វិចារណកថារួម៖ បញ្ឈប់នូវការរាតត្បាតដ៏ខ្លាំងក្លានូវជំងឺអេដស៍ និង​កូ​វីដ ១៩ តាម​រយៈការទទួលខុសត្រូវរួមគ្នា និង​សាមគ្គីភាពជាសាកល 

ថ្ងៃទី​១ ខែធ្នូ ៖ ទិវាប្រយុទ្ធប្រឆាំង​ជំងឺអេដស៍គឺជា​ពេលវេលា​ត្រូវចងចាំ​នូវជីវិតដែលបាន​បាត់​បង់ការ​អបអរនូវ​វឌ្ឍនភាពដែលសម្រេចបាននិង​ប្តេជ្ញាឡើងវិញចំពោះការលុបបំបាត់ជំងឺអេដស៍។នៅក្នុង​ឆ្នាំនេះគ្រាដែលមេរោគហ៊ីវនិង​ការរាតត្បាតនៃជំងឺកូវីដ១៩កំពុងរាតត្បាតមកជាមួយគ្នា ប្រធានបទនៃទិវាប្រយុទ្ធ​ជំងឺអេដស៍ ឆ្នាំ ២០២០ គឺ «សាមគ្គីភាពជាសាកល និង​ការទទួលខុសត្រូវរួមគ្នា»។ ការរាតត្បាតនៃមេរោគកូវីដ ១៩ បាន​ប៉ះពាល់យ៉ាង​ខ្លាំង​បំផុត ដល់​អ្នកក្រីក្រ និង​អ្នកងាយរងគ្រោះបំផុត និងបាន​បង្កបញ្ហាលំបាកកាន់តែធំ ដល់អ្នក​ផ្ទុកមេរោគអេដស៍។ ដូច្នេះរាល់ភាគីពាក់ព័ន្ធ​ទាំង​អស់ ដែល​ធ្វើការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគកូវីដ ១៩ និង​ជំងឺអេដស៍នេះ ទាំង​រដ្ឋាភិបាល ម្ចាស់ជំនួយ មេដឹកនាំ​សាសនា អ្នក​សិក្សាស្រាវជ្រាវ សង្គមស៊ីវិល អ្នកជំងឺអេដស៍ និង​ពលរដ្ឋដែល​ស្ថិតនៅក្នុងភាពគ្រោះថ្នាក់នេះ ត្រូវ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បញ្ឈប់​នូវបញ្ហាជាទ្វេគ្រោះនេះ ។ 

សូ ធារី ជាមនុស្ស​ម្នាក់ក្នុងចំណោមវីរជនដែលមិនសូវមានគេស្គាល់ ជាច្រើននៅកម្ពុជា។ គាត់កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺរាតត្បាតភ្លោះនេះ គឺជំងឺអេដស៍ និង​កូវីដ ១៩។ នាងកំពុងរស់នៅជាមួយ​នឹង​មេរោគហ៊ីវ ហើយ​ធ្វើការ​ជាអ្នក​ផ្តល់​ប្រឹក្សា ឲ្យ​សមាគមអ្នក​ប្រើប្រាស់ថ្នាំ​ពន្យាជីវិត​ (AUA) ក្នុង​រាជធានី​ភ្នំពេញ។ ធារីនិយាយទាំង​ញញឹម​ថា ៖ «កាលពី​អតីតកាល ខ្ញុំ​ជា​ស្ត្រីមេផ្ទះ​សាមញ្ញម្នាក់។ គេហៅខ្ញុំ​ថា បងស្រី ប៉ុន្តែ​ក្រោយ​ធ្វើការ​នៅ​កន្លែងព្យាបាលមួយ​កន្លែង គេហៅខ្ញុំ​ថា​ អ្នកគ្រូ»។ នាង​បន្តថា ​៖ «ខ្ញុំ​មិន​ចង់ឈប់មក​ធ្វើការទេ​ ទោះជា​ខ្ញុំ​ខ្លាចថា ​ខ្ញុំ​អាច​ឆ្លង​កូវីដ១៩ក៏ដោយ ព្រោះខ្ញុំ​ចង់​ឲ្យ​ប្រាកដថា​អ្នក​ផ្ទុកមេរោគអេដស៍ អាចទទួល​បាន​ការ​ព្យាបាល​ និងការ​ប្រឹក្សាយោបល់។ វាមាន​សារៈសំខាន់​ណាស់ ដែល​យើង​ត្រូវទទួលបាន​ថ្នាំ​រាល់ថ្ងៃ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង​រស់នៅ​ជុំ​គ្រួសារយើង» 

