ក្រសួងរតនាគារសហរដ្ឋអាមេរិក
ការិយាល័យកិច្ចការសាធារណៈ
សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០២០
ការកំណត់ដោយច្បាប់ Global Magnitsky ដៅទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ នៅទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ
ទីក្រុង Washington៖ នៅថ្ងៃនេះ ដែលជាទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដៅទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយ និងបណ្តាញរបស់គេ នៅក្នុងប្រទេសជាច្រើន នៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី។ វិធានការនៅថ្ងៃនេះត្រូវបានចាត់ស្របតាមបញ្ជាប្រតិបត្តិលេខ ១៣៨១៨ ដែលឈរលើ និងអនុវត្តតាមច្បាប់ស្តីពីគណនេយ្យភាពផ្នែកសិទ្ធិមនុស្ស Global Magnitski Act ហើយដៅទៅលើជនប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកអនុរដ្ឋមន្រ្តី Justin G. Muzinich បានមានប្រសាសន៍ថា៖ “នៅទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ ក្រសួងរតនាគារសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តដ៏ពេញលេញ ក្នុងការធ្វើឲ្យអ្នកសម្របសម្រួលអំពើពុករលួយ ដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាជន ត្រូវធ្វើការបង់ថ្លៃ”។
ដើម្បីធ្វើឲ្យសាធារណជនមានការយល់ដឹងច្រើនលើគំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើពុករលួយ ទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយត្រូវបានប្រារព្ធធ្វើរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែធ្នូ ចាប់តាំងពីមហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តលើអនុសញ្ញានៃអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ (UNCAC) កាលពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០០៣។ នៅពេលនេះ មានភាគីរដ្ឋចំនួន ១៨៧ ចូលរួមនៅក្នុងអនុសញ្ញានេះ។ ក្រៅពីផ្ញើសារប្រឆាំងនឹងអំពើពុករលួយ ក្រសួងរតនាគារអាមេរិកប្រើប្រាស់មធ្យោបាយដែលខ្លួនមាន ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ។ ជាមួយនឹងការដៅទាំងនេះ ក្រសួងរតនាគារអាមេរិកលើកទឹកចិត្តរដ្ឋាភិបាលទាំងអស់ឲ្យអនុវត្តកំណែទម្រង់លើហិរញ្ញប្បទានប្រឆាំងនឹងភេរវករ ហើយនិងការលាងលុយកខ្វក់ ដើម្បីដោះស្រាយបញ្ហានៃភាពងាយរងគ្រោះដោយសារអំពើពុករលួយ។
អំពើពុករលួយនៅប្រទេសលីបេរីយ៉ា៖ Harry Varney Gboto-Nambi Sherman
