ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២៖ គម្រោងផ្តួចផ្តើមថ្មីមួយដែលមានមូលនិធិ ១៥ លានដុល្លារអាមេរិក ផ្តល់ដោយទីភា្នក់ងារជំនួយអាមេរិក USAID ក្នុងគោលបំណងផ្តល់ឱ្យយុវជនកម្ពុជានូវជំនាញក្នុងការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចឌីជីថល ត្រូវបានដាក់ឱ្យអនុវត្តនាថ្ងៃនេះនៅរាជធានីភ្នំពេញ ក្រោមអធីបតីភាពឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុងប៊ឺកលី នឹងអនុវត្តគម្រោង “អភិវឌ្ឍន៍ ជំនាញការងារឌីជីថល” រយៈពេលប្រាំឆ្នាំ រួមជាមួយនឹងស្ថាប័នដៃគូកម្ពុជាជាច្រើន។
គម្រោងនេះនឹងពង្រឹងជំនាញឌីជីថលរបស់យុវជននិងអ្នកជំនាញរបស់កម្ពុជា ដើម្បីឱ្យប្រទេសនេះអាចពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងត្រូវ ការជំនាញការងារឌីជីថល។
គម្រោងថ្មីនេះនឹងធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដើម្បីពង្រឹងវគ្គសិក្សា និងកម្មវិធីនានាសម្រាប់ និស្សិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ វាក៏នឹងជួយស្ថាប័នទាំងនោះឱ្យបំពេញតាមស្តង់ដារ អប់រំដែលមានការទទួលស្គាល់ ដូច្នេះនិយោជកអាចជ្រើសរើសនិស្សិតបញ្ចប់ការសិក្សានៅកម្ពុជាដោយមានទំនុក ចិត្ត។
អាហារូបករណ៍និងឱកាសបង្កើតបណ្តាញ នឹងជាអាទិភាពមួយសម្រាប់គម្រោងថ្មីនេះ ដើម្បីឱ្យនិស្សិត និង យុវជនកម្ពុជាអាចកសាងជំនាញ និងស្វែងរកឱកាសការងារដែលត្រូវនឹងការអប់រំរបស់ពួកគេ។
គម្រោងនេះនឹងតភ្ជាប់វិស័យឯកជនរបស់កម្ពុជា និងសាកលវិទ្យាល័យក្នុងស្រុកជាច្រើន ដោយបង្កើតឱកាស ការងារតាមរយៈការចុះកម្មសិក្សា ក្នុងកិច្ចសហការជាមួយវិស័យឯកជន។ គម្រោងនេះនឹងផ្តល់អាទិភាពខ្ពស់លើ បរិយាប័ន្ន ដើម្បីធានាថាយុវជនមកពីគ្រប់មជ្ឈដ្ឋានអាចទទួលបានឱកាសដែលគម្រោងនេះនឹងផ្តល់ឱ្យ។
###
សម្រាប់ព័ត៌មានបន្ថែម៖
ប៉ែន ចិន្តា
នាយកគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល USAID អ៊ីមែល៖ penchanda@gmail.com
អំពីទីភា្នក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា
នៅគ្រប់ ២៥ ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា ទីភា្នក់ងារជំនួយអាមេរិក USAID ធ្វើការជាមួយរដ្ឋាភិបាល និងដៃគូអន្តរជាតិ ដើម្បីអនុវត្តកម្មវិធីជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។ ទីភា្នក់ងារ ជំនួយអាមេរិក USAID ផ្តោតលើការពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការកែលម្អ សុខាភិបាលនិងអាហារូបត្ថម្ភ ការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍកុមារ ការបង្កើនផលិតកម្មកសិកម្ម និងសន្តិសុខស្បៀង ការអភិរក្សព្រៃឈើ និងអាងរងទឹកភ្លៀង និងជួយប្រជាកសិករ និងក្រុមគ្រួសារសម្របខ្លួន និងកាត់បន្ថយផលប៉ះពាល់នៃគ្រោះថ្នាក់ធម្មជាតិ។
អំពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកលី
សាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ឺកលី គឺជាសាកលវិទ្យាល័យស្រាវជ្រាវដ៏ល្បីមួយនៅលើពិភពលោក។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៨ ជាសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ដែលមាន មហាវិទ្យាល័យ និងសាលារៀនចំនួន ១៤ ដែលផ្តល់ជូននូវកម្មវិធីសញ្ញាបត្រជាង ៣៥០ កម្មវិធី
និងចុះឈ្មោះ និស្សិតថ្នាក់បរិញ្ញាបត្រប្រហែលជា ៣១.០០០ នាក់ និងនិស្សិតបញ្ចប់ការសិក្សាចំនួន ១២.០០០ នាក់។ សាកលវិទ្យាល័យនេះជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យល្បីបំផុតក្នុងពិភពលោក និងមានអ្នកឈ្នះពានរង្វាន់ ណូបែលចំនួន ១១៤ នាក់។ អតីតនិស្សិតនៃសាកលវិទ្យាល័យនេះដែលត្រូវបានទទួលស្គាល់លើជំនាញ សហគ្រិនភាពរបស់ពួកគេ បានបង្កើតក្រុមហ៊ុនល្បីៗជាច្រើនដូចជា Apple, Tesla, Intel, eBay, SoftBank, AIG និង Morgan Stanley។