លោកស្រី Mandy K. Cohen នាយិកាមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក បំពេញទស្សនកិច្ច​នៅព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មាន
៨ កុម្ភៈ ២០២៤

លោកស្រីវេជ្ជបណ្ឌិត Mandy K. Cohen នាយិកានៃមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ដើម្បីជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា និងដៃគូធ្វើការក្នុងវិស័យសុខភាពសាធារណៈ។ ក្នុងពេលជួបជាមួយឯកឧត្តម សាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឈាង រ៉ា និងមន្រ្តី​នៅនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រីវេជ្ជបណ្ឌិត Cohen បានរម្លឹកពីកិច្ចសហការជាដៃគូដ៏យូរមក ដែលមានរយៈពេល ២២ ឆ្នាំ រវាង CDC សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីសារសំខាន់​នៃការបន្តកិច្ចសហការគ្នា នៅក្នុងការការពារ និងរកឃើញទាន់ពេល​ នូវជំងឺផ្លូវដង្ហើម និងការឆ្លើយតប ហើយនិងការត្រៀមរៀបចំសម្រាប់គ្រាបន្ទាន់ផ្នែកសុខភាពសាធារណៈ 

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «ទស្សនកិច្ច​របស់វេជ្ជបណ្ឌិត Cohen បញ្ជាក់ពីការប្តេជ្ញាវចិត្ត​របស់សហរដ្ឋអាមេរិក ចំពោះការលើកកម្ពស់វិស័យសុខភាពសាធារណៈ នៅកម្ពុជា។ ភាពជាដៃគូជាបន្ត​របស់ CDC អាមេរិក បានជួយកម្ពុជាប្រកបដោយប្រសិទ្ធភាព​ក្នុងការប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ ផ្តាសាយ និងជំងឺឆ្កែឆ្កួត។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលរួមមានទាំង CDC និងទីភ្នាក់ងារសហរដ្ឋអាមេរិកដទៃទៀត ផ្នែកសុខភាព ដែលកំពុងធ្វើការ​នៅព្រះរាជាណាចក្រកម្ពុជា ក៏បានជួយផងដែរ ដល់អាជ្ញាធរកម្ពុជា ក្នុងការធ្វើការឆ្លើយតបបានភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងចំណោមការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុតក្នុងពិភពលោក ទៅនឹងការផ្ទុះឡើង​នៃជំងឺ Covid-19» ។ 

លោកស្រីវេជ្ជបណ្ឌិត Cohen បានទៅមើលកន្លែងលក់សត្វបក្សីរស់​ នៅផ្សារអូរឬស្សី មន្ទីរពេទ្យកុមារជាតិ មន្ទីរពិសោធន៍​នៅវិទ្យាស្ថាននជាតិសុខភាពសាធារណៈ  និងមជ្ឈមណ្ឌល CDC កម្ពុជា ដើម្បីពិនិត្យមើលពីកិច្ចប្រឹងប្រែងរួមគ្នាដ៏ខ្លាំង រវាង CDC អាមេរិក និងដៃគូនានា ដើម្បីការពារ តាមដាន និងឆ្លើយតបនឹងការគំរាមកំហែងនៃវីរុសផ្លូវដង្ហើមថ្មីៗ។ លោកស្រី Cohen បានធ្វើការពិភាក្សាប្រកបដោយផ្លែផ្កា អំពីសន្តិសុខសុខភាពជាសាកល ដោយទន្ទឹមនឹង​នោះ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត​របស់ CDC អាមេរិក ក្នុងការលើកកម្ពស់សមត្ថភាព​ស្នូល​ផ្នែកសុខភាពសាធារណៈ ដើម្បីការពារ​សុខភាព​ និងសុវត្ថិភាព​នៃប្រជាជនកម្ពុជា។ 

