ប្រជាជនកម្ពុជាដែលមានបំណងមកសិក្សានៅសហរដ្ឋអាមេរិក៖ យើងសូមស្វាគមន៍អ្នកមកទីនេះ!

EducationUSA Fair 2019

ដោយភារធារី​នៃស្ថានទូតអាមេរិក​នៅកម្ពុជា Michael Newbill

ខ្ញុំសូមអបអរសាទរនិស្សិតកម្ពុជាទាំងអស់ ដែលត្រូវបានទទួលអោយចូលរៀន​នៅក្នុងស្ថាប័នមួយ​ក្នុងចំណោមស្ថាប័នឧតុ្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែលមានការទទួលស្គាល់ជាផ្លូវការចំនួនជាង៤៧០០ ។ អ្នកដែលបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ​របស់សហរដ្ឋអាមេរិក បានក្លាយជាអ្នកដឹកនាំ និងជាអ្នក​បង្កើតថ្មី (Innovator) នៅក្នុងវិស័យជាច្រើន នៅជុំវិញពិភពលោក ហើយអ្នកគួរតែមានមោទនភាព​ចំពោះការអញ្ជើញអោយចូលរួមជាមួយក្រុមយុវជនពិសេស​នេះ ដែលជីវិតរបស់គេនឹងមាការផ្លាស់ប្តូរជារៀងរហូត​ ដោយសារថាមភាព ភាពបើកចំហ និងគុណភាព​នៃសាលា នៅទូទាំងសហរដ្ឋអាមេរិក។ នៅកម្ពុជា មានសិស្សកាន់តែច្រើនឡើងសិក្សា​នៅបរទេស ក្នុងសហរដ្ឋអាមេរិក ពីមួយឆ្នាំទៅមួយឆ្នាំ។ តាមពិតទៅ នៅឆ្នាំ ២០១៨ ចំនួននិស្សិតកម្ពុជា​សិក្សា​នៅក្នុងសហរដ្ឋអាមេរិកមានកំណើនលើសឆ្នាំ ២០១៧ ចំនួន ២៩% ហើយគេរំពឹងថា និន្នាការ​នេះ​នឹងបន្តមានទៀត។

ការផ្តល់ការអនុញ្ញាតអោយចូលរៀន គឺជាលទ្ធផល​នៃការគិតគូរហ្មត់ចត់ច្រើន និងការខិតខំ ទាំងរបស់និស្សិត​ដែលដាក់ពាក្យចូលរៀន ទាំងមហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិក ដែលធ្វើការពិនិត្យហ្មត់ចត់​លើពាក្យសុំចូលរៀនទាំង​នោះ។ យើងមើលឃើញពីការប្រឹងប្រែង និងគំនិតច្នៃប្រឌិត ដែលអ្នកដាក់បញ្ចូលទៅក្នុងសំណេរនិងការស្រម៉ៃចង់បានរបស់អ្នក ការខិតខំរៀបចំ​សំរាប់ការប្រលងផ្នែកភាសាអង់គ្លេស និងការប្រលងដទៃទៀត ហើយនិងការប្តេជ្ញាចិត្តរបស់អ្នក ចំពោះការងារដើម្បីសហគមន៍ ហើយនិងចំណាប់អារម្មណ៍​ផ្សេងៗ​ក្រៅកម្មវិធី​សិក្សា។

ពេលនេះ មាននិស្សិតអន្តរជាតិចំនួនជាងមួយលាននាក់កំពុងសិក្សា​នៅតាមស្ថាប័នឧត្តមសិក្សា ក្នុងសហរដ្ឋអាមេរិក ដែលជាការធ្វើអោយសហរដ្ឋអាមេរិក​នៅតែជាប្រទេសដែលមាននិស្សិតអន្តរជាតិសិក្សាច្រើនជាងគេ អស់ពេលដ៏យូរមកហើយ។ នេះគឺជាការបញ្ជាក់ពីគុណភាពគ្មានអ្នកណាស្មើបាន​ នៃឧត្តមសិក្សា​នៅសហរដ្ឋអាមេរិក នៅក្នុងក្រសែភ្នែករបស់និស្សិតអន្តរជាតិ និងគ្រួសារ​របស់គេ។

និស្សិតអន្តរជាតិពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសនានាជុំវិញពិភពលោក បណ្តុះទំនាក់ទំនងរវាងប្រជាជន និងសហគមន៍ ដែលមានភាពចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈម​ជាសាកល។ យើងអោយ​ តំលៃលើការចូលរួមទាំងអស់គ្នា ហើយគាំទ្រយ៉ាងសកម្ម​ ចំពោះនិស្សិតមកពីមជ្ឈដ្ឋាននានា ដែលមករៀន​នៅក្នុងសាលារបស់យើង។ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ​នៅទូទាំងសហរដ្ឋអាមេរិកអោយតំលៃនិស្សិតអន្តរជាតិ ដែល​មានទស្សនៈពិសេស និងផ្សេងៗគ្នា ដែលគេផ្តល់ ទាំងនៅក្នុងថ្នាក់ ទាំង​នៅក្រៅថ្នាក់។ សហគមន៍ និងសាកលវិទ្យាល័យអាមេរិកទទួលអត្ថប្រយោជន៍ពីចំណេះដឹង និងទេពកោសល្យ​របស់និស្សិតអន្តរជាតិ ដែលជាការជួយក្នុងការរៀបចំយើងសំរាប់អនាគតរួម និងប្រកបដោយជោគជ័យ នៅក្នុងពិភពលោកមួយ ដែលមានការទាក់ទងគ្នា​ទៅវិញ​ទៅមក។

