហើយលើកទឹកចិត្តឲ្យគេធ្វើការសម្របសម្រួលគ្នាឲ្យបានជិតស្និទ្ធ។ សេចក្តីសម្រេចចិត្ត​នេះថែមទាំងអំពាវនាវឲ្យភាគីទាំងអស់នៅប្រទេសភូមា ធ្វើការប្រកបដោយន័យស្ថាបនា ទាំងជាមួយបេសកជនពិសេសទាំងពីរ ដើម្បីចាប់ផ្តើមកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។

ពួកយោធាមិនស្តាប់សេចក្តីប៉ងប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យ​របស់ប្រជាជនភូមា ដូចដែលត្រូវបានសម្តែងឲ្យឃើញនៅក្នុងការបោះឆ្នោតទូទៅ  នៅខែវិច្ឆិកា ឆ្នាំ ២០២០ ទេ នៅពេលគេចាប់យកអំណាច​ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។ យើងសូមអំពាវនាវជាថ្មី ឲ្យប្រទេសភូមាវិលទៅរកគន្លងប្រជាធិបតេយ្យវិញ។ របបយោធាត្រូវតែបញ្ឈប់ហិង្សា ហើយបង្កើតលំហសម្រាប់កិច្ចសន្ទនាប្រកបដោយអត្ថន័យនិងមានការចូលរួមពីគ្រប់ភាគី ដើម្បីឲ្យមានឡើងវិញ នូវដំណើរការប្រជាធិបតេយ្យ។

យើងសូមអំពាវនាវសារជាថ្មី ឲ្យសមាជិកទាំងអស់​នៃសហគមន៍​អន្តរជាតិគាំទ្រការខិតខំទាំងអស់ ក្នុងការធ្វើឲ្យអ្នកទទួលខុសត្រូវចំពោះបទរំលោភសិទ្ធិមនុស្ស ទទួលទោស បញ្ឈប់ការលក់ និងផ្ទេរអាវុធ និងគ្រឿងបរិក្ខារដែលជួយ​ដល់ការប្រព្រឹត្តអំពើយង់ឃ្នង ហើយបំពេញសេចក្តីត្រូវការបន្ទាន់ផ្នែកមនុស្សធម៌ របស់ប្រជាជនភូមា រួមទាំងសហគមន៍​ងាយរងគ្រោះបំផុតរបស់ភូមា។

យើង​នៅតែមាការប្តេជ្ញាចិត្ត ក្នុងការគាំទ្ររបស់យើងចំពោះអ្នកដែលធ្វើការដោយសន្តិវិធី ដើម្បីអនាគតមួយដែលប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងមានការចូលរួមពីគ្រប់ភាគី សម្រាប់ប្រជាជនភូមា៕