ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី២ ក្នុងបញ្ជីតាមដាន)
រដ្ឋាភិបាលកម្ពុជា មិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ។ ការខិតខំទាំងនេះរួមមានដូចជាបានបន្តកាត់ទោសនិងដាក់ទោសជនល្មើស ការបង្កើតផែនការសកម្មភាព ៥ ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរការបង្កើតនិងប្រើបច្ចេកទេសថ្មីក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និងការប្រមូលទិន្នន័យ។ តែរដ្ឋាភិបាលមិនបានបង្ហាញឲ្យឃើញថាបានបង្កើនការខិតខំទេ បើប្រៀបធៀបនឹងរយៈកាលនៃរបាយការណ៍លើកមុន។ អាជ្ញាធរមិនបានប្រមូលព័ត៌មានឲ្យបានគ្រប់គ្រាន់ ឬចែករំលែកព័ត៌មានគន្លឹះ ស្តីពីការងារពង្រឹងការអនុវត្តច្បាប់ទេ។ អំពើពុករលួយ នៅតែធ្វើឲ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ដំណើរការកាត់ក្តីជនល្មើស និងការផ្តល់សេវាដល់ជនរងគ្រោះ។ នៅចំពោះមុខ កង្វះការគ្រប់គ្រង និងវិធានការចាប់ឲ្យទទួលខុសត្រូវរបស់រដ្ឋាភិបាល អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលគួរឲ្យទុកចិត្តបាន ស្តីពីការឃុបឃិតរបស់មន្រ្តីជាមួយឈ្មួញខិលខូច ដែលបានធ្វើឲ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្តកន្លែងឡឥដ្ឋ។ ការខកខានរបស់រដ្ឋាភិបាល ក្នុងការបង្កើតនិងអនុវត្តប្រព័ន្ធតាមដានផ្នែកយុត្តិធម៌ ឲ្យបានគ្រប់គ្រាន់ ធ្វើឲ្យជនសង្ស័យជាច្រើនគេចខ្លួនមុនសវនាការ ដែលជាការនាំឲ្យមានការកាត់ទោសកំបាំងមុខជាច្រើន។ រដ្ឋាភិបាលបានបន្តប្រើប្រាស់មិនត្រឹមត្រូវ នូវធនធានមានកម្រិតសម្រាប់ការងារពង្រឹងច្បាប់ ដោយដៅលើអ្នកមិនជាប់ពាក់ព័ន្ធនឹងការជួញដូរ ហើយគាបសង្កត់លើបុគ្គលដែលចង់ធ្វើការចងក្រងឯកសារស្តីពីការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា ហើយមិនបានខិតខំបង្វែរការចោទប្រកាន់ស្តីពីការជួញដូរដែលមិនសមហេតុផល និងមានលក្ខណៈនយោបាយ ដូចមាននិយាយនៅក្នុងរបាយការណ៍លើកមុន។ អាជ្ញាធរមិនបានចេញការណែនាំផ្លូវការ ដែលអនុញ្ញាតឲ្យប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ នៅក្នុងប្រតិបត្តិការប្រឆាំងនឹងការជួញដូរទេ។ កត្តានេះបន្តធ្វើឲ្យមានឧបសគ្គដល់លទ្ធភាពរបស់មន្រ្តី នៅក្នុងការចាប់ឲ្យជនប្រព្រឹត្តការជួញដូរផ្លូវភេទទទួលខុសត្រូវ។ ដូច្នេះប្រទេសកម្ពុជា នៅបន្តស្ថិតនៅលំដាប់ថ្នាក់ទី ២ ក្នុងបញ្ជីតាមដាន ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នាមកនេះ។
អនុសាសន៍ជាអាទិភាព៖
ដោយគោរពដំណើរការត្រឹមត្រូវ បង្កើនការខិតខំក្នុងការស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ ទោស ដាក់ទោស និងដាក់ទណ្ឌកម្មចំពោះជនល្មើសក្នុងការជួញដូរផ្លូវភេទ និងជួញដូរពលកម្ម រួមទាំងមន្រ្តីឃុបឃិត ដោយដាក់ទោសឲ្យជាប់ពន្ធនាគារធ្ងន់ធ្ងរ អនុញ្ញាតឲ្យមានការប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ នៅក្នុងការអនុវត្តច្បាប់ប្រឆាំងការជួញដូរ បង្កើនថវិកាសម្រាប់អង្គភាពអនុវត្តច្បាប់ប្រឆាំងការជួញដូរ ហើយផ្តល់លុយឲ្យមុនធ្វើការស៊ើបអង្កេត ជាជាងផ្តល់ឲ្យជាក្រោយ អនុវត្តពេញលេញនូវពិធីសារថ្មីទូទាំងប្រទេសសម្រាប់រកមើលជនរងគ្រោះនៅក្នុងចំណោមក្រុមដែលងាយរងគ្រោះ ហើយបង្រៀនមន្រ្តីឲ្យយល់ពីខដែលចែងនៅក្នុងច្បាប់នេះ បង្កើនថវិកាសម្រាប់នគរបាលប្រឆាំងការជួញដូរមនុស្ស ដើម្បីសម្របសម្រួលបានល្អ លើការតាមដានចុងចោទ ដែលត្រូវបានដោះលែងនៅក្រោមការតាមដានរបស់តុលាការនៅមុនសវនាការ។ បង្កើនការធ្វើអធិការកិច្ចការងារ ដោយមិនប្រកាសឲ្យដឹងមុន នៅកន្លែងការងារដែលមាន ការ ប្រឈមខ្លាំង ពិសេសនៅតាមទីតាំងឡឥដ្ឋ កន្លែងនេសាទ និងចំការធំៗ ដោយផ្តោតសំខាន់លើការរកមើលទាសភាពបំណុល បង្កើនសេវាសម្រាប់ជនរងគ្រោះជាបុរស និងកុមារា ពិសេសអ្នកដែលត្រូវបានគេកេងប្រវ័ញ្ចនៅក្នុងឧស្សាហកម្មនេសាទ បង្កើតប្រព័ន្ធតាមដាន ប្រមូល និងរាយការណ៍ទិន្នន័យស្តីពីការកាត់ទោសប្រឆាំងការជួញដូរ និងការងារការពារជនរងគ្រោះ ផ្សព្វផ្សាយទិន្នន័យក្នុងចំណោមស្ថាប័នរដ្ឋ ដែលមានការងារទាក់ទង ដោយធ្វើយ៉ាងណាការពារអត្តសញ្ញាណ និងការសម្ងាត់ឯកជនរបស់ជនរងគ្រោះ។ លុបបំបាត់ការយកថ្លៃក្នុងការជ្រើសរើសយក ឬការផ្តល់ការងារ ពីកម្មករដោយក្រុមហ៊ុនជ្រើសរើសពលករ ហើយត្រូវឲ្យនិយោជកជាអ្នកបង់វិញ។ បង្កើនការតាមមើល និងត្រួតពិនិត្យលើស្ថាប័នឲ្យកម្ចី ដោយរួមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនឹងការបង្ខំដោយសារបំណុល នៅក្នុងចំណោមក្រុមដែលមានជីវភាពខ្សត់ខ្សោយ បង្កើនការខិតខំឲ្យមានការចូលរួមរបស់ជនរងគ្រោះ នៅក្នុងដំណើរក្តីព្រហ្មទណ្ឌ និងដំណើរក្តីរដ្ឋប្បវេណី ដោយរួមមានការផ្តល់ការអនុញ្ញាតឲ្យធ្វើការ ស្នាក់នៅបណ្តោះអាសន្ន និងឋានៈស្ថានភាពអន្តោប្រវេសន៍ដទៃទៀតដែលចាំបាច់ ដល់ជនបរទេសជាជនរងគ្រោះ ដែលចង់ស្នាក់នៅក្នុងប្រទេស នៅក្នុងអំឡុងពេលដំណើរការក្តី កែប្រែច្បាប់ដែលអនុញ្ញាតឲ្យមានការផ្តល់សំណងនៅពេលជនល្មើសត្រូវបានដាក់ទោស បង្កើតហើយបណ្តុះបណ្តាលមន្រ្តីពាក់ព័ន្ធ ដែលធ្វើការទាក់ទងនឹងនីតិវិធីការងារជាបទដ្ឋានសម្រាប់គណនា និងផ្តល់សំណង បង្កើតឲ្យមាននីតិវិធីជាប្រព័ន្ធ ហើយកំណត់ធនធានសម្រាប់ជួយជនរងគ្រោះខ្មែរ តាមរយៈបេសកកម្មការទូតនៅបរទេស រួមទាំងនៅក្នុងប្រទេសដែលគ្មានតំណាងទូតកម្ពុជា ពង្រឹងការខិតខំក្នុងការត្រួតពិនិត្យក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មឯកជន និងសាខារបស់គេ ដើម្បីរកមើលការជ្រើសរើសដែលមានលក្ខណៈបន្លំ ឬការជួញដូរដទៃទៀត បង្កើនការយល់ដឹងរបស់សាធារណជន លើបែបបទដាក់ពាក្យសុំឯកសារធ្វើដំណើរសមស្រប ដើម្បីសម្រួលដល់ការធ្វើចំណាកស្រុកដោយស្របច្បាប់ និងប្រកបដោយសុវត្ថិភាព ពង្រឹងការខិតខំដើម្បីបញ្ចូលគំនិតរបស់អង្គការមិនមែនរដ្ឋាភិបាល ទៅក្នុងគោលនយោបាយ សម្រាប់ផ្ទេរការគ្រប់គ្រងជាផ្លូវការ លើជនរងគ្រោះជាកុមារ។
ការកាត់ទោស
