សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០
តាមរយៈទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID សហរដ្ឋអាមេរិកផ្តល់ថវិកាសរុបចំនួន ១០០ ០០០ ដុល្លា ជាជំនួយមនុស្សធម៌បន្ទាន់ ដើម្បីជួយក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា។
នៅទូទាំងប្រទេសកម្ពុជា ភ្លៀងដ៏ច្រើន តាំងពីដើមខែតុលាមក បានបណ្តាលឲ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលបណ្តាលឲ្យមនុស្សចំនួនយ៉ាងតិច ១៦ នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សចំនួនជាង ១៩៤ ០០០ នាក់ បណ្តាលឲ្យមានការខូចខាតច្រើនកន្លែង ហើយគេមានការពិបាកក្នុងការចូលដល់សហគមន៍ជាច្រើន ដែលរងគ្រោះខ្លាំង។
ជាការឆ្លើយតប ការិយាល័យផ្នែកជំនួយមនុស្សធម៌របស់ទីភ្នាក់ងារ USAID ធ្វើជាដៃគូជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយសម្រាប់គ្រាបន្ទាន់ ដល់មនុស្សដែលរងការប៉ះពាល់ដោយទឹកជំនន់នេះ។
ជាមួយនឹងភ្លៀងខ្លាំង និងព្យុះដែលត្រូវបានព្យាករណ៍ សម្រាប់ពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកជំនាញផ្នែកគ្រោះមហន្តរាយនៃទីភ្នាក់ងារ USAID បន្តតាមដានសេចក្តីត្រូវការផ្នែកមនុស្សធម៌ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុកសម្រាប់គ្រាអាសន្ន និងដៃគូរបស់យើងនៅនឹងកន្លែង។
គិតតាំងពីឆ្នាំ ២០១៨ មក ជំនួយរបស់ទីភ្នាក់ងារ USAID បានជួយអង្គការ WFP នៅក្នុងការចាប់ដំណើរការទំរង់កម្មវិធីគ្រប់ជ្រុងជ្រោយលើកដំបូងបង្អស់ ស្តីពីការគ្រប់គ្រងហានិភ័យនៃមហន្តរាយ (កម្មវិធីសម្រាប់តាមដានស្ថានភាព និងផលប៉ះពាល់ភ្លាមៗ) នៅកម្ពុជា ដើម្បីពង្រឹងការត្រៀមរៀបចំទប់ទល់ និងការឆ្លើយតប ដើម្បីសង្រ្គោះជីវិត និងកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម ដោយសារមហន្តរាយធម្មជាតិ។
គិតតាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជាង ៧ លានដុល្លាសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយ ការត្រៀមរៀបចំបង្ការជាមុន និងជំនួយសម្រាប់កាត់បន្ថយហានិភ័យ នៅកម្ពុជា។ តាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកថែមទាំងកំពុងតែពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបនៅក្នុងស្រុក នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់មេគង្គក្រោម ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ។
###