មនុស្សប្រមាណ ៧៣ ០០០ នាក់មានផ្ទុកមេរោគអេដស៍​ នៅកម្ពុជា។ តែ យើងមានដំណឹងល្អ។ អ្នកផ្ទុកមេរោគអេដស៍ចំនួន ៨៤% កំពុងទទួលបានការព្យាបាលសង្គ្រោះជីវិត ហើយ ៨១% បង្ក្រាបមេរោគ​នៅក្នុងខ្លួនបាន។ អត្រាអ្នកទទួលបានការព្យាបាល​នៅកម្ពុជាគឺខ្ពស់ជាងគេ ក្នុងចំណោមប្រទេស​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ ២០១៩ មានករណីឆ្លងថ្មី​នៃមេរោគអេដស៍​ចំនួន ៧៨០ គឺមានការថយចុះចំនួន ៦២% បើប្រៀបធៀបនឹងឆ្នាំ ២០១០។ ប្រទេសកម្ពុជាបានបង្វែរជំនន់​នៃអ្វីដែលពីមុនមកគឺជាមេរោគអេដស៍រាតត្បាតដ៏លឿនបំផុត នៅក្នុងតំបន់ ហើយបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងបានលើការរាតត្បាត​នៃមេរោគអេដស៍នៅក្នុងសាកលលោក។   

ជោគជ័យ​របស់ប្រទេសកម្ពុជា នៅក្នុងការបង្ក្រាបលើជំងឺអេដស៍មានឬសគល់​នៅក្នុងគំនិតថ្មី ការចូលរួម​របស់សហគមន៍ ដំណោះស្រាយផ្តើមចេញពីសហគមន៍ ភាពជាដៃគូរឹងមាំជាអន្តរជាតិខាងផ្នែកសុខភាព និងការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាលកម្ពុជា។ ជោគជ័យ​នេះថែមទាំងបានកសាងគ្រឹះរឹងមាំសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដទៃទៀតបាន។ យ៉ាងណាក្តី ជោគជ័យនេះ​នៅមានភាពផុយស្រួលនៅឡើយ។ ការលុបបំបាត់មេរោគអេដស៍ទាមទារការគោរពជាបន្ត និងច្រើនថែមទៀត​ លើសិទ្ធិមនុស្ស និងសមភាពយេនឌ័រ ជាពិសេសសម្រាប់អ្នកស្ថិតក្នុងស្ថាន​ភាពប្រឈម និងអង្គការសង្គមស៊ីវិល ដែលធ្វើការតស៊ូមតិ និងផ្តល់សេវាបម្រើសម្រាប់ពួកគេ។ 

ការរាតត្បាត​នៃមេរោគកូវីដ ១៩ បានធ្វើឲ្យវិសមភាពផ្នែកសង្គម និងសេដ្ឋកិច្ចមានកាន់តែច្រើន ហើយបង្កើនភាព​ងាយរងគ្រោះចំពោះជំងឺអេដស៍ របស់ក្រុមដែលមិនសូវទទួលបាននូវការយកចិត្តទុកដាក់ទៅលើ។ មេរោគរាតត្បាតជាសាកលនេះ បានធ្វើឲ្យបញ្ហា​នៃការមាក់ងាយ​ក្នុងសហគមន៍​មានកាន់តែច្រើន ហើយ​នៅតែជាបញ្ហាប្រឈមមួយសម្រាប់អ្នកផ្ទុកមេរោគអេដស៍។ ដូចមេរោគអេដស៍ដែរ មេរោគកូវីដ ១៩ បានធ្វើឲ្យអ្នកផ្តល់សេវាផ្នែកសុខភាព​មានកង្វល់ ហើយធ្វើឲ្យអ្នកជំងឺគេចពីមណ្ឌលសុខភាព ដោយគេខ្លាចឆ្លង។ ការមាក់ងាយធ្វើឲ្យគេបាត់បង់ឱកាសការងារ មានការពិបាកចិត្ត ហើយមិនសូវបំពេញបានតាមរបបថ្នាំសង្កូវ។ តែយើងមានមធ្យោបាយ​ក្នុងការប្រយុទ្ធប្រឆាំងនឹងការមាក់ងាយទាក់ទងនឹងមេរោគកូវីដ ១៩ និងមេរោគអេដស៍។ វិធីម្យ៉ាង គឺកសាងសមត្ថភាព​របស់អ្នកផ្តល់សេវា ក្នុងការការពារ និងគ្រប់គ្រងលើការឆ្លងរោគ។ ឧទាហរណ៍ទី ២ គឺយុទ្ធនាការជាសាកល​ក្នុងការអប់រំថា ពេលណាគេរកមិនឃើញមេរោគអេដស៍ នោះវាមិនឆ្លងទេ។ អ្នកផ្ទុកមេរោគអេដស៍ដែលកំពុងព្យាបាល និងដែលឈានដល់កម្រិតដែលគេរកមេរោគមិនឃើញនៅក្នុងឈាម មិនអាចធ្វើការចម្លងមេរោគ​នេះបានទេ។ ការ​នេះ​កាត់បន្ថយការមាក់ងាយ ទាក់ទងនឹងការភ័យខ្លាច ហើយផ្តល់ក្តីសង្ឃឹមដល់អ្នកមានមេរោគ​នេះ។ វាថែមទាំងអាចលើកទឹកចិត្តដល់អ្នកប្រឈមឲ្យធ្វើតេស្ត និងព្យាបាលបានឆាប់។ 