ទស្សនកិច្ច​របស់លោកស្រីវេជ្ជបណ្ឌិត Cohen ​នៅកម្ពុជានេះ ក៏រួមមានការចុះពិនិត្យដោយផ្ទាល់ នៅមណ្ឌលសុខភាពទួលគោក នៅភ្នំពេញ នូវកិច្ចសហការគ្នាជាដៃគូ​ក្នុងមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាជំងឺអេដស៍ និងជំងឺឆ្លងដទៃទៀត។ លោកស្រីថែមទាំងបានទៅទស្សនា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងផងដែរ ដើម្បីស្វែងយល់បន្ថែមពីការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ក្នុងការនាំមកនូវយុត្តិធម៌ គណនេយ្យ​ភាព និងការអភិរក្សនូវវត្ថុចងចាំពីជនរងគ្រោះ​ដោយសារអំពើឃោរឃៅ 

### 

ការរួមចំណែករបស់សហរដ្ឋអាមេរិកលើវិស័យសុខាភិបាល នៅកម្ពុជា  

  • កម្មវិធីរបស់ប្រធានាធិបតីអាមេរិក សំដៅទប់ស្កាត់ការចម្លងជំងឺអេដស៍ជាបន្ទាន់(PEPFAR) ដើម្បីធ្វើឲ្យលែងមានជំងឺអេដស៍ នៅត្រឹមឆ្នាំ ២០៣០ មួយចំណែក តាមរយៈការជួយគាំទ្រ​ដោយ PEPFAR  ចំនួននៃករណីឆ្លងថ្មីប្រចាំឆ្នាំនៃជំងឺអេដស៍​បានថយចុះ ៣៦% ពីឆ្នាំ  ២០១០ មក ដោយ ៨៦% នៃអ្នកមានផ្ទុកមេរោគអេដស៍ដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍ ដោយក្នុង​នោះ ៩៩% ទទួលបានការព្យាបាល​ដោយឱសថប្រឆាំងមេរោគអេដស៍ ហើយ ៩៨% នៃអ្នកដែលធ្វើការព្យាបាល មានស្ថាន​ភាពជំងឺអាចគ្រប់គ្រងបាន។ 
  • លើកកម្ពស់ការលុបបំបាត់ជំងឺគ្រុនចាញ់៖ ដោយត្រូវបានដំណើរការតាមរយៈទីភ្នាក់ងារផ្តល់ជំនួយ​អាមេរិក USAID និងមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង CDC តាំងពីឆ្នាំ ២០១៣​ មក គម្រោងគំនិតផ្តួចផ្តើមផ្នែកជំងឺគ្រុនចាញ់​របស់ប្រធានាធិបតីសហរដ្ឋអាមេរិក (PMI) បានជួយប្រទេសកម្ពុជា​ក្នុងការជំរុញ​ការលុបបំបាត់ជំងឺគ្រុនចាញ់។ នៅឆ្នាំ ២០២៣ ប្រទេសកម្ពុជាមានការថយចុះចំនួន ៩២% នៃករណីមេរោគ Plasmodium falciparum បើប្រៀបធៀបនឹងឆ្នាំ ២០២២ ហើយជារួមមាន មានការថយចុះករណីមេរោគគ្រុនចាញ់ចំនួន ៦៦%។ ជាការគួរឲ្យកត់សម្គាល់ ប្រទេសកម្ពុជាគ្មានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់​ទេ តាំងពីឆ្នាំ ២០១៧ មក។  