រដ្ឋាភិបាល បានធ្វើការងារពង្រឹងការអនុវត្តច្បាប់មិនទាន់គ្រប់គ្រាន់។ អំពើពុករលួយដែលមានជាទូទៅបង្អាក់យ៉ាងខ្លាំងដល់ដំណើរទៅមុខ ក្នុងការចាប់ឲ្យជនល្មើសទទួលខុសត្រូវ។ អាជ្ញាធរនៅតែខ្ជះខ្ជាយធនធានក្នុងការកាត់ទោស និងស៊ើបអង្កេត ដោយបែរជាជំរុញការចោទប្រកាន់មិនសមហេតុផល ប្រឆាំងនឹងអ្នកមិនមែនជាជនល្មើស ដោយរួមមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ស្រ្តីដែលចូលរួមក្នុងកម្មវិធីពរពោះឲ្យគេ និងអ្នកដែលចង់ចងក្រងឯកសារស្តីពីការជួញដូរមនុស្ស នៅក្នុងប្រទេស។ ច្បាប់ដែលត្រូវបានដាក់ចេញនៅឆ្នាំ ២០០៨ ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទ ដាក់ទោសព្រហ្មទណ្ឌលើការជួញដូរផ្លូវភេទ និងការជួញដូរពលកម្ម ហើយចែងពីការដាក់ទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ បើជនរងគ្រោះជាមនុស្សធំ និងពី ១៥ ទៅ ២០ ឆ្នាំ បើជនរងគ្រោះជាកុមារ។ ទណ្ឌកម្មទាំងនេះមានភាពម៉ឺងម៉ាត់គ្រប់គ្រាន់ ហើយបើទាក់ទងនឹងការជួញដូរផ្លូវភេទ វាស្របតាមទោសសម្រាប់បទឧក្រិដ្ឋធ្ងន់ធ្ងរដទៃទៀត ដូចជាការរំលោភសេពសន្ថវៈ។នគរបាលប្រឆាំងការជួញដូរអនីតិជន (AHTJP) ប្រមូល និងធ្វើកំណត់ហេតុព័ត៌មានស្តីពីករណីដែលខ្លួនបានធ្វើការស៊ើបអង្កេត តែរដ្ឋាភិបាលមិនបានប្រមូលទិន្នន័យពេញលេញស្តីពីការងារពង្រឹងការអនុវត្តច្បាប់ជារួមទេ ពិសេសនៅក្នុងចំណោមតុលាការខេត្ត។ ក្នុងករណីដែលមានទិន្នន័យ ស្ថាប័នរដ្ឋាភិបាលខ្លះ តាមសេចក្តីរាយការណ៍មក មិនចង់ចែកចាយទិន្នន័យផ្ទៃក្នុង ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀតជាអន្តរស្ថាប័នទេ។
តាមសេចក្តីរាយការណ៍ ស្ថាប័នពង្រឹងច្បាប់ បានបង្កើនចំនួននៃការស៊ើបអង្កេត ដែលឧបត្ថម្ភថវិកាតាមរយៈថវិកាផ្ទៃក្នុងរបស់នគរបាល។ តែរដ្ឋាភិបាលទាមទារថា ការទូទាត់សងជាក្រោយនូវថ្លៃការងារស៊ើបអង្កេតប្រឆាំងការជួញដូរទាំងអស់។ ការធ្វើដូច្នេះ បង្ខំឲ្យអង្គភាពនគរបាលនិមួយៗចាយថវិកាខ្លួនឯងសិន។ ប្រភពពីអង្គការក្រៅរដ្ឋាភិបាល បានរាយការណ៍ថា នគរបាលខ្លះរង់ចាំរាប់ខែទម្រាំថវិកាត្រូវបានទូទាត់សង ហើយពេលខ្លះ មិនត្រូវបានសងបានពេញលេញទេ។ ការពិបាកផ្នែកថវិកានេះ បានធ្វើឲ្យងាយមានអំពើពុករលួយនៅក្នុងចំណោមអង្គភាពនគរបាលខ្លះ។ អាជ្ញាធរបានបញ្ចូលករណីពរពោះឲ្យគេ ការរំលោភផ្លូវភេទ និងបទល្មើសដទៃទៀតដែលស្ថិតនៅក្រៅនិយមន័យនៃការជួញដូរ នៅក្នុងទិន្នន័យនៃការងារអនុវត្តច្បាប់ដែលគេរាយការណ៍ ដូច្នេះចំនួនពិតប្រាកដនៃការចាប់ខ្លួន ការស៊ើបអង្កេត ការកាត់ទោសទាក់ទងនឹងការជួញដូរ គឺតិចជាងក្នុងរបាយការណ៍ច្រើន។ បើតាមទិន្នន័យរបស់រដ្ឋាភិបាល អាជ្ញាធរបានចាប់ខ្លួនមនុស្សជនជាតិខ្មែរ និងជនជាតិបរទេសចំនួន ២៦ នាក់ ទាក់ទងនឹងករណីចំនួន ២១ នៃ «ការជួញដូរមិនមែនផ្លូវភេទ» (មាន១៥០នាក់ លើករណី ៣៩ ក្នុងឆ្នាំ ២០១៨) ហើយ ១៤ ករណីជារឿងជួញដូរផ្លូវភេទ ដែលមានជនសង្ស័យ ២៧ នាក់ (៣៩ ករណីពាក់ព័ន្ធនឹងជនសង្ស័យ ២១ នាក់ក្នុងឆ្នាំ ២០១៨)។ ចៅក្រមស៊ើបអង្កេត ត្រូវបានគេរាយការណ៍មកថា បានដំណើរការក្តីចំនួន ២៧០ ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យក្នុងចំនួនច្រើន ដោយធ្វើការបញ្ជូនមនុស្ស ៦៣ នាក់ទៅកាន់សវនាការកាត់ទោស និងបន្តធ្វើការលើរឿងក្តីចំនួន ១៤៤ ក្នុងអំឡុងពេលបញ្ចប់នៃការធ្វើរបាយការណ៍នេះ។ អាជ្ញាធរបាននិយាយថា ព្រះរាជអាជ្ញាបានធ្វើការលើករណីចំនួន ១៩៩ ដែលក្នុងនោះ ១៣៤ ករណីត្រូវបានបញ្ជូនឲ្យធ្វើការស៊ើបអង្កេតជាផ្លូវការ ហើយបានបន្តពិនិត្យលើករណីនៅសល់ចំនួន ៦៥ នៅពេលបញ្ចប់នៃការរាយការណ៍ (សរុប ៤២១ ករណី ឆ្នាំ ២០១៨)។ ទាក់ទងនឹងការកាត់ទោសវិញ ស្ថិតិនៃការដាក់ទោសដោយតុលាការគឺនៅមានកម្រិត ដោយសារវិធីប្រមូលទិន្នន័យមានលក្ខណៈមិនគ្រប់គ្រាន់។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) បានរាយការណ៍ថា តុលាការក្រុងភ្នំពេញបានពិនិត្យលើករណីចំនួន ១៦៦ នាក់ដោយក្នុងនោះបានបិទបញ្ចប់ ៦៣ ករណី ជាមួយនឹងការដាក់ទោសលើមនុស្សចំនួន ១៤០ នាក់ (១២៥ នាក់នៅឆ្នាំ ២០១៨)។ មាន ១០៣ ករណី បានដំណើរការ នៅ ក្នុងដំណាក់កាលបញ្ចប់នៃរបាយការណ៍នេះ។ ជាថ្មីម្តងទៀត រដ្ឋាភិបាលមិនបានផ្តល់ទិន្នន័យ នៃការកាត់ទោស តែតុលាការ ត្រូវបានគេរាយការណ៍ថា បានបន្តកាត់ទោសជនសង្ស័យ ក្នុងបទចោទប្រកាន់ធូរស្រាល និងធ្វើការសន្និដ្ឋានករណីជួញដូរផ្លូវភេទ ដោយការទូទាត់សំណងជាលុយ ជំនួសឲ្យការជាប់ពន្ធនាគារ។ ជនរងគ្រោះដែលគ្រួសាររបស់គេបានទទួលសំណងទូទាត់ ក្រៅតុលាការពីជនល្មើស ច្រើនតែប្តូរចម្លើយជាកសិណសាក្សីរបស់គេ ដែលជាការធ្វើឲ្យការកាត់ទោសមានភាពកាន់តែស្មុគស្មាញ។
ស្របគ្នាជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលមួយ នគរបាលប្រឆាំងការជួញដូរក្រុងព្រះសីហនុបានបណ្តុះបណ្តាលអ្នកតាមសង្កេតធម្មតា ក្នុងចំណោមអ្នករត់តាក់ស៊ី ផ្នែកទេសចរណ៍ ឧស្សាហកម្មបដិសណ្ឋារកិច្ច និងកន្លែងលក់រាយ ដើម្បីតាមដាន និងរាយការណ៍ពីការជួញដូរ។ យ៉ាងណាក្តី អាជ្ញាធរមិនបានរាយការណ៍ថា បានរកឃើញ ឬក៏ផ្តើមធ្វើការស៊ើបអង្កេតទៅលើករណីជួញដូរ ជាលទ្ធផលនៃការខិតខំនេះទេ។ នៅទូទាំងប្រទេស អាជ្ញាធរផ្នែកអនុវត្តច្បាប់ មិនបានចាត់វិធានការសមស្របប្រឆាំងនឹងជនសង្ស័យប្រព្រឹត្តការជួញដូរ ឬជនដែលត្រូវបានតុលាការដាក់ទោសហើយ ដោយសារការជួញដូរទេ។ នគរបាលយុត្តិធម៌ ខ្វះធនធានសម្រាប់តាមដានចំនួនចុងចោទដែលចេះតែមានចំនួនកើនឡើង ដែលត្រូវបានដោះលែង «ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ» ដោយរង់ចាំការកាត់ទោស ជាហេតុធ្វើឲ្យមានជនត្រូវចោទជាច្រើនគេចបាន មុនសវនាការកំណត់។ អាជ្ញាធរ កម្រនឹងចេញដីកាចាប់ខ្លួនដល់ជនទាំងនោះណាស់ ទាល់តែអង្គការក្រៅរដ្ឋាភិបាល មានលទ្ធភាពជួយជ្រោមជ្រែង ក្នុងការកំណត់តាមដាន និងចាប់ពួកគេមកវិញ។ រឿងដែលធ្វើឲ្យបញ្ហានេះកាន់តែពិបាកថែមទៀតនោះគឺថា ក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាគ្មានគោលការណ៍ណែនាំ បទបញ្ញត្តិស្តីពីការតាមដាន ឬភាសាដែលបញ្ជាក់ពីកាតព្វកិច្ចអនុវត្តច្បាប់មួយៗច្បាស់លាស់ ទាក់ទងនឹងការតាមដានរបស់តុលាការ។ ដោយនិយាយថា ខ្វះធនធាន ព្រះរាជអាជ្ញា និងចៅក្រមស៊ើបអង្កេត មិនបានពិចារណាចាត់ការបន្តលើករណីជួញដូរ ដែលនគរបាលបានផ្តល់ភស្តុតាងឲ្យហើយនោះទេ។ អាជ្ញាធរបានប្រើដោយខុស នូវធនធានសម្រាប់ផ្នែកអនុវត្តច្បាប់ ដើម្បីឃុំខ្លួន កាត់ទោស និងដាក់ទោសបុគ្គលខ្លះ តាមការចោទពីបទជួញដូរដែលឈរលើហេតុផលនយោបាយ។ ការនេះរឹតតែធ្វើឲ្យគេមានការសង្ស័យលើភាពត្រឹមត្រូវនៃទិន្នន័យប្រឆាំងការជួញដូរ និងកង្វះធនធាន ដូចដែលរដ្ឋាភិបាល បាននិយាយមក។ អ្នកសារព័ត៌មាន ២ នាក់ដែលធ្វើការឲ្យផ្នែកសារព័ត៌មានបរទេស បន្តស្ថិតនៅក្រោមការតាមដានរបស់តុលាការនៅឡើយ ក្រោមការចោទប្រកាន់ដោយមិនត្រឹមត្រូវ គិតមកដល់ដំណាច់នៃអំឡុងពេលនៃការធ្វើរបាយការណ៍នេះ។ អតីតបេក្ខជនតំណាងរាស្រ្ត និងជាអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០០០០ ដុល្លា ពីបទរំលោភលើច្បាប់កម្ពុជា ស្តីពីការជួញដូរ នៅក្នុងករណីមួយដែល អង្គការក្រៅរដ្ឋាភិបាល ជាច្រើនជឿថា មានហេតុផលនយោបាយ។ អាជ្ញាធរថែមទាំងបានធ្វើការចោទប្រកាន់ព្រហ្មទណ្ឌ ដោយមិនសមហេតុផលប្រឆាំងនឹងជនស៊ីវិល។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ រដ្ឋាភិបាលបានចោទប្រកាន់ស្រ្តីចំនួន ១១ នាក់នៅក្រោមច្បាប់ជួញដូរ ដោយពួកគេបានពរពោះឲ្យកូនគេ ដោយខុសច្បាប់។ នៅខែធ្នូ ឆ្នាំ ២០១៨ អាជ្ញាធរបានធ្វើបត្យាប័នប្រកបដោយជោគជ័យ នៃជនជាតិខ្មែរម្នាក់ ពីប្រទេសថៃ ហើយបានធ្វើការចោទប្រកាន់គាត់ពីបទ «ញុះញង់» ដោយការធ្វើការជួយសារព័ត៌មានបរទេស ផលិតឯកសារមួយស្តីពីការជួញដូរផ្លូវភេទកុមារនៅកម្ពុជា។ ក្នុងខែមិថុនា ឆ្នាំ ២០១៩ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការកាត់ទោសឲ្យគាត់ជាប់ពន្ធនាគារចំនួន ២ ឆ្នាំហើយបានបញ្ជាឲ្យគាត់បង់លុយចំនួន ១៧២០០ ដុល្លារ ទៅឳពុកម្តាយរបស់កុមារពីរនាក់ នៅក្នុងខែ្សភាពយន្តឯកសារនោះ បើទោះបីជាការពិត គាត់មិនបានធ្វើអ្វីប៉ះពាល់ដល់ពួកគេ ឬរំលោភច្បាប់នានាទាក់ទងនឹងឯកជនភាពក៏ដោយ។ នៅខែកុម្ភៈ ឆ្នាំ ២០២០ អាជ្ញាធរ ក៏បានចោទស្រ្តីម្នាក់ នៅក្រោមច្បាប់ឆ្នាំ ២០០៨ ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ដោយគាត់បានបង្ហោះរូបគាត់បែបស៊ិចស៊ីក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកជំនាញនៅក្នុងប្រទេសបានបន្តនិយាយថា ករណីទាក់ទងនឹងជនសង្ស័យ ជាបរទេសច្រើននាំដល់ការដាក់ទោសដោយតុលាការ ច្រើនជាងករណីជនសង្ស័យជាខ្មែរ ដែលច្រើនតែទទួលបានការបន្ថយការចោទប្រកាន់មកត្រឹមបទល្មើសមិនសូវធ្ងន់ធ្ងរទៅវិញ។
រដ្ឋាភិបាលចុះអនុស្សារណៈនៃកិច្ចព្រមព្រៀង ដោយមានគូសបញ្ជាក់ពីការស៊ើបអង្កេតប្រឆាំងការជួញដូរមនុស្សឆ្លងដែន ជាមួយប្រទេសថៃ និងវៀតណាម ព្រមទាំងសន្ធិសញ្ញាធ្វើបត្យាប័នជាមួយប្រទេសថៃ តែមិនបានរាយការណ៍ពីការស៊ើបអង្កេតឬធ្វើបត្យាប័នជនល្មើសសង្ស័យណាមួយទេ នៅក្រោមការគ្រប់គ្រងរបស់គេ នៅឆ្នាំ ២០១៩ ទេ។ អាជ្ញាធរបានបន្តធ្វើការបណ្តុះបណ្តាលតាមការរៀបចំ និងក្រោមថវិការបស់ម្ចាស់ជំនួយ ស្តីពីការអនុវត្តច្បាប់ប្រឆាំងការជួញដូរ ដល់នគរបាល ព្រះរាជអាជ្ញា ចៅក្រម និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ គជបជ បានបើកការបណ្តុះបណ្តាលចំនួន ១១៣ ដល់មន្រ្តីសមត្ថកិច្ចចំនួន ៣៧១២ នាក់ស្តីពីច្បាប់ប្រឆាំងការជួញដូរ បច្ចេកទេសស៊ើបអង្កេត និងការប្រមូលភស្តុតាង (វគ្គបណ្តុះបណ្តាលចំនួន ២៣៤ ដល់មន្ត្រី ៦៣២១ នាក់នៅឆ្នាំ ២០១៨)។ ចំពោះឆ្នាំទី ៣ គេក៏មិនបានរាយការណ៍ថា តើមានមន្ត្រីថ្នាក់ឃុំ និងថ្នាក់ខេត្តចំនួនប៉ុន្មាន បុគ្គលិកផ្នែកច្បាប់ និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលប៉ុន្មាន ដែលចូលរួម ក្នុងវគ្គទាំងនេះ (កាលពី ២០១៦ មាន ៧៦៨៩ នាក់)។ ទោះបីជាបានទទួលការបណ្តុះបណ្តាលទាំងនេះក្តី តែមាននគរបាលជាច្រើន ពិសេសនគរបាលនៅតាមជនបទ មិនដឹងពីរបៀបធ្វើការងារប្រឆាំងការជួញដូរទេ ដោយសារភាគច្រើននៃពួកគេ មិនបានទទួលការបណ្តុះបណ្តាលស្តីពីបច្ចេកទេសពង្រឹងការអនុវត្តច្បាប់ជាមូលដ្ឋានទេ។ រដ្ឋាភិបាលយល់ព្រមលើការផ្តល់អំណាចធ្វើការស៊ើបអង្កេតសម្ងាត់ ចំពោះករណីគ្រឿងញៀននិងអំពើពុករលួយ។ តែរដ្ឋាភិបាលមិនបានផ្តល់អំណាច ធ្វើការស៊ើបអង្កេតដល់អង្គភាពនគរបាលប្រឆាំងការជួញដូរទេ លើកលែងករណីកម្រ ដែលមានការស្នើសុំឲ្យមានការឆ្មក់ ឆែកឆេរ ទាក់ទងនឹងទេសចរណ៍ផ្លូវភេទលើកុមារ ដែលត្រូវបានធ្វើជាមួយសមត្ថកិច្ចបរទេស។ ការនេះរាំងស្ទះខ្លាំងដល់សមត្ថភាពរបស់មន្រ្តីអនុវត្តច្បាប់ក្នុងការដោះស្រាយចំពោះលក្ខណៈកាន់តែមានភាពសម្ងាត់ឡើង នៃការជួញដូរផ្លូវភេទនៅកម្ពុជា។ ជាលទ្ធផល ការស៊ើបអង្កេតរបស់នគរបាលមានឡើងតែក្នុងករណីមានសញ្ញាបង្ហាញច្បាស់តែប៉ុណ្ណោះ ដូចជាការរួមភេទនៅនឹងកន្លែង និងករណីដែលក្នុងនោះ ជនរងគ្រោះសុខចិត្តរាយការណ៍ និងផ្តល់ជាកសិណដោយខ្លួនឯង។
អំពើពុករលួយដែលមានជាទូទៅ នៅគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងរដ្ឋាភិបាលកម្ពុជា រឹតត្បិតយ៉ាងខ្លាំងលើលទ្ធភាពរបស់មន្រ្តីម្នាក់ៗ ក្នុងការចាប់ឲ្យជនប្រព្រឹត្តការជួញដូរទទួលខុសត្រូវ។ នគរបាលជាតិកម្ពុជាមានយន្តការមួយសម្រាប់ឲ្យអ្នកធ្វើការក្នុងអង្គការ NGO រាយការណ៍ពីករណីពុករលួយរបស់នគរបាលប្រឆាំងការជួញដូរ តែគេមិនបានប្តឹងទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ មន្រ្តីមូលដ្ឋានបានជួយសម្រួលការជួញដូរឆ្លងកាត់ព្រំដែន ដោយទទួលយកសំណូកជាថ្នូរនឹងការបន្លំឯកសារអត្តសញ្ញាណប័ណ្ណ។ អង្គការមួយបានសម្គាល់ឃើញថា ការឆ្មក់ឆែកឆេរដោយសមត្ថកិច្ចនៅតាមកន្លែងជួញដូរផ្លូវភេទ ពេលខ្លះ មិនបានទទួលជោគជ័យទេ ដោយសារមានការប្រាប់ជាមុន ដោយនគរបាលដែលចូលរួមធ្វើការងារនោះ។ តែមេនគរបាលខេត្តខ្លះ ត្រូវបានរាយការណ៍មកថា បានមានវិធានការដើម្បីកាត់បន្ថយការធ្លាយព័ត៌មានសម្ងាត់នេះ ដោយប្រគល់ករណីនេះទៅឲ្យ AHTJP ដែលធ្វើការឆ្មក់ឆែកឆេរដោយឯករាជ្យ ដោយមិនប្រាប់អាជ្ញាធរមូលដ្ឋានទេ រហូតដល់ជិតចាប់ផ្តើមធ្វើ។ ជាញឹកញាប់ អាជ្ញាធរធ្វើមិនដឹងមិនឮបទរំលោភពលកម្ម ដែលរួមមានទាំងការបង្ខំឲ្យកុមារធ្វើពលកម្ម នៅតាមរោងចក្រ និងកន្លែងឡឥដ្ឋ ហើយក្នុងករណីជាច្រើន បានឃុបឃិតជាមួយថៅកែឡឥដ្ឋនៅក្នុងការចាប់ ដាក់គុក និងនាំត្រឡប់វិញ នូវកម្មករដែលចង់គេច។ មានការនិយាយថា ព្រះរាជអាជ្ញា និងចៅក្រម បានទទួលសំណូកជាថ្នូរនឹងការទម្លាក់ ចោលការចោទប្រកាន់ និងចេញសាលក្រមថា គ្មានទោស ឬបន្ថយទោស។ មន្រ្តីពុករលួយច្រើនតែបង្អាក់ដំណើរវិវឌ្ឍន៍ នៅក្នុងករណីដែលជនប្រព្រឹត្តត្រូវបានគេជឿថា មានទំនាក់ទំនងនយោបាយ ព្រហ្មទណ្ឌ ឬសេដ្ឋកិច្ច ជាមួយមន្រ្តីរដ្ឋាភិបាល។ ទោះបីជាមាននិន្នាការទាំងនេះក្តី រដ្ឋាភិបាលមិនបានស៊ើបអង្កេត នាំយកមកកាត់ទោស ឬដាក់ទោសបុគ្គលិករដ្ឋណាមួយដែលសមគំនិតក្នុងការជួញដូរទេ។
ការការពារ
រដ្ឋាភិបាល មិនបានរក្សានូវកិច្ចខិតខំប្រឹងប្រែងក្នុងការងារការពារ ឲ្យបានគ្រប់គ្រាន់ទេ។ ទោះបីជាមានគោលការណ៍ណែនាំ ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលធ្វើដោយក្រសួងសង្គមកិច្ច នៅដើមឆ្នាំ ២០១៧ ក្តី តែការបញ្ជូន និងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍នៃជនរងគ្រោះនៅតែមិនស៊ីចង្វាក់គ្នា ហើយនៅខ្សោយ នៅក្នុងស្ថាប័នសមត្ថកិច្ចទាំងមូល។ អាជ្ញាធរមិនបានផ្តល់ស្ថិតិពេញលេញ ស្តីពីចំនួនជនរងគ្រោះដែលខ្លួនបានជួយឬបញ្ជូនទេ។ រដ្ឋាភិបាល មិនបានបន្តអនុវត្តបទបញ្ជាដែលរារាំងមិនឲ្យ អង្គការមិនមែនរដ្ឋាភិបាលធ្វើជាតំណាងបុគ្គល ដែលស្វែងរកការទទួលស្គាល់ជាផ្លូវការថាជាជនរងគ្រោះ។ តាមរយៈវិធីនេះ ដែលអង្គការក្រៅរដ្ឋាភិបាល អះអាងថា បានគំរាមកំហែងយ៉ាងខ្លាំងដល់ជនរងគ្រោះ និងគ្រួសាររបស់គេ ជនរងគ្រោះត្រូវ ទាក់ទងទៅក្រសួងមហាផ្ទៃ ដើម្បីសុំការកំណត់អត្តសញ្ញាណជាផ្លូវការ ដើម្បីអាចទទួលបានសេវាការពារ។
ក្នុងពេលធ្វើការចាប់ខ្លួន ក្នុងអំឡុងពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩ នគរបាល បានរាយការណ៍ថា បានរកធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ យ៉ាងហោចណាស់ ៦៦ នាក់ ទាក់ទង «ការជួញដូរមិនមែនផ្លូវភេទ» ដោយក្នុងនោះ ២០ នាក់ជាជនអនីតិជន ហើយយ៉ាងហោចណាស់ ៧៦ នាក់ ជាជនរងគ្រោះដោយការជួញដូរផ្លូវភេទ ដោយក្នុងនោះមាន ២៦ នាក់ជាអនីតិជន (គ្មានសេចក្តីរាយការណ៍ឆ្នាំ ២០១៨) ។ ដូចក្នុងគ្រប់ស្ថិតិទាំងអស់ ទាក់ទងនឹងការអនុវត្តច្បាប់ តួលេខទាំងនេះទំនងរួមបញ្ចូលជនរងគ្រោះដោយបទល្មើស ដែលមិនបំពេញបានតាមបទដ្ឋាននិយមន័យនៃការជួញដូរផ្លូវភេទ ឬពលកម្មដោយបង្ខំទេ។ ដោយមានជំនួយពីអង្គការអន្តរជាតិមួយ រដ្ឋាភិបាល បានដំណើរការមណ្ឌលសំចតចំនួនពីរ នៅទីក្រុងព្រំដែនប៉ោយប៉ែត ដែលនៅទីនោះ គេរកមើលជនរងគ្រោះដោយការជួញដូរ នៅក្នុងចំណោមអ្នកធ្វើចំណាកស្រុកចំនួនប្រហែល ១១ ៨០៦ នាក់ ដែលត្រូវបានចាប់បញ្ជូនមកពីប្រទេសថៃ ក្នុងឆ្នាំ ២០១៩ (កាលពី ២០១៨ មាន ៧០ ២២៥នាក់)។ ក្រសួងសង្គមកិច្ច បានរាយការណ៍ថា បានធ្វើការនាំជនរងគ្រោះ ២៦២ នាក់ ដែលរងការជួញដូរ ត្រឡប់មកប្រទេសវិញ ក្នុងនោះ ១៥ នាក់ជាបុរស ២០៩ នាក់ស្ត្រី និងកុមារ ៣៨ នាក់ ដោយរួមមានទាំង «ជនចំណាកស្រុកដែលងាយរងគ្រោះ ២៨ នាក់ផ្សេងទៀត» មកពីមណ្ឌលប៉ោយប៉ែត ព្រលានយន្តហោះភ្នំពេញ និងតាមច្រកព្រំដែនបាវិត។ សរុបមានជនរងគ្រោះដោយការបង្ខំឲ្យធ្វើពលកម្មចំនួន ១៥០ នាក់ និងមនុស្សចំនួន ១១២ នាក់ ដែលអាចធ្លាប់រងការជួញដូរផ្លូវភេទ និងការបង្ខំឲ្យធ្វើពលកម្ម ទាក់ទងនឹងការរៀបការដោយបង្ខំ ឬដោយឆបោក។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ គជបជ ចង់កែលម្អនីតិវិធី កំណត់អត្តសញ្ញាណជនរងគ្រោះ និងការប្រមូលទិន្នន័យ តាមរយៈការផលិត និងការដាក់ឲ្យប្រើនូវកម្មវិធីគោលកំណត់អត្តសញ្ញាណជនរងគ្រោះ សម្រាប់ការប្រើនៅមណ្ឌលសំចតប៉ោយប៉ែត។ ទោះបីជាអ្នកអង្កេត មិនអាចធ្វើការបញ្ជាក់ដោយឯករាជ្យនូវលក្ខណៈឬខ្លឹមសារនៃកម្មវិធីនេះក្តី តែ អង្គការក្រៅរដ្ឋាភិបាលនានាជឿថា កម្មវិធីនេះគឺជាប្រភពនៃព័ត៌មានសម្រាប់ទាក់ទងទៅអ្នកផ្តល់សេវា សម្រាប់ជនរងគ្រោះ។ តែអ្នកខ្លះបានកត់សម្គាល់ឃើញថា កង្វះនៃការសម្ងាត់ជាឯកជននៅកន្លែងទទួលជនចំណាកស្រុក អាចធ្វើឲ្យជនរងគ្រោះមិនចង់ចេញមុខរាយការណ៍ តាមរយៈកម្មវិធីថ្មីនេះ។ ដោយសារមនុស្សនៅក្នុងក្រុមនេះ ងាយរងគ្រោះដោយការជួញដូរ និងដោយសារកង្វះនៃការអនុវត្តជាសាកលនូវបទដ្ឋានកំណត់អត្តសញ្ញាណជនរងគ្រោះ ជនរងគ្រោះជាច្រើន ដែលបានស្នាក់នៅបណ្តោះអាសន្ននៅមជ្ឈមណ្ឌលទាំងនេះ មិនត្រូវបានគេកំណត់អត្តសញ្ញាណបាន ឬរកឃើញថាជាជនរងគ្រោះ។
រដ្ឋាភិបាលបានដំណើរកាទីជម្រកបណ្តោះអាសន្នមួយ នៅភ្នំពេញ សម្រាប់ទទួលជនរងគ្រោះដោយការជួញដូរនិងបទល្មើសដទៃទៀតជាស្រ្តី ហើយបានបញ្ជូនជនរងគ្រោះដោយការជួញដូរទៅជម្រករបស់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលបានការឧបត្ថម្ភថវិកាពីម្ចាស់ជំនួយ ដោយភាគច្រើនទទួលយកជនរងគ្រោះ ដោយការធ្វើបាបក្នុងទម្រង់ជាច្រើន ដើម្បីឲ្យទទួលការជួយបន្ថែមទៀត។ គេនិយាយថា ក្រសួងសង្គមកិច្ច មានគោលការណ៍ណែនាំដែលមាននិយាយពីបទដ្ឋានអប្បបរមា សម្រាប់ការថែទាំនៅតាមផ្ទះ នូវជនរងគ្រោះដោយការជួញដូរ ហើយបានផ្សព្វផ្សាយគោលការណ៍ណែនាំទាំងនោះ នៅក្នុងចំណោមទីជម្រករបស់អង្គការនៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ រដ្ឋាភិបាលបានបន្តពឹងផ្អែកខ្លាំងលើអង្គការ នៅក្នុងការការពារជនរងគ្រោះ តែរដ្ឋាភិបាល មិនជួយសម្រួលដល់ការផ្ទេរជាផ្លូវការ នៃការគ្រប់គ្រងលើជនរងគ្រោះជាកុមារទេ ដែលជាការធ្វើឲ្យអង្គការដែលទទួលជនរងគ្រោះជាកុមារ អាចរងបណ្តឹងតុលាការ។ គេនិយាយថា បញ្ហាដែលនៅតែមាន ទាក់ទងនឹងការគ្រប់គ្រងជនរងគ្រោះ ធ្វើឲ្យទីជម្រករបស់ NGO ខ្លះមិនចង់ការពារសេរីភាពក្នុងការដើរហើររបស់អ្នកនៅក្នុងនោះ ដែលជាការផ្ទុយនឹងទម្លាប់ល្អដែលត្រូវធ្វើ។ បទបញ្ញតិ្តដែលអនុញ្ញាតឲ្យមានការដោះស្រាយដោយប្រើលុយជំនួសឲ្យការដាក់ទោសធ្ងន់ជាងនេះ ធ្វើឲ្យគ្រួសារខ្លះមិនចង់ឲ្យ អង្គការទទួលជងរងគ្រោះឲ្យស្នាក់នៅបណ្តោះអាសន្ន ហើយដោយគ្មានការយល់ព្រមរបស់គ្រួសារ ជនរងគ្រោះអាចរងគ្រោះសាជាថ្មី។ អង្គការខ្លះដែលធ្វើការប្រឆាំងការជួញដូរខ្លះ ទទួលបាន ការធ្វើសហប្រតិបត្តិការពីអាជ្ញាធរបានល្អឡើង ដោយរួមមានតាមរយៈការទទួលបាននូវការគាំទ្រជាសម្ភារៈ តែការរឹតត្បិតជាបន្តលើសង្គមស៊ីវិលបានរារាំងការងារនៃ អង្គការសំខាន់ៗ ដែលធ្វើការប្រឆាំងការជួញដូរ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ ថ្វីបើជនរងគ្រោះដោយសារការជួញដូរកម្លាំងពលកម្ម មានច្រើននៅក្នុងចំណោមបុរសក្តី តែជំនួយដែលត្រូវបានផ្តល់សម្រាប់ជនរងគ្រោះទាំងនោះ នៅមានកម្រិតនៅឡើយ។ ថ្វីបើគេបាននិយាយថា អាជ្ញាធរបានបង្កើនការយកចិត្តទុកដាក់ជារួម លើឧស្សាហកម្មនេសាទ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះក្តី តែ អង្គការ ដែលផ្តល់សេវា បានកត់សម្គាល់ឃើញ កង្វះធ្ងន់ធ្ងរនៃសេវា សម្រាប់ការធ្វើសមាហរណកម្មក្នុងសង្គមវិញ ហើយរងការមាក់ងាយបន្ទាប់ពីរងការបង្ខំឲ្យធ្វើការលើទូកនេសាទ បានជំរុញឲ្យមានការរងការជួញដូរជាថ្មី នៅក្នុងចំណោមអ្នកនេសាទដែលវិលត្រឡប់មកផ្ទះ បន្ទាប់ពីបានគេចចេញពីការរំលោភធ្វើបាប។
ស្ថានបេសកកម្មទូតកម្ពុជានៅបរទេស នៅតែខ្វះថវិកាឬសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ជំនួយចាំបាច់ ឬបញ្ជូនជនរងគ្រោះមកមាតុភូមិវិញ ថ្វីបើរដ្ឋាភិបាលបានចេញវិធានការណ៍ក្នុងឆ្នាំមុនៗ ក្នុងការបណ្តុះបណ្តាលអ្នកការទូតស្តីពីការការពារពលករចំណាកស្រុកក្តី។ ជនរងគ្រោះដែលត្រូវបានរកឃើញនៅក្នុងប្រទេស ដែលគ្មានតំណាងទូតកម្ពុជា រឹតតែមិនសូវទទួលបានការជួយទៅទៀត។ ការសិក្សាមួយដែលត្រូវបានធ្វើដោយអង្គការអន្តរជាតិមួយ នៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន បានរកឃើញថា មានពលករចំណាកស្រុកចំនួនតែ ២១% តែប៉ុណ្ណោះដែលបានស្វែងរកជំនួយចំពោះការរំលោភធ្វើបាបនៅបរទេស ដោយរួមមានទាំងការបង្ខំឲ្យធ្វើការ។ ក្រសួងការបរទេសដែលមាននាទីចម្បង ក្នុងការជួយជនរងគ្រោះខ្មែរដោយការជួញដូរ បាននិយាយថា ខ្លួនបានជួយដោយមានកម្រិត និងធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរចំនួន ៣២ ២៣៥នាក់ ពីប្រទេសចំនួន ៩ ដោយក្នុងនោះមាន ៣២ ០៣៨ នាក់ពីប្រទេសថៃ ៧៧ នាក់ពីប្រទេសចិន ៤៩នាក់ពីម៉ាឡេស៊ី ៥៨ នាក់ពីវៀតណាម ៥ នាក់ពីសឹង្ហបូរី ៣ នាក់ពីអារ៉ាប៊ីសាអ៊ូឌីត ៣នាក់ពីឥណ្តូនេស៊ី ម្នាក់ពីឡាវ និងម្នាក់ពីជប៉ុន។ តែដូចអំឡុងពេលនៃការធ្វើរបាយការណ៍លើកមុនដែរ អាជ្ញាធរមិនបានបញ្ជាក់ថា តើក្នុងចំណោមអ្នកទាំងនោះ មានប៉ុន្មាននាក់ជាជនរងគ្រោះដោយការជួញដូរ (៩៨៦ នៅឆ្នាំ ២០១៧)។ ភាគច្រើននៃពួកគេត្រូវបានបញ្ជូនមកមាតុភូមិវិញ ក្រោមជំនួយរបស់អង្គការអន្តរជាតិមួយ។ អ្នកសង្កេតការណ៍ជឿថា តួលេខនេះគឺគ្រាន់តែជាចំណែកតូចមួយនៃចំនួនប្រជាជនកម្ពុជាដែលរងគ្រោះដោយការជួញដូរនៅបរទេស ពិសេសនៅក្នុងផ្នែកនេសាទ។ ក្រសួងការបរទេស