របាយការណ៍ ឆ្នាំ ២០២២ ​របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្ស ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី ៣ ក្នុងបញ្ជីតាមដាន)

រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញ​តាម​បទ​ដ្ឋាន​អប្បប​រមាក្នុង​ការ​បំបាត់​ការ​ជួញ​​​​ដូរ​​​​​​ មនុស្ស​​​ទេ ហើយមិនបានបង្កើនកិច្ច​​ខិតខំប្រឹង​ច្រើន​គួរ​ឲ្យកត់សម្គាល់លើបញ្ហានេះ បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ លើសមត្ថភាព​របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរក្តី ដូច្នេះកម្ពុជាត្រូវបានបញ្ចុះចំណាត់ថ្នាក់ដល់ទី ៣ ​។​ ទោះបីជាខ្វះការខិតខំគួរឲ្យកត់សម្គាល់ក្តី តែរដ្ឋាភិបាលបានប្រកាន់ជំហានខ្លះដើម្បីដោះស្រាយបញ្ហាជួញដូរ ដូចជាការបន្តចាប់ខ្លួន កាត់ទោស និងដាក់ទោសជនល្មើស រកមើលជនរងគ្រោះដោយសកម្ម ហើយជួយក្នុងការធ្វើមាតុភូមិនិវត្តន៍​នៃជនរងគ្រោះខ្មែរដោយការជួញដូរ និងអ្នកងាយរងគ្រោះអំពើពុករលួយដែលមានជាទូទៅ ​នៅតែធ្វើឱ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ក្នុងការចាប់ឲ្យជនល្មើសមានការទទួលខុសត្រូវ និងដល់ការផ្តល់ការជួយដល់ជនរងគ្រោះ។ អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេត ឬចាប់អោយមន្រ្តីពាក់ព័ន្ធដូចមាន​ក្នុងរបាយការណ៍ដ៏គួរឲ្យទុកចិត្តបានភាគច្រើន មានការទទួលខុសត្រូវពីបទព្រហ្មទណ្ឌក្នុងការឃុបឃិត ពិសេសឈ្មួញខិលខូច ដែលបានធ្វើឱ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្ត និងកន្លែងឡឥដ្ឋ និងតាមប្រព័ន្ធអ៊ិនធ័រណែតដូច្នេះមន្រ្តីបានខកខាន​ក្នុងការផ្តល់សេវាការពារគ្រប់គ្រាន់ដល់ជនរងគ្រោះ នៅក្នុងស្រុក និងនៅបរទេស ហើយពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយបរទេស និង អង្គការក្រៅរដ្ឋាភិបាល​ក្នុងការផ្តល់ការគាំពារចាំបាច់។ 

អនុសាសន៍​ជាអាទិភាព 

ស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ទោស ដាក់​ទោស និងដាក់ទណ្ឌកម្មចំពោះជន​ល្មើស​ក្នុងការ​ជួញ​ដូរផ្លូវភេទ និងជួញដូរពលកម្មឱ្យបានគ្រប់គ្រាន់ រួមទាំងមន្រ្តីឃុបឃិត ដោយដាក់ទោសឱ្យជាប់ពន្ធនាគារធ្ងន់ធ្ងរ  បង្កើនថវិកាសម្រាប់អង្គភាពអ​នុវត្តច្បាប់ប្រឆាំងការជួញដូរ ហើយផ្តល់ថវិកាឱ្យមុនពេលធ្វើការស៊ើបអង្កេត ជាជាងផ្តល់ឱ្យជាក្រោយ អនុវត្តពេញលេញនូវពិធីសារថ្មីទូទាំងប្រទេសសម្រាប់កំណត់អត្តសញ្ញាណកម្មនៃជនរងគ្រោះ ហើយបង្រៀនមន្រ្តីឱ្យយល់ពីលក្ខខណ្ឌ​ដែលចែងនៅក្នុងច្បាប់នេះ បង្កើនថវិកាសម្រាប់នគរបាលប្រឆាំងការជួញដូរមនុស្សដើម្បីសម្របសម្រួលបានល្អ​លើការតាមដានចុងចោទ ដែលត្រូវបានដោះលែងនៅក្រោមការតាមដាន​របស់តុលាការ នៅមុនសវនាការ។ បង្កើនការធ្វើអធិការកិច្ចការងារ ដោយមិនប្រកាសឱ្យដឹងមុន នៅកន្លែងការងារដែលមានការប្រឈមខ្លាំង ពិសេស​នៅតាមទីតាំងឡឥដ្ឋ កន្លែងកំសាន្ត ការដ្ឋានសំណង់ ចំការធំៗ ដោយផ្តោតសំខាន់​លើការរកមើលករណីទាសភាពបំណុល ហើយចាប់ឱ្យថៅកែទទួលខុសត្រូវចំពោះមុខច្បាប់ បង្កើនការខិតខំរបស់សមត្ថកិច្ចប្រឆាំងនឹងការឆបោកតាមអ៊ិនធឺរណែត ដូចជាការបង្ខំឱ្យធ្វើពលកម្ម ហើយប្រឆាំងនឹងមន្រ្តីដែលឃុបឃិតក្នុងការឆបោក​នេះ និងបទល្មើសជួញដូរដែលមានការពាក់ព័ន្ធ បង្កើនសេវា​សម្រាប់​ជនរងគ្រោះជាបុរស និងកុមារា ពិសេសអ្នកដែលត្រូវបានគេកេងប្រវ័ញ្ចនៅក្នុងឧស្សាហកម្មនេសាទនៅបរទេស បង្កើនការខិតខំធ្វើឲ្យមានការចូលរួម​របស់ជនរងគ្រោះក្នុងស្រុក និងបរទេស នៅក្នុងដំណើរក្តីព្រហ្មទណ្ឌ និងក្តីរដ្ឋប្បវេណី ដោយបង្កើតមូលនិធិសម្រាប់ជនរងគ្រោះ ហើយអនុញ្ញាតឱ្យគេអាចធ្វើការ ស្នាក់​នៅបណ្តោះអាសន្ន និងឋានៈផ្សេងទៀតសម្រាប់ជនរងគ្រោះជាបរទេស ដែលចង់ស្នាក់នៅក្នុងប្រទេស ក្នុងអំឡុងពេលមានដំណើរក្តី​ក្នុងតុលាការ  អនុវត្តប្រព័ន្ធតាមដាន ប្រមូល និងរាយការណ៍ទិន្នន័យស្តីពីការកាត់ទោសប្រឆាំងការជួញដូរ និងការងារការពារជនរងគ្រោះ ផ្សព្វផ្សាយទិន្នន័យ​ក្នុងចំណោមស្ថាប័នរដ្ឋដែលមានការងារទាក់ទង ដោយធ្វើយ៉ាងណាការពារអត្តសញ្ញាណ និងការសម្ងាត់ឯកជនរបស់ជនរងគ្រោះ។ លុបបំបាត់ការយកថ្លៃក្នុងការជ្រើសរើសយក ឬការផ្តល់ការងារ ពីកម្មករ​ដោយក្រុមហ៊ុនជ្រើសរើសពលករ ហើយត្រូវឲ្យនិយោជកជាអ្នកបង់វិញ។ បង្កើនការតាមមើល និងត្រួតពិនិត្យ​លើស្ថាប័នផ្តល់កម្ចី ដោយរួមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនឹងការបង្ខំ​ដោយសារបំណុល នៅក្នុងចំណោមក្រុមដែលមានជីវភាពខ្សត់ខ្សោយ អនុញ្ញាតឱ្យមានការផ្តល់សំណងនៅពេលជនល្មើសត្រូវបានដាក់ទោស បង្កើតហើយបណ្តុះបណ្តាលមន្រ្តីពាក់ព័ន្ធដែលធ្វើការទាក់ទងនឹងនិតិវិធីការងារជាបទដ្ឋានសម្រាប់គណនា  និងផ្តល់សំណង ​ បង្កើត ហើយកំណត់​ធនធាននៅអនុវត្ត​និតិ​វិធី​ជា​ប្រព័ន្ធ តាមបេសកកម្មការទូតនៅបរទេស ដើម្បីជួយជនរងគ្រោះនៅបរទេស រួមទាំងនៅក្នុង​ប្រទេស​ដែលគ្មានតំណាង​ទូត​កម្ពុជា កែប្រែច្បាប់ស្តីពីការចេញការអនុញ្ញាតដល់ក្រុមហ៊ុនជ្រើសរើសពលករ និងលក្ខខណ្ឌក្នុងកុងត្រា ដោយបញ្ចូលខ្លឹមសារតឹងរឹងស្តីពីការការពារពលករ និងសិទ្ធិរបស់ពួកគេ  ពង្រឹងការខិតខំក្នុងការត្រួតពិនិត្យក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មឯកជន និងសាខារបស់គេ ដើម្បីរកមើលការជ្រើសរើសដែលមានលក្ខណៈបន្លំឬការជួញដូរដទៃទៀត ពង្រឹងការខិតខំដើម្បីបញ្ចូលគំនិតរបស់អង្គការមិនមែនរដ្ឋាភិបាល​ទៅក្នុងគោលនយោបាយសម្រាប់ផ្ទេរការគ្រប់គ្រង​ជាផ្លូវការ លើជនរងគ្រោះជាកុមារ។  

 ការនាំខ្លួនយកមកកាត់ទោស 

រដ្ឋាភិបាលបានបន្តការងារអនុវត្តច្បាប់។ ច្បាប់​ដែល​ត្រូវ​បាន​ដាក់​ចេញ​នៅ​ឆ្នាំ ២០០៨ ​ស្ដីពី​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ធ្វើ​អាជីវ​កម្ម​កេងប្រវ័ញ្ច​ផ្លូវ​ភេទ ​ដាក់ទោសព្រហ្មទណ្ឌលើការជួញដូរផ្លូវភេទ និងការជួញដូរពលកម្ម ហើយចែង​ពី​ការ​ដាក់​ទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ បើជនរងគ្រោះជាមនុស្សធំ និងពី ១៥ ទៅ ២០ ឆ្នាំ បើជនរងគ្រោះជាកុមារ។ ទណ្ឌកម្មទាំងនេះ​មាន​ភាព​ម៉ឺង​ម៉ាត់​គ្រប់​គ្រាន់ ហើយបើទាក់ទងនឹងការជួញដូរផ្លូវភេទ វា​ស្រប​តាម​ទោសលើ​​​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរដទៃ​ទៀត ដូចជា​ការ​រំលោភ​សេព​សន្ថវៈ។ អង្គការក្រៅរដ្ឋាភិបាល និយាយថា តាមភាពជាក់ស្តែង អាជ្ញាធរមិនបានដាក់ទោសព្រហ្មទណ្ឌនៅក្រោមច្បាប់ប្រឆាំងការជួញដូរ លើជនល្មើសជួញដូរកម្លាំងពលកម្មទេ តែបែរជា ប្រើច្បាប់ការងារ ហើយចេញការផាក ឬដាក់ពន្ធនាគាររយៈពេលខ្លី ពី ៦ ថ្ងៃទៅ ១ខែ ដែលមិនមែនជាទណ្ឌកម្មសមល្មម សម្រាប់ធ្វើឲ្យជនល្មើសរាងចាល ឬផ្តល់យុត្តិធម៌​សម្រាប់ជនរងគ្រោះឡើយ។ 

រដ្ឋាភិបាលគ្មានកំណត់ហេតុឬទិន្នន័យមេ ស្តីពីការស៊ើបអង្កេត និងដំណើរក្តីតុលាការទេ ដូច្នេះ គេគ្មានទិន្នន័យពេញលេញស្តីពីការអនុវត្តច្បាប់ជារួមទេ ដែលជាការធ្វើឲ្យគេមិនអាចធ្វើការប្រៀបធៀបការស៊ើបអង្កេត ការកាត់ទោស និងការដាក់ទោសដោយតុលាការ ទៅនឹងឆ្នាំ​មុនៗ​បាន។ មិនដូចពេលមុនៗទេ នគរបាលមិនបានផ្តល់របាយការណ៍ពេញលេញស្តីពីការស៊ើបអង្កេតលើការជួញដូរ ដែលត្រូវបានធ្វើ​នៅឆ្នាំ ២០២១ ទេ។   

