ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍៖ ប្រទេសកម្ពុជាស្ថិតនៅក្រោមការចាប់អារម្មណ៍

អត្ថបទវិចារណកថារួមគ្នា​របស់នាយកប្រចាំប្រទេសនៃកម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍  Vladanka Andreeva​ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt​ ដើម្បីប្រារព្ធទិវាអេដស៍ពិភពលោក

 

ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ថ្ងៃ ០១ ធ្នូ គឺជាពេលវេលាមួយដើម្បី រំលឹកដល់ជីវិតបាត់បង់ ភាពរីករាយចំពោះដំណើរជឿនលឿនដែលសំរេចបាន ព្រមទាំងធ្វើការប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍។

នៅកម្ពុជា គេមានរឿងច្រើនដែលត្រូវសាទរ។ សូមសួរឌី សុខា។ នៅពេលនាងត្រូវបានរកឃើញថា មានមេរោគអេដស៍ កាលពីប្រហែល ២០ ឆ្នាំមុន ជីវិតរបស់នាងមានការធ្លាក់ចុះយ៉ាងខ្លាំង។ នាងលាក់ខ្លួន ខ្លាចស្លាប់ និងការសំលឹងមើលដោយក្រសែភ្នែកមុត របស់គ្រួសារ និងសហគមន៍របស់នាងដែលខ្លាចជំងឺអែដស៍។ សុខភាពនាងមិនល្អទេ។ តែនៅឆ្នាំ ២០០៤ ឌី សុខាបានចាប់ផ្តើមប្រើថ្នាំប្រឆាំងជំងឺអែដស៍ ហើយក្នុងរយៈពេល ៦ ខែ នាងមានកំលាំង ហើយមានសុខភាពល្អ។ បច្ចុប្បន្ននេះ នាងធ្វើការជាមិត្តអប់រំមិត្ត នៅក្នុងអង្គការមិនមែនរដ្ឋាភិបាលមួយ នៅភ្នំពេញ ដែលជួយអ្នកទទួលការព្យាបាលជំងឺអេដស៍ ហើយស្នាមញញឹមរបស់នាងធ្វើអោយគេគ្រប់គ្នាសប្បាយរីករាយ។

របាយការណ៍ថ្មីមួយ នៃ កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍បង្ហាញអោយឃើញថា នៅក្នុងពិភពលោក អ្នកទទួលការព្យាបាលជំងឺអែដស៍មានកំណើនយ៉ាងច្រើន។ ការព្យាបាលបានស្តារជីវិតមករកភាពពេញលេញ និងសុខភាពល្អឡើងវិញ។ប្រទេសកម្ពុជាបានសំរេចជោគជ័យគួរអោយកត់សំគាល់ នៅក្នុងការព្យាបាលជំងឺអេដស៍។ នៅឆ្នាំ ២០០១ មានអ្នកផ្ទុកមេរោគអេដស៍តែ ៧១ នាក់ប៉ុណ្ណោះដែលទទួលការព្យាបាលជំងឺអេដស៍ នៅកម្ពុជា។ មកដល់ត្រឹមខែមិថុនា ឆ្នាំ ២០១៧ ចំនួនអ្នកទទួលការព្យាបាលជំងឺអេដស៍បានកើនដល់ជាង ៥៨ ០០០ នាក់ ដែលត្រូវជាចំនួនប្រហែល ៨០% នៃអ្នកផ្ទុកមេរោគអេដស៍។

កំណើននៃការព្យាបាលនេះគឺមានឡើងដោយសារការដឹកនាំ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការធ្វើអោយលែងមានជំងឺអេដស៍ជាអាទិភាពមួយផ្នែកសុខភាពសាធារណៈ។ ឧទាហរណ៍ រដ្ឋាភិបាលបានធ្វើអោយមានសេវាជំងឺអេដស៍មាននៅគ្រប់កន្លែង រហូតដល់តំបន់ជនបទដាច់ស្រយ៉ាល។ នៅឆ្នាំ ២០១៦ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងនៅអាស៊ី ដែលកំណត់យកយុទ្ធសាស្រ្តព្យាបាលមនុស្សគ្រប់គ្នា នៅពេលដឹងថា គេមានមេរោគអេដស៍ភ្លាម។

ការសំរេចបានគោលដៅជាសាកល ៩០- ៩០- ៩០ គឺជាព្រឹត្តិការណ៍គួរអោយចងចាំមួយនៅក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍របស់ប្រទេសកម្ពុជា គឺថា មនុស្សប្រមាណ ៩០% ដឹងថា គេមានឬគ្មានមេរោគអេដស៍ ៩០% នៃអ្នកដែលដឹងថាខ្លួនគេមានមេរោគអេដស៍ ទទួលការព្យាបាលជំងឺអេដស៍ និង ៩០% នៃអ្នកដែលកំពុងព្យាបាលឃើញថាបានគ្រាន់បើឡើង។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសតែ ៧ ទេនៅក្នុងពិភពលោក ដែលបាន សំរេចគោលដៅរួម ៩០- ៩០- ៩០ នេះ។

កំរិតខ្ពស់នៃការព្យាបាលមេរោគអេដស៍នេះ នៅកម្ពុជាមានន័យថា កម្មវិធីជាតិផ្នែកជំងឺអេដស៍កំពុងតែកាត់បន្ថយចំនួននៃអ្នកឆ្លងថ្មី។ ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តបានបង្ហាញអោយឃើញថា អ្នកផ្ទុកមេរោគអេដស៍ ដែលគោរពតាមការព្យាបាលបានត្រឹមត្រូវ មិនងាយចំលងមេរោគនេះដល់អ្នកដទៃរហូតដល់កំរិត៩៧%។ កម្ពុជាក៏បាន អនុវត្តកម្មវិធីបង្ការថ្មីៗដែលធ្វើការជាមួយអង្គការសហគមន៍។ ជាលទ្ធផល ចំនួននៃករណីឆ្លងមេរោគអេដស៍ថ្មី នៅក្នុងមួយឆ្នាំ បានថយពីចំនួនដែលមានច្រើនបំផុត ជាង ២១ ០០០ ក្នុងឆ្នាំ ១៩៩៦ មកនៅត្រឹមមិនដល់ ១០០០ ក្នុងឆ្នាំ ២០១៦។ ជោគជ័យទាំងនេះគឺជាលទ្ធផលនៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ភាពជាដៃគូរឹងមាំជាមួយអង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ និងការចូលរួមយ៉ាងសកម្មរបស់អ្នកផ្ទុកមេរោគអេដស៍ និងសហគមន៍នៃមនុស្សដែលគេត្រូវធ្វើការកត់ចំណាំ។

ទោះបីជាមានជោគជ័យដ៏ធំធេងទាំងនេះក្តី តែការរាលដាលនៃមេរោគនេះមិនទាន់អស់ទេ។ ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តក្នុងការសំរេចគោលដៅ ៩៥- ៩៥- ៩៥ នៅត្រឹមឆ្នាំ ២០២៥។ ពិតមែនតែជិតដល់ទីដៅក្តី តែចំងាយផ្លូវចុងក្រោយច្រើនតែពិបាកបំផុត។ មេរោគអេដស៍បន្តវាយលុកទៅលើក្រុមមនុស្សជាក់លាក់មួយចំនួន ច្រើនជាងក្រុមមនុស្សមួយចំនួនផ្សេងទៀត។ ក្រុមទាំងនេះរួមមាននារី បម្រើការតាមកន្លែងកំសាន្ត បុរសដែលរួមភេទជាមួយបុរសគ្នាឯង អ្នកប្រើថ្នាំញៀនដោយប្រើម្ជុលចាក់ និងក្រុមអ្នកបំប្លែងភេទ។ ឧទាហរណ៍ ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅក្នុងចំណោមអ្នកប្រើថ្នាំញៀនដោយចាក់នឹងម្ជុលអាចមានរហូតដល់ ២៥% នៅតាមកន្លែងខ្លះ ក្នុងតំបន់ក្រុង ហើយក្នុងចំណោមអ្នកបំប្លែងភេទចំនួនប្រមាណ ៣០០០ នាក់នៅកម្ពុជា មាន ៦% ផ្ទុកមេរោគអេដស៍។ អ្នកដែលឆ្លងរោគថ្មីៗជាច្រើនមិនមែនចេញមកពីក្រុមមនុស្សដែលត្រូវកត់ចំណាំទេ ហើយរឿងនេះធ្វើអោយមានការពិបាកក្នុងការរកឃើញពួកគេ។ គេត្រូវខិតខំថែមទៀត ដើម្បីយល់អោយបានច្បាស់ពីវិធីរកមើលមនុស្សដែលផ្ទុកមេរោគអេដស៍នៅកម្ពុជា។

