សេចក្តីប្រកាសព័ត៌មាន
២៨ កញ្ញា ២០២៣
ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញបានរៀបចំពិព័រណ៍ ឆ្នាំ ២០២៣ ស្តីពីការសិក្សានៅសហរដ្ឋអាមេរិក នៅសណ្ឋាគារ Hyatt Regency Phnom Penh នៅថ្ងៃនេះ ដើម្បីទាញការចាប់អារម្មណ៍លើការសិក្សានៅក្នុងសហរដ្ឋអាមេរិក និងឱកាសចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នា សម្រាប់សិស្ស និស្សិតកម្ពុជា។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy និងតំណាងនៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានបើកពិព័រណ៍នេះជាផ្លូវការ ហើយបានដើរទស្សនាស្តង់ពិព័រណ៍ផងដែរ។
ពិព័រណ៍ស្តីពីការសិក្សានៅសហរដ្ឋអាមេរិក ឆ្នាំ ២០២៣ បានផ្តល់ឱកាសពិសេសមួយ សម្រាប់ឲ្យនិស្សិតកម្ពុជាស្វែងយល់បន្ថែមទៀត ពីឧត្តមសិក្សានៅសហរដ្ឋអាមេរិក ហើយធ្វើទំនាក់ទំនងជាមួយតំណាងមកពីស្ថានប័នអប់រំចំនួនជិត ៣០ ដែលផ្តល់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សារបស់គេ លក្ខខណ្ឌតម្រូវក្នុងការដាក់ពាក្យសុំចូលរៀន និងដំណើរការនៃការដាក់ពាក្យសុំ។ នៅកន្លែងពិព័រណ៍នេះ សិស្ស និងឳពុកម្តាយថែមទាំងអាចចូលរួមស្តាប់ព័ត៌មាន ដែលផ្តល់ដោយមន្រ្តីផ្នែកទិដ្ឋាការឬកុងស៊ុល និងអ្នកផ្តល់ប្រឹក្សាស្តីពីការអប់រំនៅសហរដ្ឋអាមេរិក ដើម្បីដឹងបន្ថែមអំពីជំហានៗក្នុងការសិក្សាក្នុងសហរដ្ឋអាមេរិក និងទិដ្ឋាការសម្រាប់សិស្ស។
ថ្លែងនៅក្នុងពិព័រណ៍នោះ លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ការចាប់អារម្មណ៍របស់និស្សិតខ្មែរ ក្នុងការសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក មានការកើនឡើងជាលំដាប់ គិតតាំងពីឆ្នាំ ២០១២ មក។ សូម្បីតែនៅក្នុងអំឡុងពេលនៃជំងឺកូវីដក្តី ក៏ប្រទេសកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងសមាគមអាស៊ាន ដែលមានកំណើននិស្សិតទៅសិក្សាក្នុងសហរដ្ឋអាមេរិក។ ស្ថាប័នឧត្តមសិក្សារបស់សហរដ្ឋអាមេរិក មានគុណភាពល្បីនៅទូទាំងសាកលលោក ដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍របស់អ្នក និងប្រទេសកម្ពុជាទាំងមូល។ យើងរីករាយដោយនិស្សិតកម្ពុជាមើលឃើញតម្លៃនៃឧត្តមសិក្សារបស់សហរដ្ឋអាមេរិក ដែលមានមហាវិទ្យាល័យ និងសាកលវិទ្យាល័យចំនួនជាង ៤ ០០០។ យើងមានសម្រាប់មនុស្សគ្រប់គ្នា គឺស្ថាប័នសាធារណៈ ស្ថាប័នឯកជន យោធា ធំ តូច នៅតាមតំបន់ក្រុង និងតំបន់ជនបទ» ។
ស្ថានទូតអាមេរិកមានការប្តេជ្ញាចិត្តក្នុងការផ្តល់ដល់ប្រជាជនកម្ពុជា នូវព័ត៌មានស្តីពីឱកាសក្នុងការបន្តការសិក្សាថ្នាក់ឧត្តម នៅតាមស្ថាប័នរបស់សហរដ្ឋអាមេរិក។ នៅកម្ពុជា យើងផ្សព្វផ្សាយឱកាសក្នុងការសិក្សា តាមរយៈមជ្ឈមណ្ឌលផ្តល់ប្រឹក្សាស្តីពីការសិក្សានៅសហរដ្ឋអាមេរិក ដែលមានទីតាំងនៅភ្នំពេញ និងសៀមរាប។ ស្ថានទូតអាមេរិកក៏ផ្សព្វផ្សាយផងដែរ ពីឱកាសនេះ តាមរយៈសកម្មភាពនានា នៅតាមបណ្ណាល័យអាមេរិកនៅបាត់ដំបង កំពង់ចាម ភ្នំពេញ និងសៀមរាប និងនៅតាមសាលានានា នៅទូទាំងប្រទេសកម្ពុជា។
###