លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy ចូលជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

សេចក្តីថ្លែងការណ៍​របស់ស្ថានទូត ថ្ងៃទី ២៧ កញ្ញា ឆ្នាំ ២០២៣

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy បានដឹកនាំគណ:ប្រតិភូរបស់ស្ថានទូត ចូលជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៧ ខែកញ្ញា នៅវិមានសន្តិភាព ដើម្បីធ្វើការពិភាក្សាប្រកបដោយផ្លែផ្កា លើបញ្ហាជាច្រើន ដែលជាប្រយោជន៍​រួម។

លោកឯកអគ្គរដ្ឋទូត Murphy បានមើលឃើញពីជំនួបប្រកបដោយលទ្ធផលល្អ របស់លោកនាយករដ្ឋមន្ត្រី ជាមួយមន្ត្រី និងក្រុមហ៊ុនអាមេរិក នៅក្នុងសប្តាហ៍ថ្នាក់ខ្ពស់​នៃមហាសន្និបាត​របស់អង្គការសហប្រជាជាតិ ក្នុងពេលថ្មីៗ​នេះ នៅបូរីញូវយ៉ក ហើយបានកត់សម្គាល់ឃើញភាពជាដៃគូជាបន្តរបស់កម្ពុជា លើបញ្ហាសំខាន់ៗ ក្នុងតំបន់ និងក្នុងពិភពលោក ដែលរួមមានការអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ លើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ការការពារបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន និងដំណោះស្រាយស្តីពីវិបត្តិ​នៅប្រទេសភូមា។

នៅក្នុងជំនួប​នោះ  លោកឯកអគ្គរដ្ឋទូត Murphy បានថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងការរួមចំណែក​ដល់ការអភិវឌ្ឍ​នៃប្រទេសកម្ពុជា ដែលគេអាចមើលឃើញតាមរយៈជំនួយបរទេសចំនួន ៣ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យកម្ពុជា ក្នុងរយៈពេលជាង ៣០ កន្លងមកនេះ។ ទោះបីលោកបានកត់សម្គាល់ឃើញថា ការសម្រេចចិត្តក្នុងការបន្តឡើងវិញ​នូវកម្មវិធីជំនួយបរទេសមួយចំនួន​របស់សហរដ្ឋអាមេរិកគឺជាផ្នែកមួយ​នៃជំនួយជារួម ដែលមានសារៈសំខាន់សម្រាប់សុខភាព​របស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព​នៃព្រះរាជាណាចក្រកម្ពុជាក្តី តែលោកឯកអគ្គរដ្ឋទូតបានថ្លែងសង្កត់ធ្ងន់​លើសារៈសំខាន់​នៃសិទ្ធិមនុស្ស និងការការពារសេរីភាពជាមូលដ្ឋាន ដែលចាំបាច់ត្រូវតែមាននៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង។

លោកនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការគាំទ្រ​របស់សហរដ្ឋអាមេរិក​ក្នុងការបំផ្លាញចោលអាវុធ ដូចជាការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា ហើយលោកឯកអគ្គរដ្ឋទូត បានសម្តែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ​លើបេសកកម្មរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនអាមេរិក នៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Murphy បានសុំឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោនយោបាយការបរទេសដែលមានឯករាជ្យ​ និងតុល្យភាព ដើម្បីជាឧត្តម្ភប្រយោជន៍​នៃប្រជាជនកម្ពុជា និងដើម្បីបន្តសកម្មភាពធំៗ ប្រឆាំងនឹងការជួញដូរមនុស្ស និងការឆបោក​តាមប្រព័ន្ធអ៊ិនធឺណែត ដោយបានកត់សម្គាល់ឃើញពីសារៈសំខាន់​នៃជំហរស្មោះត្រង់ជាសាធារណៈ​ របស់លោកនាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសជាសាកលនេះ។