យុទ្ធនាការរយៈពេល ១៦ ថ្ងៃ ប្រឆាំងនឹងអំពើហឹង្សាពាក់ព័ន្ធនឹងយេនឌ័រ​ (ថ្ងៃផុតកំណត់: ថ្ងៃទី 19 ខែវិច្ឆិកាឆ្នាំ 2018)

ទីភ្នាក់ងារជំនួយអាមេរិក USAID​ ប្រចាំនៅកម្ពុជាសូមអញ្ជើញយុវជន កម្ពុជាទាំងអស់ផ្ញើចម្លើយជារូបភាពដែលមានលក្ខណៈបែបច្នៃប្រឌិត ទៅនឹងសំណួរនេះ៖ តើយុវជនកម្ពុជាអាចធ្វើ​ដូចម្តេចបាន ដើម្បីជួយការពារ និងឆ្លើយតបនឹងអំពើហឹង្សាទាក់ទងនឹងយេនឌ័រ?

អ្នកឈ្នះក្នុងការប្រលងនេះនឹងមានឱកាសបាន៖

  • ទទួលទានអាហារថ្ងៃត្រង់ជាមួយបុគ្គលិកសំខាន់ៗនៃស្ថានទូតអាមេរិក
  • បង្ហាញការងាររបស់គេនៅក្នុងព្រឹត្តិប័ត្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលត្រូវបានចែកចាយនៅទូទាំងសាកលលោក។
  • បង្ហាញវត្តមាន​នៅក្នុងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម​របស់ស្ថានទូតអាមេរិក ហើយនឹងបាន​ចូលរួម​នៅក្នុងកម្មវិធីជជែកលេងដែលផ្សាយផ្ទាល់តាមហ្វេសបុក (Facebook Live Chat) របស់ស្ថានទូត។
  • ទទួលបានលិខិតសរសើរពីទីភ្នាក់ងារជំនួយអាមេរិក USAID​ នៅកម្ពុជា។
  • បង្ហាញការងារនិងគំនិតយោបល់​របស់គេទៅអ្នកឯកទេសរបស់ទីភ្នាក់ងារជំនួយអាមេរិក USAIDនិងដើរទស្សនាទីកន្លែងការិយាល័យ​របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDដើម្បីស្វែងយល់ពីការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID​ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ហើយនិង
  • ចូលរួមក្នុងការពិភាក្សាតុមូល និងក្នុងពិធីសម្រាប់ធ្វើការទំនាក់ទំនងគ្នាជាបណ្តាញ (ដោយមានអាហារស្រស់ស្រូប) ជាមួយនឹងអ្នកចូលរួមប្រលងដទៃទៀត និងបុគ្គលិកនៃស្ថានទូតអាមេរិក។

របៀបដាក់ពាក្យ និងលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស

  • ជាក្រុម ជាបុគ្គលម្នាក់ៗ ឬពីរៗនាក់ អ្នកអាចផ្ញើស្នាដៃការងាររបស់អ្នកមកកាន់icambodia@usaid.gov។ អ្នកចូលរួមប្រលងត្រូវស្ថិតនៅក្នុងអាយុចន្លោះពី ១៥ ដល់ ៣០ ឆ្នាំ ហើយកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
  • ស្នាដៃរបស់អ្នកអាចជាទំរង់រូបភាពបែបណាក៏បាន (ដូចជាផ្ទាំងរូបភាព ជាតារាងទិន្នន័យ ជាគំនូរ និងវីដេអូ) ដែលអាចផ្ញើមកតាមប្រព័ន្ធអ៊ិនធ័រណែត។
  • វីដេអូមិនត្រូវវែងជាង ៣ នាទីឡើយ
  • វាអាចជាភាសាខ្មែរ ឬភាសាអង់គ្លេស
  • ស្នាដៃត្រូវតែជារបស់អ្នកផ្ញើមកផ្ទាល់។ ការចម្លងគេមិនអាចយកជាការបានទេ សម្រាប់ការប្រលង​នេះ។
  • ស្នាដៃផ្ញើមកត្រូវដាក់ឈ្មោះអ្នកសរសេរ អ្នកបង្កើត ហើយត្រូវមានអាសយដ្ឋានសម្រាប់ទាក់ទងរួមទាំង អ៊ីម៉េល។

លក្ខណៈវិនិច្ឆ័យ​ក្នុងការវាយតំលៃ

  • ខ្លឹមសារទាក់ទង (២៥%)
  • ភាពច្បាស់លាស់នៃសារ (២៥%)
  • លក្ខណៈច្នៃប្រឌិត (៥០%)

ពេលវេលា

  • ការដាក់ពាក្យនឹងបិទ​នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨។
  • លទ្ធផលប្រកាសនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨
  • អាហារថ្ងៃត្រង់ ពិធីទទួល និងពិធីទំនាក់ទំនងភ្ជាប់បណ្តាញជាមួយអ្នកដាក់ពាក្យដទៃទៀត និងបុគ្គលិកស្ថានទូតអាមេរិក (ថ្ងៃខែនឹងត្រូវបានកំណត់ជាក្រោយ)

និយមន័យ: USAID ADS

អំពើហឹង្សាពាក់ព័ន្ធនឹងយេនឌ័រគឺជាពាក្យរួម សំដៅលើការគំរាមកំហែងឬអំពើទៅលើបុគ្គលឬក្រុមមនុស្ស ដោយផ្អែកលើភេទជាក់ស្តែងឬតាមការយល់ឃើញ អត្តសញ្ញាណជេនឌ័រ និងការសំដែងចេញ ចំណង់ផ្នែកផ្លូវភេទ និង    កង្វះការគោរពតាមបទដ្ឋាននានាក្នុងសង្គម នៅជុំវិញគំនិតស្តីពីភាពជាបុរស និងភាពជាស្រ្តី។ ហឹង្សានេះជាធម្មតា​មានលក្ខណៈជាការប្រើឬការគំរាមកំហែងប្រើការគ្រប់គ្រង និង/ឬ​ការរំលោភធ្វើបាបតាមផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ សេដ្ឋកិច្ច ច្បាប់ នយោបាយ សង្គមនិងទំរង់ដទៃទៀត។

ប្រធានបទ​នៃយុទ្ធនាការរយៈពេល ១៦ ថ្ងៃ សម្រាប់ឆ្នាំ២០១៨៖

ប្រធានបទ​នៃយុទ្ធនាការរយៈពេល ១៦ ថ្ងៃ សម្រាប់ឆ្នាំ២០១៨គឺ “បញ្ចប់ហឹង្សាពាក្យព័ន្ធនឹងជេនឌ័រ នៅក្នុងការងារ”