របាយការណ៍ស្តីពីសេរីភាពសាសនាអន្តរជាតិ ឆ្នាំ ២០២០ : កម្ពុជា

សេចក្តីសង្ខេបរួម

រដ្ឋធម្មនុញ្ញចែងថា ពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយត្រូវបានលើកកម្ពស់តាមរយៈការមានថ្ងៃបុណ្យ ការបណ្តុះបណ្តាលបែបសាសនា ការបង្រៀនពីព្រះពុទ្ធសាសនានៅតាមសាលារដ្ឋ និងការផ្តល់ថវិកាដល់ស្ថាប័នពុទ្ធសាសនា។ ច្បាប់ចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាសេរីភាព​នេះមិនជ្រៀតជ្រែកជំនឿសាសនារបស់អ្នកដទៃ ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ច្បាប់មិនអនុញ្ញាតិឲ្យនិកាយដែលមិនមែនជាព្រះពុទ្ធសាសនា ធ្វើការទទួលអ្នកដូរសាសនាជាសាធារណៈទេ។ រដ្ឋាភិបាលនៅតែមិនព្រមអនុញ្ញាតឱ្យការិយាល័យ​នៃឧត្តមស្នងការទទួលបន្ទុកជនភៀស​ខ្លួន​របស់អង្គការសហប្រជាជាតិ (UNHCR) ទទួលយកជាអចិន្រ្តៃយ៍ នូវក្រុមម៉ុងតាញ៉ាមួយក្រុមដែលកាន់សាសនាគ្រឹះមកពីប្រទេសវៀតណាម ហើយដែលបានមកប្រទសកម្ពុជា ដើម្បីសុំសិទ្ធិជ្រកកោនទេ។ ក្រុមសង្គមស៊ីវិល និងមេដឹកនាំសាសនាខ្លះបានលើកឡើងនូវអ្វីដែលគេនិយាយថា កំណើន​នៃការើសអើងផ្នែកសាសនា នៅក្នុងអំឡុងពេល​នៃការរាតត្បាត​នៃមេរោគកូវីដ១៩ ហើយនិយាយថា មួយផ្នែកគឺបណ្តាលមកពីគោលនយោបាយរយៈពេលខ្លី របស់រដ្ឋាភិបាល ក្នុងការញែកឲ្យដាច់ពីគ្នា នូវអ្នកកាន់សាសនាអ៊ីស្លាម និងអ្នកមិនកាន់សាសនាអ៊ីស្លាម នៅក្នុងស្ថិតិផ្លូវការ​នៃការឆ្លងមេរោគកូវីដ១៩។ នៅខែតុលា អាជ្ញាធរចេញបទបញ្ជាដែលតម្រូវឲ្យបុព្វជនព្រះពុទ្ធសាសនាត្រូវមានប័ណ្ណកម្មសិទ្ធិដីសម្រាប់វត្ត ហើយបានផ្អាកជាបណ្តោះអាសន្ន​នូវការដាក់ពាក្យថ្មី សម្រាប់បង្កើតព្រះវិហារគ្រឹះសាសនា។ អាជ្ញាធរថែមទាំងបាននិយាយថា ខ្លួនកំពុងកែប្រែនីតិវិធីចុះបញ្ជី ហើយបង្កើតដំណើរការថ្មីមួយ ក្នុងការចុះបញ្ជីវិហារគ្រឹះដែលមានស្រាប់។​

សារព័ត៌មានបានរាយការណ៍ថា អ្នកភូមិបានសម្លាប់បុរសម្នាក់ ដោយគេសង្ស័យថា បានធ្វើធ្មប់ ដោយសារគេមានជំនឿលើអារក្សអ្នកតា។ មានសេចក្តីរាយការណ៍​តាមប្រព័ន្ធផ្សព្វផ្សាយថា ក្រុមអ្នកកាន់សាសនាព្រះពុទ្ធនៅតែចាត់ទុកក្រុមចាមកាន់សាសនាអ៊ីស្លាម និងក្រុមជនជាតិភាគតិចដទៃទៀតដោយក្តីសង្ស័យថាចេះធ្វើធ្មប់។