Harry Varney Gboto-Nambi Sherman (ហៅ Sherman) ដែលនៅពេលនេះ ជាមេធាវីដ៏ល្បី ជាព្រឹទ្ធសមាជិកសភាលីបេរីយ៉ា និងជាប្រធាននៃគណៈកម្មាធិការនីតិកម្មរបស់ព្រឹទ្ធសភាលីបេរីយ៉ា បានផ្តល់សំណូកដល់ចៅក្រមជាច្រើនទាក់ទងនឹងរឿងក្តីរបស់គាត់ស្តីពីការសូកប៉ាន់ នៅឆ្នាំ ២០១០ ហើយគាត់មានទំនាស់ផលប្រយោជន៍ ដែលគេមិនបានបង្ហាញឲ្យដឹង ជាមួយចៅក្រមម្នាក់ ដែលបានយកសាលក្រមថាគ្មានទោសលពីខែកក្កដាឆ្នាំ ២០១៩ មកកាត់ឡើងវិញ ។ Sherman តែងតែឲ្យលុយចៅក្រម ដើម្បីឲ្យសម្រេចក្តីឲ្យគាត់ឈ្នះ ហើយមានការចោទប្រកាន់ថា គាត់បានសម្របសម្រួលការទូទាត់លុយឲ្យអ្នកនយោបាយលីបេរីយ៉ា ដើម្បីឲ្យគាំទ្រការដាក់ទោសលើចៅក្រមម្នាក់ ដែលបានចេញការសម្រេចចិត្តប្រឆាំងនឹងគាត់។
នៅក្នុងការឃុបឃិតគ្នានៅឆ្នាំ ២០១០ ដែលនាំដល់ការកាត់ក្តីគាត់ Sherman បានធ្វើការឲ្យក្រុមហ៊ុនរ៉ែមួយរបស់អង់គ្លេស ដើម្បីទទួលបានកិច្ចសន្យាលើកន្លែងរ៉ែមួយ ក្នុងចំណោមកន្លែងរ៉ែនៅប្រទេសលីបេរីយ៉ា ដែលនៅសេសសល់ចុងក្រោយ គឺសម្បទានរ៉ែដែកនៅ Wologizi ។ Sherman បានណែនាំទៅក្រុមហ៊ុនថា ដើម្បីទទួលបានកិច្ចសន្យា គេត្រូវធ្វើយ៉ាងម៉េចឲ្យច្បាប់ស្តីពីសម្បទានរបស់ប្រទេសលីបេរីយ៉ា ត្រូវបានផ្លាស់ប្តូរដោយធ្វើការសូកប៉ាន់មន្រ្តីជាន់ខ្ពស់។ នៅឆ្នាំ ២០១៦ Sherman ត្រូវបានរដ្ឋាភិបាលលីបេរីយ៉ាដាក់ទោស រួមជាមួយនឹងមន្រ្តីរដ្ឋាភិបាលដទៃជាច្រើនទៀត ពីបទពាក់ព័ន្ធក្នុងការសូកប៉ាន់ដែលមានទឹកប្រាក់ចំនួន ៩៥០ ០០០ ដុល្លាអាមេរិក។ នៅឆ្នាំ ២០១៩ ចៅក្រមកាត់ក្តីបានកាត់ឲ្យមនុស្សទាំងអស់ដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការសូកប៉ាន់នោះ រួចខ្លួន។ អំពើសូកប៉ាន់របស់ Sherman គឺជាផ្នែកមួយនៃការស្តែងឲ្យឃើញពីទម្រង់ធំនៃទង្វើ ដែលប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ និងក្រសួងយុត្តិធម៌របស់ប្រទេសលីបេរីយ៉ា។
Sherman ត្រូវបានកំណត់ថា ជាបុគ្គលបរទេសម្នាក់ ដែលជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ឬក្នុងពេលកន្លងមក ដែលទទួលខុសត្រូវចំពោះអំពើពុករលួយ ឬមានការពាក់ព័ន្ធ ដោយផ្ទាល់ ឬមិនផ្ទាល់ ក្នុងអំពើពុករលួយ ដែលរួមមានការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។
អំពើពុករលួយនៅសាធារណរដ្ឋ Kyrgyztan : Raimbek Matraimov
Raimbek Matraimov ហៅ Matraimov ដែលជាអតីតអនុប្រធាននៃផ្នែកគយរបស់ប្រទេស Kyrgyzstan បានមានការពាក់ព័ន្ធក្នុងផែនការគយ ដែលក្នុងនោះប្រាក់ចំនួនយ៉ាងតិច ៧០០ លានដុល្លាអាមេរិកត្រូវបានលាងចេញពីសាធារណរដ្ឋ Kyrgyzstan។ ផែនការនោះមានទាក់ទអនឹងក្រុមហ៊ុនមួយ និងការគេចពីការបង់គយរបស់គេ។ ក្រុមហ៊ុនបានសូកមន្រ្តីគយ ហើយមន្រ្តីគយបានឲ្យចេញរួចនូវផលិផលថ្លៃៗ ដោយកំណត់ថា ជាទំនិញថោកៗ ដើម្បីឲ្យក្រុមហ៊ុនបានចំណេញច្រើន។ លើសពីនេះទៀត គេអនុញ្ញាតឲ្យទំនិញបានចេញលឿនពីកន្លែងគយ។ ទំនិញរបស់ក្រុមហ៊ុនដទៃទៀត ដែលមិនទាក់ទងនឹងក្រុមហ៊ុននេះ ហើយមិនធ្វើការសូកប៉ាន់ ត្រូវបានពិនិត្យយ៉ាងដិតដល់ លើកចេញពីរថយន្ត ហើយត្រូវបានទុកចោលនៅកន្លែងគយរាប់សប្តាហ៍ ឬមានរហូតដល់រាប់ខែផង។ Matraimov បានប្រើតំណែងរបស់គាត់ដើម្បីឲ្យទំនិញរបស់ក្រុមហ៊ុនអាចឆ្លងព្រំដែននៃប្រទេស Kyrgyzstan បានយ៉ាងស្រួល។ Matraimov ទទួលបន្ទុកប្រមូលនិងចែកចាយសំណូករបស់ក្រុមហ៊ុននេះ។ លើសពីនេះទៀត Matraimov បានជួយក្រុមហ៊ុននេះ ក្នុងការរត់ពន្ធលុយចូលទៅក្នុងប្រទេស Kyrgyzstan តាមរយៈមធ្យោបាយដឹកជញ្ជូនលឿន (Courier) ។ នៅពេលគេដឹកជញ្ជូនលុយច្រើន ហើយត្រូវបានភ្នាក់ងារពង្រឹងការអនុវត្តច្បាប់នៅព្រលានយន្តហោះត្រួតពិនិត្យ គេប្រើឈ្មោះ Matraimov ដើម្បីបានបន្តដំណើរទៅមុខ។ ដោយប្រើតំណែងពីមុនមករបស់គាត់ជាអនុប្រធានផ្នែកគយរបស់ប្រទេស Kyrgyzstan Matraimov រកលុយបានរាប់លានដុល្លា នៅក្នុងការឃុបឃិតផ្នែកគយនេះ។
Matraimov ត្រូវបានចាត់ទុកថាជាជនបរទេស ជាមន្រ្តីរដ្ឋាភិបាលបច្ចុប្បន្ន ឬពីអតីតកាល ដែលមានការទទួលខុសត្រូវក្នុងការឃុបឃិត ដោយផ្ទាល់ ឬដោយមិនផ្ទាល់ នៅក្នុងអំពើពុករលួយ ដែលរួមមានការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។
អំពើពុករលួយនៅអាស៊ីអាគ្នេយ៍៖ Broken Tooth (ធ្មេញបាក់)
Wan Kuok Koi ដែលគេច្រើនហៅថា Broken Tooth (ធ្មេញបាក់) គឺជាសមាជិកម្នាក់នៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៃគណបក្សកុម្មុនិស្តចិន (CCP) ហើយដឹកនាំក្រុម 14K ដែលជាក្រុមមួយក្នុងចំណោមក្រុមសង្គមងងឹតដែលមានការចាត់តាំងរបស់ចិន នៅក្នុងពិភពលោក ហើយដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន បើកល្បែងស៊ីសងខុសច្បាប់ ធ្វើជំនួញខុសច្បាប់ ប្រព្រឹត្តការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ដទៃជាច្រើនទៀត។ ក្រុម 14K ក្រៅពីធ្វើការសូកប៉ាន់ និងប្រព្រឹត្តអំពើពុករលួយ បានប្រព្រឹត្តសកម្មភាពខុសច្បាប់បែបនេះ នៅ Palau ។
Broken Tooth ត្រូវបានចាត់ទុកថាជាជនបរទេស ជាមេដឹកនាំឬជាមន្រ្តីនៃអង្គការស្ថាប័នមួយ ដែលរួមទាំងជាអង្គការស្ថាប័នរដ្ឋាភិបាល ដែលបានចូលរួម ឬដែលមានសមាជិកបានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ ដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្មលើធនធានធម្មជាតិ ឬការសូកប៉ាន់។
OFAC ថែមទាំងបានធ្វើការដៅទៅលើអង្គការ/ស្ថាប័នចំនួន ៣ ដែលមាន Broken Tooth ជាម្ចាស់ ឬគ្រប់គ្រងដោយ Broken Tooth ៖
– សមាគម World Hongmen History and Culture Association ដែលមានមូលដ្ឋាននៅកម្ពុជា ហើយត្រូវបានបង្កើតឡើងដោយ Broken Tooth នៅឆ្នាំ ២០១៨