មានហានិភ័យច្រើនថែមទៀតនៃការឆ្លងមេរោគអេដស៍ នៅក្នុងចំណោមមនុស្សសំខាន់ៗ ពិសេសយុវជនដែលរួមភេទជាមួយបុរស និងនារីកែភេទ។ ដោយសារគេប្រឈមនឹងការមាក់ងាយ និងការរើសអើងរួចទៅហើយ​នោះ យុវជនទាំង​នេះមិនធ្វើតេស្តរកមេរោគអេដស៍ និងកាមរោគដទៃទៀតទេ ដែលជាការធ្វើឲ្យគេមានការប្រឈមនឹងការឆ្លងមេរោគអេដស៍យ៉ាងខ្ពស់។ លើសពីនេះទៀត គេមិនស្វែងរកការព្យាបាលឬការប្រឹក្សាយោបល់ត្រឹមត្រូវទេ។ក្នុងពេលដែលសហរដ្ឋអាមេរិកធ្វើការអបអរខួបលើកទី ៧០ ​នៃការបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយអង្គការសហប្រជាជាតិធ្វើការកត់សម្គាល់ខួបលើកទី ៧៥ នៃកំណើតរបស់ខ្លួន ទីភ្នាក់ងារផ្នែកជំងឺអេដស៍​របស់សហប្រជាជាតិ UNAIDS និងផែនការបន្ទាន់របស់ប្រធានាធិបតីអាមេរិកសម្រាប់ការបន្ធូរបន្ថយផ្នែកជំងឺអេដស៍ PEPFAR ធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការសហគមន៍​ក្នុងមូលដ្ឋាន ដើម្បីដោះស្រាយចំពោះតម្រូវការរបស់ក្រុមអ្នកប្រឈមទាំង​នេះ។ ឧទាហរណ៍​មួយ​នៃការសហការគ្នា​នេះគឺសេវាបែបថ្មីតាមសហគមន៍ ដូចជាការធ្វើតេស្តខ្លួនឯងរកមេរោគអេដស៍ និងការប្រើថ្នាំប្រឆាំងមេរោគអេដស៍ ដើម្បីការពារការឆ្លងក្នុងចំណោមអ្នកស្ថិតនៅក្នុងក្រុមមានការប្រឈមខ្ពស់ (ការការពារមុនមានការប្រឈម ឬ PrEP។ នៅក្នុងសាកលលោក នៅតាមតំបន់​ដែលគេអនុវត្ត PrEP បានទូលំទូលាយសម្រាប់អ្នកប្រឈម អត្រាឆ្លងមានការធ្លាក់ចុះយ៉ាងលឿន។ទីតាំងសាធារណៈ និងទីតាំងឯកជនចំនួន ៧ នៅកម្ពុជា នាបច្ចុប្បន្ន​នេះ ផ្តល់សេវា PrEP ហើយទីតាំងចំនួន ១១ ថែមទៀតនឹងដំណើរការ នៅក្នុងពេលប៉ុន្មានខែខាងមុខ​នេះ។ 

ការលុបបំបាត់ការមាក់ងាយ និងការរើសអើង ដោយយកចិត្តទុកដាក់ខ្ពស់លើអ្នកជំងឺ ក្នុងការឆ្លើយតប ហើយធ្វើការខិតខំ​ដោយឈរលើមូលដ្ឋាន​នៃការគោរពចំពោះសិទ្ធិមនុស្ស និងចំណាត់វិធីដែលយកចិត្តទុកដាក់លើយេនឌ័រ គឺជាគន្លឹះសម្រាប់កាត់បន្ថយឲ្យបានជាអតិបរិមា នូវផលប៉ះពាល់នៃមេរោគរាតត្បាតនៃជំងឺអេដស៍ និងកូវីដ ១៩ ដែលកំពុងមានជាមួយគ្នា។ បញ្ហាប្រឈម​នៅឆ្នាំ ២០២០ គួរតែជាការរំលឹកមួយនៃឱកាសសម្រាប់ភាពដឹកនាំដ៏ច្បាស់លាស់មួយ និងក្នុងការធ្វើអ្វីតាមន្លងថ្មី ប្រសើរ ហើយប្រកបដោយការសហការគ្នាច្រើនជាងមុន។ ជោគជ័យ​របស់យើងពឹងអាស្រ័យលើការចូលរួមជាមួយគ្នា មិនមែនការដើរចេញ សាមគ្គីភាព មិនមែនចំណាត់វិធីធ្វើទៅតែឯងនោះទេ។ 

លោកស្រី Vladanka Andreeva គឺជានាយិកាអង្គការសហប្រជាជាតិប្រយុទ្ធជំងឺអេដស៍ (UNAIDSប្រចាំ​នៅកម្ពុជា ហើយលោក W. Patrick Murphy គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា