សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ ថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រគល់ ម៉ាស៊ីន កាំរស្មី អ៊ិក្ស ប្រភេទឌីជីថលទំនើប ចំនួន ៦ ម៉ាស៊ីន ជូនដល់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន (CENAT) និង មន្ទីរសុខាភិបាលខេត្ត ដែលប្រព្រឹត្តនៅការិយាល័យរបស់ CENAT នៅថ្ងៃនេះ ។
លោកស្រី Erin Nicholson នាយិកាបេសកកម្មស្តីទី របស់ USAID បានមានប្រសាសន៍ថា៖ “ការលុបបំបាត់ជំងឺរបេង គឺជាអាទិភាពសកល ហើយទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទកភាពក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចប់ជំងឺរបេងនៅកម្ពុជាអោយបានត្រឹមឆ្នាំ ២០៣០”។ “ម៉ាស៊ីន កាំរស្មីអ៊ិក្ស ដែលប្រគល់ជូនថ្ងៃនេះ នឹងជួយកម្មវិធីជាតិក្នុងការស្វែងរកអ្នកសង្ស័យជំងឺរបេងដែលបាត់ដាននៅក្នុងសហគមន៍ និងជួយធ្វើឲ្យសុខភាពរបស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះដោយសារជំងឺនេះមានភាពប្រសើរឡើង។”
ម៉ាស៊ីនកាំរស្មីអ៊ិក្ស ចល័តទាំងនេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងមន្ទីរពេទ្យបង្អែកសាធារណៈ ដើម្បីស្វែង រកករណីជំងឺរបេងតាមសហគមន៍ នៅក្នុងស្រុកប្រតិបត្តិ ចំនួន ១០ ដែលមិនសូវមានការឧបត្ថម្ភគាំទ្រ។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងគាំទ្រដល់ការដំឡើងកម្មវិធីបញ្ញាសិប្បនិមិត្ត (Artificial intelligence) ដល់ម៉ាស៊ីនកាំរស្មីអ៊ិក្ស ទាំងនេះ ដែលនឹងរកមើលរោគរបេងតាមប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយបន្ទុកការងាររបស់ អ្នកបច្ចេកទេសកាំរស្មីអ៊ិក្ស និងធ្វើឲ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យជំងឺរបេង។ លើសពីនេះទៅទៀត ម៉ាស៊ីនទាំងនេះ ដើរតួរយ៉ាងសំខាន់ក្នុងការសិក្សាអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទីបី ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។
ប្រទេសកម្ពុជាលែងស្ថិតក្នុងបញ្ជីសកលក្នុងបណ្តាប្រទេសដែលមានបន្ទុកខ្ពស់ខាងជំងឺរបេងចំនួន ៣០ ទៀតហើយ តែទោះជាយ៉ាងណាក៏ដោយ គេបានប៉ាន់ប្រមាណថា ករណីជំងឺរបេងប្រហែល ២ម៉ឺន ករណី កំពុងបាត់ដានរកមិនទាន់ឃើញនៅក្នុងប្រទេស។ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាគាំទ្រកម្មវិធីជាតិជំងឺរបេង តាមរយៈសកម្មភាពនេះ និងគម្រោងផ្សេងៗទៀត ដែលកំពុងកែលម្អការស្វែងរកករណីជំងឺរបេង ការធ្វើរោគវិនិច្ឆ័យ ការធ្វើអភិបាលកិច្ច និងការវាយតម្លៃជំងឺរបេង។
ចំពោះព័ត៌មានបន្ថែម សូមទាក់ទង
លោក ជួប សុខចំរើន
ប្រធានប្រត្តិបត្តិ អង្គការ ខាន់ ណា
csokchamreun@khana.org.kh