រាយការណ៍ពីការជួញដូរមនុស្ស

តើការរត់ពន្ធមនុស្សជាអ្វី?

ការរត់ពន្ធមនុស្ស គឺជាការនាំមនុស្សចូលទៅកាន់ប្រទេសមួយទៀតដោយគេចពីច្បាប់អន្តោប្រវេសន៍ដោយ ចេតនា។ ក្នុងនោះរួមមានទាំងការនាំជនបរទេសខុសច្បាប់ឲ្យចូលប្រទេសមួយផ្សេងទៀត ក៏ដូចជាការធ្វើ ចរាចរណ៍និងការផ្ដល់ជម្រកឲ្យជនបរទេសដែលបានចូលមកនៅក្នុងប្រទេសផ្សេងនោះជាស្រេច។

តើការជួញដូរមនុស្សជាអ្វី?

ការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មដែលមានការយល់ដឹងតិចជាងគេបំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មឯទៀតនៅលើពិភពលោក។ វាគឺជាបញ្ហាអន្តរជាតិហើយក៏ជាឧក្រិដ្ឋកម្មដែលលាក់កំបាំងពីសាធារណៈដែរ។ ឧក្រិដ្ឋកម្មមួយ នេះរីករាលដាលទូទាំងពិភពលោកហើយក៏បានផលចំណេញខ្ពស់ទៀតផង។ អង្គការសហប្រជាជាតិសន្និដ្ឋានថា មានស្ត្រី និងកុមារពី ៧០០០០០ ទៅ ៤លាននាក់ដែលត្រូវគេជួញដូរទូទាំងពិភពលោក ក្នុងគោលបំណងបង្ខំឲ្យ ធ្វើជាពេស្សា ពលកម្ម និងការគេងប្រវ័ញ្ចតាមរូបភាពផ្សេងៗជារៀងរាល់ឆ្នាំ។ ការជួញដូរមនុស្សត្រូវគេប៉ាន់ស្មាន ថាជាមុខជំនួញដែលបានផលចំណេញ ៧ពាន់លានដុល្លារៀងរាល់ឆ្នាំ។

ការជួញដូរមនុស្សត្រូវគេឲ្យនិយមន័យថាជាការជួញដូរផ្លូវភេទ ដែលការជួញដូរផ្លូវភេទនោះធ្វើឡើងដោយការ បង្ខិតបង្ខំ បន្លំ ឬកៀបសង្កត់ ឬជនដែលត្រូវគេនាំឲ្យប្រព្រឹត្តនោះមិនទាន់គ្រប់អាយុ១៨ឆ្នាំ ឬការរើស ការផ្ដល់ ជម្រក ការធ្វើចរាចរណ៍ ការផ្គត់ផ្គង់ ឬការយកមនុស្សសម្រាប់ពលកម្ម ឬសេវាកម្មដោយការបង្ខិតបង្ខំ បន្លំ ឬ កៀបសង្កត់ក្នុងគោលបំណងឲ្យជនរងគ្រោះក្លាយជាអ្នកបម្រើដោយមិនបានស្ម័គ្រចិត្ត ជាទាសករបំណុល ដោយការជាប់បំណុល ឬជាទាសករ។

តើមានសញ្ញាអ្វីខ្លះដែលសម្គាល់ថាបុគ្គលម្នាក់ជាជនរងគ្រោះនៃការជួញដូរមនុស្ស?

  • បុគ្គលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ព្រោះឯកសារនោះត្រូវបុគ្គលផ្សេងទៀតដកទុកហើយ ពុំបានប្រគល់ឯកសារនោះត្រឡប់មកវិញពេលស្នើសុំ
  • បុគ្គលដែលរាងកាយមានរបួសតែពុំអាចពន្យល់ពីមូលហេតុបង្កបាន
  • បុគ្គលដែលបង្ហាញអាកប្បកិរិយាហាក់មានអ្នកតាមដានឬគ្រប់គ្រងដោយបុគ្គលម្នាក់ទៀតហើយគ្មាន សិទ្ធិសម្រេចតាមឆន្ទៈរបស់ខ្លួន
  • បុគ្គលដែលគ្មានសេរីភាពផ្ទាល់ខ្លួនក្នុងការធ្វើដំណើរ ដើរផ្សារដោយគ្មានអ្នកដើរតាម
  • បុគ្គលដែលមិនអាចចេញទៅណាដោយគ្មានអ្នកដើរតាម
  • បុគ្គលដែលធ្វើការលើសម៉ោង តែទទួលបានប្រាក់កម្រៃតិចតួចឬមិនទទួលបានសោះ
  • បុគ្គលដែលធ្វើការលើសម៉ោងហើយមានការភ័យខ្លាចក្នុងការនិយាយពីស្ថានភាពការងារ ឬមិនដឹងថាស្ថានភាពគ្មានសុវត្ថិភាពមួយចំនួនជារឿងខុសច្បាប់។
  • បុគ្គលដែលមិនស្គាល់ពីតំបន់អាសយដ្ឋានដែលខ្លួនកំពុងស្នាក់នៅហើយតែងតែត្រូវបានបញ្ជូនទៅ និងមកពីកន្លែងការងារ។
  • ប្រាក់ខែត្រូវគេកាត់ដើម្បីបង់ថ្លៃឆ្លងដែនខុសច្បាប់ជាប្រចាំ។
  • បុគ្គលដែលមានសេចក្ដីភ័យខ្លាចក្នុងការពិភាក្សាពីទំនាក់ទំនងដែលខ្លួនមានជាមួយនឹងបុគ្គលម្នាក់ទៀតដែលទំនងជាមានសិទ្ធិអំណាចគ្រប់គ្រងរាងកាយលើបុគ្គលនោះ។
  • បុគ្គលដែលត្រូវគេបង្អត់អាហារ ទឹក ការគេង ឬការថែទាំសុខភាព
  • មិនអាចប្រស្រ័យទាក់ទងដោយសេរីហើយមិនអាចប្រើទូរស័ព្ទ អិនធើណិត ឬអ៊ីមែល

ប្រសិនបើលោកអ្នកមានព័ត៌មានទាក់ទងទៅនឹងការរត់ពន្ធមនុស្សឬការជួញដូរមនុស្សដែលជាប់ទាក់ទងទៅនឹង អ្នកដែលរស់នៅសហរដ្ឋអាមេរិកឬមានគម្រោងទៅរស់នៅសហរដ្ឋអាមេរិក សូមទាក់ទងមកកាន់ការិយាល័យ ស៊ើបអង្កេតប្រចាំតំបន់របស់ស្ថានទូតអាមេរិក ឬទៅកាន់ស្ថានកុងស៊ុលដែលនៅជិតលោកអ្នកបំផុត។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា
ទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៧២៨ ០០០
អ៊ីមែល៖ TipsPHP@state.gov

ព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សមាននៅក្នុងគេហទំព័ររបស់ការិយាល័យឃ្លាំមើល និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង គម្រោង Polaris Project របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។