ឯកអគ្គរដ្ឋទូតអាមេរិក និងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកតែងតែលើកឡើងពីសេរីភាពសាសនា និងភាពអត់ឱនផ្នែកសាសនា ជាមួយតំណាង​នៃក្រសួងធម្មការ និងសាសនា និងមន្រ្តីដទៃទៀត​នៃរដ្ឋាភិបាល ដោយរួមទាំងជំរុញឲ្យអាជ្ញាធរអនុញ្ញាតឲ្យអ្នកស្រុកភ្នំមកពីវៀតណាមដែលកាន់សាសនាគ្រឹះអាចតាំងទីលំនៅអចិន្រ្តៃយ៍​ នៅកម្ពុជា ហើយកុំយកជំងឺរាតត្បាតកូវីដ១៩ ធ្វើជាមូលដ្ឋានសម្រាប់ការរើសអើងទៅលើក្រុមសាសនានានា។ ស្ថានទូតអាមេរិកបានបញ្ជាក់ពីសារសំខាន់​នៃការទទួលយកភាពចម្រុះ​នៃសាសនា ទៅកាន់មេដឹកនាំនៃក្រុមសាសនាព្រះពុទ្ធ សាសនាគ្រឹះ និងសាសនាអ៊ីស្លាម ដោយបញ្ជាក់ពីសារសំខាន់​នៃភាពអត់ឱនរវាងសាសនានានា នៅក្នុងសង្គមប្រជាធិបតេយ្យ។ សកម្មវិធីខ្លះ​របស់ស្ថានទូតបានបន្តផ្តោតលើការអភិរក្សនៃទីតាំងវប្បធម៌​សាសនា។

ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា

តាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រជាជនកម្ពុជាមានចំនួនសរុបចំនួន ១៦, លាននាក់ (ចំនួនប៉ាន់ប្រមាណ​នៅពាក់កណ្តាលឆ្នាំ ២០២០)។ បើយោងតាមក្រសួងធម្មការ​ និងសាសនា ប្រហែល ៩៥% នៃប្រជាជនកម្ពុជាកាន់ព្រះពុទ្ធសាសនា ហើយកាន់ពុទ្ធសាសនាហិនយាន  ចំនួន ៥%ទៀតគឺជាអ្នកកាន់សាសនាគ្រឹះ អ៊ីស្លាម ជំនឿលើអារក្សអ្នកតា សាសនា Bah’is សាសនាជីហ្វ និងសាសនា Cao Dai ។ តាមប្រពៃណី អាណិកជនវៀតណាមកាន់ព្រះពុទ្ធសាសនាមហាយាន តែមានច្រើនបានបែរមកកាន់ពុទ្ធសាសនាហិនយានវិញ។ អាណិកជនវៀតណាមដទៃទៀត​កាន់សាសនារ៉ូម៉ង់កាតូលិក ហើយក្រុមនេះជាក្រុមធំជាងគេ ដែលកាន់សាសនាកាតូលិក​នៅកម្ពុជា។ អ្នកកាន់សាសនាកាតូលិកមានចំនួន ០,៤% នៃប្រជាជនសរុប។ ការវាយតម្លៃ​របស់អង្គការមិនមែនរដ្ឋាភិបាល លើអ្នកកាន់សាសនាប្រូតេស្តង់ រួមទាំងអ្នកកាន់សាសនាគ្រឹះ Evangelical ផង ឃើញថា មានចំនួនខុសៗគ្នា តែឃើញថា ចំនួនគឺតិចជាង ២%​ នៃប្រជាជនសរុប។

យោងតាមការប៉ាន់​ប្រមាណ​របស់រដ្ឋាភិបាល អ្នកកាន់សាសនាអ៊ីស្លាមមានចំនួនប្រមាណពី ២,១% នៃប្រជាជនទាំងអស់ តែអង្គការមិនមែនរដ្ឋាភិបាលខ្លះប៉ាន់ប្រមាណថា អាចមានចំនួនពី ៤% ទៅ ៥%។  ​ក្នុងចំណោមនេះ ​ភាគ​ច្រើនលើស​លុប​គឺចាម ថ្វីបើមិនមែនគ្រប់ចាមទាំងអស់កាន់សាសនាអ៊ីស្លាមទេ។ ចាម​ច្រើនរស់នៅ​តាមទីប្រជុំជន និងភូមិ​នេសាទ​តាមជន​បទ តាម​មាត់បឹងទន្លេសាប​និងទន្លេ​មេគង្គ និងក្នុង​ខេត្ដកំពត ។​ នៅកម្ពុជា ​សាសនា​អ៊ីស្លាម​មាន​បួនសាខា គឺសាខា​ Shafi​ ដែលប្រតិបត្តិដោយអ៊ីស្លាមសាសនិក​រហូតដល់ ៩០% ។ ចំណែកសាខាដទៃទៀត​មានសាខា Salafi,  Wahhabi និង Ahmadi។ មួយចំណែក​នៃសហគមន៍​ចាមក៏កាន់ផងដែរ នូវនិកាយដើមនៃអ៊ីស្លាម គឺ Iman-San ដោយរួមជាមួយនឹងការប្រតិបត្តិតាមប្រពៃណីនៃអ៊ីស្លាម Sunni 

