ថ្ងៃ៤ សីហា ២០២២ (ភ្នំពេញ) ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken នៅថ្ងៃនេះ បានប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥ លានដុល្លារអាមេរិក គឺ «គម្រោងកម្ពុជាហាវែស III» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។
លោករដ្ឋមន្ត្រីការបរទេស Blinken មានប្រសាសន៍ថា ៖ «យើងជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើងត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ» ។
គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ ។ គម្រោងនេះ នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ តាមរយៈការលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព ណែនាំនូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតបែបធន់នឹងអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ ។
ក្នុងរយៈពេលគម្រោង ៥ ឆ្នាំនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថានឹងរកបាន ៣៩ លានដុល្លារ ក្នុងការវិនិយោគវិស័យឯកជនថ្មី បង្កើតការងារថ្មីជាង ៣ ពាន់កន្លែង ជួយដល់បណ្តារធុរកិច្ចនិងអ្នកផលិតក្នុងវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានហិរញ្ញប្បទាន ១៥ លានដុល្លារ និងរកបាន ១០០ លានដុល្លារ ពីការលក់៕
###