មិនបានប្រកាសឲ្យប្រើឬអនុវត្តនីតិវិធីប្រតិបត្តិជាបទដ្ឋានសម្រាប់រក និងបញ្ជូនជនរងគ្រោះខ្មែរនៅបរទេសទេ ដែលធ្វើឲ្យជនជាតិខ្មែរជាច្រើនគ្មានបានទទួលការជួយចាំបាច់ ធ្វើមាតុភូមិនិវត្តន៍ ដោយស្របច្បាប់ និងដោយសុវត្ថិភាពទេ។ បើយោងតាមអង្គការ ជនរងគ្រោះដែលត្រូវបានបញ្ជូនត្រឡប់វិញ មិនអាចទទួលបានការជួយពីផ្នែកកុងស៊ុលរបស់កម្ពុជាប្រចាំនៅបរទេសទេ ដោយសារទូរស័ព្ទខ្សែ Hotlineគ្មានអ្នកនៅប្រចាំការ និងបុគ្គលិកគ្មានការឆ្លើយតប ។ អ្នកខ្លះ ដែលត្រូវជាប់ក្នុងស្ថានភាពបង្ខំធ្វើពលកម្មនៅបរទេស ដូចជានៅប្រទេសចិន និងកូរ៉េ មិនអាចធ្វើឲ្យបុគ្គលិកផ្នែកកុងស៊ុលកម្ពុជាជឿថា ពួកគេត្រូវការជំនួយទេ។ ប្រទេសកម្ពុជា មានអនុព័ន្ធការងារនៅតាមស្ថានទូតនៅប្រទេសកូរ៉េ ម៉ាឡេស៊ី និងថៃ ដែលសុទ្ធតែជាប្រទេសដែលមានចំនួនពលករចំណាកស្រុកកម្ពុជា ច្រើនជាងគេ តែមិនបានផ្តល់ទិន្នន័យស្តីពីការចូលរួមរបស់ខ្លួននៅក្នុងការរកមើល ឬជួយជនរងគ្រោះដោយសារការជួញដូរពលកម្មទេ។
ចំនួនអ្នកវិលត្រឡប់វិញ ដែលបានរងការជួញដូរនៅបរទេស ទំនងជាមានច្រើនជាងចំនួនក្នុងសេចក្តីរាយការណ៍ ដោយសារក្រុមទាំងនេះច្រើនតែវិលមកវិញក្នុងលក្ខណៈក្រៅផ្លូវការ ហើយនិងដោយសារខ្វះនីតិវិធី ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ។ ក្រសួងសង្គមកិច្ច បានរាយការណ៍ថាបានជួយធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរចំនួន ២៩០ នាក់ ជាជនរងគ្រោះដោយការជួញដូរ និង «ជនចំណាកស្រុកងាយរងគ្រោះដទៃទៀត» ដែលត្រូវបានត្រួតពិនិត្យនៅមណ្ឌលធ្វើមាតុភូមិនិវត្តន៍នៅប៉ោយប៉ែត ហើយបានបញ្ជូនពួកគេទាំងអស់ទៅឲ្យអង្គការ សម្រាប់ទទួលសេវាការពារបន្ថែម (នៅឆ្នាំ ២០១៨ មាន ២២២ នាក់)។ ក្រសួងសង្គមកិច្ច បាននិយាយថា បានទទួលជនរងគ្រោះបន្ថែមចំនួន ៥៦៣ នាក់ទៀត ដោយក្នុងនោះ ៤០៨ នាក់ត្រូវបានបញ្ជូនឲ្យ អង្គការតែមិនបានបញ្ជាក់ថា តួលេខនេះស្ថិតក្នុងចំណោមឬបន្ថែមលើចំនួន ២៩០ នាក់ដែលត្រូវបាននិយាយខាងលើមក។ ក្រសួងសង្គមកិច្ច ក៏បានរាយការណ៍ផងដែរថា បានជួយធ្វើសមាហរណកម្មនិងស្តារនីតិសម្បទាលើជនរងគ្រោះចំនួន ៩៦៨ នាក់ជាពលករចំណាកស្រុកកម្ពុជា ដែលត្រឡប់មកពីធ្វើការនៅបរទេស។ ករណីទាំងនេះ ខ្លះត្រូវបានរកឃើញនៅឆ្នាំមុន ហើយរួមបញ្ចូលជនរងគ្រោះក្រោមទម្រង់ផ្សេងទៀតនៃការធ្វើបាប នៅក្រៅនិយមន័យជាបទដ្ឋាននការជួញដូរ។
គ្មានបញ្ញត្តិច្បាប់ណាចែង ក្នុងការផ្តល់ការអនុញ្ញាតឲ្យធ្វើការ ការស្នាក់នៅបណ្តោះអាសន្ន ឬក៏ឋានៈជាជនអន្តោប្រវេសន៍ដទៃទៀតណាឡើយ ដល់ជនរងគ្រោះជាជនបរទេស ដែលចង់ស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងនីតិវិធីព្រហ្មទណ្ឌ ឬនីតិវិធីរដ្ឋប្បវេណីទេ។ អង្គការ មួយបាននិយាយថា ជនរងគ្រោះជាបុរសនៅតាមទូកនេសាទសមុទ្រ មិនបានរាយការណ៍ពីការរងគ្រោះរបស់គេទេ ដោយខ្លាចគេបញ្ជូនទៅមណ្ឌលរដ្ឋ ហើយត្រូវបានហាមមិនឲ្យប្រកបរបររកស៊ីរបស់គេ។ រដ្ឋាភិបាលតម្រូវធ្វើមាតុភូមិនិវត្តន៍នៃជនងគ្រោះបរទេស លើកលែងក្នុងករណីកម្រ ហើយមិនបានផ្តល់ជម្រើសផ្សេងផ្នែកច្បាប់ ក្រៅពីការបញ្ជូនពួកគេចេញទេ ទោះបីជាគេប្រឈមនឹងភាពពិបាក ឬការសងសឹក នៅពេលគេទៅដល់ប្រទេសកំណើតរបស់គេវិញក៏ដោយ។ ក្រសួងសង្គមកិច្ច មិនបានបញ្ជូនជនរងគ្រោះជាបរទេស ដោយការជួញដូរទៅប្រទេសគេវិញទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ ជនរងគ្រោះ ២ នាក់ ជាជនជាតិវៀតណាម ត្រូវបានធ្វើមាតុភូមិនិវត្តន៍ នៅដើមឆ្នាំ ២០១៨ ៣ នាក់នៅឆ្នាំ ២០១៧ និង ១៣ នាក់ នៅឆ្នាំ ២០១៦)។ ការមិនសូវមានការខិតខំ ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ បានធ្វើឲ្យមនុស្សជាច្រើនដែលអាចជាជនរងគ្រោះដោយការជួញដូរ ប្រឈមមុខនឹងទណ្ឌកម្មរបស់សមត្ថកិច្ចទៅវិញ ដោយរួមមានទាំងការចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ដោយគ្មានការត្រួតពិនិត្យជាមុន។ សមត្ថកិច្ចច្រើនតែមិនដាក់ឲ្យជនរងគ្រោះ និងជនល្មើសនៅដាច់ពីគ្នាក្នុងពេលសម្ភាសន៍។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ ក្រសួងសង្គមកិច្ច បានចុះអនុស្សារណៈយោគយល់ ជាមួយអង្គការក្រៅរដ្ឋាភិបាល មួយចំនួនដើម្បីលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល នៅក្នុងការជួយជនរងគ្រោះដោយការជួញដូរ និងបទល្មើសដែលមានការទាក់ទង។ អ្នកពាក់ព័ន្ធនិយាយថា ការធ្វើដូច្នេះបង្កើនការអនុវត្តវិធីដែលផ្តោតសំខាន់លើជនរងគ្រោះនៅក្នុងចំណោមនគរបាល ដែលសម្ភាសន៍ជនរងគ្រោះជាកុមារ។ តែតុលាការថ្នាក់ខេត្ត មិនបានអនុវត្តជាទូទៅ នូវកម្មវិធីដែលត្រូវបានផ្តើមឡើងនៅឆ្នាំ ២០១៦ ទាក់ទងនឹងក្តីក្តាំក្នុងតុលាការដែលមានលក្ខណៈល្អចំពោះកុមារទេ ដើម្បីសម្រួលដល់ការធ្វើកសិណដោយកុមារ ដោយរួមមានការមិនឲ្យសួរកុមារក្នុងតុលាការ នៅចំពោះមុខជនជាប់ចោទ ហើយបែរមកប្រើបច្ចេកទេសសួរពីចម្ងាយតាមរយៈទូរស័ព្ទ។ ប្រព័ន្ធច្បាប់ពុករលួយនិងខ្សោយរបស់ប្រទេសកម្ពុជា ហើយនិងកង្វះការការពារគ្រប់គ្រាន់លើជនរងគ្រោះ និងសាក្សី ដែលត្រូវបានធ្វើឲ្យកាន់តែអាក្រក់ឡើងដោយដំណើរការកាត់ក្តីយូរ និងការភ័យខ្លាចការសងសឹកដោយជនប្រព្រឹត្តការជួញដូរ បង្កជាឧបសគ្គមិនឲ្យជនរងគ្រោះមានចិត្តចង់ធ្វើសហការនៅក្នុងករណីជាច្រើន។ ជាគោលការណ៍ ជនរងគ្រោះអាចទទួលបានសំណងទូទាត់ តែការនេះមានការពិបាកដោយលក្ខខណ្ឌផ្លូវច្បាប់ដែលចែងថា ការទូទាត់សងអាចត្រូវបង់ជូន នៅពេលជនល្មើសចេញពីពន្ធនាគារវិញតែប៉ុណ្ណោះ។ ការគេចខ្លួនជាញឹកញាប់របស់ជនល្មើសដែលតុលាការបានដាក់ទោសហើយនោះ ធ្វើឲ្យរឿងនេះរឹតតែមានភាពស្មុគស្មាញកាន់តែច្រើន។ អ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាខ្វះនីតិវិធីប្រតិបត្តិជាបទដ្ឋាន សម្រាប់គណនាសំណង។ ជនរងគ្រោះកម្រទទួលបានទឹកប្រាក់ក្នុងចំនួនដែលបានសន្យាណាស់ ហើយគ្រួសារជនរងគ្រោះជាច្រើនដោះស្រាយក្រៅតុលាការ ជាមួយជនល្មើស ឬទទួលយកសំណូកជាថ្នូរនឹងការទម្លាក់ចោលការចោទប្រកាន់។
ការបង្ការ