ជនជាតិព្នងមានចំនួនប្រមាណ ០,២៨% ដែលភាគច្រើនជឿលើអារក្សអ្នកតា។ ចំនួនប្រហែល ០,២៥%​ទៀតជាក្រុមអ្នកកាន់សាសនា Baha’i Faith ជ្វីហ្វ  និង Cao Dai 

ផ្នែកទី ២ស្ថានភាព​នៃការគោរពរបស់រដ្ឋាភិបាលចំពោះសេរីភាពសាសនា
ក្របខ័ណ្ឌច្បាប់

​​​​            រដ្ឋធម្មនុញ្ញចែងពីសេរីភាពនៃជំនឿ និងការប្រតិបត្តិសាសនា ដរាបណាវាមិនជ្រៀតជ្រែកជំនឿ សាសនាដទៃទៀត ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋធម្មនុញ្ញកំណត់ថា ពុទ្ធសាសនាគឺជាសាសនា​របស់​រដ្ឋ ហើយចែងពីការឱ្យរដ្ឋផ្តល់ការគាំពារចំពោះការអប់រំតាមព្រះពុទ្ធសាសនា ហើយហាមប្រាមការរើសអើង​ខាង​សាសនា។ ច្បាប់ហាមប្រាម​ក្រុម​សាស​នានានា​មិនឱ្យរិះគន់ដោយចំហលើក្រុម​សាសនា​ដទៃទៀត តែមិនបានបញ្ជាក់លម្អិតពីផលវិបាកចំពោះការរំលោភ​លើការហាមប្រាម​នេះទេ។ ច្បាប់ហាមប្រាមអង្គការសាសនា​មិនឱ្យរៀបចំពិធី  ធ្វើការប្រមូលផ្តុំ ប្រជុំ និងបើកវគ្គរៀនសូត្រ ដែល​ផ្តោតលើនយោបាយទេ។

            ច្បាប់តំរូវឱ្យក្រុមអ្នកកាន់សាសនា​ទាំង​អស់ រួម​ទាំងក្រុម​ពុទ្ធ​សាសនិក​ផង ឱ្យចុះបញ្ជីការជាមួយ ក្រសួង​ធម្មការ​និងសាសនា។ ច្បាប់កំណត់ថា ក្រុមនានាត្រូវតែប្រាប់រដ្ឋាភិបាល​នូវ​បំណងនៃអង្គការសាសនារបស់គេ រៀបរាប់ពីសកម្ម​ភាព​សាសនា​​របស់គេ ផ្តល់ប្រវត្តិរូបនៃមេដឹកនាំសាសនារបស់គេ រៀបរាប់ប្រភពថវិកា សន្យាផ្តល់​របាយការណ៍ប្រចាំឆ្នាំ ដែលរៀបរាប់លំអិតពីសកម្មភាពសាសនាទាំងអស់ យល់ព្រមគោរពតាមបញ្ញាតិដែលហាមក្រុម​សាសនាប្រមាថក្រុមសាសនាដទៃទៀត បង្ករជំលោះ ឬបំផ្លាញសន្តិសុខជាតិ។ ការចុះបញ្ជីតម្រូវឱ្យមានការយល់​ព្រមពីថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយដំណើរការនេះស៊ីពេលរហូតដល់ ៩០ ថ្ងៃ។ គ្មានការពិន័យចំពោះការខក​ខានមិនបានចុះបញ្ជីទេ តែក្រុមសាសនាដែលបានចុះបញ្ជីហើយ ទទួលបានការលើកលែងពន្ធពីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

            ច្បាប់ហាមប្រាមជាផ្លូវការមិនឱ្យក្រុមមិនមែនជាពុទ្ធសាសនិកដើរបញ្ចុះបញ្ចូលឱ្យគេចូលសាសនារបស់ខ្លួន ហើយចែងថា ខ្លឹមសារអត្ថបទមិនមែនជារបស់ពុទ្ធសាសនិកអាចចែកចាយបានតែនៅក្នុងកន្លែង​សាសនារបស់គេតែប៉ុណ្ណោះ ។ ច្បាប់ក៏​ហាមផងដែរលើការផ្តល់លុយ ឬសម្ភារៈដើម្បីបញ្ចុះបញ្ចូលឱ្យគេចូលសាសនារបស់ខ្លួន។

​​​ច្បាប់តម្រូវឱ្យមានការចុះបញ្ចីដាច់ដោយឡែកពីគ្នាផងដែរ នូវកន្លែងគោរពបូជា និងសាលាសាសនា។ កន្លែងគោរពបូជា និងសាលាសាសនាអាចត្រូវបានបិទបណ្តោះអាសន្ន រហូតដល់កន្លែងទាំងនោះត្រូវបានចុះបញ្ជីការ​ហើយសិន។ ច្បាប់​ធ្វើការញែកដាច់ពីគ្នារវាង “កន្លែងធ្វើសក្ការៈបូជា” និង “កន្លែងសូត្រធម៌  ការបង្កើត​កន្លែងបូជាទាមទារ​ឱ្យស្ថាបនិក​គឺជាម្ចាស់កម្មសិទ្ធិលើអាគារ និងដីអាគារនោះ។ កន្លែងនោះត្រូវដាក់មនុស្សបាន​យ៉ាងតិច ២០០ នាក់ ហើយពាក្យសុំការអនុញ្ញាតត្រូវមានការគាំទ្ររបស់អ្នកជឿនិងគាំទ្រចំនួនយ៉ាងតិច ១០០ នាក់។ កន្លែងសំរាប់សូត្រធម៌អាចស្ថិតនៅក្នុងទីតាំងជួល ឬនៅលើដីជួល ហើយមិនចាំបាច់​ទាល់តែដាក់មនុស្សបានប៉ុន្មាននោះទេ ។​ចំណែកពាក្យសុំការអនុញ្ញាតលើកន្លែង​សូត្រធម៌​ត្រូវមានអ្នកគាំទ្រចំនួន​២៥ នាក់យ៉ាងតិច។​ កន្លែង​គោរព​បូជា​ត្រូវស្ថិត​នៅឆ្ងាយ​ពីគ្នាយ៉ាង​តិច ២ គម ហើយ​មិនអាច​ប្រើ​ប្រាស់​​ដើម្បីបំរើ​បំណងផ្នែក​នយោ​បាយ ទទួល​ឧក្រិដ្ឋ​ជនឱ្យ​ស្នាក់​នៅ​ ឬជន​គេច​ខ្លួនពីច្បាប់​ឡើយ ។ ការកំណត់​ចំងាយពីគ្នានេះ​គឺសំរាប់តែការ​កសាង​កន្លែង​គោរព​បូជា​ថ្មីៗតែ​ប៉ុណ្ណោះ ហើយមិន​ទាក់ទង​នឹងការិយា​ល័យ​របស់​អង្គការ​សាសនា ឬកន្លែងសូត្រធម៌ទេ ។

សាលាសាសនាត្រូវតែមានការចុះបញ្ជីការជាមួយក្រសួង​ធម្ម​ការ​និងសាសនា ហើយនិងក្រសួងអប់រំ។ សាលាសាសនាត្រូវបានណែនាំដោយក្រសួងអប់រំ ឱ្យធ្វើតាមកម្មវិធីសិក្សាស្នូលរបស់ក្រសួងអប់រំ ដែលមិនបញ្ចូលផ្នែកស្តីពីសាសនា​ទេ។ សាលាបង្រៀនសាសនាដែលមិនមែនជាសាសនាព្រះពុទ្ធត្រូវបានអនុញ្ញាតឲ្យមាន ហើយអាចជាសាលាសាធារណៈ ឬឯកជន។ សាលាមិនមែនសាសនាអាចបន្ថែមមេរៀនស្តីពីព្រះពុទ្ធសាសនា បន្ថែមលើកម្មវិធីសិក្សាស្នូល​របស់ក្រសួង តែក្នុងការធ្វើដូច្នេះ គេត្រូវមានការសម្របសម្រួលជាមួយក្រសួងអប់រំ។ មិនមែនគ្រប់សាលាសាធារណៈ មិនមែនសាសនា ធ្វើការបង្រៀនបន្ថែមស្តីពីព្រះពុទ្ធសាសនា​នោះទេ ហើយសិស្សដែលមិនកាន់ព្រះពុទ្ធសាសនាអាចមិនរៀនមេរៀន​នេះ​ក៏បានដែរ។ ច្បាប់មិនអនុញ្ញាតឱ្យបង្រៀនសាសនាមិនមែនព្រះពុទ្ធ នៅសាលារដ្ឋទេ​។

ប្រទេសកម្ពុជាបានចូលរួមជាភាគីមួយ​នៅក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។

