For Immediate Release
January 18, 2021
2021/02
ខេត្តសៀមរាប (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១) ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោកបណ្ឌិត ជា សានច័ន្ទថន អធិការបតីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបើកសម្ពោធ មជ្ឈមណ្ឌលថ្មីមួយទៀត ដើម្បីផ្តល់ប្រឹក្សាស្តីពីការអប់រំនៅសហរដ្ឋអាមេរិក (EducationUSA Advising Center) ក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងទឹកដីខេត្តសៀមរាបនាថ្ងៃនេះ។
កន្លងមក មជ្ឈមណ្ឌល EducationUSA មានចំនួន ២ រួចមកហើយ នៅកម្ពុជា ដោយមានទីតាំងមួយ ស្ថិតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងមួយទៀតស្ថិតនៅក្នុង សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅភ្នំពេញផងដែរ។ មជ្ឈមណ្ឌលថ្មី នៅសៀមរាប គឺជាកន្លែងដែលឳពុកម្តាយ អាណាព្យាបាល និងសិស្ស និស្សិត អាចមកទទួលការផ្តល់ប្រឹក្សាដោយផ្ទាល់ ដើម្បីស្វែងយល់ពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះ ផ្តល់ការណែនាំស្តីពីរបៀបស្វែងរកមើលសាកលវិទ្យាល័យនានា និងឱកាសអាហារូបករណ៍ ផ្តល់ព័ត៌មានស្តីពីកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយផ្តល់ប្រឹក្សាក្នុងការដាក់ពាក្យ និងសរសេរពាក្យសុំចូលរៀន នៅតាមមហាវិទ្យាល័យនៅទីនោះ។
ស្ថានទូតសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកំណើននៃនិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅក្នុងសហរដ្ឋអាមេរិក ពិសេសអ្នករស់នៅតាមបណ្តាខេត្ត ក្រៅពីរាជធានីភ្នំពេញ។ ក្រោមជំនួយ គាំទ្រពីថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក មជ្ឈមណ្ឌល EducationUSA ផ្តល់ព័ត៌មានទាន់ពេល ច្បាស់លាស់ ពេញលេញ មិនលំអៀង និងត្រឹមត្រូវ ស្តីពីស្ថាប័នអប់រំ ក្នុងសហរដ្ឋអាមេរិក ហើយផុ្តល់ការណែនាំចំពោះអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យចាប់យកឱកាសទាំងនោះ។
របាយការណ៍អប់រំឆ្នាំ ២០២០ Open Door ស្តីពីការផ្លាស់ប្តូរលើការសិក្សាអប់រំជាអន្តរជាតិ បានបង្ហាញឲ្យឃើញថា មាននិស្សិតកម្ពុជាចំនួន ៧៤២ នាក់បានសិក្សានៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំសិក្សា ២០១៩ – ២០២០ ។ ចំនួននេះគឺកើនជាង ៨% លើសឆ្នាំមុន ដែលបង្ហាញពីការបន្តនូវកំណើនជាវិជ្ជមាន ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ។
សហរដ្ឋអាមេរិក គឺជាគោលដៅទី ១ នៅលើពិភពលោក សម្រាប់ទទួលយកនិស្សិតអន្តរជាតិ ដោយក្នុងឆ្នាំ ២០១៩ – ២០២០ មាននិស្សិតអន្តរជាតិសិក្សាចំនួនជាង ១ លាននាក់៕
###