រដ្ឋាភិបាលកម្ពុជាបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស។ គណៈកម្មាធិការអន្តរក្រសួង និងលេខាធិការដ្ឋានរបស់គណៈកម្មាធិការនេះ បានសម្របសម្រួលសកម្មភាពប្រឆាំងការជួញដូរ ហើយបានផ្តួចផ្តើមពង្រាងផែនការសកម្មជាតិជាតិ ឆ្នាំ ២០១៩ – ២០២៣ ដែលទទួលបានការសរសើរពីសង្គមស៊ីវិលជាដៃគូ។ រដ្ឋាភិបាលបានបង្កើនតិចតួច នូវថវិការបស់ខ្លួនពី ៤,៩ពាន់លានរៀល (១,២១ លានដុល្លា) ទៅ ៥,៤ ពាន់លានរៀល (១,៣៣ លានដុល្លា) សម្រាប់គណៈកម្មាធិការអន្តរក្រសួងនេះ តែអ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញថា តួលេខនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ គណៈកម្មាធិការប្រឆាំងការជួញដូរសាខាថ្នាក់ខេត្ត ដែលតាមសេចក្តីរាយការណ៍មក បានបន្តទទួលបានថវិកាមិនច្រើនពីរដ្ឋាភិបាល និងបានទទួលជំនួយពីអង្គការក្រៅរដ្ឋាភិបាល បានធ្វើការសម្របសម្រួលការងារនៅថ្នាក់មូលដ្ឋាន ស្របតាមផែនការសកម្មភាពជាតិ។ នៅក្នុងរយៈពេលនៃរបាយការណ៍នេះ ដោយមានជំនួយពីម្ចាស់ជំនួយអន្តរជាតិ គណៈកម្មាធិការមួយក្រោយគេ បានបង្កើតផែនការសកម្មភាពថ្នាក់ខេត្តរបស់គេផ្ទាល់ ហើយដាក់ស្នើទៅរដ្ឋាភិបាល ដើម្បីធានាថា គណៈកម្មាធិការទាំង ៩ មានផែនការសកម្មភាពបែបនេះ។ លេខាធិការដ្ឋាននៃ គជបជ មានក្រុមការងារមួយសម្រាប់តាមមើលការងាររបស់គណៈកម្មាធិការអន្តរក្រសួង ព្រមទាំងការងាររបស់អនុគណៈកម្មាធិការខេត្តរបស់ខ្លួន។ ថវិកាក្នុងការងារទប់ស្កាត់ការជួញដូរ នៅថ្នាក់ឃុំ មានការកើនឡើងនៅក្នុងអំឡុងពេលនៃរបាយការណ៍ តែអង្គការក្រៅរដ្ឋាភិបាល បានកត់សម្គាល់ឃើញការពឹងផ្អែកក្នុងកាលៈទេសៈពិសេសរបស់គណៈកម្មាធិការខេត្ត លើថវិកាសេសសល់ដែលមិនគ្រប់គ្រាន់ ពីផ្នែកសេវាសង្គមទូទៅ ជាជាងពឹងផ្អែកលើថវិកាប្រចាំឆ្នាំរបស់ខ្លួនផ្ទាល់ បំផ្លាញដល់ទំហំ និងនិរន្តភាពនៃការងាររបស់គេ។ គជបជ បានបន្តចេញរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការងាររួមក្នុងការប្រឆាំងការជួញដូររបស់រដ្ឋាភិបាល។ ប៉ុន្តែដូចក្នុងឆ្នាំមុនៗដែរ របាយការណ៍នោះមិនបានដិតដល់ទេ ដោយសារការប្រមូលទិន្នន័យមិនគ្រប់គ្រាន់។ បីឆ្នាំមកហើយដែលរដ្ឋាភិបាល បានរៀបចំវេទិកាអន្តរសាសនា ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ដោយមានការចូលរួមនៃមន្រ្តីរដ្ឋាភិបាល និងមេដឹកនាំសាសនារាប់ពាន់នាក់ទៀត។
ក្រសួងការងារមានផែនការសកម្មភាពដោយឡែកមួយ សម្រាប់កាត់បន្ថយពលកម្មកុមារ និងទាសភាពបំណុល នៅក្នុងវិស័យផ្តល់សេវាកម្ម កសិកម្ម រ៉ែ និងថាមពល នៅត្រឹមឆ្នាំ ២០២៥ តាមរយៈការលើកកម្ពស់ការយល់ដឹង បណ្តឹងតុលាការ និងការសហការជាមួយសង្គមស៊ីវិល ដោយទទួលថវិកាមួយផ្នែកពីថវិកាជាតិ។ គ្មានការហាមប្រាមលើការជ្រើសរើសមនុស្សធ្វើការដោយពលករចេញថ្លៃជ្រើសរើសទេ។ អ្នកសង្កេតការណ៍ បានកត់សម្គាល់ឃើញមានការចំណាយច្រើន លក្ខខណ្ឌទាមទារផ្នែករដ្ឋបាលមានភាពស្មុគស្មាញ ហើយមានបញ្ញត្តិដែលរឹតត្បិតលើដំណើរការធ្វើចំណាកស្រុកជាផ្លូវការ បានជំរុញពលករចំណាកស្រុកខ្មែរភាគច្រើនជ្រើសរើសយកផ្លូវក្រៅប្រព័ន្ធ នៅក្នុងការទៅធ្វើការនៅបរទស។ មិនដូចឆ្នាំមុនៗទេ រដ្ឋាភិបាល បានរាយការណ៍ពីការធ្វើការស៊ើបអង្កេតក្រុមហ៊ុនជ្រើសរើសពលករក្រែងមានការ ប្រព្រឹត្តខុសច្បាប់នាំឲ្យមានឬពាក់ព័ន្ធការជួញដូរ តែមិនបានផ្តល់ស្ថិតិទេ។ មន្រ្តីនិងអ្នកសង្កេតការណ៍មកពី អង្គការក្រៅរដ្ឋាភិបាល បានកត់សម្គាល់ ពីការខកខានរបស់មន្រ្តីធ្វើការផ្នែកការងារ នៅក្នុងការធ្វើអធិការកិច្ចបានគ្រប់គ្រាន់លើក្រុមហ៊ុនឯកជនដែលជ្រើសរើសមនុស្សធ្វើការ និងសមត្ថភាពនៃក្រុមហ៊ុនទាំងនេះ នៅក្នុងការឲ្យឈ្មួញកណ្តាលក្រៅស៊ីឈ្មោះរបស់គេ បានបន្តធ្វើការកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងរាលដាល។ ក្រុមហ៊ុនទាំងនេះខ្លះ តាមសេចក្តីរាយការណ៍មក មានការពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការជ្រើសរើសមនុស្សដោយឆបោក ដែលជាការនាំឲ្យមានការជួញដូរមនុស្ស។ ជាបន្ថែមលើភាពងាយរងគ្រោះនៃវិធីធ្វើចំណាកស្រុកដែលគេច្រើនធ្វើតាម អនុក្រឹត្យ និងបទបញ្ជាដែលគ្រប់គ្រងលើនិតិវិធី និងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនជ្រើសរើសពលករឯកជន មិនបានបញ្ជូលខ្លឹមសារគ្រប់គ្រាន់ ដែលបញ្ជាក់ពីសិទ្ធិរបស់ពលករ ឬការការពារពលករចំណាកស្រុកទេ។
រដ្ឋាភិបាលបានបន្តធ្វើសកម្មភាពលើកកម្ពស់ការយល់ដឹង ដោយរួមមានតាមរយៈ «ព្រឹត្តិការណ៍ផ្សព្វផ្សាយព័ត៌មាន» ដោយ គជបជ ចំនួនជាង ៨០ ៥០០ និងវេទិកាសាធារណៈចំនួនជិត ៨០ ០០០ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញប័ណ្ណអនុញ្ញាតឆ្លងព្រំដែនចំនួនជិត ៧២ ០០០ ដល់ប្រជាជនកម្ពុជា ដែលរស់នៅតំបន់ព្រំដែនភាគខាងលិច ដើម្បីឲ្យគេធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃដោយសុវត្ថិភាព (ក្នុងឆ្នាំ ២០១៨ បានចេញប័ណ្ណចំនួន ៩២ ០០០)។ តាមសេចក្តីរាយការណ៍មក ក្រសួងការងារបានផ្តល់ការពន្យល់ណែនាំមុនពេលចេញដំណើរដល់ប្រជាជនកម្ពុជាចំនួន ៤៨ ០០០ នាក់ ដែលធ្វើចំណាកស្រុកទៅបរទេស ដើម្បីរកការងារធ្វើ (៦៩ ០០០ ក្នុងឆ្នាំ ២០១៨)។ ប៉ុន្តែ តាមសេចក្តីរាយការណ៍មក ប្រជាជនកម្ពុជាជាច្រើន មិនដឹងពីវិធីដាក់ពាក្យសុំឯកសារធ្វើដំណើរ ឬថាវាអស់ថ្លៃប៉ុន្មានទេ ដែលជាការធ្វើឲ្យគេប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដោយធ្វើដំណើរតាមមធ្យោបាយដែលធ្វើឲ្យគេងាយរងគ្រោះ។ រដ្ឋាភិបាល មិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មាននេះទេ។ ក្រសួងការបរទេស បានបន្តអនុវត្តវិធានការត្រួតពិនិត្យផ្នែកកុងស៊ុល ដើម្បីកាត់បន្ថយការជួញដូរផ្លូវភេទ និងការជួញដូរពលកម្ម លើស្រ្តីកម្ពុជា តាមរយៈការរៀបការដោយបង្ខំ និងដោយបោកបញ្ឆោត ដោយរួមមានការពិនិត្យវាយតម្លៃអ្នកដាក់ពាក្យសុំ ដោយផ្ទៀងផ្ទាត់ជាមួយប្រវត្តិរូបរបស់ជនរងគ្រោះដោយការជួញដូរ ដែលត្រូវបានរៀបចំឡើងរួមគ្នាជាមួយប្រទេសចិន នៅឆ្នាំ ២០១៦។ តែក្រសួងការបរទេសមិនបានរាយការណ៍ថា បានបញ្ជូនមនុស្សដែលអាចជាជនរងគ្រោះទាំងនោះ ទៅសមត្ថកិច្ច ឬឲ្យទទួលសេវាការពារទេ។ រដ្ឋាភិបាលបានបន្តអនុវត្តបទបញ្ជាដែលត្រូវបានចេញឆ្នាំ ២០១៨ ដែលតម្រូវឲ្យបុរសបរទេសបង់លុយ បើគេចង់ត្រឡប់ទៅមាតុភូមិវិញជាមួយប្រពន្ធខ្មែរ។ ដោយសារបទបញ្ជានេះប្រើតែសម្រាប់ការធ្វើដំណើរតាមយន្តហោះ គេបាននិយាយថាមានកំណើននៃស្រ្តីខ្មែរ ដែលធ្វើដំណើរតាមផ្លូវគោកដែលមិនធានាសុវត្ថិភាព នៅក្នុងដំណើរធ្វើចំណាកស្រុកទៅរៀបការនៅប្រទេសចិន។ រដ្ឋាភិបាលបន្តចុះកិច្ចព្រមព្រៀងចំនួន ២ ស្តីពីការជ្រើសរើសពលករ ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត កិច្ចព្រមព្រៀងស្តីពីការជ្រើសរើសអ្នកបម្រើការនៅតាមផ្ទះ ជាមួយក្រុងហុងកុង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសឥណ្ឌា។