បើយោងតាមផ្នែកសារព័ត៌មានខ្លះ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យចំនួន ៣៧០ នាក់ ដែលក្នុង​នោះមាន ៣៣២ នាក់ជាមេខ្យល់នាំពលករ តែរដ្ឋាភិបាលមិនបានផ្តល់របាយការណ៍​បន្ថែមលើការចាប់ខ្លួនទាំង​នេះទេ។ នៅឆ្នាំ ២០២១ ក្រសួងយុត្តិធម៌បានរាយការណ៍​ទិន្នន័យស្តីពីការកាត់ទោសនិងដាក់ទោសលើករណីជួញដូរ នៅគ្រប់ខេត្តទូទាំងប្រទេស តែដូចនៅក្នុងពេលមុន​ដែរ សមត្ថកិច្ចតុលាការប្រហែលបានបញ្ចូលករណីរំលោភផ្លូវភេទនិងបទល្មើសដទៃទៀត​នៅក្រៅនិយមន័យធម្មតា​នៃការជួញដូរ នៅក្នុងទិន្នន័យរាយការណ៍​មក​របស់គេ។ ដូច្នេះ ចំនួនពិត​នៃករណីស៊ើបអង្កេត កាត់ទោស និងដាក់ទោសលើការជួញដូរ​ប្រហែលតិចជាងចំនួនដែលត្រូវបានរាយការណ៍។ នៅឆ្នាំ ២០២១ គេបានកាត់ទោសមនុស្សចំនួ​ន ១០៩ នាក់ ពាក់ព័ន្ធករណីចំនួន ៦៤ នៅក្រោមច្បាប់ប្រឆាំងការជួញដូរ ដោយក្នុង​នោះ មាន ៤ ករណីទាក់ទងនឹងការជួញដូរផ្លូវភេទ ៣៧ ទាក់ទងនឹងការបង្ខំធ្វើពលកម្ម ហើយ ២៣ ករណីទាក់ទងនឹងទម្រង់​នៃការកេងប្រវ័ញ្ចដែលគេមិនបានបញ្ជាក់។ អាជ្ញាធរបានដាក់ទោសជនប្រព្រឹត្តការជួញដូរចំនួន ៣៨ នាក់ នៅក្នុងមានម្នាក់ទាក់ទងនឹងការជួញដូរផ្លូវភេទ និង ៣៥ នាក់ទាក់ទងនឹងការបង្ខំឱ្យធ្វើពលកម្ម។ ក្នុងចំណោមករណីទាំង​នេះ កាលពីខែមេសា ឆ្នាំ ២០២១  សមត្ថកិច្ចបានចាប់ខ្លួននិងដាក់ទោសលើមេទាហានផ្កាយ ២ ម្នាក់ និងជនប្រព្រឹត្តការជួញដូរ ៦ នាក់ទៀត ពីបទកេងប្រវ័ញ្ចលើមនុស្សចំនួន ២៨ នាក់ មកពីប្រទេសចិនដីគោកតុលាការបានឲ្យមេទាហាន​នោះជាប់ពន្ធនាគារចំនួ​ន ៤ ឆ្នាំ។ បើប្រៀបធៀបជាមួយនឹងទិន្នន័យ​នេះ នៅឆ្នាំ ២០២០ នគរបាលរាយការណ៍ថា បានចាប់ខ្លួនចំនួន ៩៤ នាក់ ដែលក្នុង​នោះ​មាន ៤៨ នាក់ទាក់ទងនឹងករណីចំនួន ៣៧ នៃ «ការមិនមែនជួញដូរផ្លូវភេទ»  និងចាប់ខ្លួន ៤៦ នាក់ក្នុ្ងងករណីចំនួន ២១ នៃការជួញដូរផ្លូវភេទ  អាជ្ញាធរបានកាត់ទោសសរុបចំនួន ៣៤៨ ករណីនៃការជួញដូរ នៅឆ្នាំ ២០២០ តែមិនបានប្រាប់ចំនួនជនល្មើសដែលត្រូវបានកាត់ទោសទេ ហើយតុលាការបានសម្រេចដាក់ទោសចំនួន ៤៤០ នាក់។ តែករណីនៅឆ្នាំ ២០២០ ខ្លះទំនងជាមិនបំពេញបានតាមការកំណត់ថាជាការជួញដូរមនុស្សទេ នៅក្រោមច្បាប់អន្តរជាតិ 

ជំងឺកូវីដ ១៩ បានបន្តរារាំងការខិតខំ​របស់រដ្ឋាភិបាល ក្នុងការកាត់ទោសជនល្មើស និងលើកកម្ពស់ការយល់ដឹងលើការជួញដូរ នៅក្នុងចំណោមមន្រ្តី។ តុលាការកម្ពុជាត្រូវបានពីខែមេសា និងឧសភា ២០២១ និងបានធ្វើសកម្មភាពតុលាការត្រូវផ្អាកបណ្តោះអាសន្ន ដោយរួមទាំងការស៊ើបអង្កេតប្រឆាំងនឹងការជួញដូរផងដែរ ហើយក្រោយមក បានដំណើរការឡើងវិញ តែមិនពេញលេញ អស់រយៈពេលជាច្រើនខែ ។ រដ្ឋាភិបាលបាននិយាយថា ខ្លួនបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ប្រទេសថៃ ចិន លើការស៊ើបអង្កេតលើការជួញដូរមនុស្ស ហើយបានចុះអនុស្សារណៈ (MOU) ដោយបញ្ជាក់ពីការស៊ើបអង្កេតដោយការជួញដូរមនុស្សឆ្លងកាត់ព្រំដែន ជាមួយប្រទេសថៃ និងវៀតណាម ព្រមទាំងមានចុះសន្ធិសញ្ញាបត្យាប័នជាមួយថៃផងដែររដ្ឋាភិបាលបានបន្តធ្វើសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក តាមរយៈក្រុមការងារពង្រឹងការអនុវត្តច្បាប់ ដោយមានបំណងប្រយុទ្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ិនធឺណែត លើកុមារនិងបទល្មើសផ្លូវភេទដទៃទៀត​លើកុមារ ។ នៅឆ្នាំ ២០២១ នគរបាលបានចាប់មនុស្សចំនួន ៤ នាក់ ទាក់ទងនឹងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ិនធឺណែតលើកុមារ នៅក្រោមច្បាប់ប្រឆាំងនឹងការជួញដូរ បន្ទាប់ពីសមត្ថកិច្ចសហរដ្ឋអាមេរិកបានបញ្ជូនករណីចំនួន ៩ មក។ 

នៅទូទាំងប្រទេស សមត្ថកិច្ចច្រើនតែមិនបានចាត់វិធានការសមស្របប្រឆាំងនឹងជនសង្ស័យ ឬជនល្មើសដែលតុលាការដាក់ទោសហើយទេ។ នគរបាលយុត្តិធម៌ ខ្វះធនធានក្នុងការតាមដានចុងចោទ​ ដែលត្រូវបានដោះលែង «ក្រោមការតាមដានរបស់តុលាការ» ដោយរង់ចាំសវនាការ ដែលជាការធ្វើឱ្យពួកគេគេចខ្លួន មុនថ្ងៃបើកសវនាការ ដែលតម្រូវឲ្យតុលាការកាត់ទោសដោយកំបាំងមុខ។ អាជ្ញាធរកម្រចេញដីកាចាប់ខ្លួនណាស់ចំពោះអ្នករត់គេចចេញពីសវនាការ បើគ្មានអង្គការជួយតាមដាននិងចាប់ទេ។ រឿងដែលធ្វើឲ្យបញ្ហា​នេះកាន់តែពិបាកថែមទៀត​នោះគឺថា ក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាគ្មានគោលការណ៍ណែនាំ បទបញ្ញតិ្តស្តីពីការតាមដាន ឬភាសាដែលបញ្ជាក់ពីកាតព្វកិច្ចអនុវត្តច្បាប់មួយៗច្បាស់លាស់ ទាក់ទងនឹងការតាមដាន​របស់តុលាការ។ ដោយនិយាយថា ខ្វះធនធាន ព្រះរាជអាជ្ញា និងចៅក្រមស៊ើបអង្កេត មិនបានពិចារណាចាត់ការបន្តលើករណីជួញដូរ ដែលនគរបាលបានផ្តល់ភស្តុតាងឱ្យហើយ​នោះទេ។ អ្នកជំនាញ​នៅក្នុងប្រទេសបានបន្តនិយាយថា ករណីទាក់ទងនឹងជនសង្ស័យជាបរទេស ច្រើននាំដល់ការដាក់ទោសដោយតុលាការច្រើនជាងករណីជនសង្ស័យជាខ្មែរ ដែលច្រើនតែទទួលបានការបន្ថយការចោទប្រកាន់​​មក​ត្រឹមបទល្មើសមិនសូវធ្ងន់ធ្ងរទៅវិញ។ អង្គការក្រៅរដ្ឋាភិបាល បាននិយាយថា សមត្ថកិច្ចឆ្លើយតបមិនគ្រប់គ្រាន់ទៅនឹងសេចក្តីរាយការណ៍ពីការជួញដូរ នៅតំបន់ជនបទ ឬតំបន់មិនសូវមានការអភិវឌ្ឍ ដោយសារសមត្ថភាព​មានកម្រិត។  

  អំពើពុករលួយដែលមានជាទូទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងរដ្ឋាភិបាលកម្ពុជា​ រឹតត្បិតយ៉ាង​ខ្លាំង​លើលទ្ធភាពរបស់មន្រ្តីម្នាក់ៗ ​ក្នុងការចាប់ជនប្រព្រឹត្តការជួញដូរទទួលខុស​ត្រូវ។  

ក្នុងករណីខ្លះ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ខេត្តមិនបានស៊ើបអង្កេតរបាយការណ៍​ជាច្រើន ស្តីពីការសមគំនិតរបស់មន្រ្តីរដ្ឋាភិបាល នៅក្នុងការជួញដូរ ហើយថ្នាក់ជាតិត្រូវអន្តរាគមន៍ ធ្វើការស៊ើបអង្កេត និងកាត់ទោស​ក្នុងករណីបែប​ហ្នឹង។ នៅក្នុងអំឡុងពេល​នៃរបាយការណ៍​នេះ អង្គការក្រៅរដ្ឋាភិបាល បាននិយាយថា ជនរងគ្រោះបានចោទមន្រ្តីកម្ពុជាថា បានឃុបឃិតជាមួយក្រុមហ៊ុនជ្រើសរើសពលករ ក្នុងបទល្មើសជួញដូរមនុស្សអង្គការ បានចោទថា នគរបាល និងមន្រ្តីឯទៀតបានឃុបឃិតនៅក្នុងការឆបោកតាមអ៊ិនធឺណែត ដែលបង្ខំឱ្យជនបរទេសមកពីប្រទេសចិនដីគោក តំបន់អាស៊ី​អាគ្នេយ៍ និងជនបរទេសដទៃទៀតធ្វើការ​នៅកន្លែងទទួលភ្ញៀវ នៅក្រុងព្រះសីហនុ និងកន្លែងដទៃទៀត។ អ្នកសង្កេតការណ៍​បាននិយាយថា ព្រះរាជអាជ្ញា និងចៅក្រមបានទទួលសំណូកជាថ្នូរនឹងការទម្លាក់ចោលការចោទប្រកាន់ និងចេញសាលក្រមថា គ្មានទោស ឬបន្ថយទោស។ មន្រ្តីពុករលួយច្រើនតែងបង្អាក់ដំណើរការទៅមុខ នៅក្នុងករណីដែលជនប្រព្រឹត្តត្រូវបានគេជឿថា មានទំនាក់ទំនងនយោបាយ ព្រហ្មទណ្ឌ ឬសេដ្ឋកិច្ច ជាមួយមន្រ្តីរដ្ឋាភិបាល។ ទោះបីមានការចោទប្រកាន់ដែលគួរឲ្យជឿនៃការឃុបឃិតក្នុងបទល្មើសជួញដូរមនុស្សក្តី តែអាជ្ញាធរមិនបានការទោសឬដាក់ទោសមន្រ្តីរដ្ឋដែលធ្វើការឃុបឃិត​ទេ។ ការឆ្មក់ឆែកឆេរដោយសមត្ថកិច្ច​នៅតាមកន្លែងជួញដូរផ្លូវភេទ ពេលខ្លះ មិនបានទទួលជោគជ័យទេ ដោយសារមានការប្រាប់ឱ្យដឹងជាមុន ដោយនគរបាលដែលចូលរួមធ្វើការងារ​នោះ។ មានការនិយាយថា នគរបាលការពារកន្លែងជួញដូរផ្លូវភេទ ជាការប្តូរនឹងប្រាក់បង់ប្រចាំខែពីថៅកែកន្លែង​នោះ ឬការរួមភេទជាមួយជនរងគ្រោះ។ ជាញឹកញាប់ អាជ្ញាធរធ្វើមិនដឹងមិនឮពីបទរំលោភ​ក្នុងការងារ ដែលរួមមានទាំងការបង្ខំកុមារធ្វើពលកម្ម នៅតាមរោងចក្រ និងកន្លែងឡឥដ្ឋ ហើយក្នុងករណីជាច្រើន បានឃុបឃិតជាមួយថៅកែឡឥដ្ឋនៅក្នុងការចាប់ ដាក់គុក និងនាំយកមកវិញ នូវកម្មករដែលចង់គេច។ 