  • លើកកម្ពស់សន្តិសុខជាសាកលផ្នែកសុខភាពដោយជំរុញបន្ថែមលើកិច្ចសហការជាដៃគូផ្នែកសុខភាពសាធារណៈ ដែលកំពុងមាន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានពង្រីកការគាំទ្រដល់កម្ពុជា ទាក់ទងនឹងសន្តិសុខផ្នែកសុខភាព បន្ទាប់ពីមានការផ្ទុះជាលើកដំបូង នូវគ្រុនផ្តាសាយបក្សី H5N1  ក្នុងចំណោមមនុស្ស នៅឆ្នាំ ២០០៥នៅពេលបច្ចុប្បន្ន ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក USAID មជ្ឈមណ្ឌល CDC វិទ្យាស្ថាន​សុខភាពជាតិអាមេរិក និងដៃគូដទៃទៀត ផ្តល់ការគាំទ្រនានា ដើម្បីពង្រឹងសមត្ថភាព​របស់កម្ពុជា ក្នុងការបង្ការ តាមដាន និងឆ្លើយតបនឹងជំងឺឆ្លងថ្មីៗ និងការគំរាមកំហែងលើសុខភាពសាធារណៈ។ 
  • ការឆ្លើយតបនឹងជំងឺ Covid-19 និងពង្រីកការចាក់វ៉ាក់សាំងការពារ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រជាច្រើន​ដល់កម្ពុជា ក្នុងការប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលរួមមានការផ្តល់ថវិកាចំនួន ១៦ លានដុល្លារ ជាជំនួយថវិកាបន្ថែមពីទីភ្នាក់ងារ USAID  ជំនួយបច្ចេកទេសពីមជ្ឈមណ្ឌល CDC និងវ៉ាក់សាំងតម្លៃ ៣,៣ លានដុល្លារ ដែលត្រូវបានផ្តល់ឲ្យតាមរយៈមជ្ឈមណ្ឌល Covid-19 Vaccines Global Access (COVAX) ។ ដោយត្រូវបានពង្រឹងបន្ថែមដោយការគាំទ្ររបស់សហរដ្ឋអាមេរិក ការឆ្លើយតបរបស់កម្ពុជា ទៅនឹងមេរោគ Covid-19 ត្រូវបានទទួលស្គាល់​នៅក្នុងតំបន់ថា មានប្រសិទ្ធភាពខ្ពស់។ 
  • កាត់បន្ថយអត្រាមរណភាពមាតា និងទារក ៖ ទីភ្នាក់ងារ USAID បានរួមចំណែកច្រើនដល់ការកាត់បន្ថយការស្លាប់របស់ម្តាយ និងទារក នៅកម្ពុជា តាមរយៈការវិនិយោគ​លើកំណែលម្អលើគុណភាព ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការវិនិយោគ​លើការថែទាំសុខភាពបឋម ដោយរួមទាំងការធ្វើផែនការគ្រួសារផងដែរ។ តាមរយៈការជួយដល់អង្គការសុខភាពពិភពលោក CDC របស់សហរដ្ឋអាមេរិកថែមទាំងបានជួយ​ក្នុងការពង្រឹងប្រព័ន្ធចាក់ថ្នាំបង្ការ​របស់កម្ពុជា ហើយបន្តផ្តល់ការណែនាំ​លើការខិតខំចាក់ថ្នាំការពារ​នៅក្នុងតំបន់។ 
  • ការពង្រឹងប្រព័ន្ធសុខាភិបាល ជំនួយជាអន្តរទីភ្នាក់ងារផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក លើកកម្ពស់គុណភាពនៃការថែទាំ តាមរយៈបទដ្ឋានគុណភាពដែលត្រូវបានពង្រឹង និងការត្រួតពិនិត្យលើអ្នកផ្តល់សេវា ពង្រីកការការពារសុខភាពសង្គម ដើម្បីកាត់បន្ថយការចំណាយផ្ទាល់ខ្លួន​លើផ្នែកសុខភាព និងកសាងសមត្ថភាពរបស់បុគ្គលិក និងរបស់ស្ថាប័ន។ មជ្ឈមណ្ឌល CDC និងវិទ្យាស្ថាន​សុខភាពជាតិអាមេរិក ជួយដល់ផ្នែកមន្ទីរពិសោធន៍ ក្នុងការកែលម្អការផ្តល់រោគវិនិច្ឆ័យបានត្រឹមត្រូវ ការតាមដាន និងព្យាបាលជំងឺឆ្លង ដូចជាជំងឺអេដស៍ កូវីដ របេង ផ្តាសាយ និងការតាមដានរកមេរោគថ្មីៗ 

 ###