ការប្រតិបត្តិរបស់រដ្ឋាភិបាល ​​​​

នួន ជា ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ ២០១៨ ពីបទប្រល័យពូជសាសន៍ទាក់ទងនឹងសាសនា និងក្រុមជនជាតិ ទៅលើជនជាតិវៀតណាម និងចាម នៅក្នុងសម័យខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ បានស្លាប់​នៅអាយុ ៩៣ មុនពេលសាលាក្តីបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់គាត់។

រដ្ឋាភិបាលបន្តមិនឲ្យអង្គការឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទទួលយកជាអចិន្រ្តៃយ៍ នូវក្រុមជនជាតិតំបន់ភ្នំម៉ុងតាញ៉ាដែលកាន់សាសនាគ្រឹះ មកពីប្រទេសវៀតណាម ដែលបានមកប្រទេសកម្ពុជាដើម្បីស្វែងរកឋានៈជាជនភៀសខ្លួ​ន។ ក្រុមចំណោមសមាជិកក្រុមនេះចំនួន ២០០ នាក់ ដែលបានគេចខ្លួនពីប្រទេសវៀតណាម ហើយបានមកដល់កម្ពុជា នៅឆ្នាំ ២០១៧ មាន ១២ នាក់បានស្ថិតនៅកម្ពុជានៅឡើយ បន្ទាប់ពី ២ នាក់បានធ្វើដំណើរទៅប្រទេសថៃដោយខុសច្បាប់ ហើយ ១៣ នាក់បានត្រឡប់ទៅវៀតណាមវិញ​ដោយស្ម័គ្រចិត្ត នៅឆ្នាំ​នេះ។ រដ្ឋាភិបាលបានបន្តតម្រូវឲ្យពួកគេរស់នៅក្នុងកន្លែងកំណត់ នៅភ្នំពេញ។ មនុស្សពេញវ័យ​មិនត្រូវបានអនុញ្ញាតឲ្យធ្វើការទេ ហើយកុមារក៏​មិនត្រូវបានអនុញ្ញាតឲ្យចូលរៀនដែរ។ អ្នក​នៅសល់ចំនួន ១៣ នាក់បានសម្រេចចិត្តបន្ត​ស្ថិត​នៅកម្ពុជា រហូតទាល់តែគេទទួលបានការអនុញ្ញាតឲ្យទៅរស់នៅ​ក្នុងប្រទេសទី ៣។

រដ្ឋាភិបាលបានបន្តឱ្យមានថ្ងៃឈប់សម្រាកបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ជាផ្លូវការ ហើយថែមទាំងផ្តល់ការបង្រៀនតាមសាសនាព្រះពុទ្ធដល់សង្ឃ និងអ្នកឯទៀត នៅតាមវត្ត ហើយជួយជាថវិកាដល់វិទ្យាស្ថានមួយដែលធ្វើការស្រាវជ្រាវ និងបោះពុម្ពឯកសារស្តីពីវប្បធម៌ខ្មែរ និងប្រពៃណីតាមព្រះពុទ្ធសាសនា។ រដ្ឋាភិបាលមិនបានធ្វើដូច្នេះឡើយ ចំពោះក្រុមសាសនាដទៃ ដូចជាការប្រកាសថ្ងៃឈប់សម្រាករបស់រដ្ឋឡើយ។

នៅថ្ងៃទី ២៤ កក្កដា លោក ថោ គឿន អនុរដ្ឋលេខាធិការ​នៃក្រសួងធម្មកា បានដឹកនាំគណប្រតិភូមួយរបស់វិទ្យាស្ថានពុទ្ធិកកម្ពុជា ទៅកាន់មជ្ឈមណ្ឌលវប្បធម៌ចិន នៅភ្នំពេញ។ បន្ទាប់ពីការប្រជុំ លោកគឿនបានស្នើបើកសិក្ខាសាលារួមគ្នាមួយ ដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីប្រពៃណី​នៃប្រទេសទាំងពីរ ដោយផ្តោតលើប្រពៃណីរួមគ្នាផ្នែកព្រះពុទ្ធសាសនា។

នៅថ្ងៃទី ១៧ ខែមិនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសបម្រាមលើការប្រមូលផ្តុំសាសនាទាំងអស់ ជាផ្នែកមួយ​នៃការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះរោតរាតត្បាត។ បន្ទាប់ពីចេញផ្សាយការណែនាំសុខភាពសម្រាប់ការជួបជុំគ្នា​នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី ៣១ សីហា រដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការជួបជុំនៃក្រុមសាសនាអ៊ីស្លាមឡើងវិញ ចាប់ពីថ្ងៃទី ៥ ខែកញ្ញា ជាលក្ខណៈសាកល្បង និងនៅក្រោមការណែនាំ​របស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង​នៃមេរោគកូវីដ ដូចជាគម្លាតសង្គម និងការហាមលើមិនឲ្យមានការប្រើកន្ទេលរួមគ្នា ក្នុងពេលធ្វើការបន់ស្រន់។ ព្រះវិហារគ្រឹះមិនត្រូវបានអនុញ្ញាតឲ្យធ្វើការជួបជុំ​នៃគ្រឹះសាសនិករបស់ខ្លួនឡើយ រហូតដល់ថ្ងៃទី ១១ ខែកញ្ញា ដែល​នៅពេលនោះ អាជ្ញាធរបានអនុញ្ញាតឲ្យពួកគេធ្វើការជួបជុំគ្នា នៅក្រោមកំហិតសុខាភិ​បាលដូចគ្នានេះ។

នៅខែកញ្ញា នៅពេលដែលអាជ្ញាធរអនុវត្តវិធានការសុខាភិបាលតឹង ដើម្បីការពារការរាលដាល​នៃមេរោគកូវីដ ១៩ ក្រសួងសុខាភិបាលបានចែកដាច់គ្នា រវាងប្រជាជនកាន់សាសនាអ៊ីស្លាម និងប្រជាជនកម្ពុជាដទៃទៀត​ នៅក្នុងស្ថិតិផ្លូវការ ស្តីពីការឆ្លងនៃមេរោគកូវីដ ១៩។ បន្ទាប់ពីរងការរិះគន់ជាសាធារណៈ ពីបទលើកឡើងតែក្រុមសាសនាមួយ រដ្ឋាភិបាលបានចាប់ផ្តើមចេញស្ថិតតិផ្លូវការស្តីពីការឆ្លងរោគនេះ ដោយកំណត់ប្រជាជនទាំងអស់ជា “ខ្មែរ” តែមួយ។ ក្រោយមក មានការនិយាយថា អ្នកលក់ក្នុងស្រុកមិនព្រមលក់ទំនិញឲ្យអ្នកកាន់អ៊ីស្លាមសាសនា និងថា អ្នកមិនកាន់សាសនាអ៊ីស្លាមពាក់ម៉ាស់តែ​នៅពេលមានវត្តមាន​នៃអ្នកកាន់សាសនាអ៊ីស្លាមតែប៉ុណ្ណោះ។ មេដឹកនាំមូស្លីម និងក្រុមសង្គមស៊ីវិលខ្លះ និយាយពីការបែងចែក “ខ្មែរអ៊ីស្លាម” ដោយក្រសួងសុខាភិបាល ដោយមានសេចក្តីរាយការណ៍​តាមប្រព័ន្ធផ្សព្វផ្សាយអំពីអ្នកកាន់សាសនាអ៊ីស្លាមក្នុងចំនួនច្រើនត្រឡប់មកពីប្រទេសម៉ាឡេស៊ី​ដោយមានជំងឺផង ហើយគេយល់ថា ជនមូស្លីមទាំង​នោះបាននាំរោគចូលប្រទេស ដែលជាការនាំឲ្យមានការរើសអើង។ នៅថ្ងៃទី ៩ ខែមិថុនា អង្គការសហប្រជាជាតិ ដោយមានការសម្របសម្រួលជាមួយក្រសួងសុខាភិបាល បានធ្វើយុទ្ធនាការទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការរើសអើង និងការនិយាយបែងសម្អប់ នៅក្នុងអំឡុងពេល​នៃការរាលដាលមេរោគកូវីដ ១៩។ បន្ទាប់ពីការបើកយុទ្ធនាការ​នេះ លែងសូវមានករណីរើសអើងទៀត។

នៅខែតុលា អាជ្ញាធរបានចេញបទបញ្ជាឲ្យខាងវត្តព្រះពុទ្ធសាសនាមានប័ណ្ណកម្មសិទ្ធិដី ដែលទទួលស្គាល់​ដោយអាជ្ញាធរជាតិ សម្រាប់វត្ត ដោយនិយាយថា ដើម្បីគ្រប់គ្រងស្ថាប័នសាសនាឲ្យបានល្អ នៅក្នុងប្រទេស។ អ្នកនាំពាក្យម្នាក់បាននិយាយថា កន្លងមក វត្តមានជំលោះដីធ្លីច្រើន និងថា ការធ្វើដូច្នេះគឺដើម្បីការពារ “ផលវិបាកទៅអនាគត”។ អ្នកនាំពាក្យ​នោះថែមទាំងបាននិយាយទៀតថា ការទទួលបានប័ណ្ណកម្មសិទ្ធិ​នោះមិនធ្វើឲ្យអស់លុយទេ។ លោកសង្ឃខ្លះបានមានពុទ្ធដីកាថា ការទាមទារ​នេះអាចត្រូវបានប្រើដោយអាជ្ញាធរ ដើម្បីគ្រប់គ្រងច្រើនថែមទៀត​លើសង្ឃ និងវត្ត។ សារាចរនេះថែមទាំងបញ្ឈប់ជាបណ្តោះអាសន្ន លើការដាក់ពាក្យសុំថ្មីៗ ដើម្បីបង្កើតវិហារគ្រឹះ។ អាជ្ញាធរនិយាយថា ខ្លួនកំពុងកែប្រែនីតិវិធីចុះបញ្ជី ហើយបង្កើតដំណើរការថ្មីមួយ ក្នុងការចុះបញ្ជីវិហារសាសនាគ្រឹះឡើងវិញ។ អាជ្ញាធរនិយាយថា ការនេះអនុវត្តចំពោះគ្រប់ក្រុមសាសនាទាំងអស់។

អាជ្ញាធរមូលដ្ឋានបានបន្តដំណើរការ​នៃការផ្តល់ឲ្យវិញ នូវដីចំនួន ៧៤២ ហត ដែលមានជំលោះ ពីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្តល់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះ Hoang Gia Lai (HAGL) ទៅឲ្យសហគមន៍​ជនជាតិដើម នៅរតនគីរីវិញ ដែលជាក្រុមកាន់សាសនាជឿលើអារក្សអ្នកតា។ នៅខែមិនា អ្នកភូមិ និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិដីធ្លី បានចោទប្រកាន់ក្រុមហ៊ុន HAGL ថាបានបំផ្លាញទីតាំងនៅលើដីដេលត្រូវផ្តល់ត្រឡប់ឲ្យវិញ ហើយដែលត្រូវបានសហគមន៍​ជនជាតិមូលដ្ឋានចាត់ទុកថា ជាកន្លែងពិសិដ្ឋ ដូចជាភ្នំអារក្សអ្នកតា ដីសើម កន្លែងបរបាញ់សត្វជាប្រពៃណី និងកន្លែងកប់ខ្មោច។ គិតមកត្រឹមដំណាច់ឆ្នាំ  អាជ្ញាធរមិនទាន់សម្រេចលើការផ្តល់ដី​នោះឲ្យវិញទេ ដោយស្ថិត​នៅក្រោមការគ្រប់គ្រង​របស់ក្រុមហ៊ុន HAGL នៅឡើយ។

ជាលើកដំបូង​ក្នុងរយៈពេល ៧ ឆ្នាំមក ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនមិនបានរៀបចំអាហារស្រាយបួស Iftar ដោយសារមានកង្វល់ចំពោះមេរោគកូវីដ ១៩ ។ លោកនាយករដ្ឋមន្រ្តីបានសម្តែងការសោកស្តាយដល់សហគមន៍​មូស្លីម នៅក្នុងប្រទេស តាមហ្វេសបុករបស់លោក។ នៅថ្ងៃទី ២៤ មេសា លោកបានចេញសេចក្តីថ្លែងជាសាធារណៈ ដោយជូនពរឲ្យសហគមន៍​មូស្លីមទាំងអស់ នៅក្រៅ និងក្នុងប្រទេស ក្នុងឱកាសបុណ្យរ៉ាម៉ាដន។

ផ្នែកទី ៣ស្ថានភាពនៃការគោរពរបស់សង្គមចំពោះសេរីភាពសាសនា

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា នៅថ្ងៃទី ១០ ខែមិថុនា នៅភូមិពន្លក ឃុំជុំទុំ  ស្រុកក្រគរ ខេត្តពោធិសាត់ ឈ្មោះញិម ធិម និងឈ្មោះ ផាត លីបានកាប់ឈ្មោះ ប្រាក់ ប៊ុន​នឹងពូថៅ។ សេចក្តីរាយការណ៍​នោះ​បាននិយាយថា ធិម​ និងលីបានចោទជនរងគ្រោះថា បានធ្វើធ្មប់មកលើពួកគេ។​ ផ្នែកសារព័ត៌មាននិយាយថា ក្រុមភាគច្រើនដែលកាន់ព្រះពុទ្ធសាសនានៅតែចាត់ទុកក្រុមចាម និងក្រុមជនជាតិភាគតិចឯទៀត ដែលជាក្រុមសាសនាភាគតិច ចេះធ្វើធ្មប់។