– Dongmei Group ដែលមានមូលដ្ឋាននៅហុងកុង និង
– សមាគម Palau China Hung-Mun Cultural Association មានមូលដ្ឋាននៅ Palau
នៅឆ្នាំ ២០១៨ Broken Tooth បានបង្កើតទីស្នាក់ការកណ្តាលរបស់សមាគម World Hongmen History and Culture Association នៅកម្ពុជា។ Hongmen (ឬ Hung Mun) គឺជាអង្គការសាកលរបស់បងប្អូនចិន ដែលត្រូវបានបង្កើតឡើងនៅពាក់កណ្តាលទសវត្សរ៍ ១៦០០ ហើយមានលក្ខណៈដូច “ក្រុមសង្គមងងឹត” នៅហុងកុង និងម៉ាកាវ។ ក្រុមសង្គមងងឹត 14K កំពុងតែប្រើសមាគម World Hongmen History and Culture Association របស់ Broken Tooth ដើម្បីធ្វើឲ្យខ្លួនមានភាពស្របច្បាប់។
នៅក្រោមការដឹកនាំរបស់ Broken Tooth សមាគម World Hongmen History and Culture Association បានជ្រើសរើសបាននូវសមាជិកសំខាន់ៗ នៅប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។ ការបង្កើតសមាគម World Hongmen History and Culture Association នេះដោយ Koi បន្តបែបផែននៃក្រុមរបស់ប្រទេសចិន ដែលខិតខំលាក់បាំងសកម្មភាពល្មើសច្បាប់ ដោយបង្ហាញសកម្មភាពរបស់គេថាស្ថិតនៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន (BRI) សុបិនចិន(Chinese Dream) ឬគំនិតផ្តួចផ្តើមសំខាន់ៗដទៃទៀតរបស់គណបក្សកុម្មុយនិស្តចិន។ សមាគម World Hongmen History and Culture Association កំពុងរីកធំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើតជាបណ្តាញរកស៊ីដ៏មានឥទ្ធិពល ដែលមានការពាក់ព័ន្ធនឹងការបង្កើត និងចេញរូបិយវត្ថុ crypto អចលនទ្រព្យ ហើយក្នុងពេលថ្មីៗនេះ បង្កើតក្រុមហ៊ុនសន្តិសុខ ដែលមានជំនាញខាងការពារវិនិយោគ BRI ។
សហគ្រាសរបស់ចិន ដែលនៅពីក្រោយគម្រោង BRI មានលក្ខណៈដូចគ្នាជាច្រើន ពោលគឺថា វាមានអ្នកដឹកនាំដែលមានការទាក់ទងជាមួយនឹងបណ្តាញឧក្រិដ្ឋជន ឬក្រុមដែលមានការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ នៅកន្លែងដទៃទៀតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងនៅប្រទេសចិន។ សហគ្រាសទាំងនោះមានអង្គការរបស់វាជាស្រេច ដែលមានបើកកាស៊ីណូ និងចេញលុយ Crypto ។ គេប្រកាសខ្លួនគេនៅតាមអ៊ិនធឺណែតថា មានទាក់ទងនឹងគម្រោង BRI របស់ប្រទេសចិន ហើយបានអួតពីការទាក់ទងជាមួយនឹងទីភ្នាក់ងារសំខាន់ៗនៃរដ្ឋាភិបាលចិន ហើយសហគ្រាសទាំងអស់នោះបានបង្កើតសមាគមដែលធ្វើសកម្មភាពជួយដល់ជនជាតិចិន។
ក្រៅពីជួយជំរុញដល់គម្រោង BRI របស់គណបក្សកុម្មុយនិស្តចិន តាមរយៈសមាគម World Hongmen History and Culture Association, Broken Tooth ថែមទាំងដឹកនាំក្រុម Dongmei Group ថែមទៀតផង។ ក្រុមនេះគឺជាវិនិយោគិនសំខាន់នៅតំបន់ Saixigang Zone នៃប្រទេសភូមា។
ផលវិបាកនៃទណ្ឌកម្ម
ជាលទ្ធផលនៃចំណាត់ការនៅថ្ងៃនេះ ទ្រព្យសម្បត្តិនិងផលប្រយោជន៍ទាំងអស់របស់អ្នកដែលត្រូវបានរៀបរាប់ទាំងនេះ ដែលមាននៅក្នុងសហរដ្ឋអាមេរិក ស្ថិតនៅក្នុងដៃ ឬគ្រប់គ្រងដោយស្ថាប័នអាមេរិក ត្រូវបានបង្កក ហើយត្រូវបានជម្រាបទៅ OFAC ។ ក្រៅពីនេះទៀត អ្វីដែលជាកម្មសិទ្ធិ ដោយផ្ទាល់ឬដោយប្រយោល ក្នុងចំនួនចាប់ពី ៥០%ទៅ របស់ក្រុមមួយឬច្រើន ដែលត្រូវបានបង្កក ក៏រងការបង្កកផងដែរ។ បើគ្មានការអនុញ្ញាតដោយអាជ្ញាប័ណ្ណទូទៅ ឬពិសេសណាមួយ ដែលចេញដោយ OFAC ឬត្រូវបានលើកលែងក្នុងរូបភាពណាមួយ នោះ បទបញ្ជារបស់ OFAC ជាទូទៅ នឹងហាមទៅលើការប្រតិបត្តិការទាំងអស់ដោយក្រុមដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ឬនៅក្នុងរង្វង់ប្រទេសអាមេរិក ដែលមានការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ ឬផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិរបស់ក្រុមដែលរងការបង្កក។ ការហាមប្រាមរួមមានការរួមចំណែកឬការផ្តល់ជាប្រាក់ ទំនិញ ឬសេវា ដោយ ដល់ ឬសម្រាប់ជាប្រយោជន៍ដល់ក្រុមដែលរងការបង្កក ឬការទទួលនៃការរួមចំណែកឬការផ្តល់ថវិកា ទំនិញ ឬសេវាពីក្រុមបែបនេះ។
ច្បាប់ Global Magnitsky
ដោយឈរនៅលើមូលដ្ឋាននៃច្បាប់ស្តីពីគណនេយ្យភាពផ្នែកសិទ្ធិមនុស្សក្នុងច្បាប់ Global Magnitski Act ប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិលេខ ១៣៨១៨ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៧ ដោយក្នុងនោះ ប្រធានាធិបតីយល់ថា ការមានដ៏ច្រើននៃបទរំលោភសិទ្ធិ និងអំពើពុករលួយ ដែលមានប្រភពមួយចំណែក ឬទាំងមូល ពីក្រៅសហរដ្ឋអាមេរិក មានវិសាលភាព និងភាពធ្ងន់ធ្ងរ ដែលគំរាមកំហែងស្ថិរភាពនៃប្រព័ន្ធសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ។ ការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយបំផ្លាញគុណតម្លៃដែលជាគ្រឹះសំខាន់នៃសង្គមមានស្ថិរភាព សន្តិសុខល្អ ដោយជះផលប៉ះពាល់ធ្ងន់ធ្ងរលើបុគ្គល ធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យទន់ខ្សោយ ធ្វើឲ្យនីតិរដ្ឋធ្លាក់ចុះ ធ្វើឲ្យវិវាទហិង្សាបន្តកើតមាន ជួយធ្វើឲ្យក្រុមមានគ្រោះថ្នាក់អាចបន្តធ្វើសកម្មភាព ហើយបំផ្លាញសេដ្ឋកិច្ចទីផ្សារ។ សហរដ្ឋអាមេរិកមានបំណងធ្វើឲ្យអ្នកដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអ្នកប្រព្រឹត្តអំពើពុករលួយ ទទួលរងនូវផលវិបាកធ្ងន់ធ្ងរ និងជាក់ស្តែង ព្រមទាំងមានបំណងចង់ការពារប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកពីសកម្មភាពល្មើសនៃក្រុមមនុស្សបែបនេះ។
ចំពោះព័ត៌មានបន្ថែម ស្តីពីបុគ្គលដែលរងការដៅដាក់ទណ្ឌកម្មនៅថ្ងៃនេះ សូមចូលមើលត្រង់នេះ។