រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការបំបាត់ការជួញដូរ មនុស្សទេ ប៉ុន្តែកំពុងបង្កើនកិច្ចខិតខំប្រឹងច្រើនគួរឲ្យកត់សម្គាល់លើបញ្ហានេះ ។ ការខិតខំទាំងនេះរួមមានដូចជាកំណែលម្អលើការប្រមូលទិន្នន័យនិងការតាមដានលើការកាត់ទោសនិងដាក់ទោសជនល្មើស ទិន្នន័យស្តីពីអត្តសញ្ញាណជនរងគ្រោះ នៅទូទាំងប្រទេស ការបន្តស៊ើបអង្កេត កាត់ទោស និងដាក់ទោសលើជនល្មើស និងការបន្តអនុវត្តផែនការសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ តែជារួម រដ្ឋាភិបាលមិនបានបង្ហាញឱ្យឃើញថា បានបង្កើនការខិតខំឲ្យបានច្រើនទេ បើប្រៀបធៀបនឹងរយៈកាលនៃរបាយការណ៍លើកមុន ហើយមិនទាំងបានពិចារណាលើផលប៉ះពាល់នៃរោគរាតត្បាតកូវី១៩ លើសមត្ថភាពរបស់ខ្លួនឡើយ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ អំពើពុករលួយ នៅតែធ្វើឱ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ក្នុងការចាប់ឲ្យជនល្មើសមានការទទួលខុសត្រូវ។ អំពើពុករលួយ បានបន្តរាំងស្ទះដល់ប្រតិបត្តិការរបស់សមត្ថកិច្ច ដំណើរការកាត់ក្តីជនល្មើស និងការផ្តល់សេវាដល់ជនរងគ្រោះ។ នៅចំពោះមុខកង្វះការគ្រប់គ្រង និងវិធានការចាប់ឱ្យទទួលខុសត្រូវរបស់រដ្ឋាភិបាល អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលគួរឱ្យទុកចិត្តបាន ស្តីពីការឃុបឃិតរបស់មន្រ្តី ពិសេសជាមួយឈ្មួញខិលខូច ដែលបានធ្វើឱ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្ត និងកន្លែងឡឥដ្ឋ។ ការខកខានរបស់រដ្ឋាភិបាល ក្នុងការបង្កើតនិងអនុវត្តប្រព័ន្ធតាមដានផ្នែកយុត្តិធម៌ឲ្យបានគ្រប់គ្រាន់ធ្វើឱ្យជនសង្ស័យជាច្រើនគេចខ្លួនមុនសវនាការ ដែលជាការនាំឱ្យមានការកាត់ទោសកំបាំងមុខជាច្រើន។ រដ្ឋាភិបាល មិនបានផ្តល់ការការពារគ្រប់គ្រាន់ ដល់ជនរងគ្រោះ នៅក្នុងស្រុក និងនៅបរទេស ហើយពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយ និង អង្គការក្រៅរដ្ឋាភិបាល ក្នុងការផ្តល់ការថែទាំចាំបាច់។ អាជ្ញាធរមិនបានចេញការណែនាំផ្លូវការដែលអនុញ្ញាតឱ្យប្រើបច្ចេកទេសស៊ើបអង្កេតសម្ងាត់ នៅក្នុងប្រតិបត្តិការប្រឆាំងនឹងការជួញដូរទេ។ កត្តានេះបន្តធ្វើឱ្យមានឧបសគ្គដល់លទ្ធភាពរបស់មន្រ្តី នៅក្នុងការចាប់ជនប្រព្រឹត្តការជួញដូរផ្លូវភេទឱ្យទទួលខុសត្រូវពេញលេញ។ ដូច្នេះ ប្រទេសកម្ពុជាត្រូវបានបញ្ចុះលំដាប់ថ្នាក់មកលំដាប់ទី ២ ក្នុងបញ្ជីតាមដាន ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នាមកនេះ។ រដ្ឋាភិបាលមិនបានប្រើប្រាស់ធនធានបានគ្រប់គ្រាន់ សម្រាប់ផែនការដែលបានកំណត់មកទេ។ បើត្រូវបានអនុវត្ត ផែនការនេះអាចត្រូវបានចាត់ទុកថា ជាការខិតខំដ៏សំខាន់មួយ នៅក្នុងការបំពេញបានតាមបទដ្ឋានអប្បបរមា ហើយកម្ពុជាអាចទទួលបានការលើកលែងនៅក្នុងច្បាប់ស្តីពីការជួញដូរមនុស្ស ដែលរារាំងមិនឱ្យកម្ពុជាធ្លាក់ទៅលំដាប់ទី ៣។ ដូច្នេះ ប្រទេសកម្ពុជាត្រូវបន្តស្ថិតនៅក្នុងលំដាប់ទី ២ ក្នុងបញ្ជីតាមដាន ក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នាមកនេះ។
អនុសាសន៍ជាអាទិភាព
គោរពដំណើរការផ្លូវច្បាប់ត្រឹមត្រូវ បង្កើនការខិតខំក្នុងការស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មចំពោះជនល្មើសក្នុងការជួញដូរផ្លូវភេទ និងជួញដូរពលកម្មឱ្យបានគ្រប់គ្រាន់ រួមទាំងមន្រ្តីឃុបឃិត ដោយដាក់ទោសឱ្យជាប់ពន្ធនាគារធ្ងន់ធ្ងរ បង្កើនថវិកាសម្រាប់អង្គភាពអនុវត្តច្បាប់ប្រឆាំងការជួញដូរ ហើយផ្តល់ថវិកាឱ្យមុនធ្វើការស៊ើបអង្កេត ជាជាងផ្តល់ឱ្យជាក្រោយ អនុវត្តពេញលេញនូវពិធីសារថ្មីទូទាំងប្រទេសសម្រាប់កំណត់អត្តសញ្ញាណកម្មនៃជនរងគ្រោះនៅក្នុងចំណោមក្រុមដែលងាយរងគ្រោះ ហើយបង្រៀនមន្រ្តីឱ្យយល់ពីលក្ខខណ្ឌដែលចែងនៅក្នុងច្បាប់នេះ បង្កើនថវិកាសម្រាប់នគរបាលប្រឆាំងការជួញដូរមនុស្សដើម្បីសម្របសម្រួលបានល្អលើការតាមដានចុងចោទ ដែលត្រូវបានដោះលែងនៅក្រោមការតាមដានរបស់តុលាការ នៅមុនសវនាការ។ បង្កើនការធ្វើអធិការកិច្ចការងារ ដោយមិនប្រកាសឲ្យដឹងមុន នៅកន្លែងការងារដែលមានការប្រឈមខ្លាំង ពិសេសនៅតាមទីតាំងឡឥដ្ឋ កន្លែងកំសាន្ត ការដ្ឋានសំណង់ ចំការធំៗ ដោយផ្តោតសំខាន់លើការរកមើលករណីទាសភាពបំណុល ហើយចាប់ឱ្យថៅកែទទួលខុសត្រូវចំពោះមុខច្បាប់ បង្កើនសេវាសម្រាប់ជនរងគ្រោះជាបុរស និងកុមារា ពិសេសអ្នកដែលត្រូវបានគេកេងប្រវ័ញ្ចនៅក្នុងឧស្សាហកម្មនេសាទនៅបរទេស បង្កើនការខិតខំធ្វើឲ្យមានការចូលរួមរបស់ជនរងគ្រោះក្នុងស្រុក និងបរទេស នៅក្នុងដំណើរក្តីព្រហ្មទណ្ឌ និងក្តីរដ្ឋប្បវេណី ដោយបង្កើតមូលនិធិសម្រាប់ជនរងគ្រោះ ហើយអនុញ្ញាតឱ្យគេអាចធ្វើការ ស្នាក់នៅបណ្តោះអាសន្ន និងឋានៈផ្សេងទៀតសម្រាប់ជនរងគ្រោះជាបរទេស ដែលចង់ស្នាក់នៅក្នុងប្រទេស ក្នុងអំឡុងពេលមានដំណើរក្តីក្នុងតុលាការ អនុវត្តប្រព័ន្ធតាមដាន ប្រមូល និងរាយការណ៍ទិន្នន័យស្តីពីការកាត់ទោសប្រឆាំងការជួញដូរ និងការងារការពារជនរងគ្រោះ ផ្សព្វផ្សាយទិន្នន័យក្នុងចំណោមស្ថាប័នរដ្ឋដែលមានការងារទាក់ទង ដោយធ្វើយ៉ាងណាការពារអត្តសញ្ញាណ និងការសម្ងាត់ឯកជនរបស់ជនរងគ្រោះ។ លុបបំបាត់ការយកថ្លៃក្នុងការជ្រើសរើសយក ឬការផ្តល់ការងារ ពីកម្មករដោយក្រុមហ៊ុនជ្រើសរើសពលករ ហើយត្រូវឲ្យនិយោជកជាអ្នកបង់វិញ។ បង្កើនការតាមមើល និងត្រួតពិនិត្យលើស្ថាប័នផ្តល់កម្ចី ដោយរួមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនឹងការបង្ខំដោយសារបំណុល នៅក្នុងចំណោមក្រុមដែលមានជីវភាពខ្សត់ខ្សោយ កែប្រែច្បាប់ដែលអនុញ្ញាតឱ្យមានការផ្តល់សំណងនៅពេលជនល្មើសត្រូវបានដាក់ទោស បង្កើតហើយបណ្តុះបណ្តាលមន្រ្តីពាក់ព័ន្ធដែលធ្វើការទាក់ទងនឹងនិតិវិធីការងារជាបទដ្ឋានសម្រាប់គណនា និងផ្តល់សំណង បង្កើត ហើយកំណត់ធនធានអនុវត្តនិតិវិធីជាប្រព័ន្ធ នៅតាមបេសកកម្មការទូតនៅបរទេស ដើម្បីជួយជនរងគ្រោះនៅបរទេស រួមទាំងនៅក្នុងប្រទេសដែលគ្មានតំណាងទូតកម្ពុជា កែប្រែច្បាប់ស្តីពីការចេញការអនុញ្ញាតដល់ក្រុមហ៊ុនជ្រើសរើសពលករ និងលក្ខខណ្ឌក្នុងកុងត្រា ដោយបញ្ចូលខ្លឹមសារតឹងរឹងស្តីពីការការពារពលករ និងសិទ្ធិរបស់ពួកគេ ពង្រឹងការខិតខំក្នុងការត្រួតពិនិត្យក្រុមហ៊ុនជ្រើសរើសកំលាំងពលកម្មឯកជន និងសាខារបស់គេ ដើម្បីរកមើលការជ្រើសរើសដែលមានលក្ខណៈបន្លំឬការជួញដូរដទៃទៀត បង្កើនការយល់ដឹងរបស់សាធារណជនលើបែបបទដាក់ពាក្យសុំឯកសារធ្វើដំណើរសមស្រប ដើម្បីសម្រួលដល់ការធ្វើចំណាកស្រុកដោយស្របច្បាប់ និងប្រកបដោយសុវត្ថិភាព ពង្រឹងការខិតខំដើម្បីបញ្ចូលគំនិតរបស់អង្គការមិនមែនរដ្ឋាភិបាលទៅក្នុងគោលនយោបាយសម្រាប់ផ្ទេរការគ្រប់គ្រងជាផ្លូវការ លើជនរងគ្រោះជាកុមារ។
ការនាំខ្លួនយកមកកាត់ទោស
រដ្ឋាភិបាលបានបង្កើនការខិតខំពង្រឹងការអនុវត្តច្បាប់បានតិចតួច។ ធ្វើការងារពង្រឹងការអនុវត្តច្បាប់មិនគ្រប់គ្រាន់។ ច្បាប់ដែលត្រូវបានដាក់ចេញនៅឆ្នាំ ២០០៨ ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទ ដាក់ទោសព្រហ្មទណ្ឌលើការជួញដូរផ្លូវភេទ និងការជួញដូរពលកម្ម ហើយចែងពីការដាក់ទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ បើជនរងគ្រោះជាមនុស្សធំ និងពី ១៥ ទៅ ២០ ឆ្នាំ បើជនរងគ្រោះជាកុមារ។ ទណ្ឌកម្មទាំងនេះមានភាពម៉ឺងម៉ាត់គ្រប់គ្រាន់ ហើយបើទាក់ទងនឹងការជួញដូរផ្លូវភេទ វាស្របតាមទោសលើបទឧក្រិដ្ឋធ្ងន់ធ្ងរដទៃទៀត ដូចជាការរំលោភសេពសន្ថវៈ។ អង្គការក្រៅរដ្ឋាភិបាល និយាយថា តាមភាពជាក់ស្តែង អាជ្ញាធរ មិនបានដាក់ទោសព្រហ្មទណ្ឌនៅក្រោមច្បាប់ប្រឆាំងការជួញដូរ លើជនល្មើសជួញដូរកម្លាំងពលកម្មទេ តែបែរជា ប្រើច្បាប់ការងារ ហើយចេញការផាក ឬដាក់ពន្ធនាគាររយៈពេលខ្លី ពី ៦ ថ្ងៃទៅ ១ខែ ដែលមិនមែនជាទណ្ឌកម្មសមល្មម សម្រាប់ធ្វើឲ្យជនល្មើសរាងចាល ឬផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះឡើយ។
រោគរាតត្បាតបានរារាំងការខិតខំរបស់រដ្ឋាភិបាល ក្នុងការកាត់ទោសជនល្មើស និងលើកកម្ពស់ការយល់ដឹងលើការជួញដូរ នៅក្នុងចំណោមមន្រ្តី និងប្រជាជនងាយរងគ្រោះ។ តុលាការកម្ពុជាត្រូវបានបិទអស់រយៈពេលរាប់ខែ ចាប់ពីខែមីនា ឆ្នាំ ២០២០ មក ដោយផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពទាំងអស់របស់តុលាការ ដោយរួមទាំងការស៊ើបអង្កេតលើការជួញដូរមនុស្សផងដែរ។ ទោះបីជាមានបញ្ហាបែបនេះក្តី វាជាលើកដំបូងហើយ គិតតាំងពីឆ្នាំ ២០១៧ ដែលក្រសួងយុត្តិធម៌បានរាយការណ៍ទិន្នន័យស្តីពីការកាត់ទោសនិងដាក់ទោសលើករណីជួញដូរ នៅគ្រប់ខេត្តទូទាំងប្រទេស ថ្វីត្បិតតែមិនបានផ្តល់ព័ត៌មានលម្អិតគ្រប់គ្រាន់លើករណីទាំងនេះក្តី។ សមត្ថកិច្ចតុលាការប្រហែលបានបញ្ចូលករណីរំលោភផ្លូវភេទនិងបទល្មើសដទៃទៀតនៅក្រៅនិយមន័យធម្មតានៃការជួញដូរ នៅក្នុងទិន្នន័យរាយការណ៍មករបស់គេ។ ដូច្នេះ ចំនួនពិតនៃករណីស៊ើបអង្កេត កាត់ទោស និងដាក់ទោសលើការជួញដូរប្រហែលតិចជាងចំនួនដែលត្រូវបានរាការណ៍មក។ បើយោងតាមនគរបាលប្រឆាំងការជួញដូរអនីតិជន (AHTJP) នៅក្នុងអំឡុងពេលនៃរបាយការណ៍ អាជ្ញាធរ បានចាប់ខ្លួនជនសង្ស័យចំនួន ៤៨ នាក់ ទាក់ទងនឹងករណីចំនួន ៣៧ នៃ «ការមិនមែនជួញដូរផ្លូវភេទ» (២៦ នាក់ក្នុងករណីចំនួន ២១ ត្រូវបានរាយការណ៍នៅក្នុងឆ្នាំ ២០១៩) និងចាប់ខ្លួន ៤៦ នាក់ក្នុ្ងងករណីចំនួន ២១ នៃការជួញដូរផ្លូវភេទ (មានជនសង្ស័យ ២៧ នាក់ក្នុងករណីចំនួន ១៤ នៅឆ្នាំ ២០១៩) ។ ក្នុងចំណោមជនត្រូវបានចាប់ខ្លួនទាំងនេះ មាន ១៤ នាក់ជាមេខ្យល់នាំពលករ។ យោងតាមក្រសួងយុត្តិធម៌ ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២០ អាជ្ញាធរបានកាត់ទោសសរុបចំនួន ៣៤៨ ករណីនៃការជួញដូរ ក្នុងគ្រប់ខេត្ត ដោយក្នុងនោះ ២៣៣ ករណីត្រូវបានបញ្ជូនធ្វើការស៊ើបអង្កេតជាផ្លូវការ ១៩០ ករណីកំពុងស្ថិតក្នុងដំណើរការសម្រេច ដោយគិតមកត្រឹមខែកុម្ភៈ ឆ្នាំ ២០២១។ តែ ករណីខ្លះនៃករណីទាំងនេះ បានកើតឡើងនៅក្រៅរយៈពេលនៃរបាយការណ៍នេះ ហើយប្រហែលអាចទាក់ទងនឹងបទល្មើសផ្សេងក្រៅពីការជួញដូរ។ នៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន អាជ្ញាធរបានរាយការណ៍ទិន្នន័យមិនពេញលេញ ដោយយកតែពីតំបន់ខ្លះនៃប្រទេស ដែលក្នុងនោះ ខ្លួនបានកាត់ទោសចំនួន ១៩៩ ករណី ហើយបានបញ្ជូនឲ្យធ្វើការស៊ើបអង្កេតជាផ្លូវការចំនួន ១៣៤ ករណី។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ អាជ្ញាធរបានដាក់ទោសបុគ្គលចំនួន ១៤៤ នាក់ នៅក្នុងខេត្តទាំងអស់ ក្នុងប្រទេស ដោយ ២៣៤ នាក់បន្តនៅក្នុងការឃុំឃាំង តែក្រសួងយុត្តិធម៌មិនបានរាយការណ៍លម្អិតទេ ហើយមានខ្លះប្រហែលមិនចូលក្នុងនិយមន័យនៃករណីជួញដូរមនុស្សទេ នៅក្រោមច្បាប់អន្តរជាតិ។ នៅក្នុងឆ្នាំមុនៗ តាមសេចក្តីរាយការណ៍មកថា តុលាការបានបន្តដាក់ទោសជនសង្ស័យតាមបទចោទមិនសូវធ្ងន់ ហើយបញ្ចប់ករណីជួញដូរផ្លូវភេទ ដោយការទូទាត់សំណងជាលុយ ជំនួសការជាប់ពន្ធនាគារ។ ដូចរបាយការណ៍ក្នុងឆ្នាំមុនៗដែរ ជនរងគ្រោះដែលគ្រួសាររបស់គេបានទទួលសំណងទូទាត់ក្រៅតុលាការ ពីជនល្មើស ច្រើនតែប្តូរចម្លើយជាកស្សិណរបស់គេ ឬដកខ្លួនចេញពីសវនាការ ដែលជាការធ្វើឱ្យការកាត់ទោសមានភាពកាន់តែស្មុគស្មាញ។ នៅក្នុងអំឡុងពេលនៃរបាយការណ៍មុន អាជ្ញាធររាយការណ៍តែពីទិន្នន័យដាក់ទោសដោយតុលាការរាជធានីភ្នំពេញទេ ដែលបានដាក់ទោសមនុស្សចំនួន ១៤០ នាក់។ រដ្ឋាភិបាលបានចុះអនុស្សារណៈ (MOU) ដោយបញ្ជាក់ពីការស៊ើបអង្កេតដោយការជួញដូរមនុស្សឆ្លងកាត់ព្រំដែន ជាមួយប្រទេសថៃ និងវៀតណាម ព្រមទាំងមានចុះសន្ធិសញ្ញាបត្យាប័នជាមួយថៃផងដែរ តែមិនបានរាយការណ៍ពីការស៊ើបអង្កេត ឬចាប់បញ្ជូនជនល្មើសណាមួយទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ នៅក្នុងអំឡុងពេលនេះដែរ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយថៃ ក្នុងការកំណត់នីតិវិធីប្រតិបត្តិបែបស្តង់ដារ លើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស។ រដ្ឋាភិបាល បានបន្តធ្វើសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក តាមរយៈក្រុមការងារពង្រឹងការអនុវត្តច្បាប់ ដោយមានបំណងប្រយុទ្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ិនធឺណែត លើកុមារនិងបទល្មើសផ្លូវភេទដទៃទៀតលើកុមារ តែមិនបានរាយការណ៍ថា តើខ្លួនបានធ្វើការស៊ើបអង្កេតលើករណីបែបនេះទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។
នៅទូទាំងប្រទេស សមត្ថកិច្ចច្រើនតែមិនបានចាត់វិធានការសមស្របប្រឆាំងនឹងជនសង្ស័យ ឬជនល្មើសដែលតុលាការដាក់ទោសហើយទេ។ នគរបាលយុត្តិធម៌ ខ្វះធនធានក្នុងការតាមដានចំនួនចុងចោទដែលចេះតែមានចំនួនកើនឡើង ដែលត្រូវបានដោះលែង «ក្រោមការតាមដានរបស់តុលាការ» ដោយរង់ចាំសវនាការ ដែលជាការធ្វើឱ្យពួកគេគេខ្លួន មុនថ្ងៃបើកសវនាការ ដែលតម្រូវឲ្យតុលាការកាត់ទោសដោយកំបាំងមុខ។ អាជ្ញាធរកម្រចេញដីកាចាប់ខ្លួនណាស់ចំពោះអ្នករត់គេចចេញពីសវនាការ បើគ្មានអង្គការ ជួយតាមដាននិងចាប់ទេ។ រឿងដែលធ្វើឲ្យបញ្ហានេះកាន់តែពិបាកថែមទៀតនោះគឺថា ក្រមនិតិវិធីព្រហ្មទណ្ឌកម្ពុជាគ្មានគោលការណ៍ណែនាំ បទបញ្ញតិ្តស្តីពីការតាមដាន ឬភាសាដែលបញ្ជាក់ពីកាតព្វកិច្ចអនុវត្តច្បាប់មួយៗច្បាស់លាស់ ទាក់ទងនឹងការតាមដានរបស់តុលាការ។ ដោយនិយាយថា ខ្វះធនធាន ព្រះរាជអាជ្ញា និងចៅក្រមស៊ើបអង្កេត មិនបានពិចារណាចាត់ការបន្តលើករណីជួញដូរ ដែលនគរបាលបានផ្តល់ភស្តុតាងឱ្យហើយនោះទេ។ អ្នកជំនាញនៅក្នុងប្រទេសបានបន្តនិយាយថា ករណីទាក់ទងនឹងជនសង្ស័យជាបរទេស ច្រើននាំដល់ការដាក់ទោសដោយតុលាការច្រើនជាងករណីជនសង្ស័យជាខ្មែរ ដែលច្រើនតែទទួលបានការបន្ថយការចោទប្រកាន់មកត្រឹមបទល្មើសមិនសូវធ្ងន់ធ្ងរទៅវិញ។
អាជ្ញាធរបានបន្តធ្វើការបណ្តុះបណ្តាលតាមការរៀបចំ និងក្រោមថវិការបស់ម្ចាស់ជំនួយ ដល់នគរបាល ព្រះរាជអាជ្ញា ចៅក្រម និងមន្រ្តីដទៃទៀតនៃរដ្ឋាភិបាល។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ គេបានបើកការបណ្តុះបណ្តាលចំនួន ១៩២ លើកស្តីពីច្បាប់ប្រឆាំងការជួញដូរ បច្ចេកទេសស៊ើបអង្កេត និងការប្រមូលភស្តុតាង ដល់មន្រ្តីសមត្ថកិច្ច និងមន្រ្តីតុលាការចំនួន ៧៤៩១ នាក់ តែមិនបានប្រាប់ពីចំនួនមន្រ្តីមកពីខេត្តដែលមកចូលរួមទេ។ ទោះបីជាបានទទួលការបណ្តុះបណ្តាលទាំងនេះក្តី តែមាននគរបាលជាច្រើន ពិសេសនគរបាលនៅតាមជនបទ មិនដឹងពីរបៀបធ្វើការងារប្រឆាំងការជួញដូរទេ ដោយសារភាគច្រើននៃពួកគេមិនបានទទួលការបណ្តុះបណ្តាលស្តីពីបច្ចេកទេសពង្រឹងការអនុវត្តច្បាប់ជាមូលដ្ឋានទេ។ លើសពីនេះទៀត មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីតុលាការខ្វះឧបករណ៍ចាំបាច់សម្រាប់ធ្វើការងារលើករណីជួញដូរឲ្យបានសមស្រប ដូចជារថយន្ត កុំព្យូទ័រ និងបរិក្ខាទាក់ទងគ្នា និងឧបករណ៍សម្រាប់ធ្វើកោសល្យវិច័យ។ រដ្ឋាភិបាលទាមទារថា ការទូទាត់សងជាក្រោយនូវថ្លៃការងារស៊ើបអង្កេតប្រឆាំងការជួញដូរទាំងអស់។ ការធ្វើដូច្នេះបង្ខំឱ្យអង្គភាពនគរបាលម្នាក់ៗ ចាយលុយខ្លួនឯងសិន។ អង្គការក្រៅរដ្ឋាភិបាល បាននិយាយថា នគរបាលខ្លះរង់ចាំរាប់ខែទម្រាំលុយត្រូវបានទូទាត់សង ហើយពេលខ្លះ មិនត្រូវបានសងបានពេញលេញទេ។ ការពិបាកលុយបែបនេះ ធ្វើឱ្យងាយមានអំពើពុករលួយនៅក្នុងចំណោមអង្គភាពនគរបាលខ្លះ។ រដ្ឋាភិបាលយល់ព្រមលើការផ្តល់អំណាចធ្វើការស៊ើបអង្កេតសម្ងាត់ ចំពោះករណីគ្រឿងញៀននិងអំពើពុករលួយ។ អង្គការក្នុងស្រុក និងមន្រ្តីខ្លះនៅតែបញ្ជាក់ពីតម្រូវការឱ្យមានបច្ចេកទេសប្រមូលភស្តុតាងថ្មី ដោយរួមទាំងការប្រមូលភស្តុតាងសម្ងាត់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការឆ្លើយជាកស្សិណរបស់សាក្សី និងដើម្បីលើកកម្ពស់ការខិតខំក្នុងការតាមដាន និងប្រយុទ្ធប្រឆាំងនឹងការជួញដូរផ្លូវភេទ។ មន្រ្តីក្រសួងយុត្តិធម៌បាននិយាយពីកង្វល់របស់គេថា ការកែប្រែច្បាប់ ឬការចេញបទបញ្ជាថ្មីបើកឲ្យធ្វើការស៊ើបអង្កេតដោយសម្ងាត់ លើករណីជួញដូរ អាចនាំឱ្យនគរបាលប្រើអំណាចខុស។
អំពើពុករលួយដែលមានជាទូទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងរដ្ឋាភិបាលកម្ពុជា រឹតត្បិតយ៉ាងខ្លាំងលើលទ្ធភាពរបស់មន្រ្តីម្នាក់ៗ ក្នុងការចាប់ជនប្រព្រឹត្តការជួញដូរទទួលខុសត្រូវ។ ក្រុមប្រឹក្សាកំពូលនៃអង្គចៅក្រម ដែលមានអំណាចដកចៅក្រម និងព្រះរាជអាជ្ញាពុករលួយ មិនបានធ្វើការងារនេះទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ ខ្វះធនធានសម្រាប់ធ្វើការងារស៊ើបអង្កេត ដើម្បីឆ្លើយតបនឹងបទចោទបែបនេះ។ លើសពីនេះទៀត អាជ្ញាធរមិនបានស៊ើបអង្កេតរបាយការណ៍ជាច្រើន ស្តីពីការសមគំនិតរបស់មន្រ្តីរដ្ឋាភិបាល នៅក្នុងការជួញដូរ ហើយក៏មិនបានធ្វើការកាត់ទោស និងដាក់ទោសលើបុគ្គលិករដ្ឋណាមួយដែលសមគំនិតក្នុងការជួញដូរ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះទេ។ នគរបាលជាតិកម្ពុជាមានយន្តការមួយម្រាប់ឱ្យអ្នកធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាល រាយការណ៍ពីករណីពុករលួយរបស់នគរបាលប្រឆាំងការជួញដូរ តែគេមិនបានរាយការណ៍ថា បានទទួលឬបានឆ្លើយតបនឹងបណ្តឹងទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ មន្រ្តីមូលដ្ឋានបានជួយសម្រួលការជួញដូរឆ្លងកាត់ព្រំដែន ដោយទទួលយកសំណូកជាថ្នូរនឹងការបន្លំឯកសារអត្តសញ្ញាណបណ្ណ។ ការឆ្មក់ឆែកឆេរដោយសមត្ថកិច្ចនៅតាមកន្លែងជួញដូរផ្លូវភេទ ពេលខ្លះ មិនបានទទួលជោគជ័យទេ ដោយសារមានការប្រាប់ឱ្យដឹងជាមុន ដោយនគរបាលដែលចូលរួមធ្វើការងារនោះ។ តែមេនគរបាលខេត្តខ្លះ ត្រូវបានគេរាយការណ៍មកថា បានមានវិធានការដើម្បីកាត់បន្ថយការធ្លាយព័ត៌មានសម្ងាត់នេះ ដោយប្រគល់ករណីនេះទៅឱ្យ AHTJP ដែលធ្វើការឆ្មក់ឆែកឆេរដោយឯករាជ្យ ដោយមិនប្រាប់អាជ្ញាធរមូលដ្ឋានទេ រហូតដល់ជិតចាប់ផ្តើមធ្វើ។ មានការនិយាយថា នគរបាលការពារកន្លែងជួញដូរផ្លូវភេទ ជាការប្តូរនឹងប្រាក់បង់ប្រចាំខែពីថៅកែកន្លែងនោះ ឬការរួមភេទជាមួយជនរងគ្រោះ។ នៅខែកុម្ភៈឆ្នាំ ២០២១ នគរបាលបានចាប់ខ្លួននគរបាលប្រឆាំងការជួញដូរម្នាក់ បន្ទាប់ពីបានវាយនារីម្នាក់ក្នុងហាងខារ៉ាអូខេ បន្ទាប់ពីនាងមិនព្រមគេងជាមួយគាត់ និងចំពោះការគំរាមបិទហាងនោះ។ នៅដំណាច់នៃអំឡុងពេលនៃរបាយការណ៍នេះ ករណីនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ ជាញឹកញាប់ អាជ្ញាធរធ្វើមិនដឹងមិនឮពីបទរំលោភក្នុងការងារ ដែលរួមមានទាំងការបង្ខំកុមារធ្វើពលកម្ម នៅតាមរោងចក្រ និងកន្លែងឡឥដ្ឋ ហើយក្នុងករណីជាច្រើន បានឃុបឃិតជាមួយថៅកែឡឥដ្ឋនៅក្នុងការចាប់ ដាក់គុក និងនាំយកមកវិញ នូវកម្មករដែលចង់គេច។ មានការនិយាយថា ព្រះរាជអាជ្ញា និងចៅក្រមបានទទួលសំណូកជាថ្នូរនឹងការទម្លាក់ចោលការចោទប្រកាន់ និងចេញសាលក្រមថា គ្មានទោស ឬបន្ថយទោស។ មន្រ្តីពុករលួយច្រើនតែងបង្អាក់ដំណើរការទៅមុខ នៅក្នុងករណីដែលជនប្រព្រឹត្តត្រូវបានគេជឿថា មានទំនាក់ទំនងនយោបាយ ព្រហ្មទណ្ឌ ឬសេដ្ឋកិច្ច ជាមួយមន្រ្តីរដ្ឋាភិបាល។ នៅក្នុងអំឡុងពេលនៃរបាយការណ៍ អធិការដ្ឋានកិច្ចការងារកម្ពុជាមិនអាចចូលបានក្នុងការដ្ឋានសំណង់ដើម្បីរកមើលករណីរំលោភផ្នែកពលកម្ម ពីព្រោះ ដូចដែល NGO បាននិយាយប្រាប់មក ថៅកែក្រុមហ៊ុនដែលមានខ្សែអ្នកធំ មិនអនុញ្ញាតឲ្យអធិការចូលពិនិត្យទេ។ នៅក្នុងអំឡុងនៃរបាយការណ៍ មេនគរបាលបានព្រមានជាសាធារណៈដល់ ថៅកែកន្លែងកំសាន្តនោះដែលមានខ្សែខាងយោធា ថា គេនឹងបិទហាង បើសិនជាមានការរំលោភលើច្បាប់ប្រឆាំងការជួញដូរមនុស្ស។ តែ អាជ្ញាធរមិនបានរាយការណ៍ថា ខ្លួនបានបិទ ឬធ្វើការស៊ើបអង្កេតកន្លែងទាំងនោះ ដោយសារបទល្មើសជួញដូរមនុស្សទេ។ នៅខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរបានធ្វើការស៊ើបអង្កេតនិងចាប់ខ្លួនអធិការនគរបាលស្រុក ពីបទដោះលែងមេខ្យល់នាំមនុស្សចំនួន ១៤ នាក់ តែប៉ុន្មានថ្ងៃ បន្ទាប់ពីបានរងការចោទប្រកាន់ពីបទលួចនាំពលករពីកម្ពុជាចូលទៅប្រទេសថៃ។ ទោះបីជាមានការចោទប្រកាន់ដ៏គួរទុកចិត្តបានលើបទសមគំនិតក្តី តែអាជ្ញាធរមិនបានរាយការណ៍ពីការកាត់ទោស ឬដាក់ទោសដោយតុលាការ លើបុគ្គលិករដ្ឋណាមួយដែលសមគំនិតក្នុងបទល្មើសជួញដូរមនុស្សទេ។
ការការពារ
រដ្ឋាភិបាលមិនបានបន្តការខិតខំក្នុងការងារការពារឲ្យបានគ្រប់គ្រាន់ទេ។ ទោះបីជាមានគោលការណ៍ណែនាំក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលចេញដោយក្រសួងសង្គមកិច្ច នៅដើមឆ្នាំ ២០១៧ ក្តី តែការបញ្ជូន និងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍នៃជនរងគ្រោះនៅតែមិនស៊ីចង្វាក់គ្នា ហើយនៅខ្សោយ នៅក្នុងស្ថាប័នសមត្ថកិច្ចទាំងមូល។ ដោយសារមានវិធានការប្រមូលទិន្នល្អជាងមុន រដ្ឋាភិបាលបានធ្វើសេចក្តីរាយការណ៍ពីទិន្នន័យក្នុងការកំណត់អត្តសញ្ញាកម្មជនរងគ្រោះពីគ្រប់ខេត្តទាំងអស់ នៅក្នុងប្រទេស។ ក្នុងពេលធ្វើការចាប់ខ្លួន ក្នុងអំឡុងពេលនៃរបាយការណ៍នេះ នគរបាលបានរាយការណ៍ថា បានរកឃើញជនរងគ្រោះនៃ «ការជួញដូរមិនទាក់ទងនឹងការជួញដូរផ្លូវភេទ» ចំនួន ៣២២ នាក់ (៧៦ នាក់ក្នុងឆ្នាំ ២០១៩)។ ដូចក្នុងគ្រប់ស្ថិតិទាំងអស់ទាក់ទងនឹងការអនុវត្តច្បាប់ដែរ តួលេខទាំងនេះទំនងរួមបញ្ចូលជនរងគ្រោះដោយបទល្មើសដែលមិនបំពេញបានតាមបទដ្ឋាននិយមន័យនៃការជួញដូរផ្លូវភេទ ឬពលកម្មដោយបង្ខំទេ។ ក្រសួងសង្គមកិច្ច បានដំណើរការទីជំរកបណ្តោះអាសន្នមួយនៅព្រំដែនក្រុងប៉ោយប៉ែត ដែលនៅទីនោះ គេរកមើលជនរងគ្រោះដោយការជួញដូរ នៅក្នុងចំណោមអ្នកធ្វើចំណាកស្រុកចាស់ ក្មេង។ នៅក្នុងអំឡុងពេលនៃរបាយការណ៍មុន NCCT បានប្រើ វិធីកំណត់អត្តសញ្ញាណជនរងគ្រោះ និងការប្រមូលទិន្នន័យ តាមរយៈការផលិត និងការដាក់ឲ្យប្រើនូវកម្មវិធី និងសៀវភៅកំណត់អត្តសញ្ញាណជនរងគ្រោះ តែមិនបានរាយការណ៍ថា តើបានប្រើវិធីនេះដែរឬក៏អត់ទេ។ ដោយសារមនុស្សនៅក្នុងក្រុមនេះងាយរងគ្រោះដោយការជួញដូរ និងដោយសារកង្វះនៃការអនុវត្តជាសាកលនូវបទដ្ឋានកំណត់អត្តសញ្ញាណជនរងគ្រោះ ជនរងគ្រោះជាច្រើនដែលបានស្នាក់នៅបណ្តោះអាសន្ននៅមជ្ឈមណ្ឌលទាំងនេះ មិនត្រូវបានគេកំណត់អត្តសញ្ញាណបាន ឬរកឃើញថាជាជនរងគ្រោះទេ។ រដ្ឋាភិបាលមិនបានបន្តអនុវត្តបទបញ្ជាដែលរារាំងមិនឱ្យអង្គការមិនមែនរដ្ឋាភិបាលធ្វើជាតំណាងបុគ្គលដែលស្វែងរកការទទួលស្គាល់ជាផ្លូវការថា ជាជនរងគ្រោះទេ។ តាមរយៈវិធីនេះ ដែល អង្គការក្រៅរដ្ឋាភិបាល អះអាងថា បានគំរាមកំហែងយ៉ាងខ្លាំងដល់ជនរងគ្រោះ និងគ្រួសាររបស់គេ ជនរងគ្រោះត្រូវបានគេតម្រូវឱ្យទាក់ទងទៅក្រសួងមហាផ្ទៃ ដើម្បីសុំការកំណត់អត្តសញ្ញាជាផ្លូវការ ដើម្បីអាចទទួលបានសេវាការពារ។ អង្គការខ្លះដែលធ្វើការងារប្រឆាំងការជួញដូរ និយាយពីកង្វះកិច្ចសហប្រតិបត្តិការពីអាជ្ញាធរ ដែលជាការរារាំងដល់ការងារនៃអង្គការសំខាន់ៗ ក្នុងការធ្វើការប្រឆាំងការជួញដូរ។
រដ្ឋាភិបាលគ្មានសមត្ថភាព ឬធនធានក្នុងការផ្តល់ការការពារបានគ្រប់គ្រាន់ ដូចជាទីជម្រកសម្រាប់ជនរងគ្រោះដោយការជួញដូរបានទេ ដូច្នេះត្រូវបន្តពឹងផ្អែកខ្លាំងលើប្រទេសផ្តល់ជំនួយ អង្គការអន្តរជាតិ និង អង្គការក្រៅរដ្ឋាភិបាល នៅក្នុងការជួយដល់ជនរងគ្រោះ។ រដ្ឋាភិបាលគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ទីជម្រកនៅទូទាំងប្រទេស សម្រាប់ជាជំនួយក្នុងគ្រាចំពោះមុខ និងរយៈពេលយូរ ដល់ជនរងគ្រោះដោយការជួញដូរ ដោយរួមទាំងជនរងគ្រោះដែលត្រូវបានបញ្ចូនត្រឡប់វិញ ឬអ្នកស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះដោយការជួញដូរ។ ក្រសួងសង្គមកិច្ច មានគោលការណ៍ណែនាំដែលមាននិយាយពីបទដ្ឋានអប្បបរមា សម្រាប់ការថែទាំនៅតាមផ្ទះ នូវជនរងគ្រោះដោយការជួញដូរ ហើយបានផ្សព្វផ្សាយគោលការណ៍ណែនាំទាំងនោះ នៅក្នុងចំណោមទីជម្រករបស់អង្គការក្រៅរដ្ឋាភិបាល នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ តែរដ្ឋាភិបាលមិនជួយសម្រួលដល់ការផ្ទេរជាផ្លូវការ នូវការគ្រប់គ្រងលើជនរងគ្រោះជាកុមារទៅឲ្យអង្គការក្រៅរដ្ឋាភិបាលទេ ដែលជាការធ្វើឱ្យអង្គការដែលទទួលជនរងគ្រោះជាកុមារ អាចរងបណ្តឹងតុលាការ។ គេនិយាយថា បញ្ហាដែលនៅតែមាន ទាក់ទងនឹងការគ្រប់គ្រងជនរងគ្រោះ ធ្វើឱ្យទីជម្រករបស់អង្គការខ្លះ មិនចង់ការពារសេរីភាពក្នុងការដើរហើររបស់អ្នកនៅក្នុងនោះ ដែលជាការផ្ទុយនឹងទម្លាប់ល្អដែលត្រូវធ្វើ ។ បទបញ្ញតិ្តដែលអនុញ្ញាតឱ្យមានការដោះស្រាយដោយប្រើលុយជំនួសឲ្យការដាក់ទោសធ្ងន់ជាងនេះធ្វើឲ្យគ្រួសារខ្លះមិនចង់ឱ្យអង្គការក្រៅរដ្ឋាភិបាល ទទួលជងរងគ្រោះឱ្យស្នាក់នៅបណ្តោះអាសន្ន ហើយដោយគ្មានការយល់ព្រមរបស់គ្រួសារ ជនរងគ្រោះអាចរងគ្រោះសាជាថ្មី។ នៅក្នុងអំឡុងពេលនៃរបាយការណ៍ រដ្ឋាភិបាលបានបង្កើតគោលនយោបាយថ្នាក់ជាតិ ស្តីពីសុខភាពរបស់ជនចំណាកស្រុក ដែលផ្តល់អំណាចដល់មណ្ឌលសុខភាពសាធារណៈ នូវអំណាចក្នុងការផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ ដល់កម្មករចំណាកស្រុកទាំងអស់ នៅកម្ពុជា ដោយរួមទាំងជនរងគ្រោះជាជនជាតិបរទេស។ គោលនយោបាយនេះបន្ធូរបន្ទុកថវិការបស់អង្គការក្រៅរដ្ឋាភិបាល ក្នុងការផ្តល់ការព្យាបាលដល់ក្រុមមនុស្សងាយរងគ្រោះ។
ថ្វីបើជនរងគ្រោះដោយសារការជួញដូរកម្លាំងពលកម្មមានច្រើននៅក្នុងចំណោមបុរសក្តី តែជំនួយដែលត្រូវបានផ្តល់សម្រាប់ជនរងគ្រោះទាំងនោះ នៅមានកម្រិតនៅឡើយ។ នៅក្នុងអំឡុងពេលនៃរបាយការណ៍ រដ្ឋាភិបាលបានទទួលស្គាល់ថា ពួកគេមិនបានទទួលការជួយបានគ្រប់គ្រាន់ ហើយបានស្នើសុំជំនួយពីអង្គការក្រៅរដ្ឋាភិបាល។ មានសេចក្តីរាយការណ៍មកថា រដ្ឋបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងកម្មវិធីដទៃទៀត ដើម្បីរកការងារបានសម្រាប់ជនរងគ្រោះជាមនុស្សប្រុសនៅក្នុងឧស្សាហកម្មនេសាទ តែមិនបាននិយាយថា តើមានជនរងគ្រោះប៉ុន្មាននាក់បានទទួលផលពីកម្មវិធីទាំងនោះទេ។ តែអង្គការក្រៅរដ្ឋាភិបាល ដែលផ្តល់សេវាបានកត់សម្គាល់ឃើញកង្វះធ្ងន់ធ្ងរនៃសេវាសម្រាប់ការធ្វើសមាហរណកម្មក្នុងសង្គមវិញ ហើយនិងការរងការមាក់ងាយបន្ទាប់ពីរងការបង្ខំឲ្យធ្វើការលើទូកនេសាទ បានជំរុញឱ្យមានការរងការជួញដូរជាថ្មី នៅក្នុងចំណោមអ្នកនេសាទដែលវិលត្រឡប់មកផ្ទះ បន្ទាប់ពីបានគេចចេញពីការរំលោភធ្វើបាប។ មិនដូចនៅក្នុងអំឡុងពេលនៃរបាយការណ៍មុនទេ ដោយនៅពេលនោះអាជ្ញាធរមិនបានផ្តល់ស្ថិតិពេញលេញ ស្តីពីចំនួនជនរងគ្រោះដែលគេបានជួយឬបញ្ជូន នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ នគរបាលមូលដ្ឋានបានបញ្ជូនជនរងគ្រោះដោយការជួញដូរជាជនបរទេស និងជនជាតិខ្មែរ និងអ្នកប្រឈមនឹងការជួញដូរចំនួន ៣៧១ នាក់ ទៅការិយាល័យសង្គមកិច្ចខេត្ត។ ជាធម្មតា ការិយាល័យទាំងនេះបញ្ជូនជនរងគ្រោះទៅមណ្ឌលថែទាំរយៈពេលយូរនិងខ្លីនៅអង្គការក្រៅរដ្ឋាភិបាល។ អង្គការនេះបាននិយាយថា នៅក្នុងករណីភាគច្រើន ដំណើរការបញ្ជូនជនរងគ្រោះគឺលឿន។ លើសពីនេះទៀត នៅឆ្នាំ ២០២០ ក្រសួងសង្គមកិច្ចបានបញ្ជូនឲ្យNGO នូវជនរងគ្រោះដោយការជួញដូរកម្ពុជាចំនួន ២២០ នាក់ និងអ្នកធ្វើចំណាកស្រុកងាយរងគ្រោះដទៃទៀត ដែលត្រូវបានចាប់បញ្ជូនមកពីបរទេស ដូចជាប្រទេសចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរី ថៃ និងវៀតណាម។ ក្នុងចំណោមអ្នកវិលត្រឡប់វិញទាំង ២២០ នាក់ មាន ១១៣ នាក់ត្រូវបានបង្ខំឱ្យរៀបការ ៥៤ ត្រូវបានបង្ខំឱ្យធ្វើពលកម្ម និង ៣ រងគ្រោះដោយការជួញដូរផ្លូវភេទ។ ក្រសួងសង្គមកិច្ចបានធ្វើសមាហរណកម្មជនរងគ្រោះខ្មែរដោយការជួញដូរ និងអ្នកធ្វើចំណាកស្រុកដទៃទៀតដែលងាយរងគ្រោះ ចំនួន ២៩០ នាក់ ហើយបានបញ្ជូនពួកគេឱ្យអង្គការក្រៅរដ្ឋាភិបាលមើល។
រដ្ឋាភិបាលនៅបន្តពឹងផ្អែកលើថវិការបស់អង្គការផ្តល់ជំនួយ ក្នុងការធ្វើមាតុភូមិនិវត្តន៍នៃជនរងគ្រោះខ្មែរ ដែលរងការកេងប្រវ័ញ្ចនៅបរទេស។ ស្ថានបេសកកម្មទូតកម្ពុជានៅបរទេស នៅតែខ្វះថវិកាឬសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ជំនួយចាំបាច់ ឬបញ្ជូនជនរងគ្រោះមកមាតុភូមិវិញ ថ្វីបើរដ្ឋាភិបាលបានចេញវិធានការក្នុងឆ្នាំមុនៗ ក្នុងការបណ្តុះបណ្តាលអ្នកការទូតស្តីពីការការពារពលករចំណាកស្រុកក្តី។ អង្គការក្រៅរដ្ឋាភិបាលមួយបាននិយាយថា មិនសូវទទួលបានការជួយពីស្ថានកុងស៊ុលខ្មែរនៅបរទេសទេ ដោយសារគ្មានអ្នកប្រចាំការលើកទូរសព្ទ ឬក៏បុគ្គលិកមិនអើពើ។ ប្រទេសកម្ពុជាមានអនុព័ន្ធការងារនៅតាមស្ថានទូតនៅប្រទេសកូរ៉េ ម៉ាឡេស៊ី និងថៃ ដែលសុទ្ធតែជាប្រទេសដែលមានចំនួនពលករចំណាកស្រុកកម្ពុជាច្រើនជាងគេ តែមិនបានផ្តល់ទិន្នន័យស្តីពីការចូលរួមរបស់ខ្លួននៅក្នុងការរកមើល ឬជួយជនរងគ្រោះដោយសារការជួញដូរពលកម្មទេ។ ជនរងគ្រោះដែលត្រូវបានរកឃើញនៅក្នុងប្រទេសដែលគ្មានតំណាងទូតកម្ពុជា រឹតតែមិនសូវទទួលបានជំនួយទៅទៀត។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ ក្រសួងការបរទេសបាននិយាយថា ខ្លួនបានជួយសម្រួលដល់ការវិលត្រឡប់វិញនៃពលករចំណាកស្រុកចំនួន ១០ ៥៧៤ ពីប្រទេសចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបូរី ថៃ និងវៀតណាម។ មានកំណើនច្រើនដោយសារជំងឺកូវីដ១៩។ បន្ទាប់ពីក្រសួងសង្គមកិច្ច បានសម្ភាសន៍បឋមជាមួយអ្នកមាតុភូមិនិវត្តន៍ទាំងនេះ គេបញ្ជូនអ្នកទាំងអស់នោះទៅអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដើម្បីធ្វើសម្ភាសបន្ត ដើម្បីកំណត់ថាតើត្រូវជួយដូចម្តេចខ្លះ ដូចជាការថែទាំ ការស្តារនីតិសម្បទា ឬក៏ឲ្យវិលត្រឡប់ទៅភូមិកំណើតវិញ។ តែដូចអំឡុងពេលនៃការធ្វើរបាយការណ៍លើកមុនដែរ អាជ្ញាធរមិនបានបញ្ជាក់ថាតើខ្លួនបានធ្វើតាមវិធានការកំណត់អត្តសញ្ញាណកម្មជនរងគ្រោះដោយការជួញដូរឬទេក្នុងចំណោមអ្នកវិលត្រឡប់វិញទាំងនោះ ឬថាតើ ក្នុងចំណោមអ្នកទាំងនោះ មានប៉ុន្មាននាក់ជាជនរងគ្រោះដោយការជួញដូរ ។ ចំនួនអ្នកវិលត្រឡប់វិញ ដែលបានរងការជួញដូរ និងការបង្ខំឲ្យធ្វើពលកម្មនៅបរទេស ទំនងជាមានច្រើនជាងចំនួនក្នុងសេចក្តីរាយការណ៍ ដោយសារក្រុមទាំងនេះច្រើនតែវិលមកវិញក្នុងលក្ខណៈក្រៅផ្លូវការ ហើយនិងដោយសារខ្វះនីតិវិធីក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ។
គ្មានបញ្ញតិ្តសម្រាប់ផ្តល់ការអនុញ្ញាតឱ្យធ្វើការ ការស្នាក់នៅបណ្តោះអាសន្ន ឬក៏ឋានៈជាជនអន្តោប្រវេសន៍ដទៃទៀតណាឡើយ ដល់ជនរងគ្រោះជាជនបរទេស ដែលចង់ស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមនៅក្នុងនីតិវិធីព្រហ្មទណ្ឌ ឬនីតិវិធីរដ្ឋប្បវេណីទេ។ រដ្ឋាភិបាលតម្រូវឱ្យធ្វើមាតុភូមិនិវត្តន៍នៃជនរងគ្រោះបរទេស លើកលែងក្នុងករណីកម្រ ហើយមិនបានផ្តល់ជម្រើសផ្សេងផ្នែកច្បាប់ក្រៅពីការបញ្ជូនពួកគេចេញទេ ទោះបីជាគេប្រឈមនឹងភាពពិបាក ឬការសងសឹក នៅពេលគេទៅដល់ប្រទេសកំណើតរបស់គេវិញក៏ដោយ។ នៅឆ្នាំ ២០២០ ក្រសួងសង្គមកិច្ចបានធ្វើមាតុភូមិនិវត្តន៍ជនជនរងគ្រោះជាជនជាតិវៀតណាម ទៅប្រទេសវៀតណាមវិញ ( ៩ នាក់ ក្នុងឆ្នាំ ២០១៩) ។ ការមិនសូវមានការខិតខំក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះបានធ្វើឱ្យមនុស្សជាច្រើនដែលអាចជាជនរងគ្រោះដោយការជួញដូរ ប្រឈមមុខនឹងទណ្ឌកម្មរបស់សមត្ថកិច្ចទៅវិញ ដោយរួមមានទាំងការចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ឬការចោទថា បានរំលោភច្បាប់អន្តោប្រវេសន៍។ តែអង្គការមួយបាននិយាយថា នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ នគរបាលប្រឆាំងការជួញដូរ និងព្រះរាជអាជ្ញាព្រមធ្វើការជាមួយអ្នកធ្វើការសង្គម ហើយបានអនុវត្តវិធីដែលល្អសម្រាប់កុមារ នៅពេលជួបករណីជនរងគ្រោះដោយការជួញដូរ។ សមត្ថកិច្ចច្រើនតែមិនដាក់ជនរងគ្រោះ និងជនល្មើសនៅដាច់ពីគ្នាទេ ក្នុងពេលសម្ភាសន៍។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ ក្រសួងយុត្តិធម៌បានណែនាំឲ្យតុលាការខេត្តអនុវត្តកម្មវិធីតុលាការដោយគិតពីកុមារ ដែលត្រូវបានផ្តើមឡើងនៅឆ្នាំ ២០១៦ ដើម្បីសម្រួលដល់ការធ្វើកស្សិណដោយកុមារ ដោយរួមមានការមិនឱ្យសួរកុមារក្នុងតុលាការនៅចំពោះមុខជនជាប់ចោទ ហើយបែរមកប្រើបច្ចេកទេសសួរពីចម្ងាយតាមរយៈទូរសព្ទដោយមានឱ្យឃើញរូបវិញ។ ទោះបីមានការកំណត់យ៉ាងនេះក្តី ក៏ក្រសួងមិនបានរាយការណ៍ថាតើតុលាការបានអនុវត្តជាទូទៅលើកម្មវិធីនេះដែរឬអត់នោះទេ។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ ដោយសហការជាមួយនឹងអង្គការមួយ រដ្ឋាភិបាលបានផ្តើមកម្មវិធីសាកល្បងមួយ នៅក្នុងខេត្តចំនួន ៣ ដើម្បីបង្រៀនអ្នកធ្វើការផ្នែកកិច្ចការសង្គមកិច្ច ដើម្បីផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្តដល់ជនរងគ្រោះ ដែលកំពុងមានក្តីក្តាំនៅក្នុងតុលាការ។ យ៉ាងណាក្តី ប្រព័ន្ធច្បាប់ពុករលួយនិងខ្សោយរបស់ប្រទេសកម្ពុជា ហើយនិងកង្វះការការពារគ្រប់គ្រាន់ជូនជនរងគ្រោះ និងសាក្សី ដែលត្រូវបានធ្វើឱ្យកាន់តែអាក្រក់ឡើងដោយដំណើរការកាត់ក្តីយូរ និងការភ័យខ្លាចការសងសឹកដោយជនប្រព្រឹត្តការជួញដូរ បង្កជាឧបសគ្គដល់ជនរងគ្រោះ មិនឱ្យមានចិត្តចង់សហការនៅក្នុងករណីជាច្រើន។ អង្គការនិយាយថា ជនរងគ្រោះចង់បានការដោះស្រាយក្រៅតុលាការវិញ យកជាមធ្យោបាយឆាប់ ដោយទទួលបានសំណងជាលុយ។ ច្បាប់កម្ពុជាមាននិយាយពីវិធីសម្រាប់ជាសំណងសម្រាប់ជនរងគ្រោះ។ តែការនេះមានការពិបាកដោយលក្ខខណ្ឌផ្លូវច្បាប់ដែលចែងថា ការទូទាត់សងអាចត្រូវបង់ឱ្យតែនៅពេលជនល្មើសចេញពីពន្ធនាគារវិញតែប៉ុណ្ណោះ។ ការគេចខ្លួនជាញឹកញាប់របស់ជនល្មើសដែលតុលាការបានដាក់ទោសហើយនោះ ធ្វើឱ្យរឿងនេះរឹតតែមានភាពស្មុគស្មាញកាន់តែច្រើន។ អ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាខ្វះនីតិវិធីប្រតិបត្តិជាបទដ្ឋាន សម្រាប់គណនាសំណង។ ជនរងគ្រោះកម្រទទួលបានទឹកប្រាក់ក្នុងចំនួនដែលបានសន្យាណាស់ ហើយគ្រួសារជនរងគ្រោះជាច្រើនដោះស្រាយក្រៅតុលាការ ជាមួយជនល្មើស ឬទទួលយកសំណូកជាថ្នូរនឹងការទម្លាក់ចោលការចោទប្រកាន់។
ការការពារជាមុន (Prevention)
រដ្ឋាភិបាលកម្ពុជាបានបន្តការងារទប់ស្កាត់ជាមុន កុំឱ្យមានការជួញដូរមនុស្ស។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) និងលេខាធិការដ្ឋានរបស់គណៈកម្មាធិការនេះ បានសម្របសម្រួលសកម្មភាពប្រឆាំងការជួញដូរ ហើយបានបន្តអនុវត្តផែនការសកម្មជាតិជាតិ ឆ្នាំ ២០១៩ - ២០២៣ ប្រឆាំងការជួញដូរ ដែលត្រូវបានបង្កើតឡើង ដោយសហការជាមួយសង្គមស៊ីវិល និងម្ចាស់ជំនួយអន្តរជាតិ។រដ្ឋាភិបាលមានថវិកាសម្រាប់ គជបជ ចំនួន ២,២ ពាន់លានរៀល (៥៤៣ ០៨០ដុល្លារ) ។ នៅក្នុងអំឡុងពេលនៃរបាយការណ៍មុន មានប្រហែល ៥,៤ ពាន់លានរៀល (១,៣៣ លានដុល្លារ)។ ជំងឺរាតត្បាតបានធ្វើឲ្យមានការកាត់ការចំណាយច្រើន។ ក្រសួងភាគច្រើនមានថវិកាដោយឡែករបស់គេសម្រាប់សកម្មភាពប្រឆាំងការជួញដូរ។លេខាធិការដ្ឋានរបស់ គជបជ មានក្រុមការងារចំនួន ៦ សម្រាប់តាមដានការងារនៃគណៈកម្មាធិការចម្រុះនេះ ព្រមទាំងការងាររបស់អនុគណៈកម្មាធិការនៅតាមខេត្ត។ គណៈកម្មាធិការប្រឆាំងការជួញដូរថ្នាក់ខេត្តជាសាខា ដែលក្នុងនោះ មាន ៤ បានបន្តទទួលថវិកាខ្លះពីរដ្ឋាភិបាលថ្នាក់កណ្តាល ធ្វើការសម្របសម្រួលការងារនៅថ្នាក់មូលដ្ឋាន ដើម្បីឱ្យស៊ីនឹងសកម្មភាពមានចែងក្នុងផែនការសកម្មភាពជាតិ។ មានក្រុមការងារមួយសម្រាប់ពង្រឹងការងារគណៈកម្មាធិការអន្តរក្រសួង នៅតាមខេត្ត ដោយជួយមន្រ្តីថ្នាក់ខេត្ត ហើយសិក្សាវាយតម្លៃផ្នែកដែលត្រូវធ្វើការកែលម្អ។ អង្គការ បានកត់សម្គាល់ឃើញការពឹងផ្អែកក្នុងកាលៈទេសៈពិសេសរបស់គណៈកម្មាធិការខេត្ត លើថវិកាសេសសល់ដែលមិនគ្រប់គ្រាន់ ពីផ្នែកសេវាសង្គមទូទៅ ជាជាងពឹងផ្អែកលើថវិកាប្រចាំឆ្នាំរបស់ខ្លួនផ្ទាល់ បំផ្លាញដល់ទំហំ និងនិរន្តរភាពនៃការងាររបស់គេ។ គជបជ បានបន្តចេញរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការងាររួមក្នុងការប្រឆាំងការជួញដូររបស់រដ្ឋាភិបាល ដោយរួមទាំងទិន្នន័យពេញលេញ ស្តីពីការកាត់ទោស និងការដាក់ទោសដោយតុលាការ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអនុប្រធាន គជបជ បានរៀបចំរួមគ្នា នូវកិច្ចប្រជុំទ្វេភាគីស្តីពីការជួញដូរមនុស្សជាមួយរដ្ឋាភិបាលបរទេសមួយ កាលពីខែកញ្ញា ឆ្នាំ ២០២០ និងនៅខែមករា ឆ្នាំ ២០២១ ដោយមានការចូលរួមនៃមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។ NGO និងអង្គការអន្តរជាតិបាននិយាយថា គជបជ បានធ្វើការកាន់តែបានល្អឡើង ក្នុងការសម្របសម្រួលជាមួយសង្គមស៊ីវិល នៅក្នុងការងារប្រឆាំងការជួញដូរខ្លះ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។
ក្រសួងការងារមានផែនការសកម្មភាពដោយឡែកមួយ សម្រាប់កាត់បន្ថយពលកម្មកុមារ និងទាសភាពបំណុល នៅក្នុងវិស័យផ្តល់សេវាកម្ម កសិកម្ម រ៉ែ និងថាមពល នៅត្រឹមឆ្នាំ ២០២៥ តាមរយៈការលើកកម្ពស់ការយល់ដឹង បណ្តឹងតុលាការ និងការសហការជាមួយសង្គមស៊ីវិល ដោយទទួលថវិកាមួយផ្នែកពីថវិកាជាតិ។ គ្មានការហាមប្រាមលើការជ្រើសរើសមនុស្សធ្វើការដោយពលករចេញថ្លៃជ្រើសរើសទេ។ អ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញមានការចំណាយច្រើន លក្ខខណ្ឌទាមទារផ្នែករដ្ឋបាលមានភាពស្មុគស្មាញ ហើយមានបញ្ញតិ្តដែលរឹតត្បិតលើដំណើរការធ្វើចំណាកស្រុកជាផ្លូវការ បានជំរុញពលករចំណាកស្រុកខ្មែរភាគច្រើនឲ្យជ្រើសរើសយកផ្លូវក្រៅប្រព័ន្ធ នៅក្នុងការទៅធ្វើការនៅបរទស។ រដ្ឋាភិបាលបានរាយការណ៍ពីការធ្វើការស៊ើបអង្កេតក្រុមហ៊ុនជ្រើសរើសពលករក្រែងមានការ ប្រព្រឹត្តខុសច្បាប់នាំឱ្យមានឬពាក់ព័ន្ធការជួញដូរ។ នៅខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរបានចាប់ខ្លួនមេខ្យល់ចំនួន ១៤ នាក់ដែលនាំពលករ ឲ្យឆ្លងកាត់ព្រំដែនទៅធ្វើការខុសច្បាប់នៅប្រទេសថៃ។ អាជ្ញាធរមិនបានប្រាប់ថាតើខ្លួនបានធ្វើការស៊ើបអង្កេតលើមេខ្យល់ ឬក្រុមហ៊ុនជ្រើសរើសមនុស្សធ្វើការ ដើម្បីរកមើលក្រែងមានការជួញដូរមនុស្សនោះទេ។ មន្រ្តី និងអ្នកសង្កេតការណ៍មកពីអង្គការក្រៅរដ្ឋាភិបាល បានកត់សម្គាល់ឃើញពីការខកខានរបស់មន្រ្តីធ្វើការផ្នែកការងារ នៅក្នុងការធ្វើអធិការកិច្ចបានគ្រប់គ្រាន់លើក្រុមហ៊ុនឯកជនដែលជ្រើសរើសមនុស្សធ្វើការ និងសមត្ថភាពនៃក្រុមហ៊ុនទាំងនេះ នៅក្នុងការឱ្យឈ្មួញកណ្តាលក្រៅស៊ីឈ្មោះរបស់គេ បានបន្តធ្វើការកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងរាលដាល។ ក្រុមហ៊ុនទាំងនេះខ្លះ តាមសេចក្តីរាយការណ៍មក មានការពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការជ្រើសរើសមនុស្សដោយឆបោក ដែលជាការនាំឱ្យមានការជួញដូរមនុស្ស។ ជាបន្ថែមលើភាពងាយរងគ្រោះនៃវិធីធ្វើចំណាកស្រុកដែលគេច្រើនធ្វើតាម អនុក្រឹត្យ និងបទបញ្ជាដែលគ្រប់គ្រងលើនីតិវិធី និងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនជ្រើសរើសពលករឯកជនមិនបានបញ្ជូលខ្លឹមសារគ្រប់គ្រាន់ ដែលបញ្ជាក់ពីសិទ្ធិរបស់ពលករ ឬការការពារពលករចំណាកស្រុកទេ។ ក្រសួងសង្គមកិច្ចបានបង្កើតការិយាល័យនៅតាមខេត្ត ដើម្បីតាមដានក្រុមហ៊ុនជ្រើសរើសពលករ និងដោះស្រាយបណ្តឹងកម្មករ ដោយរួមទាំងករណីដែលអាចជាករណីជួញដូរ តែមិនបាននិយាយពីចំនួនបណ្តឹងដែលការិយាល័យទាំងនេះបានទទួលទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ រដ្ឋាភិបាលមិនបានដោះស្រាយចំពោះបញ្ហាដែលក្រុមហ៊ុនរងការចោទប្រកាន់ថា មានការពាក់ព័ន្ធក្នុងការជួញដូរទេ។ ឧទាហរណ៍ នៅខែសីហា ឆ្នាំ ២០២០ ក្រសួងការងារបានអនុញ្ញាតឲ្យក្រុមហ៊ុនជ្រើសរើសពលករចំនួន ៦ ដែលកន្លងមក ត្រូវបានសង្ស័យពីបទពាក់ព័ន្ធក្នុងការជួញដូរ បញ្ជូនអ្នកបម្រើការងារតាមផ្ទះទៅបរទេស។
រដ្ឋាភិបាលបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងម្ចាស់ជំនួយនានា ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីច្បាប់ប្រឆាំការជួញដូរ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ពលកម្មកុមារ និងយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងការជួយដូរ នៅក្នុងចំណោមសមត្ថកិច្ច បុគ្គលិកស្ថាប័នដទៃទៀត និងប្រជាជនទូទៅ។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ ក្រសួងអប់រំ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល បានរៀបចំ និងអនុម័តលើកម្មវិធីសិក្សាទាក់ទងនឹងការជួញដូរមនុស្ស។ ទោះបីជាមានការខិតខំយ៉ាងនេះក្តី ក៏រដ្ឋាភិបាលបានកាត់បន្ថយវគ្គរៀនសូត្រ ដោយសាររោគរាតត្បាត នៅដំណាច់នៃអំឡុងពេលរបស់របាយការណ៍នេះ។ ក្រសួងមហាផ្ទៃមានលេខទូរសព្ទពិសេសសម្រាប់ឲ្យជនរងគ្រោះនិងសាក្សីរាយការណ៍ពីបទល្មើសជួញដូរ។ រដ្ឋាភិបាលបានផ្សព្វផ្សាយពីទូរសព្ទពិសេសនេះនៅលើគេហទំព័ររបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយសង្គម តម្រូវឲ្យផ្ទះសំណាក់និងសណ្ឋាគារនៅក្នុងខេត្តទាំង ២៥ ផ្សព្វផ្សាយពីទូរសព្ទពិសេសនេះ ហើយបានធ្វើការជាមួយអង្គការ ដែលផ្តោតការងារលើការជួញដូរផ្លូវភេទលើកុមារ ដោយផ្សាយលេខទូរសព្ទពិសេសនេះនៅតាមរថយន្តតាក់ស៊ី និងរ៉ឺម៉កកង់បី (តុកតុក) នៅទូទាំងប្រទេស។ អាជ្ញាធរនិយាយថា បានទទួលការហៅចូលចំនួន ២១ លើក ទាក់ទងនឹងការជួញដូរ ការរំលោភផ្លូវភេទ និងហិង្សាក្នុងគ្រួសារ តែមិនបាននិយាយថា បានបញ្ជូនករណីទាំងនោះដើម្បីធ្វើការស៊ើបអង្កេតបន្តនោះទេ។ តែ ប្រព័ន្ធផ្សាយសង្គមរបស់ AHTJP បានទទួលព័ត៌មានស្តីពីករណីដែលអាចជាករណីជួញដូរ នៅឆ្នាំ ២០២០ ដែលនាំដល់ការចាប់ខ្លួនជនសង្ស័យ ២ នាក់។ តាមសេចក្តីរាយការណ៍មក ក្រសួងការងារបានផ្តល់ការពន្យល់ណែនាំមុនពេលចេញដំណើរ ដល់ប្រជាជនកម្ពុជាចំនួន ២០ ៣៦០ នាក់ ដែលធ្វើចំណាកស្រុកទៅបរទេស ដើម្បីរកការងារធ្វើ (មាន ៤៨ ០០០ នាក់ក្នុងឆ្នាំ ២០១៩)។ ប៉ុន្តែ តាមសេចក្តីរាយការណ៍មក ប្រជាជនកម្ពុជាជាច្រើនមិនដឹងពីវិធីដាក់ពាក្យសុំឯកសារធ្វើដំណើរ ឬថាវាអស់ថ្លៃប៉ុន្មានទេ ដែលជាការធ្វើឱ្យគេប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដោយធ្វើដំណើរតាមមធ្យោបាយដែលធ្វើឱ្យគេងាយរងគ្រោះ។ រដ្ឋាភិបាល មិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មាននេះទេ។ រដ្ឋាភិបាលមានកិច្ចព្រមព្រៀងចំនួន ២ លើការជ្រើសរើសពលករ ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកិច្ចព្រមព្រៀងជ្រើសរើសពលករបម្រើតាមផ្ទះជាមួយហុងកុង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាមួយឥណ្ឌា។ ក្រសួងការបរទេស បានបន្តអនុវត្តវិធានការត្រួតពិនិត្យផ្នែកកុងស៊ុល ដើម្បីកាត់បន្ថយការជួញដូរផ្លូវភេទ និងការជួញដូរពលកម្ម លើស្រ្តីកម្ពុជា តាមរយៈការរៀបការដោយបង្ខំ និងដោយបោកបញ្ឆោត ដោយរួមមានការពិនិត្យវាយតម្លៃអ្នកដាក់ពាក្យសុំ ដោយផ្ទៀងផ្ទាត់ជាមួយប្រវត្តិរូបរបស់ជនរងគ្រោះដោយការជួញដូរ ដែលត្រូវបានរៀបចំឡើងរួមគ្នាជាមួយប្រទេសចិន នៅឆ្នាំ ២០១៦។ តែក្រសួងការបរទេសមិនបានរាយការណ៍ថាបានបញ្ជូនមនុស្សដែលអាចជាជនរងគ្រោះទាំងនោះ ទៅសមត្ថកិច្ច ឬឱ្យទទួលសេវាគាំពារទេ។ រដ្ឋាភិបាលបានបន្តអនុវត្តបទបញ្ជាដែលត្រូវបានចេញនៅឆ្នាំ ២០១៨ ដែលតម្រូវឱ្យបុរសបរទេសបង់លុយ បើគេចង់ត្រឡប់ទៅមាតុភូមិវិញជាមួយប្រពន្ធខ្មែរ។ ដោយសារបទបញ្ជានេះប្រើតែសម្រាប់ការធ្វើដំណើរតាមយន្តហោះ គេបាននិយាយថា មានកំណើននៃស្រ្តីខ្មែរដែលធ្វើដំណើរតាមផ្លូវគោកដែលមិនធានាសុវត្ថិភាព នៅក្នុងដំណើរធ្វើចំណាកស្រុកទៅរៀបការនៅប្រទេសចិន។
មន្រ្តីក្រសួងការងារបន្តបដិសេធថា មានពលកម្មកុមារ ដោយរួមទាំងពលកម្មកុមារដោយការបង្ខំផង និងការបង្ខំដោយសារបំណុល នៅក្នុងកន្លែងឡឥដ្ឋ។ ក្រសួងបានទៅមើលឡឥដ្ឋចំនួន ៦២ ក្នុងចំណោមកន្លែងចំនួន ៤៨៦ នៅក្នុងឆ្នាំ ២០២០ តែបំណងនៃការចុះទៅនោះគឺផ្សព្វផ្សាយអំពីពលកម្មកុមារ និងពលកម្មកុមារដោយបង្ខំ។ ការចុះទៅនេះមិនបាននាំដល់ការដាក់ទណ្ឌកម្ម ចំពោះបទរំលោភលើច្បាប់ការងារ ឬការជួញដូរទេ។ អង្គការមិនមែនរដ្ឋាភិបាលបានអះអាងថា នគរបាលច្រើនតែមិនដឹងថា ការតាមដានរកមើលបទល្មើសនៅតាមឡឥដ្ឋស្ថិតនៅក្រោមដែនទទួលខុសត្រូវនៃផ្នែកស៊ើបអង្កេតរបស់គេទេ។ AHTJP បានបញ្ជាក់ថា គេបានចាត់ទុកការធ្វើអធិការកិច្ចនៅតាមកន្លែងឡឥដ្ឋថាស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងការងារ ហើយគេធ្វើការស៊ើបអង្កេតតែករណីដែលបញ្ជូនមកដោយក្រសួងនេះតែប៉ុណ្ណោះ។ នៅឆ្នាំ ២០២០ AHTJP មិនអាចរាយការណ៍ពីការបញ្ជូនករណីទេ។ អាជ្ញាធរច្រើនតែធ្វើការត្រួតពិនិត្យដោយប្រាប់ជាមុនដល់ម្ចាស់ឡឥដ្ឋ ដែលជាការនាំឱ្យគេអាចលាក់បាំងការរំលោភបំពាន។ ក្រុមការងារពិសេសអន្តរក្រសួងរបស់រដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើង នៅក្នុងរយៈកាលនៃរបាយការណ៍មុន ដើម្បីស៊ើបអង្កេតការចោទលើការពាក់ព័ន្ធរបស់ជនជាតិចិន នៅក្នុងការលាងលុយកខ្វក់ និងការជួញដូរមនុស្ស នៅខេត្តព្រះសីហនុ មិនបានចេញលទ្ធផលស៊ើបអង្កេតទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។
ដោយសហការជាមួយ គជបជ ក្រសួងទេសចរណ៍បានខិតខំកាត់បន្ថយតម្រូវការលើសកម្មភាពជួញដូរផ្លូវភេទ ដោយបើកសិក្ខាសាលាជូនបុគ្គលិកសណ្ឋាគារ និងមន្រ្តីរដ្ឋាភិបាល ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅក្នុងផ្នែកទេសចរណ៍ ហើយថែមទាំងបានបន្តផលិតផ្ទាំងប៉ាណូ ស្លាកសញ្ញា ផ្ទាំងរូប ខិតបណ្ណ និងឯកសារដទៃទៀត ដៅលើមនុស្សដែលអាចពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ តែ ដូចនៅក្នុងឆ្នាំមុនៗដែរ ជាទូទៅ រដ្ឋាភិបាលផ្តោតសំខាន់លើការរារាំងទេសចរណ៍ផ្លូវភេទលើកុមារ ជាជាងលើយុទ្ធនាការដៅលើមនុស្សនៅក្នុងស្រុកដែលជាប្រភពធំជាងគេនៃតម្រូវការលើការជួញដូរផ្លូវភេទលើកុមារ នៅកម្ពុជា។ អ្នកជំនាញនៅក្នុងស្រុក បានបង្ហាញកង្វល់លើការខកខានជាបន្តរបស់រដ្ឋាភិបាល ក្នុងការដាក់ទណ្ឌកម្មឱ្យបានសមស្រប លើជនបរទេសដែលទិញកុមាររួមភេទក្នុងអំពើជួញដូរផ្លូវភេទ។
លក្ខណៈទូទៅនៃការជួញដូរ
ដូចដែលត្រូវបាននិយាយនៅក្នុងរបាយការណ៍ នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ជនល្មើសក្នុងការជួញដូរធ្វើការជួញដូរពលកម្ម និងជួញដូរផ្លូវភេទលើបុរស នារី និងកុមារកម្ពុជា នៅក្នុងប្រទេស និងនៅបរទេស។ គេថែមទាំងជួញដូរជនរងគ្រោះមកពីប្រទេសដទៃផងដែរ នៅកម្ពុជា ហើយគេប្រើប្រទេសកម្ពុជាធ្វើជាប្រទេសឆ្លងកាត់ សម្រាប់ជួញដូរជនរងគ្រោះពីប្រទេសដទៃ ទៅកាន់កន្លែងផ្សេងទៀត នៅអាស៊ី។ អង្គការ និងសហជីពបាននិយាយនៅឆ្នាំ២០២០ ថា ឈ្មួញបរទេសដែលជ្រើសរើសពលករបានជ្រើសរើសពលករបរទេសដោយបោកប្រាស់ ដូចជាពលករមកពីប្រទេសបង់ក្លាដេស ចិន និងនេប៉ាល់ ឲ្យមកធ្វើការនៅការដ្ឋានសំណង់របស់ចិន និងការដ្ឋានដទៃទៀតនៅកម្ពុជា ដោយមានអ្នកខ្លះជាប់បំណុលក្រុមហ៊ុនជ្រើសរើសពលករ ហើយត្រូវបានគេដកលិខិតឆ្លងដែនទុក។ ប្រជាជនកម្ពុជាពេញវ័យនិង កុមារកម្ពុជាធ្វើចំណាកស្រុកទៅប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយក្នុងចំនួនកាន់តែច្រើនឡើង ទៅមជ្ឈឹមបូព៌ា ដើម្បីរកការងារធ្វើ។ ជនប្រព្រឹត្តិការជួញដូរបង្ខំឱ្យពួកគេជាច្រើនធ្វើការក្នុងទូកនេសាទ ក្នុងវិស័យកសិកម្ម តាមការដ្ឋានសំណង់ នៅតាមរោងចក្រ បម្រើនៅក្នុងផ្ទះដូចជាទាសករ ដោយភាគច្រើនដោយសារការជាប់ទាសភាពបំណុល ឬត្រូវបានជួញដូរផ្លូវភេទ ។ អ្នកធ្វើចំណាកស្រុកដែលប្រើមធ្យោបាយធ្វើចំណាកស្រុកមិនធម្មតា ដោយជាញឹកញាប់ មានការជួយពីមេខ្យល់ដែលគ្មានច្បាប់អនុញ្ញាត ងាយរងគ្រោះដោយការជួញដូរ ថ្វីបើអ្នកដែលប្រើក្រុមហ៊ុនមានច្បាប់អនុញ្ញាត ក៏អាចក្លាយជាអ្នករងគ្រោះដោយការបង្ខំឱ្យធ្វើពលកម្ម ឬការជួញដូរផ្លូវភេទដែរក៏ដោយ។ ក្រុមហ៊ុនដែលធ្វើសកម្មភាពក្រោម «កម្មវិធីបណ្តុះបណ្តាលអ្នកហាត់ការ» របស់រដ្ឋាភិបាលជប៉ុន បានកេងប្រវ័ញ្ចអ្នកធ្វើការកម្ពុជា ដោយបង្ខំឲ្យធ្វើការនៅក្នុងការងារកែច្នៃម្ហូបអាហារ កម្មន្តសាល សំណង់ និងការនេសាទ។ កុមារនៅក្នុងគ្រួសារក្រីក្រងាយរងគ្រោះខ្លាំងដោយការបង្ខំធ្វើពលកម្ម ជាញឹកញាប់ ដោយមានការត្រូវរ៉ូវជាមួយគ្រួសាររបស់គេ រួមមានការបង្ខំឱ្យធ្វើជាឈ្នួលបម្រើតាមផ្ទះ និងត្រូវបានបង្ខំឱ្យដើរសុំទាន ឬដើរលក់របស់របរ នៅតាមផ្លូវនៅប្រទេសថៃ និងប្រទេសវៀតណាម។ ពលករចំណាកស្រុកខ្មែរ ដែលគ្មានឯកសារ ហើយធ្វើការនៅប្រទេសថៃ ដែលមានចំនួនពី ៣០ ទៅ ៤០ ភាគរយនៃប្រជាជនកម្ពុជាចំនួនពី ១,៥ ទៅ ២ លាននាក់នៅទីនោះ នៅមុនមានការរាលដាលនៃមេរោគឆ្លង ងាយរងគ្រោះនឹងការជួញដូរ ដោយសារការស្នាក់នៅខុសច្បាប់ ក៏ដូចជាប្រជាជនកម្ពុជាដែលត្រូវបានបណ្តេញចេញពីប្រទេសវៀតណាមដែរ។ ការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយអង្គការអន្តរជាតិមួយ កាលពីឆ្នាំ ២០១៧ បានរកឃើញថា ប្រហែលជិត ៣ ភាគ ៤ នៃប្រជាជនកម្ពុជាទាំងអស់ ដែលធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃ ទៅតាមបណ្តាញមិនផ្លូវការ ដែលគេដឹងថា ធ្វើឲ្យគេងាយរងគ្រោះនឹងការជួញដូរ។ លើសពីនេះទៀត មានតែ ១៤% នៃប្រជាជនកម្ពុជា ដែលធ្វើចំណាកស្រុកទៅប្រទេសថៃតាមមធ្យោបាយត្រឹមត្រូវ បានចូលរួមក្នុងវគ្គប្រជុំណែនាំមុនពេលចេញដំណើរ ដែលក្នុងនោះ ពួកគេត្រូវបានប្រាប់ពីសិទ្ធិ និងការការពារសម្រាប់ពួកគេ។ មេរោគរាតត្បាតមានការប៉ះពាល់ទៅលើទម្រង់នៃការធ្វើចំណាកស្រុកដែលធ្លាប់តែមាន និងវិស័យផ្សេងទៀត នៅឆ្នាំ ២០២០ ដូចជាក្នុងផ្នែកសំណង់ ដែលជាការធ្វើឱ្យក្រុមមនុស្សងាយរងគ្រោះរឹតតែងាយរងគ្រោះដោយការជួញដូរ ជាងនៅឆ្នាំមុនៗ។ ចន្លោះពីខែកុម្ភៈ ឆ្នាំ ២០២០ ដល់ខែកុម្ភៈ ឆ្នាំ ២០២១ មានកម្មករចំណាកស្រុកខ្មែរចំនួនជាង ១៥០ ០០០ នាក់បានវិលត្រឡប់មកពីប្រទេសដទៃ ពិសេសពីប្រទេសថៃ ដោយសារការបិទកន្លែងធ្វើការដោយសារមានរោគរាតត្បាត។
ជនល្មើសបន្តជ្រើសរើសកុមារា និងបុរសកម្ពុជាក្នុងចំនួនច្រើន នៅក្នុងប្រទេសថៃ ឱ្យធ្វើការនៅក្នុងទូកនេសាទរបស់ថៃ នៅក្នុងសមុទ្រអន្តរជាតិ។ ជនរងគ្រោះខ្មែរដែលបានគេចចេញពីជនល្មើសត្រូវបានគេរកឃើញនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី Mauritius ហ្វីជី សេណេហ្គាល់ អាហ្វ្រិកខាងត្បូង និងប្រទេសប៉ាពួញូហ្គីណេ ។ បុរសខ្មែរនៅលើទូកនេសាទថៃបាននិយាយពីវិធីជ្រើរើសមនុស្សឱ្យធ្វើការដោយការបោកបញ្ឆោត ការធ្វើបាបយ៉ាងខ្លាំង ការឱ្យថ្លៃឈ្នួលមិនគ្រប់ ឬមិនឱ្យប្រាក់ឈ្នួល ការមិនសូវទទួលបានការថែទាំជំងឺ និងការបង្ខាំងឱ្យនៅតែលើទូករាប់ឆ្នាំ។ នារីនៅតាមជនបទក្នុងចំនួនច្រើន ត្រូវបានគេទាក់ទងក្រោមលេសកុហក ឱ្យរៀបការជាមួយបុរសចិន ។ ពួកគេច្រើនតែជាប់បំណុលរាប់ពាន់ដុល្លាទៅមេខ្យល់ ដែលជួយរត់ការក្នុងការបានរៀបការនេះ។ បុរសចិនបង្ខំឱ្យពួកគេខ្លះធ្វើការនៅក្នុងរោងចក្រ ឬបង្ខំឱ្យធ្វើជាស្រីពេស្យា ដើម្បីដោះបំណុលនេះ។ ឳពុកម្តាយខ្លះត្រូវបានគេនិយាយថា ទទួលប្រាក់ចំនួនពី ១៥០០ ទៅ ៣០០០ ដុល្លារពីមេខ្យល់ ដែលបញ្ជូនកូនគេទៅប្រទេសចិនឲ្យរៀបការ។ ស្រ្តីខ្មែរដែលសុខចិត្តពរពោះឱ្យគ្រួសារចិន ងាយរងនឹងការចាប់ឃុំឱ្យនៅមួយកន្លែង និងឱ្យបម្រើនៅក្នុងផ្ទះដូចជាទាសករ។ មនុស្សគ្មានរដ្ឋ ពោលគឺក្រុមអាណិកជនវៀតណាម ងាយប្រឈមនឹងការជួញដូរ ដោយសារគេខ្វះឯកសារកំណត់អត្តសញ្ញាណចាំបាច់ សម្រាប់ទទួលបានការងារត្រឹមត្រូវ ការសិក្សា ការចុះបញ្ជីអាពាហ៍ពិពាហ៍ ការកាត់ក្តីក្នុងតុលាការ ឬសិទ្ធិលើកម្មសិទ្ធិដីធ្លី។
ម្ចាស់ឡឥដ្ឋធ្វើឱ្យមនុស្សជាច្រើនក្នុងចំណោមមនុស្សជាង ១០ ០០០ នាក់ ដែលក្នុងនោះមានកុមារជិត ៤០០០ នាក់ ឲ្យស្ថិតនៅក្រោមការបង្ខិតបង្ខំតគ្នា ដោយសារបំណុល ដោយសារគេទិញបំណុលដែលអ្នកទាំងនោះជំពាក់ស្រាប់ ឬដោយសារតម្រូវឱ្យគេខ្ចីបំណុលថ្មីធ្វើជាលក្ខខណ្ឌឱ្យទទួលបានការងារធ្វើ ឬដើម្បីបំពេញការចំណាយដោយសាររងរបួស នៅក្នុងពេលធ្វើការ។ ការសិក្សាមួយរបស់អង្គការក្រៅរដ្ឋាភិបាល ដែលត្រូវបានធ្វើនៅក្នុងឆ្នាំ ២០១៧ បានរកឃើញថា ជិត ១០០% នៃកន្លែងឡឥដ្ឋដែលត្រូវបានអង្កេតទៅលើ នៅទូទាំងប្រទេស មានសូចនាករនៃការបង្ខំឱ្យធ្វើការ តាមរយៈការបង្ខិតបង្ខំក្រោមបំណុល។ បណ្តាញនៃអ្នកផ្តល់កម្ចីឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលគាបយកការប្រាក់ខ្ពស់ ហើយដែលមានច្រើន ហើយមិនសូវស្ថិតនៅក្រោមច្បាប់ទម្លាប់គ្រប់គ្រង មានចំណែកធ្វើឱ្យមានស្ថានភាពបែបនេះ ដោយដើរប្រកាសពីការឱ្យខ្ចីដល់គ្រួសារ នៅតាមសហគមន៍ខ្សត់ខ្សោយ ហើយភ្ជាប់ពួកគេទៅនឹងកន្លែងឡឥដ្ឋ។ គ្រួសារកសិករនៅតាមជនបទប្រឈមខ្លាំងនឹងទម្រង់នៃពលកម្មដោយបង្ខំបែបនេះ ដោយសារសេដ្ឋកិច្ចគ្រួសារមានការលំបាក បន្ទាប់ពីមានបម្រែបម្រួលអាកាសធាតុ ទឹកភ្លៀងធ្លាក់មិនទៀងទាត់ ហើយនិងការខូចដំណាំបានជំរុញឱ្យកសិករជាច្រើនខ្ចីបុលទាំងនេះ សម្រាប់ការស្រោចស្រព ឬទិញថ្នាំសម្លាប់សត្វល្អិត។ ម្ចាស់ឡឥដ្ឋច្រើនទិញបំណុលទាំងនេះដើម្បីឱ្យពួកគេមកធ្វើការឱ្យខ្លួន។ រដូវវស្សាវែងពន្យារដំណើរការហាលឥដ្ឋ ដែលជាការបន្ថយប្រាក់បៀវត្សរបស់កម្មករឡឥដ្ឋដែលនៅជាប់បំណុល ហើយរឹតតែជំរុញកម្មករទាំងនោះជំពាក់ថៅកែកាន់តែច្រើនឡើង។ ដើម្បីកុំឱ្យកម្មករចេញពីកន្លែងដែលបង្ខំឱ្យធ្វើការ ថៅកែឡខ្លះ តាមសេចក្តីរាយការណ៍មកថា អនុញ្ញាតឱ្យតែសមាជិកខ្លះក្នុងគ្រួសារឈប់សម្រាក នៅថ្ងៃបុណ្យ ឬទៅមើលជំងឺ នៅពេលណាមួយ។ កម្មករខ្លះបាននិយាយពីការបន្តរងការឃុំខ្លួន ឬការបង្ខំធ្វើការ នៅកន្លែងឡឥដ្ឋ ទោះបីជាគេបានសងបំណុលយូរ មកហើយក៏ដោយ។ គ្រួសារខ្មែរថែមទាំងជួបប្រទះនឹងស្ថានភាពនៃការបង្ខំឱ្យធ្វើពលកម្មដែរ នៅកន្លែងយកដីឥដ្ឋសម្រាប់ធ្វើឥដ្ឋ។ ជនប្រព្រឹត្តការជួញដូរថែមទាំងដាក់កុមារអាយុត្រឹម ១៣ ឆ្នាំ ឱ្យនៅបម្រើដូចជាទាសករ និងនៅផ្ទះបន ដើម្បីសងបំណុលគ្រួសារ ដែលបានជាប់តាមរបៀបនេះ។ សហគមន៍ដែលត្រូវធ្វើការផ្លាស់ទីលំនៅដោយសារការកាប់ឈើខុសច្បាប់ ដើម្បីផ្តគ់ផ្គង់ឡឥដ្ឋដែលត្រូវការឈើដុតឡ ប្រហែលប្រឈមខ្លាំងនឹងការជួញដូរមនុស្ស ដោយរួមមាននៅក្នុងការកាប់ឈើតែម្តង និងនៅកន្លែងផ្សេងទៀត ដោយសារការលំបាកក្នុងជីវភាព ក្នុងស្ថានភាពនេះ។ នៅក្នុងឆ្នាំមុនៗ ជនជាតិកូរ៉េខាងជើងដែលធ្វើការនៅកម្ពុជា ប្រហែលរងការបង្ខំឲ្យធ្វើការដោយរដ្ឋាភិបាលកូរ៉េខាងជើង។ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ ២០១៧ ដែលតម្រូវឲ្យធ្វើមាតុភូមិនិវត្តន៍នៃជនជាតិកូរ៉េខាងជើងដែលរកប្រាក់នៅបរទេស ឱ្យបានអស់នៅដំណាច់ឆ្នាំ ២០១៩ ដោយមានការលើកលែងដោយមានកំណត់ រដ្ឋាភិបាល តាមសេចក្តីរាយការណ៍មក បានបញ្ជូនត្រឡប់ទៅកូរ៉េខាងជើងវិញ នូវពលករចំណាកស្រុកកូរ៉េខាងជើងទាំងអស់ នៅក្រោមបទបញ្ញតិ្តដែលមានការពាក់ព័ន្ធ។
ខេត្តក្រុងទាំង ២៥ របស់ប្រទេសកម្ពុជាគឺជាប្រភពនៃការជួញដូរមនុស្ស។ ការជួញដូរផ្លូវភេទច្រើនតែមានការលាក់បាំង។ កុមារី និងស្រ្តីខ្មែរ និងកុមារី និងស្រ្តីអាណិកជនវៀតណាមចេញពីតំបន់ជនបទ ទៅកាន់ទីក្រុង និងគោលដៅទេសចរណ៍ ជាទីដែលជនល្មើសជួញដូរផ្លូវភេទលើពួកគេទៅឱ្យផ្ទះបន ហើយជាញឹកញាប់ នៅតាមកន្លែងផ្តល់សេវាផ្លូវភេទលាក់កំបាំង នៅតាមបៀហ្គាដិន ហាងម៉ាហ្សា ហាងខារ៉ាអូខេ កន្លែងលក់រាយ និងកន្លែងមិនមែនពាណិជ្ជកម្ម។ នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ វត្តមានដែលមានកំណើនយ៉ាងលឿន និងជាទូទៅ គ្មានច្បាប់គ្រប់គ្រង នៃកាស៊ីណូ កន្លែងកំសាន្ត និងសហគ្រាសពាណិជ្ជកម្មដទៃទៀតរបស់ចិន នៅខេត្តព្រះសីហនុបាននាំឱ្យមានកំណើននៃការជួញដូរផ្លូវភេទនៅក្នុងស្រុក និងការបង្ខំឲ្យធ្វើពលកម្ម នៅក្នុងចំណោមស្រ្តី និងកុមារីកម្ពុជា ថ្វីបើការហាមប្រាមដោយប្រទេសកម្ពុជា លើល្បែងស៊ីសងតាមអ៊ិនធ័រណែត និងការបិទជាបន្ទាប់មក នៃកាស៊ីណូ និងកន្លែងកំសាន្តដទៃទៀតជាច្រើនរបស់ចិន បានកាត់បន្ថយច្រើននូវការជួញដូរ។ បុរសខ្មែរនៅក្នុងស្រុកគឺជាប្រភពសំខាន់នៃតម្រូវការលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តែបុរសមកពីតំបន់ផ្សេងទៀត នៅអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្តាលី និងអាហ្វ្រិកខាងត្បូង ធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីធ្វើទេសចរណ៍ផ្លូវភេទលើកុមារ ដែលសម្រួលបន្ថែមដោយការទាក់ទងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ កុមាររាប់ពាន់នាក់ នៅតំបន់ក្រុង ដែលត្រូវបានគ្រួសារទុកចោល នៅពេលគេចេញទៅធ្វើការនៅបរទេស ងាយរងគ្រោះដោយការជួញដូរផ្លូវភេទ និងការបង្ខំឱ្យធ្វើពលកម្ម។ នៅឆ្នាំ ២០២០ មានការថយចុះនៃការជួញដូរផ្លូវភេទលើកុមារ និងទេសចរណ៍ផ្លូវភេទលើកុមារ ដោយសារមានការថយចុះនៃការធ្វើដំណើរជាអន្តរជាតិ និងការតម្រូវមានចត្តាឡីស័កទាក់ទងនឹងមេរោគកូវីដ។ តែ អង្គការនិងសមត្ថកិច្ចបាននិយាយថា រោគរាតត្បាតកូវីដបានធ្វើឲ្យមានកំណើននៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅឆ្នាំ ២០២០។ ស្រ្តីនិងកុមារវៀតណាម ដែលភាគច្រើនជាជនរងគ្រោះដោយការបង្ខិតបង្ខំដោយសារការជំពាក់គេ ធ្វើដំណើរមកប្រទេសកម្ពុជា ហើយរងគ្រោះដោយការជួញដូរផ្លូវភេទ។ អង្គការ បានរាយការណ៍ពីជនល្មើសដឹកជញ្ជូនជនរងគ្រោះវៀតណាម ឆ្លងកាត់ប្រទេសកម្ពុជា មុនពេលរងការកេងប្រវ័ញ្ច នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ ជនល្មើសនៅកម្ពុជាច្រើនតែជាសមាជិកគ្រួសារ ឬសមាជិកសហគមន៍ ឬជាបណ្តាញតូចៗនៃឈ្មួញកណ្តាលមកពីក្រៅ។ មជ្ឈមណ្ឌលកុមារកំព្រាកម្ពុជាខ្លះទិញកុមារក្នុងមូលដ្ឋាន ពីគ្រួសារដែលមានភាពខ្សត់ខ្សោយ ហើយឱ្យគេរស់នៅដោយគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងគ្មានអនាម័យ នៅក្នុងមជ្ឈមណ្ឌល ដើម្បីទាក់ទាញ និងទទួលផលចំណេញពីអំណោយសប្បុរស។ កុមារទាំងនេះខ្លះប្រឈមនឹងការជួញដូរផ្លូវភេទ និងការដាក់ឱ្យបំរើការងារក្នុងផ្ទះដូចទាសករ ដោយសារខ្វះការត្រួតមើលរបស់រដ្ឋាភិបាល លើដំណើរការស្មុំកូនចិញ្ចឹម។ អំពើពុករលួយយ៉ាងរាលដាលជួយជំរុញបទល្មើសជួញដូរ។ តាមសេចក្តីរាយការណ៍មក នគរបាលបានសុំទិញការរួមភេទជាមួយកុមារ។ មន្រ្តីពុករលួយសម្រួលការជួញដូរឆ្លងកាត់ព្រំដែន រារាំងដំណើរជឿនលឿនទៅមុខក្នុងការស៊ើបអង្កេត និងការកាត់ទោស ហើយក្នុងករណីខ្លះ ទទួលបានផលចំណេញដោយផ្ទាល់ពីកន្លែងដែលត្រូវបានសង្ស័យថា ធ្វើការជួញដូរ៕