លើសពីនេះទៀត អ្នកផ្ទុកមេរោគអេដស៍ ពិសេសមនុស្សដែលត្រូវធ្វើការកត់ចំណាំ បន្តមានបញ្ហាប្រឈមជាច្រើន។ បញ្ហាទាំងនេះមានដូចជាការមាក់ងាយ ការរើសអើង ការមិនសូវទទួលបានគុណភាពនៃការព្យាបាលបានល្អ បញ្ហាខ្វះលុយកាក់ដោយសារគេមានជំងឺរ៉ាំរ៉ៃ។

ដើម្បីសំរេចគោលដៅជាតិក្នុងការលុបបំបាត់ជំងឺអេដស៍ ការវិនិយោគជាបន្ត និងរឹងមាំទៅលើកម្មវិធីមេរោគអេដស៍ ដែលមានលក្ខណៈត្រឹមត្រូវតាមវិទ្យាសាស្រ្ត មានសារៈសំខាន់ណាស់។ នៅឆ្នាំ ២០១៥ ប្រទេសកម្ពុជាបានចំណាយថវិកាចំនួន ៤៦,៩ លានដុល្លាលើការឆ្លើយតបផ្នែកជំងឺអេដស៍ថ្នាក់ជាតិ។ មានតែ ១៧% នៃការចំណាយសរុបបានមកពីរដ្ឋាភិបាលកម្ពុជា។ នៅក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ថវិកាសំរាប់កម្មវិធីជំងឺអេដស៍ដែលបានមកពីក្រៅប្រទេសរបស់កម្ពុជាមានការថយចុះ ហើយការវិភាគនៅក្នុងពេលថ្មីៗនេះ បង្ហាញថា ថវិកាដែលជួយពីក្រៅប្រទេសនឹងបន្តធ្លាក់ចុះថែមទៀត នៅក្នុងឆ្នាំខាងមុខៗ។

ប្រទេសកម្ពុជាបានខិតខំប្រើថវិកាអោយមានប្រសិទ្ធភាពបំផុត។ ប៉ុន្តែ បើរដ្ឋាភិបាលកម្ពុជាមិនបង្កើនវិភាគទានរបស់ខ្លួនដល់ការឆ្លើយតបរបស់ប្រទេសកម្ពុជាទេ នោះជោគជ័យដ៏ខ្លាំងក្លា និងគួរអោយចាប់អារម្មណ៍របស់កម្ពុជានៅក្នុងរយៈពេល ២ ទសវត្សកន្លងមកនេះ អាចជួបនឹងហានិភ័យ។ ដោយឡែក ជំនួយសំរាប់ការងារដ៏មានតំលៃរបស់អង្គការសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលកំពុងមានការថយចុះ។ បើគ្មានការចូលរួមជាដៃគូរបស់អង្គការសហគមន៍ នោះកម្មវិធីជំងឺអេដស៍របស់ប្រទេសកម្ពុជានឹងប្រឈមនឹងភាពខ្វះចន្លោះគួរអោយព្រួយបារម្ភ នៅក្នុងការការពារ ការថែទាំ និងការព្យាបាលនៃអ្នកផ្ទុកមេរោគអេដស៍។

ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាអ្នកនាំមុខគេ នៅក្នុងការឆ្លើយតបជាសាកលទៅនឹងជំងឺអេដស៍។ ជាមួយនឹងការផ្តោតលើការរកមើលអ្នកផ្ទុកមេរោគអេដស៍ដែលមិនទាន់បានទទួលរោគវិនិច្ឆ័យ និងការធានាគុណភាពនៃសេវាជំងឺអេដស៍ កម្ពុជាអាចស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅអាស៊ី ក្នុងការបញ្ឈប់ជំងឺ អេដស៍ ដែលជាការគំរាមកំហែងមួយដល់សុខភាពសាធារណៈ។ ជំងឺអេដស៍មិនទាន់អស់នៅឡើយទេ តែវាអាចអស់បាន។