ការិយាល័យអ្នកនាំពាក្យ
ក្រសួងការបរទេសសហរដ្ឋអាមេរិក
លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel J. Kritenbrink នឹងធ្វើដំណើរមករាជធានីភ្នំពេញ និងទីក្រុង តូក្យូ នៃប្រទេសជប៉ុន ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែ កក្កដានេះ។ នៅភ្នំពេញ លោកឧបការីរដ្ឋមន្រ្តីនឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគី ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបញ្ហាក្នុងតំបន់ និងក្នុងសាកលលោក។ លោកឧបការីរដ្ឋមន្រ្តីក៏នឹងជួបផងដែរ ជាមួយយុវជន និងមេដឹកនាំសង្គមស៊ីវិល។
នៅទីក្រុងតូក្យូ លោកឧបការីរដ្ឋមន្រ្តីនឹងសម្តែងសមានទុក្ខដល់ប្រជាជនជប៉ុន ចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្រ្តី Shinzo Abe ។ លោកនឹងជួបជាមួយសមភាគីជាន់ខ្ពស់ជប៉ុន ដើម្បីពិភាក្សា និងជម្រុញភាពជាដៃគូរឹងមាំ រវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន នៅក្នុងបញ្ហាតំបន់ និងបញ្ហាសាកលោកជាច្រើន។ សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុនគឺជាគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយកិច្ចសហប្រតិបត្តិការជាច្រើនរបស់យើងមានសារសំខាន់ចាំបាច់ នៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងសាកលលោក ដូចជាសង្រ្គាមខុសច្បាប់ និងឃោរឃៅរបស់ប្រទេសរុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
# # #