បន្ទាប់ពីមានការចាប់អារម្មណ៍ច្រើនលើការរំលោភទាក់ទងនឹងពលកម្ម នៅតាមកន្លែងឡឥដ្ឋ គេបាននិយាយមកថា អាជ្ញាធរបានបង្កើនការខិតខំស្វែងរកការទទួលខុសត្រូវ ហើយបានធ្វើអន្តរាគមន៍ក្នុងរឿងបំពាននៅតាមកន្លែងការងារឡឥដ្ឋ។ តំណាងសមត្ថកិច្ចអន្តរជាតិ បានកត់សម្គាល់ឃើញថា នគរបាលខ្លះ អាចចេញសេចក្តីនាំខ្លួនមកតុលាការចំពោះបទរំលោភជាក់ស្តែងក្នុងការងារ។ តែ អង្គការមិនមែនរដ្ឋាភិបាលបានអះអាងថា នគរបាលច្រើនតែមិនដឹងថា ការតាមដានរកមើលបទល្មើសនៅតាមឡឥដ្ឋស្ថិតនៅក្រោមដែនទទួលខុសត្រូវនៃផ្នែកស៊ើបអង្កេតរបស់គេទេ។ អ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញលក្ខខណ្ឌទាមទារស្មុគស្មាញក្នុងការចុះបញ្ជី ហើយភាពជិតស្និទ្ធនៃមន្រ្តីរដ្ឋាភិបាលជាមួយនិយោជកខ្លះបានធ្វើឲ្យរាំងស្ទះដល់ការចុះរបស់អ្នកធ្វើអធិការកិច្ច នៅតាមឡឥដ្ឋក្បឿង ហើយបានរារាំងកម្មករឡឥដ្ឋ ក្នុងការបង្កើតអង្គការដែលធ្វើការដើម្បីសិទ្ធិរបស់ពួកគេ។ អាជ្ញាធរច្រើនតែធ្វើការត្រួតពិនិត្យដោយប្រាប់ជាមុនដល់ម្ចាស់ឡអិដ្ឋ ដែលជាការនាំឲ្យគេអាចលាក់បាំងការរំលោភបំពាន។ នៅក្នុងករណីដែលមានគេដឹងច្រើន ដែលក្នុងនោះ កុមារម្នាក់រងរបួសធ្ងន់នៅក្នុងក្នុងការងារ នៅកន្លែងឡឥដ្ឋ អាជ្ញាធរបានប្រកាសថា គេបានផាក និងដាក់ពន្ធនាគារចំពោះម្ចាស់កន្លែងនោះ ហើយបានបិទកន្លែងនោះជាអចិន្រ្តៃយ៍។ ផ្ទុយទៅវិញ ខាងសហជីពបានអះអាងថា ម្ចាស់កន្លែងនោះមិនបានទទួលរងផលវិបាកអ្វីទេ ហើយឡឥដ្ឋនោះនៅដំណើរការជាធម្មតា។ រដ្ឋាភិបាលថែមទាំងបាននិយាយថា បានធ្វើជំរឿនលើឡឥដ្ឋ ដែលកំពុងដំណើរការទាំង ៤៨៦ ដែលគេស្គាល់នៅក្នុងប្រទេស នៅក្នុងអ្វីដែលគេចង់បង្ហាញថា ជាការខិតខំដើម្បីតាមដាន និងចេញការផាកពិន័យ ចំពោះបទល្មើសពលកម្មកុមារ តែជំរឿននោះ «មិនបានរកឃើញភស្តុតាង» នៃទោសកំហុសទេ ដែលជាការធ្វើឲ្យគេមានការសង្ស័យលើភាពត្រឹមត្រូវ និងយកជាការបាននៃជំរឿននោះ។ ជាការឆ្លើយតបនឹងរឿងដែលមនុស្សក្នុងស្រុករងភាពងាយរងគ្រោះកាន់តែច្រើនឡើង ជុំវិញកាស៊ីណូថ្មីៗ និងសហគ្រាសពាណិជ្ជកម្មដទៃទៀតរបស់ចិន នៅខេត្តព្រះសីហនុ រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសអន្តរក្រសួង ដើម្បីស៊ើបអង្កេតការចោទប្រកាន់លើការលាងលុយកខ្វក់ និងការជួញដូរមនុស្ស តែក្រុមពិសេសនេះមិនបានចេញរបាយការណ៍ ស្តីពីការរកឃើញរបស់ខ្លួនទេ នៅអំឡុងពេលបញ្ចប់នៃរបាយការណ៍នេះ។
ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលាសម្រាប់បុគ្គលិកសណ្ឋាគារ និងមន្រ្តីរដ្ឋាភិបាល ស្តីពីការកាត់បន្ថយតម្រូវការលើសកម្មភាពជួញដូរផ្លូវភេទ ដើម្បីការការពារកុំឲ្យមានការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅក្នុងផ្នែកបដិសណ្ឋារកិច្ច ហើយបានធ្វើជាដៃគូជាមួយ គជបជ នៅក្នុងការបន្តផលិតផ្ទាំងប៉ាណូ ស្លាកសញ្ញា ផ្ទាំងរូប ខិតប័ណ្ណ និងឯកសារដទៃទៀត ដៅលើមនុស្សដែលអាចពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ តែដូចនៅក្នុងឆ្នាំមុនៗដែរ ជាទូទៅ រដ្ឋាភិបាលផ្តោតសំខាន់លើការរារាំងទេសចរណ៍ផ្លូវភេទលើកុមារ ជាជាងលើយុទ្ធនាការដៅលើមនុស្សនៅក្នុងស្រុកដែលជាប្រភពធំជាងគេនៃតម្រូវការលើការជួញដូរផ្លូវភេទលើកុមារ នៅកម្ពុជា។ អាជ្ញាធរ បានរាយការណ៍មកថា បានចាប់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៥ នាក់ដែលត្រូវបានសង្ស័យថា បានធ្វើទេសចរណ៍ផ្លូវភេទលើកុមារ (៨ នាក់នៅឆ្នាំ ២០១៨ និង ៥ នាក់នៅឆ្នាំ ២០១៧ និង ១២ នាក់នៅឆ្នាំ ២០១៦) តែមិនបានរាយការណ៍ថា គេបានផ្តួចផ្តើមធ្វើការកាត់ទោស លើជនណាមួយនៅក្នុងករណីទាំងនេះ ឬយ៉ាងណានោះទេ។ អ្នកជំនាញនៅក្នុងស្រុកបានបង្ហាញកង្វល់ លើការខកខានជាបន្តរបស់រដ្ឋាភិបាលក្នុងការដាក់ទណ្ឌកម្មឲ្យបានសមស្រប លើជនបរទេសដែលទិញកុមារមករួមភេទក្នុងអំពើជួញដូរផ្លូវភេទ។
លក្ខណៈទូទៅនៃការជួញដូរ
ដូចដែលបានរាយការណ៍នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ជនល្មើសក្នុងការជួញដូរ ធ្វើការជួញដូរពលកម្ម និងជួញដូរផ្លូវភេទលើបុរស នារី និងកុមារកម្ពុជា នៅក្នុងប្រទេស និងនៅបរទេស។ គេថែមទាំងជួញដូរជនរងគ្រោះមកពីប្រទេសដទៃផងដែរ នៅកម្ពុជាហើយគេប្រើប្រទេសកម្ពុជាធ្វើជាប្រទេសឆ្លងកាត់សម្រាប់ជួញដូរជនរងគ្រោះពីប្រទេសដទៃ ទៅកាន់កន្លែងផ្សេងទៀតនៅអាស៊ី។ ប្រជាជនកម្ពុជាពេញវ័យនិងកុមារកម្ពុជាធ្វើចំណាកស្រុកទៅប្រទេសដទៃទៀត នៅក្នុងតំបន់ហើយក្នុងចំនួនកាន់តែច្រើនឡើងទៅមជ្ឈឹមបូព៌ា ដើម្បីរកការងារធ្វើ។ ជនប្រព្រឹត្តិការជួញដូរ បង្ខំឲ្យពួកគេជាច្រើនធ្វើការក្នុងទូកនេសាទ ក្នុងវិស័យកសិកម្ម តាមការដ្ឋានសំណង់នៅតាមរោងចក្របម្រើនៅក្នុងផ្ទះដូចជាទាសករដោយភាគច្រើន ដោយសារការជាប់ទាសភាពបំណុល ឬត្រូវបានជួញដូរផ្លូវភេទ។ អ្នកធ្វើចំណាកស្រុកដែលប្រើមធ្យោបាយធ្វើចំណាកស្រុកមិនធម្មតា ដោយជាញឹកញាប់មានការជួយពីមេខ្យល់ ដែលគ្មានច្បាប់អនុញ្ញាតងាយរងគ្រោះដោយការជួញដូរ ថ្វីបើអ្នកដែលប្រើក្រុមហ៊ុនមានច្បាប់អនុញ្ញាតក៏អាចក្លាយជាអ្នករងគ្រោះដោយការបង្ខំឲ្យធ្វើពលកម្មឬការជួញដូរផ្លូវភេទដែរ។ ក្រុមហ៊ុនដែលធ្វើសកម្មភាពក្រោម “កម្មវិធីបណ្តុះបណ្តាលអ្នកហាត់ការ” របស់រដ្ឋាភិបាលជប៉ុន បានកេងប្រវ័ញ្ចអ្នកធ្វើការកម្ពុជា ដោយបង្ខំឲ្យធ្វើការនៅក្នុងការងារកែច្នៃម្ហូបអាហារ កម្មន្តសាល សំណង់ និងការនេសាទ។ កុមារនៅក្នុងគ្រួសារក្រីក្រងាយរងគ្រោះខ្លាំងដោយការបង្ខំធ្វើពលកម្មជាញឹកញាប់ ដោយមានការត្រូវរ៉ូវជាមួយគ្រួសាររបស់គេរួមមានការបង្ខំឲ្យធ្វើជាឈ្នួលបម្រើតាមផ្ទះ និងត្រូវបានបង្ខំឲ្យដើរសុំទាន ឬដើរលក់របស់នៅតាមផ្លូវនៅប្រទេសថៃ និងប្រទេសវៀតណាម។ ពលករចំណាកស្រុកខ្មែរដែលគ្មានឯកសារ ហើយធ្វើការនៅប្រទេសថៃ ដែលមានចំនួនយ៉ាងតិច ២០% នៃប្រជាជនកម្ពុជាចំនួនជិត ២ លាននាក់នៅប្រទេសថៃ ងាយរងគ្រោះនឹងការជួញដូរ ដោយសារការស្នាក់នៅខុសច្បាប់ ក៏ដូចជាប្រជាជនកម្ពុជា ដែលត្រូវបានបណ្តេញចេញពីប្រទេសវៀតណាមដែរ។ ការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយអង្គការអន្តរជាតិមួយ កាលពីឆ្នាំ ២០១៧ បានរកឃើញថា ប្រហែលជិត ៣ ភាគ ៤ នៃប្រជាជនកម្ពុជាទាំងអស់ ដែលធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃ ទៅតាមផ្លូវមិនធម្មតា ដែលគេដឹងថា ធ្វើឲ្យគេងាយរងគ្រោះនឹងការជួញដូរ។ លើសពីនេះទៀត មានតែ ១៤% នៃប្រជាជនកម្ពុជា ដែលធ្វើចំណាកស្រុកទៅប្រទេសថៃ តាមមធ្យោបាយត្រឹមត្រូវ បានចូលរួមក្នុងវគ្គប្រជុំណែនាំមុនពេលចេញដំណើរ ដែលក្នុងនោះ ពួកគេត្រូវបានប្រាប់ពីសិទ្ធិ និងការការពារសម្រាប់ពួកគេ។
ជនល្មើសបន្តជ្រើសរើសកុមារា និងបុរសកម្ពុជាក្នុងចំនួនច្រើន នៅក្នុងប្រទេសថៃ ឲ្យធ្វើការនៅក្នុងទូកនេសាទរបស់ថៃ នៅក្នុងសមុទ្រអន្តរជាតិ។ ជនរងគ្រោះខ្មែរដែលបានគេចចេញពីជនល្មើសត្រូវបានគេរកឃើញនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្តូនេស៊ី Mauritius ហ្វីជី សេណេហ្កាល់ អាហ្វ្រិកខាងត្បូង និងប្រទេស Papua New Guinea។ បុរសខ្មែរនៅលើទូកនេសាទថៃ បាននិយាយពីវិធីជ្រើសរើសមនុស្សឲ្យធ្វើការដោយការបោកបញ្ឆោត ការធ្វើបាបយ៉ាងខ្លាំង ការឲ្យថ្លៃឈ្នួលមិនគ្រប់ឬមិនឲ្យប្រាក់ឈ្នួល ការមិនសូវទទួលបានការថែទាំជំងឺ និងការបង្ខាំងឲ្យនៅតែលើទូករាប់ឆ្នាំ។ នារីនៅតាមជនបទក្នុងចំនួនច្រើន ត្រូវបានគេទាក់ទងក្រោមលេសកុហកឲ្យរៀបការជាមួយបុរសចិន ។ ពួកគេច្រើនតែជាប់បំណុលរាប់ពាន់ដុល្លារទៅមេខ្យល់ ដែលជួយរត់ការក្នុងការបានរៀបការនេះ។ បុរសចិនបង្ខំឲ្យពួកគេខ្លះធ្វើការនៅក្នុងរោងចក្រ ឬបង្ខំឲ្យធ្វើជាស្រីពេស្យា ដើម្បីដោះបំណុលនេះ។ ស្រ្តីខ្មែរដែលសុខចិត្តពរពោះឲ្យគ្រួសារចិន ងាយរងនឹងការចាប់ឃុំឲ្យនៅមួយកន្លែង និងបម្រើនៅក្នុងផ្ទះដូចជាទាសករ។ មនុស្សគ្មានរដ្ឋ ពោលគឺក្រុមអាណិកជនវៀតណាម ងាយប្រឈមនឹងការជួញដូរ ដោយសារគេខ្វះឯកសារកំណត់អត្តសញ្ញាណចាំបាច់ សម្រាប់ទទួលបានការងារត្រឹមត្រូវ ការសិក្សា ការចុះបញ្ជីអាពាហ៍ពិពាហ៍ ការកាត់ក្តីក្នុងតុលាការ ឬសិទ្ធិលើកម្មសិទ្ធិដីធ្លី។
