ពិធីប្រគល់បុរាណវត្ថុវប្បធម៌

For Immediate Release
July 13, 2022 

2022 

លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel J. Kritenbrink លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានធ្វើការអបអរការបញ្ជូនវត្ថុបុរាណដែលត្រូវបានលួចចេញចំនួន ២៧ដុំ  ត្រឡប់មកកម្ពុជាវិញ នៅក្នុងពិធីមួយ​នៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃ​នេះ។  

លោកឧបការីរដ្ឋមន្រ្តី Kritenbrink បានថ្លែងសង្កត់ធ្ងន់ពីអនុស្សារណយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយសម្របសម្រួលការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណមិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ កសាងសមត្ថភាព​របស់ប្រជាជនកម្ពុជាដែលធ្វើការងារអភិរក្សបេតិកភណ្ឌវប្បធម៌។ លោក Kritenbrink ថែមទាំងបានសរសើរដល់ការខិតខំរួមគ្នារបស់ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក ផ្នែកអនុវត្តច្បាប់ មេធាវីប្រចាំតំបន់ Manhattan ក្រសួងវប្បធម៌កម្ពុជា និងស្ថានទូតអាមេរិក ដែលបាននាំដល់ការធ្វើមាតុភូមិនិវត្តន៍​នៃ​វត្ថុបុរាណចំនួន ២៧ ដុំនេះ 

លោក Kritenbrink បានមានប្រសាសន៍ថា៖ “ពិធី​នៅថ្ងៃ​នេះគឺជាការបង្ហាញឲ្យឃើញពីទំនាក់ទំនងរឹងមាំ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ គម្រោងគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ដូចជាមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ស្តែងឲ្យឃើញនូវការគាំទ្រយូរអង្វែងរបស់យើង ចំពោះការជួសជុលទីតាំងប្រវត្តិសាស្រ្ត ដែលមានសារសំខាន់ផ្នែកវប្បធម៌សម្រាប់ប្រទេសកម្ពុជា”។  

នៅក្នុងពិធី​នោះ លោកឯកអគ្គរដ្ឋទូត Murphy បានប្រកាសពីអំណោយថវិកាថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលមានទឹកប្រាក់ចំនួន ៣៦០ ៨០០ដុល្លារ សម្រាប់ជួសជុលប្រាសាទព្រះវិហារ។ នេះជាអំណោយបន្ថែមលើថវិកាចំនួន ៤០៦ ០០០ដុល្លារ ដែលត្រូវបានផ្តល់រួចហើយ​ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់អភិរក្សប្រាសាទប្រវត្តិសាស្រ្តនេះ ដែលស្ថិត​នៅភាគខាងជើងនៃប្រទេសកម្ពុជា 

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ “សហរដ្ឋអាមេរិកមានមោទនភាព​​ចំពោះការរួមចំណែករបស់ខ្លួន ចំពោះការខិតខំ​ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា និងចំពោះការខិតខំរួមគ្នារបស់យើង ក្នុងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវវត្ថុបុរាណដែលមិនអាចកាត់ថ្លៃបាន ពីសហរដ្ឋអាមេរិក”។ 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានថ្លែងបិទពិធី​នោះ ដោយមានប្រសាសន៍ថា៖ “យើងសូមថ្លែងអំណរគុណដោយស្មោះ ចំពោះការរួមចំណែក​របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទាំងពេលវេលា ទាំងធនធាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរដោយខុសច្បាប់ នូវសម្បត្តិវប្បធម៌​យើងរីករាយនឹងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការស៊ើបអង្កេត និងការខិតខំ​របស់យើង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានគ្នា ហើយនិងជំនាញ ក្នុងពេលដែលយើងរកឃើញវិញ​ នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិយើង”។ 

សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០០១ មក សម្រាប់ការងារអភិរក្សវប្បធម៌ ដែលក្នុង​នោះ រួមមានជាង ៣,៥ លានដុល្លារសម្រាប់អភិរក្សនិងជួសជុលប្រាសាទភ្នំបាក់ខែង នៅខេត្តសៀមរាប និងសម្រាប់ជួយដល់សារមន្ទីរទួលស្លែង។ 

###