អាជ្ញាធរបានបន្តធ្វើការបណ្តុះបណ្តាលតាមការរៀបចំ និងក្រោមថវិការបស់ម្ចាស់ជំនួយ និងអង្គការ NGO ដល់នគរបាល ព្រះរាជអាជ្ញា ចៅក្រម និងមន្រ្តីដទៃទៀត​នៃរដ្ឋាភិបាល។ ការបណ្តុះបណ្តាលទាំង​នេះមានវគ្គ និងសិក្ខាសាលាចំនួន ២៥៦ ស្តីពីស្តីពីច្បាប់ប្រឆាំងការជួញដូរបច្ចេកទេសស៊ើបអង្កេត និងការប្រមូលភស្តុតាង ដល់មន្រ្តីសមត្ថកិច្ច ចំនួន ១២ ៨១៤ នាក់ និងវគ្គបណ្តុះបណ្តាលចំនួន ៧ សម្រាប់សិក្ខាកាមចំនួន ២៨៦ ស្តីពីការកំណត់អត្តសញ្ញាណកម្ម និងគោលការណ៍​លើការការពារ ទោះបីជាបានទទួលការបណ្តុះបណ្តាលទាំងនេះក្តីតែមាននគរបាលជាច្រើន ពិសេស​នគរបាលនៅតាមជនបទ មិនដឹងពីរបៀបធ្វើការងារប្រឆាំងការជួញដូរទេ ដោយ​សារភាគច្រើន​នៃពួកគេមិនបានទទួលការបណ្តុះបណ្តាល​ស្តីពីបច្ចេកទេសពង្រឹងការអនុវត្តច្បាប់ជាមូលដ្ឋានទេ។ លើសពីនេះទៀត មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីតុលាការខ្វះឧបករណ៍​ចាំបាច់សម្រាប់ធ្វើការងារលើករណីជួញដូរឲ្យបានសមស្រប ដូចជារថយន្ត កុំព្យូទ័រ និងបរិក្ខាទាក់ទងគ្នា និងឧបករណ៍សម្រាប់ធ្វើកោសល្យវិច័យ។ រដ្ឋាភិបាលទាមទារថា ការទូទាត់សងជាក្រោយ​នូវថ្លៃការងារស៊ើបអង្កេតប្រឆាំងការជួញដូរទាំងអស់។ ការធ្វើដូច្នេះបង្ខំឱ្យអង្គភាព​នគរបាលម្នាក់ៗ ចាយលុយខ្លួនឯងសិន។ អង្គការក្រៅរដ្ឋាភិបាល បាននិយាយថា នគរបាលខ្លះរង់ចាំរាប់ខែទម្រាំលុយត្រូវបានទូទាត់សង ហើយពេលខ្លះ មិនត្រូវបានសងបានពេញលេញទេ។ ការពិបាកលុយបែប​នេះ ធ្វើឱ្យងាយមានអំពើពុករលួយ​នៅក្នុងចំណោមអង្គភាពនគរបាលខ្លះ។​   រដ្ឋាភិបាលយល់ព្រមលើការផ្តល់អំណាចធ្វើការស៊ើបអង្កេតសម្ងាត់ ចំពោះករណីគ្រឿងញៀននិងអំពើពុករលួយ។ អង្គការក្នុងស្រុក និងមន្រ្តីខ្លះនៅតែបញ្ជាក់ពីតម្រូវការឱ្យមានបច្ចេកទេសប្រមូលភស្តុតាងថ្មី ដោយរួមទាំងការប្រមូលភស្តុតាងសម្ងាត់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការឆ្លើយជាកសិណ​របស់សាក្សី និងដើម្បីលើកកម្ពស់ការខិតខំ​ក្នុងការតាមដាន​ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរផ្លូវភេទ។ មន្រ្តីក្រសួងយុត្តិធម៌បាននិយាយពីកង្វល់របស់គេថា ការកែប្រែច្បាប់ ឬការចេញបទបញ្ជាថ្មីបើកឲ្យធ្វើការស៊ើបអង្កេតដោយសម្ងាត់ លើករណីជួញដូរ អាចនាំឱ្យនគរបាលរំលោភអំណាច 

ការការពារ 

រដ្ឋាភិបាលមិនបានបន្តការខិតខំ​ក្នុងការងារការពារឲ្យបានគ្រប់គ្រាន់ទេ។ ទោះបីជាមានគោលការណ៍ណែនាំក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលចេញដោយក្រសួងសង្គមកិច្ច នៅដើមឆ្នាំ ២០១៧ ក្តី តែការបញ្ជូន និងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍​នៃជនរងគ្រោះនៅតែមិនស៊ីចង្វាក់គ្នា ហើយនៅខ្សោយ ។ ដោយសារមានការខិតខំមិនគ្រប់គ្រាន់​ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ អាជ្ញាធរបានពិន័យជនរងគ្រោះដែលអាចជាជនបរទេសពីបទប្រព្រឹត្តខុសច្បាប់ ដែលជនប្រព្រឹត្តការជួញដូរបានបង្ខំឲ្យគេប្រព្រឹត្ត ដូចជាការរំលោភផ្នែកអន្តោប្រវេសន៍។ រដ្ឋាភិបាលបានរាយការណ៍ថា បានរកឃើញជនរងគ្រោះសរុបចំនួន ៣៦៤ នាក់ នៅឆ្នាំ ២០២១ បន្ទាប់ពីស្រាវជ្រាវក្នុងចំណោមជនចំណាកស្រុកខ្មែរដែលធ្វើការ​នៅបរទេសចំនួន ៨ ៣៧០ នាក់។ នៅឆ្នាំ ២០២០ បានរកឃើញជនរងគ្រោះចំនួន ៤១៧ នាក់។ តែដូចលើកមុនដែរ តួលេខ​នៃជនរងគ្រោះដែលរកឃើញ ប្រហែលរួមមានជនរងគ្រោះដោយបទល្មើស ដែលមិនបំពេញបានតាមនិយមន័យជាបទដ្ឋាន​នៃការជួញដូរផ្លូវភេទ ឬការបង្ខំឱ្យធ្វើពលកម្មឡើយ។  

 ក្រសួងសង្គមកិច្ច បានដំណើរការទីជំរកបណ្តោះអាសន្នមួយនៅព្រំដែនក្រុងប៉ោយប៉ែត ដែលនៅទីនោះ គេរកមើលជនរងគ្រោះដោយការជួញដូរ នៅក្នុង​ចំណោមអ្នកធ្វើចំណាកស្រុកចាស់ ក្មេងបន្ទាប់ពីមន្រ្តី​នៅមណ្ឌលបានរកមើលជនរងគ្រោះក្នុងចំណោមជនចំណាកស្រុក គេបានជួយជនរងគ្រោះ ដែលគេមិនដឹងចំនួន ក្នុងការវិលត្រលប់ទៅរស់នៅក្នុងសង្គមជាតិវិញ ឬបញ្ជូនពួកគេទៅមណ្ឌលរបស់អង្គការក្រៅរដ្ឋាភិបាល នៅខែធ្នូ ឆ្នាំ ២០២១ រដ្ឋាភិបាលបានបើកមណ្ឌលសំចតអន្តោថ្មីមួយ នៅខេត្តបាត់ដំបង តែមិនបានរាយការណ៍ថា បានរកឃើញ ឬបានជួយជនរងគ្រោះដោយការជួញដូរបានប៉ុន្មាននាក់ទេ នៅក្នុងមណ្ឌល​នេះ។ មន្រ្តីក្រសួងសង្គមកិច្ចតែងតែចុះជាមួយនគរបាលក្នុងសកម្មភាពចុះអនុវត្តច្បាប់ ដើម្បីជួយជនរងគ្រោះដែលរកឃើញ។ បើគេមិនមានវត្តមានទេ នគរបាលបានត្រូវបង្រៀនពីរបៀបរកមើលជនរងគ្រោះ មុនពេលបញ្ជូនពួកគេទៅការិយាល័យ​សង្គមកិច្ច។ ពេលខ្លះ នគរបាលមូលដ្ឋានបញ្ជូនជនរងគ្រោះទៅឲ្យ NGO ដោយផ្ទាល់តែម្តង ហើយ NGO ជួយសម្រួលលឿនដល់ការបញ្ជូន ហើយផ្តល់កន្លែងស្នាក់នៅឲ្យពួកគេតែក្នុងរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ។ ថ្មីបើមានយ៉ាងដូច្នេះក្តី រដ្ឋាភិបាលបានបន្តអនុវត្តបទបញ្ជាដែលរារាំងមិនឱ្យអង្គការមិនមែនរដ្ឋាភិបាល​ធ្វើជាតំណាងបុគ្គលដែលស្វែងរកការទទួលស្គាល់ជាផ្លូវការថា ជាជនរងគ្រោះទេ។  

តាមរយៈវិធី​នេះ គេតម្រូវជនរងគ្រោះទាក់ទងទៅក្រសួងមហាផ្ទៃ ដើម្បីសុំការទទួលស្គាល់ជាផ្លូវការសិន ទើបអាចទទួលបានសេវាការពារបានអង្គការខ្លះដែលធ្វើការងារប្រឆាំងការជួញដូរ និយាយពីកង្វះកិច្ចសហប្រតិបត្តិការពីអាជ្ញាធរ ដែលជាការរារាំងដល់ការងារ​នៃអង្គការសំខាន់ៗ ក្នុងការធ្វើការប្រឆាំងការជួញដូរ។ 

ក្រសួងសង្គមកិច្ចបាននិយាយថា បានជួយជនរងគ្រោះដោយការជួញដូរ ជាជនជាតិខ្មែរ និងបរទេសចំនួន ៤០៤​ នាក់ ដែលរួមមានជនរងគ្រោះមកពីចិនដីគោក ថៃ ម៉ាឡេស៊ី វៀតណាម សឹង្ហបូរី និងឥណ្តូនេស៊ី។ បើប្រៀបធៀបនឹងឆ្នាំ ២០២០ ក្រសួងបានបញ្ជូនជនរងគ្រោះខ្មែរ និង «ជនចំណាកស្រុកងាយរងគ្រោះដទៃទៀត» ចំនួន ២២០ នាក់ទៅឱ្យអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាលអាចឧបត្ថម្ភអាហារ និងប្រាក់ចាយវាយសម្រាប់រយៈពេល ៣ ខែ ការបណ្តុះបណ្តាលជំនាញការងារ និងជំនួយក្នុងការធ្វើសមាហរណកម្មនៅក្នុងសង្គមវិញ តែដូចក្នុងពេលមុន​ដែរ ត្រូវពឹងផ្អែកខ្លាំង​លើថវិកា​របស់អង្គការក្រៅរដ្ឋាភិបាល ។  រដ្ឋាភិបាលគ្មានសមត្ថភាព ឬធនធានក្នុងការ​ផ្តល់ការការពារបានគ្រប់គ្រាន់ ដូចជាទីជម្រកសម្រាប់ជនរងគ្រោះដោយការជួញដូរបានទេ ដូច្នេះ​ត្រូវបន្តពឹងផ្អែកខ្លាំងលើប្រទេសផ្តល់ជំនួយ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល​នៅក្នុងការជួយដល់ជនរងគ្រោះ។ រដ្ឋាភិបាលគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ទីជម្រកនៅទូទាំងប្រទេស សម្រាប់ជាជំនួយក្នុងគ្រាចំពោះមុខ និងរយៈពេលយូរ ដល់ជនរងគ្រោះដោយការជួញដូរ  ដោយរួមទាំងជនរងគ្រោះដែលត្រូវបានបញ្ចូនត្រឡប់វិញ ឬអ្នកស្ថិត​នៅក្នុងស្ថាន​ភាព​ងាយរងគ្រោះដោយការជួញដូរ។ ក្រសួងសង្គមកិច្ចមានគោលការណ៍​ណែនាំដែលមាននិយាយពីបទដ្ឋានអប្បបរមា សម្រាប់ការថែទាំនៅតាមផ្ទះ នូវជនរងគ្រោះដោយការជួញដូរ ក្រសួងថែមទាំងផ្តល់ការមើលថែទាំរយៈពេលវែង និងជំនួយផ្សេងទៀត ដល់ជនរងគ្រោះជាកុមារ ដែលមិនអាចត្រឡប់ទៅរស់នៅក្នុងសហគមន៍​របស់គេវិញបាន។ តែរដ្ឋាភិបាលមិនជួយសម្រួលដល់ការផ្ទេរជាផ្លូវការ​ នូវការគ្រប់គ្រង​លើជនរងគ្រោះជាកុមារទៅឱ្យអង្គការក្រៅរដ្ឋាភិបាលទេ ដែលជាការធ្វើឱ្យអង្គការដែលទទួលជនរងគ្រោះជាកុមារ អាចរងបណ្តឹងតុលាការ។ បទបញ្ញតិ្តដែលអនុញ្ញាតឱ្យមានការដោះស្រាយដោយប្រើលុយជំនួសឱ្យការដាក់ទោសធ្ងន់ជាង​នេះធ្វើឱ្យគ្រួសារខ្លះមិនចង់ឱ្យអង្គការក្រៅរដ្ឋាភិបាល ទទួលជនរងគ្រោះឱ្យស្នាក់នៅបណ្តោះអាសន្ន ហើយដោយគ្មានការយល់ព្រមរបស់គ្រួសារ ជនរងគ្រោះអាចរងគ្រោះសាជាថ្មី។ នៅក្នុងអំឡុងពេល​នៃរបាយការណ៍ រដ្ឋាភិបាលបានបង្កើតគោលនយោបាយថ្នាក់ជាតិ​ ស្តីពីសុខភាព​របស់ជនចំណាកស្រុក ដែលផ្តល់អំណាចដល់មណ្ឌលសុខភាពសាធារណៈ នូវអំណាចក្នុងការផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ ដល់កម្មករចំណាកស្រុកទាំងអស់ នៅកម្ពុជា ដោយរួមទាំងជនរងគ្រោះជាជនជាតិបរទេស។ គោលនយោបាយ​នេះបន្ធូរបន្ទុកថវិកា​របស់អង្គការក្រៅរដ្ឋាភិបាល ក្នុងការផ្តល់ការព្យាបាល​ដល់ក្រុមមនុស្សងាយរងគ្រោះ។​ ថ្វីបើជនរងគ្រោះដោយសារការជួញដូរកម្លាំងពលកម្មមានច្រើននៅក្នុងចំណោមបុរសក្តី តែជំនួយ​ដែល​ត្រូវបាន​ផ្តល់សម្រាប់ជនរងគ្រោះទាំងនោះ នៅមានកម្រិតនៅឡើយ ដោយរួមទាំងក្នុងផ្នែកកន្លែងទទួលឱ្យស្នាក់នៅផងដែរតែរដ្ឋាភិបាលបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការ មួយក្នុងការជួយដល់ជនរងគ្រោះជាបុរស ដែលរងគ្រោះ​នៅក្នុងផ្នែកនេសាទ​នៅប្រទេសថៃ។ ក្រសួងសង្គមកិច្ចថែមទាំងបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងកម្មវិធីដទៃទៀត ដើម្បីរកការងារបានសម្រាប់ជនរងគ្រោះជាមនុស្សប្រុសនៅក្នុងឧស្សាហកម្មនេសាទ តែមិនបាននិយាយថា តើមានជនរងគ្រោះប៉ុន្មាននាក់បានទទួលផលពីកម្មវិធី​ទាំង​នោះទេ។ តែអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់សេវាបានកត់សម្គាល់ឃើញកង្វះធ្ងន់ធ្ងរ​នៃសេវាសម្រាប់ការធ្វើសមាហរណកម្មក្នុងសង្គមវិញ ហើយនិងការរងការមាក់ងាយបន្ទាប់ពីរងការបង្ខំឱ្យធ្វើការលើទូកនេសាទ បានជំរុញឱ្យមានការរងការជួញដូរជាថ្មី នៅក្នុងចំណោមអ្នកនេសាទ​ដែលវិលត្រឡប់មកផ្ទះ  