ម្ចាស់ឡឥដ្ឋធ្វើឲ្យបុរស នារី និងកុមារយ៉ាងហោចណាស់ចំនួន ១០ ០០០ នាក់ ដែលក្នុងនោះមានកុមារជិត ៤០០០ នាក់ឲ្យស្ថិតនៅក្រោមការបង្ខិតបង្ខំតគ្នា ដោយសារបំណុល ដោយសារគេទិញបំណុលដែលអ្នកទាំងនោះជំពាក់ស្រាប់ ឬដោយសារតម្រូវឲ្យគេខ្ចីបំណុលថ្មីធ្វើជាលក្ខខណ្ឌឲ្យទទួលបានការងារធ្វើ ឬដើម្បីបំពេញការចំណាយដោយសាររងរបួស នៅក្នុងពេលធ្វើការ។ ការសិក្សាមួយរបស់អង្គការ ដែលត្រូវបានធ្វើនៅក្នុងឆ្នាំ ២០១៧ បានរកឃើញថា ជិត ១០០% នៃកន្លែងឡឥដ្ឋដែលត្រូវបានអង្កេតទៅលើ នៅទូទាំងប្រទេស មានសូចនាករនៃការបង្ខំឲ្យធ្វើការ តាមរយៈការបង្ខិតបង្ខំក្រោមបំណុល។ បណ្តាញនៃអ្នកផ្តល់កម្ចីឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលគាបយកការប្រាក់ខ្ពស់ ហើយដែលមានច្រើន ហើយមិនសូវស្ថិតនៅក្រោមច្បាប់គ្រប់គ្រង មានចំណែកធ្វើឲ្យមានស្ថានភាពបែបនេះ ដោយដើរប្រកាសពីការឲ្យកម្ចីដល់គ្រួសារ នៅតាមសហគមន៍ខ្សត់ខ្សោយ ហើយភ្ជាប់ពួកគេទៅនឹងកន្លែងឡឥដ្ឋ។ គ្រួសារកសិករនៅតាមជនបទ ប្រឈមខ្លាំងនឹងទម្រង់នៃពលកម្មដោយបង្ខំបែបនេះ ដោយសារសេដ្ឋកិច្ចគ្រួសារមានការលំបាក បន្ទាប់ពីមានបម្រែបម្រួលអាកាសធាតុ ទឹកភ្លៀងធ្លាក់មិនទៀងទាត់ ហើយនិងការខូចដំណាំ បានជំរុញឲ្យកសិករជាច្រើនខ្ចីបុលទាំងនេះ សម្រាប់ការស្រោចស្រព ឬទិញថ្នាំសម្លាប់សត្វល្អិត។ ម្ចាស់ឡឥដ្ឋ ច្រើនទិញបំណុលទាំងនេះដើម្បីឲ្យពួកគេមកធ្វើការឲ្យខ្លួន។ រដូវវស្សាវែង ពន្យារដំណើរការហាលឥដ្ឋ ដែលជាការបន្ថយប្រាក់បៀវត្សរ៍របស់កម្មករឡឥដ្ឋដែលនៅជាប់បំណុល ហើយរឹតតែជំរុញឲ្យកម្មករទាំងនោះជំពាក់ថៅកែកាន់តែច្រើនឡើង។ ដើម្បីកុំឲ្យកម្មករចេញពីកន្លែងបង្ខំឲ្យធ្វើការរបស់គេ ថៅកែឡខ្លះ តាមសេចក្តីរាយការណ៍មកថា អនុញ្ញាតតែសមាជិកខ្លះក្នុងគ្រួសារឈប់សម្រាក នៅថ្ងៃបុណ្យ ឬទៅមើលជំងឺនៅពេលណាមួយ។ កម្មករខ្លះបាននិយាយពីការបន្តរងការឃុំខ្លួន ឬការបង្ខំធ្វើការ នៅកន្លែងឡឥដ្ឋ ទោះបីជាគេបានសងបំណុលយូរហើយមកហើយក៏ដោយ។ គ្រួសារខ្មែរ ថែមទាំងជួបប្រទះនឹងស្ថានភាពនៃការបង្ខំឲ្យធ្វើពលកម្មដែរ នៅកន្លែងយកដីឥដ្ឋសម្រាប់ធ្វើឥដ្ឋ។ ជនប្រព្រឹត្តការជួញដូរថែមទាំងដាក់ឲ្យកុមារអាយុត្រឹម ១៣ ឆ្នាំ នៅបម្រើដូចជាទាសករ ហើយធ្វើការនៅក្បែរច្រាំង ឬក្នុងទូកនេសាទសមុទ្រ នៅតាមហាងខារ៉ាអូខេ និងនៅតាមចំការដំឡូង ដើម្បីសងបំណុលរបស់គ្រួសារដែលជាប់តាមរយៈទង្វើទាំងនេះ។ សហគមន៍ដែលត្រូវធ្វើការផ្លាស់ទីលំនៅដោយសារការកាប់ឈើខុសច្បាប់ ដើម្បីផ្តត់ផ្គង់ឡឥដ្ឋដែលត្រូវការឈើដុតឡ ប្រហែលប្រឈមខ្លាំងនឹងការជួញដូរមនុស្ស ដោយរួមមាននៅក្នុងការកាប់ឈើតែម្តង និងនៅកន្លែងផ្សេងទៀត ដោយសារការលំបាកក្នុងជីវភាព ក្នុងស្ថានភាពនេះ។ នៅក្នុងឆ្នាំមុនៗ ជនជាតិកូរ៉េខាងជើងដែលធ្វើការនៅកម្ពុជា ប្រហែលរងការបង្ខំឲ្យធ្វើការដោយរដ្ឋាភិបាលកូរ៉េខាងជើង។ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ ២០១៧ ដែលតម្រូវឲ្យធ្វើមាតុភូមិនិវត្តន៍នៃជនជាតិកូរ៉េខាងជើងដែលរកប្រាក់នៅបរទេស ឲ្យបានអស់នៅដំណាច់ឆ្នាំ ២០១៩ ដោយមានការលើកលែងដោយមានកំណត់ រដ្ឋាភិបាល តាមសេចក្តីរាយការណ៍មក បានបញ្ជូនត្រឡប់ទៅកូរ៉េខាងជើងវិញ នូវពលករចំណាកស្រុកកូរ៉េខាងជើងទាំងអស់ នៅក្រោមបទបញ្ញត្តិដែលមានការពាក់ព័ន្ធ។
ខេត្តក្រុងទាំង ២៥ របស់ប្រទេសកម្ពុជាគឺជាប្រភពនៃការជួញដូរមនុស្ស។ ការជួញដូរផ្លូវភេទច្រើនតែមានការលាក់បាំង។ កុមារីនិងស្រ្តីខ្មែរ និងកុមារីនិងស្រ្តីអាណិកជនវៀតណាមចេញពីតំបន់ជនបទ ទៅកាន់ទីក្រុង និងគោលដៅទេសចរណ៍ ជាទីដែលជនល្មើសជួញដូរផ្លូវភេទលើពួកគេទៅផ្ទះបន ហើយជាញឹកញាប់ នៅតាមកន្លែងផ្តល់សេវាផ្លូវភេទលាក់កំបាំង នៅតាមបៀរហ្គាដិន ហាងម៉ាស្សា ហាងខារ៉ាអូខេ កន្លែងលក់រាយ និងកន្លែងមិនមែនពាណិជ្ជកម្ម។ នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ វត្តមានដែលមានកំណើនយ៉ាងលឿន និងជាទូទៅ គ្មានច្បាប់គ្រប់គ្រង នៃកាស៊ីណូ កន្លែងកំសាន្ត និងសហគ្រាសពាណិជ្ជកម្មដទៃទៀតរបស់ចិន នៅខេត្តព្រះសីហនុ បាននាំឲ្យមានកំណើននៃការជួញដូរផ្លូវភេទនៅក្នុងស្រុក និងការបង្ខំឲ្យធ្វើពលកម្ម នៅក្នុងចំណោមស្រ្តី និងកុមារីកម្ពុជា។ បុរសខ្មែរនៅក្នុងស្រុក គឺជាប្រភពសំខាន់នៃតម្រូវការលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តែបុរសមកពីតំបន់ផ្សេងទៀត នៅអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្តាលី និងអាហ្វ្រិកខាងត្បូង ធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីធ្វើទេសចរណ៍ផ្លូវភេទលើកុមារ ដែលសម្រួលបន្ថែមដោយការទាក់ទងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ កុមាររាប់ពាន់នាក់ នៅតំបន់ក្រុង ដែលត្រូវបានគ្រួសារទុកចោល នៅពេលគេចេញទៅធ្វើការនៅបរទេស ងាយរងគ្រោះដោយការជួញដូរផ្លូវភេទ និងការបង្ខំឲ្យធ្វើពលកម្ម។ ស្រ្តីនិងកុមារវៀតណាម ដែលភាគច្រើនជាជនរងគ្រោះដោយការបង្ខិតបង្ខំដោយសារការជំពាក់គេ ធ្វើដំណើរមកប្រទេសកម្ពុជា ហើយរងគ្រោះដោយការជួញដូរផ្លូវភេទ។ អង្គការបានរាយការណ៍ពីជនល្មើស ដឹកជញ្ជូនជនរងគ្រោះវៀតណាម ឆ្លងកាត់ប្រទេសកម្ពុជា មុនពេលរងការកេងប្រវ័ញ្ច នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ ជនល្មើសនៅកម្ពុជាច្រើនតែជាសមាជិកគ្រួសារ ឬសមាជិកសហគមន៍ ឬជាបណ្តាញតូចៗនៃឈ្មួញកណ្តាលមកពីក្រៅ។ មជ្ឈមណ្ឌលកុមារកំព្រាកម្ពុជាខ្លះ ទិញកុមារក្នុងមូលដ្ឋាន ពីគ្រួសារដែលមានភាពខ្សត់ខ្សោយ ហើយឲ្យគេរស់នៅដោយគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងគ្មានអនាម័យនៅក្នុងមជ្ឈមណ្ឌល ដើម្បីទាក់ទាញ និងទទួលផលចំណេញពីអំណោយសប្បុរស។ កុមារទាំងនេះខ្លះប្រឈមនឹងការជួញដូរផ្លូវភេទ និងការដាក់ឲ្យបម្រើការងារក្នុងផ្ទះដូចទាសករ ដោយសារខ្វះការត្រួតមើលរបស់រដ្ឋាភិបាល លើដំណើរការសុំកូនចិញ្ចឹម។ អំពើពុករលួយយ៉ាងរាលដាលជួយជំរុញបទល្មើសជួញដូរ។ តាមសេចក្តីរាយការណ៍មក នគរបាលបានសុំទិញការរួមភេទជាមួយកុមារ។ មន្រ្តីពុករលួយសម្រួលការជួញដូរឆ្លងកាត់ព្រំដែន រារាំងដំណើរជឿនលឿនទៅមុខក្នុងការស៊ើបអង្កេត និង ការកាត់ទោស ហើយក្នុងករណីខ្លះ ទទួលបានផលចំណេញដោយផ្ទាល់ពីកន្លែងដែលត្រូវបានសង្ស័យថា ធ្វើការជួញដូរ៕