សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken
ថ្ងៃទី ២៣ មីនា ឆ្នាំ ២០២២
ចាប់តាំងពីផ្តើមសង្គ្រាមដោយគ្មានការបង្កហេតុ និងតាមការជ្រើសរើសរបស់គាត់ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រព្រឹត្តហិង្សាគ្មានឈប់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ នៅទូទាំងប្រទេសអ៊ុយក្រែន។ យើងឃើញមានរបាយការណ៍គួរឲ្យទុកចិត្តបានជាច្រើន ស្តីពីការវាយប្រហារដោយមិនរើសមុខ និងការវាយប្រហារដែលមានបំណងសំដៅលើជនស៊ីវិល ព្រមទាំងអំពើឃោរឃៅឯទៀត។ កងកម្លាំងរុស្ស៊ីបានកម្ទេចអាគារ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រថយន្តស៊ីវិល មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរថយន្តសង្រ្គោះ ដោយបានធ្វើឲ្យជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់ស្លាប់ ឬរបួស។ ទីតាំងជាច្រើនដែលកងកម្លាំងយោធាបានវាយប្រហារទៅលើ ត្រូវបានបង្ហាញច្បាស់ថា កំពុងប្រើដោយជនស៊ីវិល។ ទីតាំងទាំងនេះរួមមានមន្ទីរពេទ្យសម្ពព Mariupol ដូចដែលការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ច្បាស់ នៅក្នុងរបាយការណ៍ចេញថ្ងៃទី ១១ ខែមីនា ។ វាមានផងដែរ នូវការវាយប្រហារលើរោងល្ខោន Mariupol ដែលមានសរសេរប្រាប់ជាអក្សររុស្ស៊ីធំៗ ដែលគេអាចមើលឃើញពីអាកាស ហើយដែលមានន័យថា “កុមារ”។ កងកម្លាំងរុស្ស៊ីបានប្រើវិធីនេះនៅទីក្រុង Grozny ក្នុងរដ្ឋ Chechnya និងទីក្រុង Aleppo នៃប្រទេសស៊ីរី ដោយក្នុងនោះ គេបានធ្វើការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងយ៉ាងខ្លាំងលើទីក្រុង ដើម្បីបំបាក់ស្មារតីរបស់មនុស្ស។ ការប៉ុនប៉ងរបស់គេក្នុងការធ្វើដូច្នេះបានធ្វើឲ្យពិភពលោកមានការរន្ធត់ចិត្តជាថ្មី។ ប្រធានាធិបតី Zelensky បានសម្តែងចេញទាំងក្រៀមក្រំថា «វាបានធ្វើឲ្យប្រជាជនអ៊ុយក្រែនជោគជាំដោយឈាមនិងទឹកភ្នែក»។
ដោយរាល់ថ្ងៃ កងកម្លាំងរុស្ស៊ីបន្តការវាយប្រហារយ៉ាងឃោរឃៅ ចំនួនជនស៊ីវិលស្លូតត្រង់ដែលស្លាប់ និងរបួសដោយរួមទាំងស្រ្តី និងកុមារផង មានចំនួនកាន់តែច្រើនឡើង។ គិតមកត្រឹមថ្ងៃទី ២២ ខែមីនា មន្រ្តីនៅក្នុងទីក្រុង Mariupol ដែលរងការហ៊ុំព័ទ្ធ បាននិយាយថា ជនស៊ីវិលចំនួនជាង ២៤០០ នាក់បានស្លាប់ នៅក្នុងទីក្រុងនេះ។ ដោយមិនរាប់បញ្ចូលការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Mariupol អង្គការសហប្រជាជាតិបានបញ្ជាក់ជាផ្លូវការ នូវការស្លាប់និងរបួសនៃជនស៊ីវិលចំនួនជាង ២៥០០ នាក់ ហើយបានបញ្ជាក់ថា តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះឆ្ងាយ។
នៅសប្តាហ៍មុន ខ្ញុំបាននិយាយតាមប្រសាសន៍របស់លោកប្រធានាធិបតី Biden ដោយផ្អែកតាមសេចក្តីរាយការណ៍ និងរូបភាពជាច្រើននៃការបំផ្លិចបំផ្លាញ និងការឈឺចាប់ ដែលយើងបានឃើញ ថាបទឧក្រិដ្ឋសង្គ្រាមត្រូវបានប្រព្រឹត្តដោយកងកម្លាំងរបស់ប្រធានាធិបតី Putin នៅប្រទេសអ៊ុយក្រែន។ ពេលនោះ ខ្ញុំបានធ្វើការកត់សម្គាល់ថា ការបាញ់ដាក់ជនស៊ីវិលដោយចេតនាគឺជាបទឧក្រិដ្ឋសង្គ្រាម។ ខ្ញុំបានបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក និងអ្នកជំនាញដទៃទៀត ក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចងក្រងឯកសារ និងវាយតម្លៃឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន។
ថ្ងៃនេះ ខ្ញុំអាចប្រកាស ដោយផ្អែកលើព័ត៌មានដែលយើងមាននៅពេលនេះ ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកវាយតម្លៃថា កងកម្លាំងទ័ពរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅប្រទេសអ៊ុយក្រែន។
ការវាយតម្លៃរបស់យើងគឺផ្អែកលើការពិនិត្យដោយយកចិត្តទុកដាក់ លើព័ត៌មានពីសាធារណជន និងប្រភពព័ត៌មានសម្ងាត់។ ដូចក្នុងករណីបទល្មើសដែលរងការចោទប្រកាន់ដទៃដែរ តុលាការដែលមានយុត្តាធិការ ជាអ្នកទទួលខុសត្រូវនៅទីបំផុត ក្នុងការកំណត់ទោសព្រហ្មទណ្ឌលើករណីមួយៗ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តតាមដានរបាយការណ៍ស្តីពីឧក្រិដ្ឋកម្មសង្គ្រាម ហើយចែករំលែកព័ត៌មានដល់សម្ព័ន្ធមិត្ត ដៃគូ និងអង្គការ ស្ថាប័នអន្តរជាតិតាមភាពសមស្រប។ យើងមានការប្តេជ្ញាចិត្តក្នុងការចាប់ឲ្យមានការទទួលខុសត្រូវ ដោយប្រើគ្រប់មធ្យោបាយដែលមាន ដោយរួមទាំងការកាត់ទោសព្រហ្មទណ្ឌផង។