រដ្ឋាភិបាល​នៅបន្តពឹងផ្អែកលើថវិការបស់អង្គការផ្តល់ជំនួយ ក្នុងការធ្វើមាតុភូមិនិវត្តន៍​នៃជនរងគ្រោះខ្មែរ ដែលរងការកេងប្រវ័ញ្ច​នៅបរទេស ។ ស្ថានបេសកកម្មទូតកម្ពុជានៅបរទេស នៅតែខ្វះថវិកាឬសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ជំនួយចាំបាច់ ឬបញ្ជូនជនរងគ្រោះមកមាតុភូមិវិញ ជនរងគ្រោះខ្លះមិនអាចទទួលបានការជួយពីស្ថានកុងស៊ុលខ្មែរនៅបរទេសទេ ដោយសារគ្មានអ្នកប្រចាំការលើកទូរសព្ទ ឬក៏បុគ្គលិកមិនអើពើ។ ជនរងគ្រោះដែលត្រូវបានរកឃើញនៅក្នុងប្រទេសដែលគ្មានតំណាងទូតកម្ពុជា រឹតតែមិនសូវទទួលបានជំនួយ​ទៅ​ទៀត។ នៅប្រទេសម៉ាឡេស៊ីមន្រ្តីកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍​កម្មករចំណាកស្រុកចំនួន ៣៧៦ នាក់ ហើយបានកំណត់ថា ៣៩ នាក់ក្នុងចំណោមពួកគេគឺជាជនរងគ្រោះដោយការជួញដូរ។ រដ្ឋាភិបាលបានសម្រេចកិច្ចព្រមព្រៀងជាមួយប្រទេសថៃ ដើម្បីបង្កើតនីតិវិធីប្រតិបត្តិស្តង់ដារ ស្តីពីការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម​នៃជនរងគ្រោះកម្ពុជាដោយការជួញដូរ។ នៅខែសីហា ឆ្នាំ ២០២១ រដ្ឋាភិបាល​ ដោយសហការជាមួយអាជ្ញាធរថៃ បានកំណត់បាននូវអត្តសញ្ញាណកម្ម និងបញ្ជូនត្រឡប់មកវិញ​ នូវជនរងគ្រោះ ២១ នាក់ ពីប្រទេសថៃ ហើយបញ្ជូនពួកគេដើម្បីសុំជំនួយសម្រាប់ការតាំងទីលំនៅជាថ្មី។ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងមហាផ្ទៃបានធ្វើការជាមួយអាជ្ញាធរចិន ដើម្បីធ្វើមាតុភូមិនិវត្តន៍​ស្រ្តីខ្មែរចំនួនជាង ៣០០ នាក់ ដែលត្រូវបានគេជ្រើសរើសបញ្ឆោតថា ទៅធ្វើការ​នៅប្រទេសចិន ហើយត្រូវបានបង្ខំឱ្យរៀបការជាមួយជនជាតិចិនដីគោក។ ភាគច្រើន​នៃពួកគេទំនងជាជនរងគ្រោះដោយការជួញដូរ។ ក្រសួងការបរទេស បានជួយសម្រួលដល់ការវិលត្រឡប់វិញ​នៃពលករចំណាកស្រុកដែលគ្មានឯកសារចំនួន ១០ ៤០៦ នាក់ ពីប្រទេសចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបូរី ថៃ និងវៀតណាម។ ក្នុងអំឡុងពេល​នៃរបាយការណ៍​លើកមុន​មាន ១០ ៥៧៤។ បន្ទាប់ពីក្រសួងសង្គមកិច្ចបានសម្ភាសន៍បឋមជាមួយអ្នកមាតុភូមិនិវត្តន៍ទាំង​នេះ គេបញ្ជូនអ្នកទាំងអស់​នោះទៅអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដើម្បីសុំជំនួយ​ក្នុងការទៅរស់នៅក្នុងសង្គមដើមវិញ។ ដូចអំឡុងពេល​នៃការធ្វើរបាយការណ៍​លើកមុនដែរ អាជ្ញាធរមិនបានបញ្ជាក់ថាបានរកឃើញជនរងគ្រោះដោយការជួញដូរក្នុង ចំណោមអ្នកទាំងនោះទេ។ ចំនួនអ្នកវិលត្រឡប់វិញ ដែលបានរងការជួញដូរ​ និងការបង្ខំឱ្យធ្វើពលកម្មនៅបរទេស ទំនងជាមានច្រើនជាងចំនួនក្នុងសេចក្តីរាយការណ៍ ដោយសារក្រុមទាំងនេះច្រើនតែវិលមកវិញក្នុងលក្ខណៈក្រៅផ្លូវការ ហើយនិងដោយសារខ្វះនីតិវិធី​ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ។ 

រដ្ឋាភិបាលមិនតម្រូវឱ្យជនរងគ្រោះចូលរួម​ក្នុងការស៊ើបអង្កេតលើការជួញដូរ ឬការកាត់ទោស ដើម្បីទទួលបានការការពារទេ។គ្មានបញ្ញតិ្តសម្រាប់ផ្តល់ការអនុញ្ញាតឱ្យធ្វើការ ការស្នាក់នៅបណ្តោះអាសន្ន ឬក៏ឋានៈជាជនអន្តោប្រវេសន៍​ដទៃទៀតណាឡើយ ដល់ជនរងគ្រោះជាជនបរទេស ដែលចង់ស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួម​នៅក្នុងនីតិវិធីព្រហ្មទណ្ឌ ឬនីតិវិធីរដ្ឋប្បវេណីទេ។ រដ្ឋាភិបាលតម្រូវឱ្យធ្វើមាតុភូមិនិវត្តន៍​នៃជនរងគ្រោះបរទេស លើកលែងក្នុងករណីកម្រ ហើយមិនបានផ្តល់ជម្រើសផ្សេងផ្នែកច្បាប់​ក្រៅពីការបញ្ជូនពួកគេចេញទេ ទោះបីជាគេប្រឈមនឹងភាពពិបាក ឬការសងសឹក នៅពេលគេទៅដល់ប្រទេសកំណើត​របស់គេវិញក៏​ដោយ។ ក្នុងពេលរង់ចាំការធ្វើមាតុភូមិនិវត្តន៍ ជាទូទៅ រដ្ឋាភិបាលអនុញ្ញាតឲ្យជនរងគ្រោះបរទេសស្នាក់​នៅបណ្តោះអាសន្ន នៅកន្លែងរបស់អង្គការក្រៅរដ្ឋាភិបាល 

នៅក្នុងអំឡុងពេល​នៃរបាយការណ៍​លើកមុន ក្រសួងយុត្តិធម៌បានណែនាំឲ្យតុលាការខេត្តអនុវត្តកម្មវិធីតុលាការដោយគិតពីកុមារ ដើម្បីសម្រួលដល់ការធ្វើកសិណដោយកុមារ ដោយរួមមានការមិនឱ្យសួរកុមារក្នុងតុលាការ​នៅចំពោះមុខជនជាប់​ចោទ ហើយបែរមកប្រើបច្ចេកទេសសួរពីចម្ងាយតាមរយៈទូរសព្ទដោយមានឱ្យឃើញរូបវិញ។ ទោះបីមានការកំណត់យ៉ាងនេះក្តី ក៏ក្រសួងមិនបានរាយការណ៍ថា​តើតុលាការបានអនុវត្តជាទូទៅ​លើកម្មវិធី​នេះដែរឬអត់​នោះទេ នៅឆ្នាំ ២០២១ដូចនៅក្នុងឆ្នាំមុនៗដែរ ប្រព័ន្ធច្បាប់ពុករលួយ​​និងខ្សោយរបស់ប្រទេសកម្ពុជា ហើយនិងកង្វះការការពារ​គ្រប់គ្រាន់ជូនជនរងគ្រោះ និងសាក្សី ដែលត្រូវបានធ្វើឱ្យ​កាន់តែអាក្រក់ឡើងដោយដំណើរការកាត់ក្តីយូរ និងការភ័យខ្លាចការសងសឹកដោយជនប្រព្រឹត្តការ​ជួញដូរ បង្កជាឧបសគ្គដល់ជនរងគ្រោះ ឱ្យមានចិត្តចង់សហការ​នៅក្នុងករណីជាច្រើន។ អង្គការនិយាយថា ជនរងគ្រោះចង់បានការដោះស្រាយក្រៅតុលាការវិញ យកជាមធ្យោបាយឆាប់ ដោយទទួលបានសំណងជាលុយ ជាជាងធ្វើតាមដំណើរការក្តីក្នុងតុលាការ។ ច្បាប់កម្ពុជាមាននិយាយពីវិធីសម្រាប់ជាសំណងសម្រាប់ជនរងគ្រោះ តែសំណងដោយបង់លុយច្រើនតែជាវិធីដែលគេច្រើនប្រើ សម្រាប់ដោះស្រាយករណីព្រហ្មទណ្ឌ។ តែការនេះមានការពិបាកដោយលក្ខខណ្ឌផ្លូវ​ច្បាប់ដែលចែងថា ការទូទាត់សងអាចត្រូវបង់ឱ្យតែនៅពេលជនល្មើសចេញពីពន្ធនាគារវិញតែ​ប៉ុណ្ណោះ។ ការគេចខ្លួនជាញឹកញាប់របស់ជនល្មើសដែលតុលាការបានដាក់ទោសហើយ​នោះ ធ្វើឱ្យរឿង​នេះរឹតតែមានភាពស្មុគស្មាញកាន់តែច្រើន។ អ្នកសង្កេតការណ៍​បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាខ្វះនីតិវិធីប្រតិបត្តិជាបទដ្ឋាន សម្រាប់គណនាសំណង។ ជនរងគ្រោះកម្រទទួលបានទឹកប្រាក់ក្នុងចំនួន​ដែលបានសន្យាណាស់ ហើយគ្រួសារជនរងគ្រោះជាច្រើនដោះស្រាយក្រៅតុលាការ ជាមួយជនល្មើស ឬទទួលយក​សំណូកជាថ្នូរនឹងការទម្លាក់ចោលការចោទប្រកាន់។យ៉ាងណាក្តី រដ្ឋាភិបាលបានធ្វើការសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ពីរ ដើម្បីទារសំណងចំនួន ៨៣ ២០០ ដុល្លា ឱ្យជនរងគ្រោះដោយការជួញដូរ ដោយរួមទាំងករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅឆ្នាំ ២០២១។ 

