រដ្ឋាភិបាលសហរដ្ឋអាមេរិករៀបចំការប្រកួតស្តីពីភាពជាដៃគូផ្នែកកសិកម្ម​នៅកម្ពុជា

FOR IMMEDIATE RELEASE 

២៨ កុម្ភៈ ២០២១ 

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយសម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទងនឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុងវិស័យកសិកម្ម​របស់ប្រទេសកម្ពុជា ដូចជាការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំងនិងផ្នែកភស្តុភារ។ 

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកគឺជាដៃគូយូរអង្វែងរបស់ប្រទេសកម្ពុជា និងវិស័យកសិកម្ម​ក្នុងប្រទេស​នេះ។ ការប្រកួតប្រជែង​នេះ ​មានបំណងជំរុញឲ្យក្រុមហ៊ុន​​ក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិរកដំណោះស្រាយថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា ដោយពង្រីកទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ហើយនិងជំរុញការវិនិយោគ និងការចូលរួម​របស់វិស័យឯកជន នៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ក្នុងវិស័យកសិកម្ម» 

ការប្រកួតប្រជែង​នេះ ដែលបានបើក​នៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ នឹងផ្តល់ជំនួយ​ក្នុងទឹកប្រាក់ចំនួន ៣,៥ លានដុល្លារ ដល់ក្រុមហ៊ុនឯកជន។ ក្រុមហ៊ុននានា ក៏តម្រូវ​ឲ្យផ្តល់នូវដៃគូហិរញ្ញប្បទានមួយទល់នឹងមួយ ហើយធ្វើការជាមួយវិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់បំផុត ក្នុងការងារទាក់ទងនឹងប្រព័ន្ធរក្សាភាព​ត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំងនិងផ្នែកភស្តុភារ នៅក្នុងវិស័យកសិកម្ម។ ការប្រកួត​នេះ មានបំណងជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​របស់ប្រទេសកម្ពុជា ឲ្យសម្រេចជោគជ័យ​លើអាទិភាពជាយុទ្ធសាស្រ្ត​ក្នុងផែនការអភិវឌ្ឍក្នុងវិស័យកសិកម្ម ឆ្នាំ ២០១៩ -​ ២០២៣ របស់ខ្លួន ជាមួយនិងដំណោះស្រាយផ្អែកតាមទីផ្សារ។ 

ការប្រកួតប្រជែង​នេះនឹងបញ្ចប់​នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។ ភាគីពាក់ព័ន្ធ មានចំណាប់អារម្មណ៍ សូមចូលមើល​ក្នុងគេហទំព័រ ៖https://www.mspgrants.com/cambodia/  ដើម្បីយល់ដឹងបន្ថែម​​ពីឱកាសមួយ​នេះ។ 

ស្ថានទូតសហរដ្ឋអាមេរិក កំពុងទាញការចាប់អារម្មណ៍លើការដែលកម្មវិធីដៃគូរបស់ខ្លួន រួមចំណែក​ដល់ការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា នៅឆ្នាំ​នេះ ជាផ្នែកមួយ​នៃយុទ្ធនាការ កម្ពុជាអាមេរិក ២០២១ ឬ «AmCam 2021» ។ នៅត្រីមាសទី១ នៃឆ្នាំ​នេះ ស្ថានទូត ផ្តោតលើប្រធានបទវិបុលភាព និងនិរន្តរភាព៕ 

### 

សម្រាប់ព័ត៌មាន​បន្ថែម ៖
ដាក់ពាក្យតាមរយៈ ៖ https://www.mspgrants.com/cambodia/
អ៊ីម៉េល ៖ grants_nofo@ftf-msp.org