សេចក្តីប្រកាសព័ត៌មាន
២៣ កញ្ញា ២០២១
ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ហិរញ្ញប្បទានបន្ថែមនេះ នឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃសរុបចំនួន ៦,៥ លានដុល្លារសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy បានថ្លែងថា៖ «យើងមានមោទនភាព ក្នុងការគាំទ្រដល់គម្រោងនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានសេចក្តីប្តេជ្ញាយូរអង្វែងក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយៈការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ គម្រោងនេះនឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាព និងចងក្រងនូវស្ថានភាពសុខភាព និង ក្តីព្រួយបារម្ភ ស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ពេលឆ្លងកាត់ របបខ្មែរក្រហម។»
ការងារថ្មីមួយនេះនឹងធ្វើការសិក្សាស្រាវជ្រាវផ្ទាល់អំពីស្ថានភាពសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបន្ទាប់មក ធ្វើការប្រែក្លាយលទ្ធផលរកឃើញឲ្យ ទៅជាយុទ្ធនាការបង្កើនការយល់ដឹងរបស់ សាធារណៈ។ គម្រោងនេះនឹងធ្វើប្រតិបត្តិការនានាដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាព សុខុមាលភាពនិងភាពសុខស្រួល របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេស។
លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានលើកឡើងថា ៖ «សោកនាដកម្ម និងភាពអយុត្តិធម៌ ដែលប្រជាជនកម្ពុជាទទួលរងនៅក្នុងរបបខ្មែរក្រហម មានទំហំមហាសាលដែលគ្មានអ្វីអាចជំនួសឬប៉ះប៉ូវជូនអ្នកទាំងអស់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងមួយនេះ គឺជាជំហានឆ្ពោះទៅសម្រេចបានការថែទាំនិងគាំពារដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ហិរញ្ញប្បទានពិសេស នេះ រួមបញ្ចូលនូវអ្នកស្ម័គ្រចិត្តប្រកបដោយភាពមោះមុតចំនួន ៥០០ នាក់ ដែលបំពេញការងារនៅទូទាំងប្រទេស ក្នុងការជួយនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិឋានរបស់ខ្លួនទៅមន្ទីរសុខភាពក្នុងសហគមន៍។ តាមរយៈការងារស្ម័គ្រចិត្តនេះ យុវជន-យុវនារី ទទួលបានឱកាសបង្ហាញចេញនូវភាពជាអ្នកដឹកនាំ រួមជាមួយនឹងការបំពេញការងារដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាចំពោះប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបានឱកាសចែករំលែករឿងរ៉ាវឆ្លងកាត់ផ្ទាល់ខ្លួននៅក្នុងអំឡុងរបបខ្មែរក្រហម ទៅកាន់ក្មេងជំនាន់ក្រោយ ដើម្បីធានាថាយើងនៅតែចងចាំ ពេលវេលាដ៏លំបាកយ៉ាងខ្លាំងមួយនោះ។ ជារួម គម្រោងនេះនឹងរំលេចនូវចរិក មនុស្សធម៌របស់យើង និងពង្រឹងបន្ថែមនូវស្មារតី មិនងាយទ្រុឌទ្រោមរបស់ប្រជាជនកម្ពុជា។»
ឧទាហរណ៍ខ្លះៗនៃផែនការសកម្មភាពថ្មីទាំងនេះ រួមមានការបង្កើតជាអាហារូបករណ៍ក្នុងចំនួនកំណត់សម្រាប់សិស្ស សិក្សាផ្នែកវេជ្ជសាស្ត្រ សុខភាពផ្លូវចិត្ត សុខភាពសាធារណៈ និងសុខភាពបឋម។ សកម្មភាពខាងលើថែមទាំងផ្តើមផងដែរ នូវ សកម្មភាពស្ម័គ្រចិត្តប្រតិបត្តិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
###
អំពីទីភ្នាក់ងារ ជំនួយអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅទូទាំង ២៥ រាជធានី-ខេត្តក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ធ្វើការជាមួយដៃគូកម្ពុជានិងអន្តរជាតិ ដើម្បីអនុវត្តកម្មវិធីនានា ជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ការងាររបស់យើង ផ្តោតទៅលើការពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស, ការធ្វើឲ្យប្រសើរឡើងនូវសុខភាពនិងអាហារូបត្ថម្ភ, ការទ្រទ្រង់ដល់ការអប់រំនិងការលូតលាស់របស់កុមារ, ការបង្កើនទិន្នផលកសិកម្មនិងសុវត្ថិភាពចំណីអាហារ, ការអភិរក្សព្រៃឈើនិងតំបន់រងទឹកភ្លៀង រួមជាមួយនឹងការជួយដល់កសិករនិងប្រជាជនក្នុងតំបន់ឲ្យអាចសម្របខ្លួននិងកាត់បន្ថយគ្រោះថ្នាក់ធម្មជាតិ។
អំពីមជ្ឈមណ្ឌលឯកសារកម្ពុជា
មជ្ឈមណ្ឌលឯកសារកម្ពុជា បង្កើតឡើងនៅឆ្នាំ ១៩៩៥ បន្ទាប់ពីសភាសហរដ្ឋអាមេរិកអនុម័តឲ្យមានច្បាប់ស្តីពីយុត្តិធម៌សម្រាប់អំពើប្រល័យពូជសាសន៍ នៅក្នុងខែមេសា ឆ្នាំ ១៩៩៤ ដែលចុះហត្ថលេខាចូលជាធរមានដោយប្រធានាធិបតី ឃ្លីនតុន។ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រមជ្ឈមណ្ឌលឯកសារកម្ពុជាជាផ្លូវការ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលការកោតសរសើរ និងមេដាយជាច្រើន សម្រាប់កិច្ចការគាំទ្រឲ្យមានការចងចាំនិងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ក្នុងឆ្នាំ ២០០៧ មជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលបានពានរង្វាន់សិទ្ធិមនុស្ស ជូឌិត លី ស្ត្រូណាច់ ពីមជ្ឈមណ្ឌលយុត្តិធម៌និងការទទួលខុសត្រូវ។ នៅក្នុងឆ្នាំដដែល ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះរាជទានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ដល់លោក ឆាំង យុ ជាការទទួលស្គាល់ស្នាដៃដ៏ល្បីល្បាញរបស់លោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឆ្នាំ ២០១៨ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ជាម្ចាស់ពានរង្វាន់ រ៉ាម៉ុន ម៉ាកសៃសៃ ដែលត្រូវបានចាត់ទុកថាជាពានរង្វាន់ណូបែលអាស៊ី ក្នុងការថែរក្សាការចងចាំជាប្រវត្តិសាស្ត្រដើម្បីការព្យាបាលរបួសផ្លូវចិត្ត និងយុត្តិធម៌។
###