ការបង្ការ 

រដ្ឋាភិបាលកម្ពុជាបានបន្តការងារទប់ស្កាត់ជាមុន កុំឱ្យមានការ​ជួញដូរ​មនុស្ស។ គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្ស (គជបជ) និងលេខាធិការដ្ឋានរបស់គណៈកម្មាធិការនេះ បានសម្របសម្រួលសកម្មភាពប្រឆាំងការជួញដូរ  ហើយបានបន្តអនុវត្តផែនការសកម្មជាតិជាតិ ឆ្នាំ ២០១៩ - ២០២៣ ប្រឆាំងការជួញដូរ ធ្វើការវាយតម្លៃប្រចាំឆមាស​លើផែនការសកម្មភាព ដើម្បីក្តាប់ពីជោគជ័យ និងបញ្ហាប្រឈមដែល​នៅមាន។ គជបជបានបន្តចេញរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការងាររួមក្នុងការប្រឆាំងការជួញដូររបស់រដ្ឋាភិបាល បានដឹកនាំការប្រជុំចំនួន ២៧៤ លើក នៅឆ្នាំ ២០២១ ជាមួយមន្ទីរ ក្រសួងនានា ដើម្បីលើកកម្ពស់សារសំខាន់​នៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៅក្នុងជួររដ្ឋាភិបាល តែមិនបាននិយាយថា តើបានធ្វើការប្រជុំប៉ុន្មានដងទេ នៅក្នុងពេលមុនៗនៃរបាយការណ៍គជបជអញ្ជើញអ្នកគ្រប់គ្រងផ្នែកប្រឆាំងការជួញដូរមកប្រជុំទៀងទាត់ និងចូលរួមក្នុងសិក្ខាសាលា ដើម្បីកែលម្អគោលនយោបាយ តាមរយៈអនុសាសន៍ និងបទពិសោធន៍​របស់អ្នកគ្រប់គ្រង។ 

លេខាធិការដ្ឋាន​របស់ គជបជ មានក្រុមការងារចំនួន ៦ សម្រាប់តាមដានការងារ​នៃគណៈកម្មាធិការចម្រុះ​នេះ ព្រមទាំងការងារ​របស់អនុគណៈកម្មាធិការនៅតាមខេត្ត។ គណៈកម្មាធិការប្រឆាំងការជួញដូរថ្នាក់ខេត្តជាសាខា ដែលក្នុង​នោះ មាន ៤ បានបន្តទទួលថវិកាខ្លះពីរដ្ឋាភិបាលថ្នាក់កណ្តាល ធ្វើការសម្របសម្រួលការងារ​នៅថ្នាក់មូលដ្ឋាន ដើម្បីឱ្យស៊ីនឹងសកម្មភាពមានចែងក្នុងផែនការសកម្មភាពជាតិ។ គណៈកម្មាធិការប្រឆាំងការជួញដូរថ្នាក់ខេត្ត មានផែនការសកម្មភាពថ្នាក់សម្រាប់ថ្នាក់ខេត្ត ដែលមាននិយាយពីវិធីរាយការណ៍ករណីជួញដូរទៅនគរបាល ការងារការពារជនរងគ្រោះ និងសកម្មភាពបង្ការ។ គជបជនិងថ្នាក់ខេត្ត ដោយសហការជាមួយមន្ទីរក្រសួងពាក់ព័ន្ធ និង អង្គការក្រៅរដ្ឋាភិបាលជាដៃគូ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការជួញដូរដល់មន្រ្តីរដ្ឋាភិបាលចំនួន ៥ ៧២០ នាក់ នៅឆ្នាំ ២០២១។ ក្រុមការងារធ្វើការតាមដានបានពង្រឹងការងារ​របស់ គជបជនៅថ្នាក់ខេត្ត ដោយបានជួបជាមួយមន្រ្តីថ្នាក់ខេត្ត ហើយវាយតម្លៃលើចំណុចកែលម្អ តែមិនបាននិយាយថា បានចុះទៅតាមខេត្តប៉ុន្មានដងទេ ឬក៏​ប្រាប់ថា ជួបជាមួយមន្រ្តីប៉ុន្មានអ្នកដែរ។ នៅខែតុលា​ ឆ្នាំ​ ២០២១ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងអនុប្រធាន គជបជ បានរួមគ្នារៀបចំកិច្ចប្រជុំទ្វេភាគី ស្តីពីការជួញដូរ ជាមួយរដ្ឋាភិបាលបរទេសមួយ ដោយមានការចូលរួម​នៃមន្រ្តីជាន់ខ្ពស់​នៃរដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាលបានធ្វើការបណ្តុះបណ្តាលស្តីពីការជួញដូរដល់បុគ្គលិកស្ថានទូតខ្មែរ ជាផ្នែកមួយ​នៃការណែនាំនៅមុនពេលចេញទៅបំពេញការងារ​នៅបរទេស។ គជបជបានបង្រៀនអង្គភាពចំនួន ២ ស្តីពីការប្រឆាំងការជួញដូរ ដែលត្រូវចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាព​នៅប្រទេសលីបង់ និងសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ រដ្ឋាភិបាលមិនបានប្រាប់ពីថវិកាសម្រាប់ការងារប្រឆាំងការជួញដូរមនុស្សទេ នៅឆ្នាំ ២០២១ គឺមិនដូចនៅឆ្នាំ ២០២០ តែ ដែលគេបានប្រាប់ថា ថវិកាមានប្រហែល ២,២ ពាន់លានរៀល ឬ ៥៤៣​ ០៨០ ដុល្លា។ អង្គការ បាននិយាយថា ថវិកាខ្សត់ខ្សោយពីរដ្ឋាភិបាលបង្ខំឲ្យពួកគេខ្លះត្រូវរ៉ាប់រងការចំណាយ​លើសកម្មភាព​របស់រដ្ឋាភិបាល។ 

 រដ្ឋាភិបាលបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងម្ចាស់ជំនួយនានា ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីច្បាប់ប្រឆាំការជួញដូរ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ពលកម្មកុមារ និងយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងការជួយដូរ នៅក្នុងចំណោមសមត្ថកិច្ច បុគ្គលិកស្ថាប័នដទៃទៀត និងប្រជាជនទូទៅ។ រដ្ឋាភិបាលបានរៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹងលើការជួញដូរចំនួន ១៩២ នៅទូទាំងប្រទេស ដោយបញ្ចូលខ្លឹមសារប្រឆាំងការជួញដូរ នៅតាមកន្លែងរាប់ពាន់ (ដូចជា​នៅក្នុងទីប្រជុំធំៗ និងអង្គប្រជុំក្រុមប្រឹក្សាសហគមន៍) ហើយមន្រ្តីជាន់ខ្ពស់បានថ្លែងតាមទីសាធារណៈអំពីការជួញដូរ។ នៅឆ្នាំ ២០២១ ក្រសួងអប់រំ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល បានរៀបចំ និងអនុម័ត​លើកម្មវិធីសិក្សាទាក់ទងនឹងការជួញដូរមនុស្ស។ នគរបាលប្រឆាំងការជួញដូរកុមារ និងក្រសួងមហាផ្ទៃមានលេខទូរសព្ទពិសេសសម្រាប់ឱ្យជនរងគ្រោះនិងសាក្សីរាយការណ៍​ពីបទល្មើសជួញដូរ។ រដ្ឋាភិបាលបានបន្តផ្សព្វប្រើលេខទូរសព្ទពិសេសនេះ​នៅលើគេហទំព័ររបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយសង្គម តម្រូវឱ្យផ្ទះសំណាក់​និងសណ្ឋាគារនៅក្នុងខេត្តទាំង ២៥ ផ្សព្វផ្សាយពីទូរសព្ទពិសេសនេះ ហើយបានធ្វើការជាមួយអង្គការ ដែលផ្តោតការងារលើការជួញដូរផ្លូវភេទលើកុមារ ដោយផ្សាយលេខទូរសព្ទពិសេស​នេះនៅតាមរថយន្តតាក់ស៊ី និងរ៉ឺម៉កកង់បី (តុកតុក) នៅទូទាំងប្រទេស។ អាជ្ញាធរនិយាយថា បានទទួលការហៅចូលចំនួន ២១ លើក គឺស្មើនឹងចំនួនហៅចូលក្នុងរយៈពេលនៃរបាយការណ៍​មុន តែគ្មានការហៅមួយណាទាក់ទងនឹងការជួញដូរមនុស្សទេ។ នគរបាលប្រឆាំងការជួញដូរកុមារបានបន្តប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ចាំទទួលយកការរាយការណ៍ពីករណីសង្ស័យជួញដូរ តែមិនបាននិយាយថា បានទទួលប៉ុន្មានករណីទេ។ ក្រសួងការងារ និងក្រសួងការបរទេស មានលេខទូរសព្ទពិសេសសម្រាប់ឲ្យជនជាតិខ្មែរ​នៅបរទេសពឹងពាក់ និងរាយការណ៍ពីការជួញដូរ។ ស្ថានទូតខ្មែរ​នៅថៃបានទទួលការហៅចូលចំនួន ១ ១០៩ នៅកូរ៉េបានទទួល ១៨៦ និងនៅជប៉ុនចំនួន ៥៤០។ តែរដ្ឋាភិបាលមិនបាននិយាយថា តើករណីទាំង​នោះបាននាំដល់ការរកឃើញជនរងគ្រោះឬក៏​អត់ទេ។ 

គ្មានការហាមប្រាមលើការជ្រើសរើសមនុស្សធ្វើការ​ដោយពលករចេញថ្លៃជ្រើសរើសទេ។ អ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញមានការចំណាយច្រើន លក្ខខណ្ឌទាមទារផ្នែករដ្ឋបាលមានភាពស្មុគស្មាញ ហើយមានបញ្ញតិ្តដែលរឹតត្បិតលើដំណើរការធ្វើចំណាកស្រុកជាផ្លូវការ បានជំរុញពលករចំណាកស្រុកខ្មែរភាគច្រើនឲ្យជ្រើសរើសយកផ្លូវក្រៅប្រព័ន្ធ នៅក្នុងការទៅធ្វើការ​នៅបរទស។ក្រសួងការងារបានបើកវគ្គបណ្តុះបណ្តាលចំនួន ៧៥ លើកសម្រាប់ទីភ្នាក់ងារជ្រើសរើសពលករស្តីពីការជ្រើសរើសពលករអោយបានត្រឹមត្រូវ ដើម្បីការពារសិទ្ធិ​របស់ពលករចំណាកស្រុក។ រដ្ឋាភិបាលបានធ្វើការសហការជាមួយអង្គការអន្តរជាតិ ដើម្បីធ្វើអធិការកិច្ចនៅតាមរោងចក្រកាត់ដេរ តែការផ្ទុះឡើង​នៃជំងឺកូវីដ ១៩ នៅខែកុម្ភៈ ឆ្នាំ ២០២១ បានផ្អាកការចុះពិនិត្យដោយផ្ទាល់ ហើយត្រូវពឹងលើការវាយតម្លៃពីចម្ងាយ នៅបន្ទាប់មក ក្នុងឆ្នាំ​នោះ។ យ៉ាងណាក្តី មន្រ្តីក្រសួងការងារ និងក្រសួងមហាផ្ទៃបានចុះធ្វើអធិការកិច្ចចំនួន ២៩៦៦ ដង នៅតាមរោងចក្រនិងក្រុមហ៊ុនដទៃ ដោយគេបានរកឃើញអ្នកធ្វើការបរទេសចំនួន ២៨ ៨៦៣ នាក់ ដែលក្នុងចំណោម​នោះ មាន ៤៦៦ នាក់គ្មានឯកសារធ្វើការស្របច្បាប់ទេរដ្ឋាភិបាលបានពិន័យក្រុមហ៊ុនជាទឹកប្រាក់សរុបចំនួន ២៣៣ លានរៀល ពីបទរំលោភលើច្បាប់ការងារក្រសួងសង្គមកិច្ចបានបង្កើតការិយាល័យនៅតាមខេត្ត ដើម្បីតាមដានក្រុមហ៊ុនជ្រើសរើសពលករ និងដោះស្រាយបណ្តឹងកម្មករ  ដោយរួមទាំងករណីដែលអាចជាករណីជួញដូរ តែមិនបាននិយាយពីចំនួនបណ្តឹងដែលការិយាល័យទាំង​នេះបានទទួលទេ នៅក្នុងឆ្នាំ ២០២១។  រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហា​ដែលក្រុមហ៊ុនរងការចោទប្រកាន់ថា មានការពាក់ព័ន្ធក្នុងការជួញដូរទេ។  

ក្រសួងការងារមិនបាននិយាយថា បានផ្តល់ការណែនាំមុនពេលចេញដំណើរ ដល់អ្នកទៅធ្វើការ​នៅបរទេសទេ មិនដូចនៅឆ្នាំ ២០២០ ទេ ដែលពេលនេះ គេបាននិយាយថា បានផ្តល់ការណែនាំ​ដល់ពលករចំនួន ២០ ៣៦០ នាក់។ តាមសេចក្តីរាយការណ៍​មក ប្រជាជនកម្ពុជាជាច្រើន​មិនដឹងពីវិធីដាក់ពាក្យសុំឯកសារធ្វើដំណើរ ឬថាវាអស់ថ្លៃប៉ុន្មានទេ ដែលជាការធ្វើឱ្យគេប្រឈមនឹងគ្រោះថ្នាក់ខ្ពស់​ដោយធ្វើដំណើរតាមមធ្យោបាយដែលធ្វើឱ្យគេងាយរងគ្រោះ។ រដ្ឋាភិបាល មិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់​នៅក្នុងការផ្សព្វផ្សាយព័ត៌មាននេះទេ។ នៅឆ្នាំ ២០២១ គជបជ បាននិយាយថា ទាហាន និងនគរបាលកម្ពុជា​នៅតាមព្រំដែនថៃបានរារាំងពលករចំណាកស្រុកកម្ពុជាចំនួន ៣ ៥៨១ នាក់ ក្នុងការឆ្លងចូលប្រទេសថៃ។ ក្នុងចំណោម​នេះ មាន ១​ ៣២៥ នាក់ជាស្រ្តី ហើយមាន ១៣១ នាក់ជាកុមារ។ គជបជ មិនបាន​និយាយថា ខ្លួនបានស្រាវជ្រាវក្នុងចំណោមពួកគេដើម្បីរកមើលការជួញដូរមនុស្ស ឬធ្វើការបញ្ជូនជនរងគ្រោះទៅសុំការជួយការពារទេមន្រ្តីបានផ្តល់ស្បៀង​ដល់ពលករចំណាកស្រុកចំនួន ១២៧០ នាក់ ដែលប្រឈមនឹងការជួញដូរ ឬត្រូវបានរកឃើញថា ជាជនរងគ្រោះដោយការជួញដូរ នៅប្រទេសថៃ ហើយបានជួយពលករ ២ នាក់ ក្នុងការដោះស្រាយជម្លោះការងាររបស់គេ ជាមួយថៅកែបរទេស។ នៅប្រទេសកូរ៉េខាងត្បូង មន្រ្តីកម្ពុជាបានចុះទៅមើលការដ្ឋានការងារចំនួន ៨៧ ដង ដែលមានកម្មករធ្វើការ ហើយបានដោះស្រាយជម្លោះការងារចំនួន ១៣៧។ ចំណែកនៅប្រទេសជប៉ុន គេបានចុះទៅចំនួន ២៧ ដង នៅតាមការដ្ឋានដែលមានពលករខ្មែរធ្វើការច្រើន ហើយបានដោះស្រាយជម្លោះការងារចំនួន ៧៤។ រដ្ឋាភិបាលមិនបាននិយាយថា បានរកឃើញជនរងគ្រោះដោយការជួញដូរ​នៅក្នុងករណីជម្លោះទាំង​នោះទេ។  

រដ្ឋាភិបាលមានកិច្ចព្រមព្រៀងចំនួន ២ លើការជ្រើសរើសពលករ ជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកិច្ចព្រមព្រៀងជ្រើសរើសពលករបម្រើតាមផ្ទះជាមួយហុងកុង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាមួយឥណ្ឌា។ ក្រសួងការបរទេស បានបន្តអនុវត្តវិធានការត្រួតពិនិត្យផ្នែកកុងស៊ុល ដើម្បីកាត់បន្ថយការជួញដូរផ្លូវភេទ និងការជួញដូរពលកម្ម​ លើស្រ្តីកម្ពុជា តាមរយៈការរៀបការដោយបង្ខំ និងដោយបោក​បញ្ឆោត ដោយរួមមានការពិនិត្យវាយតម្លៃអ្នកដាក់ពាក្យសុំ ដោយផ្ទៀងផ្ទាត់ជាមួយប្រវត្តិរូបរបស់ជនរងគ្រោះដោយការជួញដូរ ដែលត្រូវបានរៀបចំឡើងរួមគ្នាជាមួយប្រទេសចិន នៅឆ្នាំ ២០១៦។ តែក្រសួងការបរទេសមិនបានរាយការណ៍ថា​បានបញ្ជូនមនុស្សដែលអាចជាជនរងគ្រោះទាំងនោះ ទៅសមត្ថកិច្ច ឬឱ្យទទួលសេវាគាំពារទេ។ រដ្ឋាភិបាលបានបន្តអនុវត្តបទបញ្ជាដែលត្រូវបានចេញនៅឆ្នាំ ២០១៨ ដែលតម្រូវឱ្យបុរសបរទេសបង់លុយ បើគេចង់ត្រឡប់ទៅមាតុភូមិវិញជាមួយប្រពន្ធខ្មែរ។ ដោយសារបទបញ្ជានេះប្រើតែសម្រាប់ការធ្វើដំណើរតាមយន្តហោះ គេបាននិយាយថា មានកំណើន​នៃស្រ្តីខ្មែរដែលធ្វើដំណើរតាមផ្លូវគោកដែលមិនធានាសុវត្ថិភាព នៅក្នុងដំណើរធ្វើចំណាកស្រុកទៅរៀបការ​នៅប្រទេសចិន។  

ក្រសួងការងារមានផែនការសកម្មភាពមួយ សម្រាប់កាត់បន្ថយពលកម្មកុមារ និងទាសភាពបំណុល នៅក្នុងវិស័យផ្តល់សេវាកម្ម កសិកម្ម រ៉ែ និងថាមពល នៅត្រឹមឆ្នាំ ២០២៥ តាមរយៈការលើកកម្ពស់ការយល់ដឹង បណ្តឹងតុលាការ និងការសហការជាមួយសង្គមស៊ីវិល ដោយទទួលថវិកាមួយផ្នែកពីថវិកាជាតិ។ មន្រ្តីក្រសួងការងារបន្តបដិសេធថា មានពលកម្មកុមារ ដោយរួមទាំងពលកម្មកុមារដោយការបង្ខំផង និងការបង្ខំដោយសារបំណុល នៅក្នុងកន្លែងឡឥដ្ឋ។ ក្រសួងបានទៅមើលឡឥដ្ឋចំនួន ១៧០ ចំការអំពៅ និងចំការដំឡូង ដោយនៅទីនោះ គេបានរកឃើញថា មាន៣៥០ ករណីនៃកុមារងាយរងគ្រោះ រស់នៅ​កន្លែងឡ និងចំការ។ ក្រសួងបានផ្តល់ដល់កុមារទាំង​នោះ នូវឱកាសបានរៀនសូត្រ និងជំនួយ​ក្នុងទម្រង់ផ្សេងទៀត តែមិនបានរកឃើញជនរងគ្រោះដោយការជួញដូរទេ ។  

 អង្គការមិនមែនរដ្ឋាភិបាលបានអះអាងថា នគរបាលច្រើនតែមិនដឹងថា ការតាមដានរកមើលបទល្មើសនៅតាមឡឥដ្ឋស្ថិតនៅក្រោមដែនទទួលខុសត្រូវ​នៃផ្នែកស៊ើបអង្កេតរបស់គេទេ។ នគរបាលប្រឆាំងការជួញដូរកុមារមិនបានរាយការណ៍ពីការបញ្ជូនករណីទេ នៅក្នុងអំឡុងពេល​នៃរបាយការណ៍​នេះ។  អាជ្ញាធរច្រើនតែធ្វើការត្រួតពិនិត្យដោយប្រាប់ជាមុនដល់ម្ចាស់ឡឥដ្ឋ ដែលជាការនាំឱ្យគេអាចយកកុមារលាក់ ហើយលាក់បាំងការរំលោភបំពាន។ នៅឆ្នាំ ២០២១ រដ្ឋាភិបាល ដោយសហការជាមួយ អង្គការក្រៅរដ្ឋាភិបាល​ បានដឹកនាំការសិក្សាមួយ​ ដើម្បីរកមើលសេចក្តីត្រូវការរបស់កុមារកម្ពុជាដែលចេះភាសាខ្មែរ​និងថៃ ដែលរស់នៅខេត្តកោះកុង និងខេត្តត្រាត​នៃប្រទេសថៃ។ បំណង​នៃការសិក្សា​នេះគឺដើម្បីអោយគេអាចសិក្សាបាន ក្នុងពេលគេតាមឳពុកម្តាយឆ្លងព្រំដែន និងដើម្បីកាត់បន្ថយការប្រឈមនឹងការជួញដូរ និងការបង្ខំឱ្យធ្វើការ។ នៅខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាលបានដាក់ចេញផែនការសកម្មភាពថ្មីមួយ ដើម្បីរារាំង​និងឆ្លើយតបនឹងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ិនធឺណែត​ លើកុមារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ តែរដ្ឋាភិបាលមិនបានបង្ហាញសេចក្តីលម្អិតបន្ថែម ស្តីពីសកម្មភាពដែលខ្លួនបានធ្វើ ក្នុងការអនុវត្តផែនការ​នេះទេ។ ដោយសហការជាមួយ គជបជ ក្រសួងទេសចរណ៍​បានខិតខំកាត់បន្ថយតម្រូវការលើសកម្មភាពជួញដូរផ្លូវភេទ ដោយបើកសិក្ខាសាលាជូនបុគ្គលិកសណ្ឋាគារ និងមន្រ្តីរដ្ឋាភិបាល ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅក្នុងផ្នែកទេសចរណ៍ ហើយថែមទាំងបានបន្តផលិតផ្ទាំងប៉ាណូ ស្លាកសញ្ញា ផ្ទាំងរូប ខិតបណ្ណ និងឯកសារដទៃទៀត ដៅលើមនុស្សដែលអាចពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។ តែ ដូច​នៅក្នុងឆ្នាំមុនៗដែរ ជាទូទៅ រដ្ឋាភិបាលផ្តោតសំខាន់លើការរារាំងទេសចរណ៍ផ្លូវភេទលើកុមារ ជាជាងលើយុទ្ធនាការដៅលើមនុស្សនៅក្នុងស្រុកដែលជាប្រភពធំជាងគេនៃតម្រូវការលើការជួញដូរផ្លូវភេទលើកុមារនៅកម្ពុជា។​   

លក្ខណៈទូទៅ​នៃការជួញដូរ 

ដូចដែលត្រូវបាននិយាយ​នៅក្នុងរបាយការណ៍ នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ​នេះដែរ ជនល្មើសក្នុងការជួញដូរធ្វើការជួញដូរពលកម្ម និងជួញដូរផ្លូវភេទ​លើបុរស នារី និងកុមារកម្ពុជា នៅក្នុងប្រទេស និងនៅបរទេស។ អង្គការ NGO និងសហជីពបាននិយាយ​នៅឆ្នាំ​២០២០ ថា ឈ្មួញបរទេសដែលជ្រើសរើសពលករបានជ្រើសរើសពលករបរទេស​ដោយបោកប្រាស់ ដូចជាពលករមកពីប្រទេសបង់ក្លាដេស ចិន និងនេប៉ាល់ ឲ្យមកធ្វើការ​នៅការដ្ឋានសំណង់របស់ចិន និងការដ្ឋានដទៃទៀត​នៅកម្ពុជា ដោយមានអ្នកខ្លះជាប់បំណុលក្រុមហ៊ុនជ្រើសរើសពលករ ហើយត្រូវបានគេដកលិខិតឆ្លងដែនទុក។ នៅឆ្នាំ ២០២១ ផ្នែកសារព័ត៌មានបាននិយាយថា ជនល្មើសថែមទាំងបានធ្វើឲ្យជនជាតិមកពីប្រទេសចិន ប្រទេស​នៅអាស៊ីអាគ្នេយ៍ និងប្រទេសដទៃទៀតរងគ្រោះដោយការឆបោកតាមអ៊ិនធឺណែត ដែលរៀបចំ​ដោយក្រុមជនល្មើសចិន​នៅក្នុងមូលដ្ឋាននៅកម្ពុជា។ ប្រជាជនកម្ពុជាពេញវ័យនិង កុមាកម្ពុជាធ្វើចំណាកស្រុកទៅប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយក្នុងចំនួនកាន់តែច្រើនឡើង ទៅមជ្ឈឹមបូព៌ា​ ដើម្បីរកការងារធ្វើ។ ជនប្រព្រឹត្តិការជួញដូរបង្ខំឱ្យពួកគេជាច្រើនធ្វើការក្នុងទូកនេសាទ​ ក្នុងវិស័យកសិកម្ម​ តាមការដ្ឋានសំណង់ នៅតាមរោងចក្រ បម្រើនៅក្នុងផ្ទះដូចជាទាសករ ដោយភាគច្រើនដោយសារការជាប់ទាសភាពបំណុល ឬត្រូវបានជួញដូរផ្លូវភេទ ។ អ្នកធ្វើចំណាកស្រុកដែលប្រើមធ្យោបាយធ្វើចំណាកស្រុក​​មិនធម្មតា ដោយជាញឹកញាប់ មានការជួយពីមេខ្យល់ដែលគ្មានច្បាប់អនុញ្ញាត  ងាយរងគ្រោះដោយការជួញដូរ ថ្វីបើអ្នកដែលប្រើក្រុមហ៊ុនមានច្បាប់អនុញ្ញាត ក៏អាចក្លាយជាអ្នករងគ្រោះដោយការបង្ខំឱ្យធ្វើពលកម្ម ឬការជួញដូរផ្លូវភេទដែរក៏ដោយ។ ក្រុមហ៊ុនដែលធ្វើសកម្មភាពក្រោម «កម្មវិធីបណ្តុះបណ្តាលអ្នកហាត់ការ» របស់រដ្ឋាភិបាលជប៉ុន បានកេងប្រវ័ញ្ចអ្នកធ្វើការកម្ពុជា ដោយបង្ខំឲ្យធ្វើការនៅក្នុងការងារកែច្នៃម្ហូបអាហារ កម្មន្តសាល សំណង់ និងការនេសាទ។ កុមារនៅក្នុងគ្រួសារក្រីក្រងាយរងគ្រោះខ្លាំងដោយការបង្ខំធ្វើពលកម្ម ជាញឹកញាប់ ដោយមានការត្រូវរ៉ូវជាមួយគ្រួសាររបស់គេ រួមមានការបង្ខំឱ្យធ្វើជាឈ្នួលបម្រើតាមផ្ទះ និងត្រូវបានបង្ខំឱ្យដើរសុំទាន ឬដើរលក់របស់របរ នៅតាមផ្លូវនៅប្រទេសថៃ និងប្រទេសវៀតណាម។ ពលករចំណាកស្រុកខ្មែរ ដែលគ្មានឯកសារ ហើយធ្វើការ​នៅប្រទេសថៃ ដែលមានចំនួនពី ៣០ ទៅ ៤០ ភាគរយ​នៃប្រជាជនកម្ពុជាចំនួនពី ១,៥ ទៅ ២ លាននាក់នៅទី​នោះ នៅមុនមានការរាលដាល​នៃមេរោគឆ្លង ងាយរងគ្រោះនឹងការជួញដូរ ដោយសារការស្នាក់នៅខុសច្បាប់ ក៏ដូចជាប្រជាជនកម្ពុជាដែលធ្វើការ​នៅប្រទេសវៀតណាម។ មេរោគរាតត្បាតមានការប៉ះពាល់ទៅលើទម្រង់នៃការធ្វើចំណាកស្រុកដែលធ្លាប់តែមាន និងវិស័យផ្សេងទៀត នៅឆ្នាំ ២០២០ ដូចជាក្នុងផ្នែកសំណង់ ដែលជាការធ្វើឱ្យក្រុមមនុស្សងាយរងគ្រោះរឹតតែងាយរងគ្រោះដោយការជួញដូរ ជាងនៅឆ្នាំមុនៗ។ ចន្លោះពីខែកុម្ភៈ ឆ្នាំ​ ២០២០ ដល់ខែកុម្ភៈ ឆ្នាំ ២០២១ មានកម្មករចំណាកស្រុកខ្មែរចំនួនជាង ១៥០ ០០០ នាក់បានវិលត្រឡប់មកពីប្រទេសដទៃ ពិសេសពីប្រទេសថៃ ដោយសារការបិទកន្លែងធ្វើការដោយសារមានរោគរាតត្បាត។ 

ជនល្មើសបន្តជ្រើសរើសកុមារា និងបុរសកម្ពុជា​ក្នុងចំនួនច្រើន​ នៅក្នុងប្រទេសថៃ ឱ្យធ្វើការនៅក្នុងទូកនេសាទរបស់ថៃ នៅក្នុងសមុទ្រអន្តរជាតិ។ ជនរងគ្រោះខ្មែរដែលបានគេចចេញពីជនល្មើសត្រូវបានគេរកឃើញ​នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី Mauritius ហ្វីជី សេណេហ្គាល់ អាហ្វ្រិកខាងត្បូង និងប្រទេសប៉ាពួញូហ្គីណេ ។ បុរសខ្មែរនៅលើទូកនេសាទថៃបាននិយាយពីវិធីជ្រើសរើសមនុស្សឱ្យធ្វើការ​ដោយការបោកបញ្ឆោត ការធ្វើបាបយ៉ាងខ្លាំង ការឱ្យថ្លៃឈ្នួលមិនគ្រប់ ឬមិនឱ្យប្រាក់ឈ្នួល ការមិនសូវទទួលបានការថែទាំជំងឺ និងការ​​បង្ខាំងឱ្យនៅតែលើទូករាប់ឆ្នាំ​។ ​ នារីនៅតាមជនបទក្នុងចំនួនច្រើន ​ត្រូវបានគេទាក់ទងក្រោមលេសកុហក  ឱ្យរៀបការជាមួយបុរសចិន ។ ពួកគេច្រើនតែជាប់បំណុលរាប់ពាន់ដុល្លារទៅមេខ្យល់ ដែលជួយរត់ការក្នុងការបានរៀបការនេះ។ បុរស​ចិនបង្ខំឱ្យពួកគេខ្លះធ្វើការនៅក្នុងរោងចក្រ ឬបង្ខំឱ្យធ្វើជាស្រីពេស្យា ដើម្បីដោះបំណុល​នេះ។ ឳពុកម្តាយខ្លះត្រូវបានគេនិយាយថា ទទួលប្រាក់ចំនួនពី ១៥០០ ទៅ ៣០០០ ដុល្លារពីមេខ្យល់ ដែលបញ្ជូនកូនគេទៅប្រទេសចិនឲ្យរៀបការ។ ស្រ្តីខ្មែរដែលសុខចិត្តពរពោះឱ្យគ្រួសារចិន ងាយរងនឹងការចាប់ឃុំឱ្យនៅមួយកន្លែង និងឱ្យបម្រើនៅក្នុងផ្ទះដូចជាទាសករ។ មនុស្សគ្មានរដ្ឋពោលគឺក្រុមអាណិកជនវៀតណាម ងាយប្រឈមនឹងការជួញដូរ​ ដោយសារគេខ្វះឯកសារកំណត់អត្តសញ្ញាណចាំបាច់ សម្រាប់ទទួលបានការងារត្រឹមត្រូវ ការសិក្សា ការចុះបញ្ជីអាពាហ៍ពិពាហ៍ ការកាត់ក្តីក្នុងតុលាការ ឬសិទ្ធិលើកម្មសិទ្ធិដីធ្លី។ 

ម្ចាស់ឡឥដ្ឋធ្វើឱ្យមនុស្សជាច្រើនក្នុងចំណោមមនុស្សជាង ១០ ០០០ នាក់ ដែលក្នុងនោះមានកុមារជិត ៤០០០ នាក់ ឲ្យស្ថិតនៅក្រោមការបង្ខិតបង្ខំតគ្នា ដោយសារបំណុល ដោយសារគេទិញបំណុលដែលអ្នកទាំងនោះជំពាក់ស្រាប់ ឬដោយសារតម្រូវឱ្យគេខ្ចីបំណុលថ្មីធ្វើជាលក្ខខណ្ឌឱ្យទទួលបានការងារធ្វើ ឬដើម្បីបំពេញការចំណាយលើការព្យាបាលរបួស នៅក្នុងពេលធ្វើការ។ សេចក្តីរាយការណ៍​របស់ NGO សម្រាប់ឆ្នាំ ២០១៦ ២០១៩ និង ២០២១ បានបញ្ជាក់ពីការមានករណីពលកម្មកុមារ ដោយរួមទាំងពលកម្មកុមារដោយបង្ខំ នៅនៅតាមការដ្ឋានឡអិដ្ឋ ដោយកុមារត្រូវបានគេបង្ខំឲ្យធ្វើការជាមួយម្តាយឳពុក ក្រោមការបង្ខិតបង្ខំដោយសារជំពាក់បំណុល។ បណ្តាញ​នៃអ្នកផ្តល់កម្ចីឯកជន និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលគាបយកការប្រាក់ខ្ពស់ ហើយដែលមានច្រើន ហើយមិនសូវស្ថិតនៅក្រោមច្បាប់ទម្លាប់គ្រប់គ្រង មានចំណែកធ្វើឱ្យមានស្ថានភាពបែប​នេះ ដោយដើរប្រកាសពីការឱ្យខ្ចីដល់គ្រួសារ នៅតាមសហគមន៍ខ្សត់ខ្សោយ ហើយភ្ជាប់ពួកគេទៅនឹងកន្លែងឡឥដ្ឋ។ គ្រួសារកសិករនៅតាមជនបទប្រឈមខ្លាំងនឹងទម្រង់​នៃពលកម្ម​ដោយបង្ខំ​បែប​នេះ ដោយសារសេដ្ឋកិច្ចគ្រួសារមានការលំបាក បន្ទាប់ពីមានបម្រែបម្រួលអាកាសធាតុ ទឹកភ្លៀងធ្លាក់​មិន​ទៀងទាត់ហើយនិងការខូចដំណាំបានជំរុញឱ្យកសិករជាច្រើនខ្ចីបុលទាំង​នេះ សម្រាប់ការស្រោចស្រព ឬទិញថ្នាំសម្លាប់សត្វល្អិត។ ម្ចាស់ឡឥដ្ឋច្រើនទិញបំណុលទាំងនេះដើម្បីឱ្យពួកគេមកធ្វើការឱ្យខ្លួន។ រដូវវស្សាវែងពន្យារដំណើរការហាលឥដ្ឋ ដែលជាការបន្ថយប្រាក់បៀវត្សរបស់កម្មករឡឥដ្ឋដែលនៅជាប់បំណុល ហើយរឹតតែជំរុញកម្មករទាំងនោះជំពាក់ថៅកែកាន់តែច្រើនឡើង។ ដើម្បីកុំឱ្យកម្មករចេញពីកន្លែងដែលបង្ខំឱ្យធ្វើការ ថៅកែឡខ្លះ តាមសេចក្តីរាយការណ៍​មកថា អនុញ្ញាតឱ្យតែសមាជិកខ្លះក្នុងគ្រួសារឈប់សម្រាក នៅថ្ងៃបុណ្យ ឬទៅមើលជំងឺ នៅពេលណាមួយ។ កម្មករខ្លះបាននិយាយពីការបន្តរងការឃុំខ្លួន ឬការបង្ខំធ្វើការ នៅកន្លែងឡឥដ្ឋ ទោះបីជាគេបានសងបំណុលយូរ មកហើយក៏​ដោយ។ គ្រួសារខ្មែរថែមទាំងជួបប្រទះនឹងស្ថាន​ភាព​នៃការបង្ខំឱ្យធ្វើពលកម្មដែរ នៅកន្លែងយកដីឥដ្ឋសម្រាប់ធ្វើឥដ្ឋ។ជនប្រព្រឹត្តការជួញដូរថែមទាំងដាក់​កុមារអាយុត្រឹម ១៣ ឆ្នាំ ឱ្យនៅបម្រើដូចជាទាសករ និង​នៅផ្ទះបន ដើម្បីសងបំណុលគ្រួសារ ដែលបានជាប់តាមរបៀប​នេះ។  សហគមន៍​ដែលត្រូវធ្វើការផ្លាស់ទីលំនៅ​ដោយសារការកាប់ឈើខុសច្បាប់ ដើម្បីផ្តគ់ផ្គង់ឡឥដ្ឋដែលត្រូវការឈើដុតឡ ប្រហែលប្រឈមខ្លាំងនឹងការជួញដូរមនុស្ស ដោយរួមមាននៅក្នុងការកាប់ឈើតែម្តង និងនៅកន្លែងផ្សេងទៀត ដោយសារការលំបាកក្នុងជីវភាព​ ក្នុងស្ថានភាព​នេះ។ នៅក្នុងឆ្នាំមុនៗ ជនជាតិកូរ៉េខាងជើងដែលធ្វើការនៅកម្ពុជា ប្រហែលរងការបង្ខំឲ្យធ្វើការ​ដោយរដ្ឋាភិបាលកូរ៉េខាងជើង។ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឆ្នាំ ២០១៧ ដែលតម្រូវឲ្យធ្វើមាតុភូមិនិវត្តន៍​នៃជនជាតិកូរ៉េខាងជើងដែលរកប្រាក់​នៅបរទេស ឱ្យបានអស់នៅដំណាច់ឆ្នាំ ២០១៩ ដោយមានការលើកលែងដោយមានកំណត់ រដ្ឋាភិបាល តាមសេចក្តីរាយការណ៍​មក បានបញ្ជូនត្រឡប់ទៅកូរ៉េខាងជើងវិញ នូវពលករចំណាកស្រុកកូរ៉េខាងជើងទាំងអស់ នៅក្រោមបទបញ្ញតិ្តដែលមានការពាក់ព័ន្ធ។ 