មហាវិទ្យាល័យ និងសាកលវិទ្យាល័យ​របស់សហរដ្ឋអាមេរិកមានមោទនភាព​ក្នុងការផ្តល់បរិយាកាសប្រកបដោយ​សុវត្ថិភាព និងការស្វាគមន៍​ ដល់និស្សិត​របស់គេទាំងអស់។ ខ្ញុំសូមបញ្ជាក់ថា អ្នកនឹងទទួលបាន​​ការស្វាគមន៍​ នៅក្នុងសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យជាច្រើនផ្ញើសារស្វាគមន៍​ទៅកាន់និស្សិត នៅជុំវិញពិភពលោក តាមរយៈយុទ្ធនាការ #YouAreWelcomeHere Campaign (https://www.youarewelcomehereusa.org)។ ខ្ញុំសូមចូលរួមជាមួយគេ​ ក្នុងការស្វាគមន៍​អ្នកមកកាន់សហរដ្ឋអាមេរិក ដែលក្នុង​នោះ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ​របស់យើងផ្តល់ឱកាសសិក្សាដ៏​មានតម្លៃ ដើម្បីជួយអ្នកក្នុងការសម្រេចគោលដៅក្នុងអាជីព និងក្នុងជីវិតរបស់អ្នក។

មន្រ្តីកុងស៊ុលនៅភ្នំពេញ និងនៅតាមស្ថានទូតនិងស្ថានកុងស៊ុលអាមេរិក នៅជុំវិញពិភពលោក​បន្តធ្វើការដោយយកចិត្តទុកដាក់ នៅក្នុងការពិនិត្យ​សម្រេចលើសំណើសុំទិដ្ឋាការសិស្ស ហើយព័ត៌មានស្តីពីដំណើរការទាក់ទងនឹងទិដ្ឋាការមាននៅក្នុងគេហទំព័រ https://travel.state.gov/content/visas/en.html ឬនៅក្នុងគេហទំព័រ​របស់យើង https://kh.usembassy.gov/visas/nonimmigrant-visas/

            អ្នកផុ្តល់ការណែនាំ​របស់មជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សា​នៅសហរដ្ឋអាមេរិក (EducationUSA) ត្រៀមខ្លួនជាស្រេច​ក្នុងការផ្តល់ចម្លើយចំពោះសំណួរ​ស្តីពីការសិក្សា​នៅក្នុងសហរដ្ឋអាមេរិក។ អ្នកអាចរកឃើញមជ្ឈមណ្ឌលផ្តល់ប្រឹក្សា​នេះ​តាមគេហទំព័រ https://educationusa.state.gov/find-advising-center។ ចំពោះអ្នកដែលកំពុងពិចារណាចង់សិក្សា​នៅក្នុងសហរដ្ឋអាមេរិក អ្នកផ្តល់ការណែនាំ​របស់មជ្ឈមណ្ឌល EducationUSA  អាចផ្តល់ព័ត៌មានល្អៗ សំរាប់ជួយក្នុងការសម្រេចចិត្តរបស់ពួកគេ។ ដោយមានស្ថាប័នដែលមានការទទួលស្គាល់ជាផ្លូវការចំនួនជាង ៤៧០០ នៅក្នុងរដ្ឋទាំង ៥០ វាពិតជាមានមហាវិទ្យាល័យមួយ ឬសាកលវិទ្យាល័យមួយ ដែលត្រូវ​សម្រាប់មនុស្សគ្រប់គ្នា។ មានជម្រើសក្នុងការសិក្សា ក្នុងតម្លៃផ្សេងៗ ដោយរួមទាំងមហាវិទ្យាល័យ​សហគមន៍ និងទម្រង់ “២ បូក ២” ដែលបូកបញ្ចូលគ្នា​នូវការសិក្សា​នៅក្នុងមហាវិទ្យាល័យ​សហគមន៍​ និងការសិក្សានៅក្នុងស្ថាប័ន​សិក្សា ៤ ឆ្នាំ ដើម្បីទទួលបាននូវសញ្ញាប័ត្របរិញ្ញា។

            សាកលវិទ្យាល័យ និងមហាវិទ្យាល័យអាមេរិក ក៏ដូចជាប្រជាជនអាមេរិក និងបណ្តាសហគមន៍​នៅទូទាំងប្រទេសរបស់យើងសូមស្វាគមន៍​អ្នក។

ក្នុងនាមជាភារធារី​នៃស្ថានទូតអាមេរិក​នៅកម្ពុជា ខ្ញុំសូមសំដែងអំណរសរសើរ និងសូមលើកទឹកចិត្តអ្នកដែលបានទទួលការអនុញ្ញាតអោយចូលរៀន សូមទទួលយកនូវឱកាសនេះដែលធ្វើអោយជីវិតមានការផ្លាស់ប្តូរ ហើយចូលរួមជាមួយមិត្តរបស់អ្នក ក្នុងការទទួលបាននូវតម្លៃពិសេស​នៃឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក។