កំណត់ត្រាសារព័ត៌មាន
ក្រសួងការបរទេសសហរដ្ឋអាមេរិក
ការិយាល័យអ្នកនាំពាក្យ
ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១
លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានដឹកនាំគណៈប្រតិភូមួយក្រុមមកកាន់រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី ១ ខែមិថុនា ។ នៅក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា ហើយបានរម្លឹកពីតួនាទីដ៏មានសារៈសំខាន់របស់សហរដ្ឋអាមេរិក និងដៃគូដទៃទៀត នៅក្នុងការជួយសម្រុះសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល ដែលបានកើតមានរាប់ទសវត្សរ៍មក។ លោកស្រីបានធ្វើការកត់សម្គាល់ពីជំនួយចំនួនជាង ៣ ពាន់លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យតាំងពីពេលនោះមក ដើម្បីជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងពីការអនុគ្រោះផ្នែកពាណិជ្ជកម្មដ៏ច្រើនពីសហរដ្ឋអាមេរិក ដែលបានជំរុញកំណើនលូតលាស់ផ្នែកសេដ្ឋកិច្ចនៃព្រះជាណាចក្រកម្ពុជា។
លោកស្រីអនុរដ្ឋមន្រ្តី Sherman បានថ្លែងសង្កត់លើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រទេសកម្ពុជា នៅក្នុងអំឡុងពេលជំងឺរាតត្បាតជាសាកលនេះ ដោយរួមទាំងបានថវិកាចំនួន ១១ លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងសុខាភិបាល រួមជាមួយនឹងការណែនាំនៃអ្នកជំនាញមកពីទីភ្នាក់ងារសុខាភិបាលសហរដ្ឋអាមេរិក ដែលមានវត្តមាននៅប្រទេសកម្ពុជា។ លោកស្រីថែមទាំងបានធ្វើការកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយកម្ពុជា ក្នុងការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើង ការការពារកុមារ ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការរុករកឈ្លើយសឹកនិងយុទ្ធជនបាត់ខ្លួន ការដោះមីនមនុស្សធម៌ សុខភាពសាធារណៈ ការអប់រំ ហើយនិងវិស័យជាប្រយោជន៍រួមដទៃទៀត។
លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំង លើវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។ លោកស្រីបានសុំការបំភ្លឺលើការវាយកំទេចអគារចំនួន ២ ដែលបានទទួលជំនួយថវិកាពីសហរដ្ឋអាមេរិក នៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន ហើយបានសង្កេតឃើញថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយ នៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ លោកស្រីអនុរដ្ឋមន្រ្តី បានអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេសដែលមានតុល្យភាព និងឯករាជ្យ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា។
លោកស្រីអនុរដ្ឋមន្រ្តី Sherman បានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់នៃសិទ្ធិមនុស្ស និងការការពារសេរីភាពជាមូលដ្ឋាន ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ទំនាក់ទំនងទ្វេភាគីរបស់យើង។ លោកស្រីបានសុំឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនផ្នែកសិទ្ធិមនុស្ស ជាអន្តរជាតិ និងនៅក្នុងប្រទេស ដោយរួមទាំងការប្តេជ្ញាចិត្តដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហើយបានសុំឲ្យមានការធានាចំពោះការពារសិទ្ធិកម្មករ។ លោកស្រីបានអំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលជាបន្ទាន់ នូវការចោទប្រកាន់ដែលមានហេតុផលនយោបាយ ប្រឆាំងនឹងសមាជិកនៃគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជននានា។ លោកស្រីអនុរដ្ឋមន្រ្តី Shermanបានទទូចឲ្យរដ្ឋាភិបាលបើកឡើងវិញ នូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាព នៅមុនការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ ២០២៣។
ក្នុងពេលទស្សនកិច្ចនេះនៅកម្ពុជា លោកស្រីអនុរដ្ឋមន្រ្តី Sherman ក៏បានជួបផងដែរ ជាមួយតំណាងនៃសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិកម្ពុជា គឺលោក កឹម សុខា ដើម្បីពិភាក្សាលើបញ្ហានានា ដែលមានសារៈសំខាន់រួមជាមួយសហរដ្ឋអាមេរិក ដែលរួមមានការធានាឲ្យប្រទេសកម្ពុជាមានអនាគតមួយដែលមានសន្តិភាព វិបុលភាព អធិបតេយ្យភាព និងលទ្ធិប្រជាធិបតេយ្យ។
លោកស្រីអនុរដ្ឋមន្រ្តី Sherman បានអះអាងចំពោះលោកនាយករដ្ឋមន្រ្តីថា សហរដ្ឋអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាប្រធាននៃសមាគមអាស៊ាននៅឆ្នាំ ២០២២ ហើយជួយធានាឲ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនា នៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗ នៅក្នុងតំបន់ ដូចជាបញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ។ លោកស្រីថែមទាំងបានអំពាវនាវឲ្យកម្ពុជា ក្នុងនាមជាសមាជិកនៃសមាគមអាស៊ាន កំណត់ឲ្យរបបយោធាភូមាមានការទទួលខុសត្រូវចំពោះការឯកភាពគ្នាជាឯកឆន្ទលើ ៥ ចំណុចរបស់អាស៊ាន ដែលមានបំណងដោះស្រាយវិបត្តិដែលកំពុងកើតមាននៅប្រទេសភូមា។ លោកស្រីអនុរដ្ឋមន្រ្តីបានសម្តែងការវាយតម្លៃខ្ពស់ ចំពោះការងារដែលកម្ពុជាបានបំពេញក្នុងនាមជាសហប្រធាន ឆ្នាំ ២០២១ នៃគម្រោងសហប្រតិបត្តិការជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក៕