ខេត្តក្រុងទាំង ២៥ របស់ប្រទេសកម្ពុជាគឺជាប្រភពនៃការជួញដូរមនុស្ស។ ការជួញដូរផ្លូវភេទច្រើនតែមានការលាក់បាំង។ កុមារី និងស្រ្តីខ្មែរ និងកុមារី និងស្រ្តីអាណិកជនវៀតណាមចេញពីតំបន់ជនបទ ទៅកាន់ទីក្រុង និងគោលដៅទេសចរណ៍ ជាទីដែលជនល្មើសជួញដូរផ្លូវភេទលើពួកគេទៅឱ្យផ្ទះបន ហើយជាញឹកញាប់ នៅតាមកន្លែង​ផ្តល់សេវាផ្លូវភេទលាក់កំបាំង នៅតាមបៀរហ្គាដិន ហាងម៉ាហ្សា ហាងខារ៉ាអូខេ កន្លែងលក់រាយ និងកន្លែងមិនមែនពាណិជ្ជកម្ម។ នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗ​នេះ វត្តមានដែលមានកំណើនយ៉ាងលឿន និងជាទូទៅ គ្មានច្បាប់គ្រប់គ្រង នៃកាស៊ីណូ កន្លែងកំសាន្ត និងសហគ្រាសពាណិជ្ជកម្មដទៃទៀតរបស់ចិន នៅខេត្តព្រះសីហនុ បាននាំឱ្យមានកំណើន​នៃការជួញដូរផ្លូវភេទ​នៅក្នុងស្រុក និងការបង្ខំឲ្យធ្វើពលកម្ម នៅក្នុងចំណោមស្រ្តី និងកុមារីកម្ពុជា ថ្វីបើការហាមប្រាម​ដោយប្រទេសកម្ពុជា​ លើល្បែងស៊ីសងតាមអ៊ិនធឺណែត និងការបិទជាបន្ទាប់មក​ នៃកាស៊ីណូ និងកន្លែងកំសាន្តដទៃទៀតជាច្រើន​របស់ចិន នៅឆ្នាំ ២០២០ បានកាត់បន្ថយច្រើននូវការជួញដូរ។ បុរសខ្មែរនៅក្នុងស្រុកគឺជាប្រភពសំខាន់​នៃតម្រូវការលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តែបុរសមកពីតំបន់ផ្សេងទៀត នៅអាស៊ីអឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្តាលី និងអាហ្វ្រិកខាងត្បូង ធ្វើដំណើរមកប្រទេសកម្ពុជា​ ដើម្បីធ្វើទេសចរណ៍​ផ្លូវភេទ​លើកុមារ ដែលសម្រួលបន្ថែម​ដោយការទាក់ទង​តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ កុមាររាប់ពាន់នាក់​ នៅតំបន់ក្រុង ដែលត្រូវបានគ្រួសារទុកចោល នៅពេលគេចេញទៅធ្វើការ​នៅ​បរទេស ងាយរងគ្រោះដោយការជួញដូរផ្លូវភេទ និងការបង្ខំឱ្យធ្វើពលកម្ម។ នៅឆ្នាំ ២០២០ មានការថយចុះ​នៃការជួញដូរផ្លូវភេទ​លើកុមារ និងទេសចរណ៍​ផ្លូវភេទលើកុមារ ដោយសារមានការថយចុះ​នៃការធ្វើដំណើរជាអន្តរជាតិ និងការតម្រូវមានចត្តាឡីស័កទាក់ទងនឹងមេរោគកូវីដតែ អង្គការនិងសមត្ថកិច្ចបាននិយាយថា រោគរាតត្បាតកូវីដបានធ្វើឲ្យមានកំណើននៃការកេងប្រវ័ញ្ចផ្លូវភេទ​លើកុមារ នៅឆ្នាំ ២០២០ ហើយបានបន្តមាននៅឆ្នាំ ២០២១។  ស្រ្តីនិងកុមារវៀតណាម ដែលភាគច្រើនជាជនរងគ្រោះ​ដោយការបង្ខិតបង្ខំដោយសារការជំពាក់គេ ធ្វើដំណើរមកប្រទេសកម្ពុជា ហើយរងគ្រោះដោយការជួញដូរផ្លូវភេទ។អង្គការបានរាយការណ៍ពីជនល្មើសដឹកជញ្ជូនជនរងគ្រោះវៀតណាម ឆ្លងកាត់ប្រទេសកម្ពុជា មុនពេលរងការកេងប្រវ័ញ្ច នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ ជនល្មើសនៅកម្ពុជាច្រើនតែជាសមាជិកគ្រួសារ ឬសមាជិកសហគមន៍ ឬជាបណ្តាញតូចៗ​នៃឈ្មួញកណ្តាលមកពីក្រៅ។ មជ្ឈមណ្ឌលកុមារកំព្រាកម្ពុជាខ្លះទិញកុមារក្នុងមូលដ្ឋាន ពីគ្រួសារដែលមានភាពខ្សត់ខ្សោយ ហើយឱ្យគេរស់នៅដោយគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងគ្មានអនាម័យ នៅក្នុងមជ្ឈមណ្ឌល ដើម្បីទាក់ទាញ និងទទួលផលចំណេញពីអំណោយសប្បុរស។ កុមារទាំងនេះខ្លះប្រឈមនឹងការជួញដូរផ្លូវភេទ និងការដាក់ឱ្យបំរើការងារក្នុងផ្ទះដូចទាសករ ដោយសារខ្វះការត្រួតមើល​របស់រដ្ឋាភិបាល លើដំណើរការស្មុំកូនចិញ្ចឹម។  

ផែនការសកម្មភាពប្រឆាំងការជួញដូរសម្រាប់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ ២០២២ និង ២០២៣ 

សូមមើលអនុសាសន៍ខាងក្រោម សម្រាប់បំពេញគោលបំណងនិងគោលដៅ ក្នុងការជម្រុញការខិតខំរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំបន្ទាប់​នេះ 

១. ស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ទោស ដាក់​ទោស ដោយគោរពតាមដំណើរការច្បាប់ត្រឹមត្រូវ និងដាក់ទណ្ឌកម្មចំពោះជន​ល្មើស​ក្នុងការ​ជួញ​ដូរផ្លូវភេទ និងជួញដូរពលកម្មឱ្យបានគ្រប់គ្រាន់ រួមទាំងមន្រ្តីឃុបឃិត ដោយដាក់ទោសឱ្យជាប់ពន្ធនាគារធ្ងន់ធ្ងរ
២.  បង្កើនថវិកាសម្រាប់អង្គភាពអ​នុវត្តច្បាប់ប្រឆាំងការជួញដូរ ហើយផ្តល់ថវិកាឱ្យមុនធ្វើការស៊ើបអង្កេត ជាជាងផ្តល់ឱ្យជាក្រោយ
៣.  អនុវត្តពេញលេញនូវពិធីសារថ្មីទូទាំងប្រទេសសម្រាប់កំណត់អត្តសញ្ញាណកម្មនៃជនរងគ្រោះ ហើយបង្រៀនមន្រ្តីឱ្យយល់ពីលក្ខខណ្ឌ​ដែលចែងនៅក្នុងច្បាប់នេះ
៤. បង្កើនថវិកាសម្រាប់នគរបាលប្រឆាំងការជួញដូរមនុស្សដើម្បីសម្របសម្រួលបានល្អ​លើការតាមដានចុងចោទ ដែលត្រូវបានដោះលែងនៅក្រោមការតាមដាន​របស់តុលាការ នៅមុនសវនាការ។ 
៥. បង្កើនការធ្វើអធិការកិច្ចការងារ ដោយមិនប្រកាសឲ្យដឹងមុន នៅកន្លែងការងារដែលមានការប្រឈមខ្លាំង ពិសេស​នៅតាមទីតាំងឡឥដ្ឋ កន្លែងកំសាន្ត ការដ្ឋានសំណង់ ចំការធំៗ ដោយផ្តោតសំខាន់​លើការរកមើលករណីទាសភាពបំណុល ហើយចាប់ឱ្យថៅកែទទួលខុសត្រូវចំពោះមុខច្បាប់
៦. បង្កើនការខិតខំរបស់សមត្ថកិច្ចប្រឆាំងនឹងការឆបោកតាមអ៊ិនធ័រណែត ដូចជាការបង្ខំឲ្យធ្វើពលកម្ម ហើយប្រឆាំងនឹងមន្រ្តីដែលឃុបឃិតក្នុងការឆបោក​នេះ និងបទល្មើសជួញដូរដែលមានការពាក់ព័ន្ធ
៧. បង្កើនសេវា​សម្រាប់​ជនរងគ្រោះជាបុរស និងកុមារា ពិសេសអ្នកដែលត្រូវបានគេកេងប្រវ័ញ្ចនៅក្នុងឧស្សាហកម្មនេសាទនៅបរទេស
៨. បង្កើនការខិតខំឱ្យមានការចូលរួម​របស់ជនរងគ្រោះក្នុងស្រុក និងបរទេស នៅក្នុងដំណើរក្តីព្រហ្មទណ្ឌ និងក្តីរដ្ឋប្បវេណី ដោយបង្កើតមូលនិធិសម្រាប់ជនរងគ្រោះ ហើយអនុញ្ញាតឱ្យគេអាចធ្វើការ ស្នាក់​នៅបណ្តោះអាសន្ន និងឋានៈផ្សេងទៀតសម្រាប់ជនរងគ្រោះជាបរទេស ដែលចង់ស្នាក់នៅក្នុងប្រទេស ក្នុងអំឡុងពេលមានដំណើរក្តី​ក្នុងតុលាការ
៩.  អនុវត្តប្រព័ន្ធតាមដាន ប្រមូល និងរាយការណ៍ទិន្នន័យស្តីពីការកាត់ទោសប្រឆាំងការជួញដូរ និងការងារការពារជនរងគ្រោះ ផ្សព្វផ្សាយទិន្នន័យ​ក្នុងចំណោមស្ថាប័នរដ្ឋដែលមានការងារទាក់ទង ដោយធ្វើយ៉ាងណាការពារអត្តសញ្ញាណ និងការសម្ងាត់ឯកជនរបស់ជនរងគ្រោះ។
១០. លុបបំបាត់ការយកថ្លៃក្នុងការជ្រើសរើសយក ឬការផ្តល់ការងារ ពីកម្មករ​ដោយក្រុមហ៊ុនជ្រើសរើសពលករ ហើយត្រូវឲ្យនិយោជកជាអ្នកបង់វិញ។ 
១១. បង្កើនការតាមមើល និងត្រួតពិនិត្យ​លើស្ថាប័នផ្តល់កម្ចី ដោយរួមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនឹងការបង្ខំ​ដោយសារបំណុល នៅក្នុងចំណោមក្រុមដែលមានជីវភាពខ្សត់ខ្សោយ
១២.  អនុញ្ញាតឱ្យមានការផ្តល់សំណងនៅពេលជនល្មើសត្រូវបានដាក់ទោស បង្កើតហើយបណ្តុះបណ្តាលមន្រ្តីពាក់ព័ន្ធដែលធ្វើការទាក់ទងនឹងនីតិវិធីការងារជាបទដ្ឋានសម្រាប់គណនា  និងផ្តល់សំណង
១៣. បង្កើត ហើយលៃ​ធនធានសម្រាប់អនុវត្ត​នីតិ​វិធី​ជា​ប្រព័ន្ធ នៅតាមបេសកកម្មការទូតនៅបរទេស ដើម្បីជួយជនរងគ្រោះនៅបរទេស រួមទាំងនៅក្នុង​ប្រទេស​ដែលគ្មានតំណាង​ទូត​កម្ពុជា
១៤. កែប្រែច្បាប់ស្តីពីការចេញការអនុញ្ញាតដល់ក្រុមហ៊ុនជ្រើសរើសពលករ និងលក្ខខណ្ឌក្នុងកុងត្រា ដោយបញ្ចូលខ្លឹមសារតឹងរឹងស្តីពីការការពារពលករ និងសិទ្ធិរបស់ពួកគេ
១៥.  ពង្រឹងការខិតខំក្នុងការត្រួតពិនិត្យក្រុមហ៊ុនជ្រើសរើសកំលាំងពលកម្មឯកជន និងសាខារបស់គេ ដើម្បីរកមើលការជ្រើសរើសដែលមានលក្ខណៈបន្លំឬការជួញដូរដទៃទៀត
១៦. បញ្ចូលគំនិតរបស់អង្គការមិនមែនរដ្ឋាភិបាល​ទៅក្នុងគោលនយោបាយសម្រាប់ផ្ទេរការគ្រប់គ្រង​ជាផ្លូវការ លើជនរងគ្រោះជាកុមារ។