ផ្នែកទី ៤គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការពាក់ព័ន្ធ

​​​​            ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានលើកឡើងពីបញ្ហា​នៃក្រុមភាគតិចរស់នៅតាមស្រុកភ្នំ ដែលកាន់សាសនា​គ្រឹះមកពីវៀតណាម ជាច្រើនលើក ជាមួយរដ្ឋមន្រ្តី និងតំណាងឯទៀត ហើយបានជំរុញឲ្យរដ្ឋាភិបាលពិចារណាលើការតាំងទីលំនៅអចិន្រ្តៃយ៍​របស់គេ។ ចំពោះរឿងជំងឺកូវីដ ១៩ ឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៅមន្រ្តីរដ្ឋាភិបាល ពីភាពងាយរងគ្រោះដែលក្រុមសាសនាជនជាតិភាគតិចប្រឈមជាមួយ ហើយបានសង្កត់ធ្ងន់​លើសារសំខាន់​នៃការធានាធ្វើយ៉ាងណាកុំឲ្យក្រុមទាំង​នេះ​រងការរើសអើង ហើយអាចទទួលបាននូវសេវាសាធារណៈទាំងអស់ ដែលគេសមនឹងអាចទទួលបាន។ មន្រ្តីស្ថានទូតតែងតែបាន​លើកឡើងពីសារសំខាន់​នៃការធ្វើសមាហរណកម្មពេញលេញនៃក្រុមសាសនាភាគតិច ទៅក្នុងសង្គមខ្មែរ និងអត្ថប្រយោជន៍​នៃការគាំទ្រពហុភាព​នៃសាសនា ជាមួយតំណាងក្រសួងធម្មការ និងសាសនា ហើយនិងមន្រ្តីដទៃទៀត​ ក្នុងរដ្ឋាភិបាល។

           ស្ថានទូត​​អាមេរិក​បាន​បញ្ជាក់ពីសារៈសំខាន់នៃការទទួលយកភាពចំរុះ​​នៃសាសនា ​ក្នុងជំនួបជាមួយមេដឹក​នាំសាសនា​ព្រះពុទ្ធ សាសនាគ្រឹះ និងសាសនាអ៊ីស្លាម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ឱនរវាងអ្នកកាន់សាសនាផ្សេងៗ នៅក្នុងសង្គមប្រជាធិបតេយ្យ។   ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីប្រពៃណីសាសនា និងវប្បធម៌​របស់អ្នកកាន់សាសនាអ៊ីស្លាម នៅក្នុងប្រទេស និងអត្ថប្រយោជន៍​នៃការមានសាសនាចម្រុះ តាមរយៈវីដេអូដែលត្រូវបានបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងអំឡុងពេល​នៃបុណ្យរ៉ាម៉ាដន។ លោកបានជួបជាមួយនឹងប្រធាន​នៃក្រុមប្រឹក្សាកំពូលសម្រាប់កិច្ចការសាសនាអ៊ីស្លាម ដើម្បីពិភាក្សាពីបញ្ហាប្រឈមសម្រាប់ក្រុមអ្នកកាន់សាសនាអ៊ីស្លាម ហើយបានលើកទឹកចិត្តឲ្យគាត់ និងក្រុមប្រឹក្សាជួយជនជាតិ Uyghur ឬជនភៀសខ្លួនមូស្លីមដទៃទៀត ដែលមកពីខេត្ត Xinjiang នៃប្រទេសចិន ដែលអាចនឹងភៀសខ្លួនមកកម្ពុជា។ 

មន្រ្តីស្ថានទូតបានជួបទៀងទាត់ជាមួយក្រុមជនជាតិចាម និងសមាជិកអ៊ីស្លាមសាសនិកដទៃទៀត ដើម្បីគាំទ្រការអត់ឱនផ្នែកសាសនា ការគោរពចំពោះវប្បធម៌​នៃក្រុមភាគតិច ឱកាសស្មើគ្នាផ្នែកសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្រុមជនជាតិភាគតិច ទៅក្នុងវប្បធម៌​នៃក្រុមភាគច្រើន។ 

កម្មវិធីខ្លះរបស់ស្ថានទូតបានផ្តោតលើការគាំទ្រការអភិរក្សទីតាំងវប្បធម៌សាសនា ដូចជាប្រាសាទភ្នំបាក់ខែង​ នៅខេត្តសៀមរាប៕