លោកទូត សន្ទនាជាមួយចៅស្រីលោក ស៊ីន ស៊ីសាមុត​ ពីតន្ត្រីកម្ពុជា

For Immediate Release 

February 11, 2021 

2021/03 

ភ្នំពេញ​៖ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងអ្នក​ចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីបង្កើតអធិរាជសម្លេងលោក ស៊ីន ស៊ីសាមុត បាន​ថតទុកនូវវីដអូជជែកគ្នាអំពីវិស័យ​តន្ត្រីនៅកម្ពុជា និង​ចំណាប់អារម្មណ៍ក្នុងការរក្សាមរតកម្រៀងរបស់ជីតានាង  

កិច្ចសន្ទនារយៈពេល ២០ នាទី​នេះ ជាវីដេអូដែល​ផលិតដោយក្រុមហ៊ុនCambodian Broadcasting Serviceត្រូវបានចាក់ផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិក​ នៅថ្ងៃទី ១១ ខែកុម្ភៈនេះ។ អ្នកសារព័ត៌មានអាចផ្សាយ និងប្រើប្រាស់​នូវ​វីដេអូ​នេះ​ទាំងស្រុងបាន ។ 

លោកឯកអគ្គរដ្ឋទូត បានភ្ញាក់ផ្អើល ដោយដឹងថាលោក ស៊ីន ស៊ីសាមុត នៅតែទទួលបានការស្រឡាញ់​ពេញនិយម ស្តាប់ចម្រៀងលោក ​នៅទូទាំងប្រទេសកម្ពុជា ទោះបីលោកបាន​បាត់បង់ជីវិតអស់រយៈពេលជាយូរមកហើយក្តី  

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់​តាម ស្ថានីយ៍វិទ្យុខ្លះ បានឃើញរូបថតគាត់ ដាក់តាំង​នៅតាមភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតមួយចំនួន។ រហូតដល់សព្វថ្ងៃ​នេះ បទចម្រៀង​របស់លោក ​នៅតែពិរោះរណ្តំចិត្ត ​របស់​មនុស្សទាំងចាស់ ក្មេងសព្វថ្ងៃនេះ» 

សុជ្ឈតា ឲ្យដឹងថា នាងមិនដែលបានឃើញជីតានាងផ្ទាល់ទេ តែនាងបានដឹងឮរឿងរ៉ាវគាត់ តាម​ជីដូន​បង្កើត​នាង ដែលរស់នៅខេត្តស្ទឹងត្រែង។ 

កញ្ញានិយាយថា ៖ «បទចម្រៀងជាច្រើនរបស់គាត់ បង្កប់អត្ថន័យ ប្រើន័យធៀបជីវិតមនុស្សទៅនឹងធម្មជាតិ។ លោកយាយថា នាថ្ងៃមួយ ពួកគាត់ទាំងពីរ បានទៅលេង​សៀមរាប ដើរ មើលប្រាសាទ ហើយលោកយាយខ្ញុំចង់ចូលមើលប្រាសាទមួយ តែលោកតាខ្ញុំ (ស៊ីន ស៊ីសាមុត) បាននិយាយថា គាត់នឹងរង់ចាំ​នៅខាងក្រៅ ហើយ​​ប៉ុន្មានម៉ោងក្រោយមក គាត់សរសេរបានចម្រៀងមួយបទ។ ខ្ញុំមានការស្ញប់ស្ញែងចំពោះរឿងរ៉ាវ ទាក់ទង​នឹង​ការ​និពន្ធ​បទចម្រៀងរបស់គាត់» 

សុជាតា​ បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ហើយបទទីមួយ នឹងចេញ​នៅថ្ងៃទី ១៩ ខែកុម្ភៈ ។ នាងឲ្យដឹងថា ៖ «ខ្ញុំប្រើពាក្យសាមញ្ញ ហើយត្រង់ៗ ក្នុងបទចម្រៀងទាំងនេះ ពីព្រោះខ្ញុំចង់ឲ្យទស្សនិកជន ងាយយល់» 

ចំពោះកិច្ចសន្ទនា រវាងលោកទូត និងសុជ្ឈតា សូមចុចមើល ៖ https://www.facebook.com/us.embassy.phnom.penh/videos/555560315403975  

###