លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានធំដឹងក្តីនៅភាគខាងត្បូង រដ្ឋ Vermont ហើយស្នាដៃសិល្បៈដែលមានព្យួរនៅក្នុងនិវេសនដ្ឋានផ្លូវការរបស់លោក នៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅរបស់លោក ទៅនឹងរដ្ឋភ្នំបៃតង (Green MountainState) មួយនេះ។
លោក Murphy និងភរិយារបស់លោក ឈ្មោះ Kathleen Norman ដែលជាអ្នកមកពីរដ្ឋ New England បានដាក់តាំងបង្ហាញគំនូរសិល្បៈ នៅនិវេសនដ្ឋានផ្លូវការរបស់លោកឯកអគ្គរដ្ឋទូត នៅក្នុងអំឡុងពេលនៃអាណត្តិរបស់លោកនៅកម្ពុជា ដោយមានគំនូរ ផ្ទាំងក្រណាត់សិល្បៈ និងរូបថតចំនួន ១៤ ផ្ទាំង បង្ហាញពីទេសភាពនៅតាមតំបន់ជនបទ និងសម្រស់ធម្មជាតិនៃរដ្ឋកំណើតរបស់លោក។
ស្នាដៃសិល្បៈទាំងនោះបានមកដល់ប្រទេសកម្ពុជា តាមរយៈកម្មវិធីដែលមានឈ្មោះថា សិល្បៈក្នុងស្ថានទូត ជាកម្មវិធីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយបង្ហាញពីសិល្បៈរបស់ប្រទេសអាមេរិក ដល់អ្នកទស្សនានៅទូទាំងពិភពលោក នៅតាមស្ថានទូត ស្ថានកុងស៊ុល និងនិវេសនដ្ឋានទូតផ្លូវការ។
លោកឯកអគ្គរដ្ឋទូត Murphy បានសរសេរនៅក្នុងសេចក្តីផ្តើមនៃសៀវភៅកាតាឡុកថា ៖ «យើងសង្ឃឹមថា វត្ថុសិល្បៈដាក់តាំងនេះនឹងនិយាយទៅកាន់ប្រជាជនកម្ពុជា ដោយទេសភាពពណ៌បៃតង និងប្រពៃណីធ្វើកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈដូចគ្នានឹងប្រពៃណីធ្វើកសិកម្ម និងភ្នំពណ៌បៃតងដ៏ល្បីនៅរដ្ឋ Vermont»។
អ្នកសិល្បៈទាំងអស់ ដែលមានស្នាដៃក្នុងពិព័រណ៌នេះ មានទំនាក់ទំនងរឹងមាំជាមួយនឹងរដ្ឋ Vermont ហើយភាគច្រើន ដែលមានឈ្មោះ Kate Emlen, Elizabeth Fram, Julia Jensen, Deborah Lazar, Paul Stone, និងBhakti Ziek កំពុងរស់នៅ និងធ្វើការក្នុងរដ្ឋនេះ។ មានស្នាដៃមួយជារបស់ជាងគំនូរជាជនជាតិអាមេរិកមានដើមកំណើតអាឡឺម៉ង់ ដែលបានស្លាប់ទៅ និងមានឈ្មោះថា Wolf Kahn ។ គាត់បានស្លាប់នៅដើមឆ្នាំនេះ ហើយមានកសិដ្ឋានមួយនៅ Brattleboro ។
លោក Murphy បានមានប្រសាសន៍ថា៖ «យើងមិនអាចថ្លែងឲ្យអស់ពីចិត្តសប្បុរសរបស់វិចិត្រករនៅរដ្ឋ Vermont ដែលបានផ្តល់ស្នាដៃនេះមកទេ ដោយពួកគេបានវេចខ្ចប់ ហើយបញ្ជូនចេញមកកាន់ទីឆ្ងាយ ដោយរីករាយ»។
ចំណុចពិសេសមួយទៀតនៃការដាក់តាំងវត្ថុសិល្បៈទាំងនេះគឺរូបផ្តិត Lithograph របស់វិចិត្រការិនីអាមេរិកដ៏ល្បី ឈ្មោះ Grandma Moses (Anna Mary Robertson) ។ ស្នាដៃច្រើនបំផុតរបស់គាត់ដែលមានដាក់តាំងជាសាធារណៈគឺនៅសារមន្ទីរ Bennington Museum ក្នុងរដ្ឋ Vermont ដែលលោក Murphy បានទៅទស្សនា កាលពីគាត់នៅជាកុមារ ក្នុងកម្មវិធីរបស់សាលា។
លោក Murphy បានសិក្សានៅសាលាបឋមសិក្សា Green Street, Canal Street និងសាលាបឋមសិក្សា Oak Grove នៅ Brattleboro បានទទួលសញ្ញាប័ត្រពីវិទ្យាល័យ Brattleboro Union High School នៅឆ្នាំ ១៩៨១ ហើយបានចូលសិក្សានៅសាកលវិទ្យាល័យ Vermont ដោយលោករៀនវិទ្យាសាស្រ្តនយោបាយ និងមុខវិជ្ជាស្តីពីប្រទេសកាណាដា ដោយមុខវិជ្ជាបន្ទាប់បន្សំគឺភាសាបារាំង។ លោកបានធ្វើជាអ្នកស្ម័គ្រចិត្តរបស់អង្គការភីសខ័រ (Peace Corps) នៅប្រទេសCameroon ហើយបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ John Hopkins មុនពេលលោកចូលបម្រើការងារកិច្ចការបរទេស ក្នុងឆ្នាំ ១៩៩២ ជាអ្នកការទូតអាជីព។
សព្វថ្ងៃ លោក Murphy រស់នៅភ្នំពេញ ក្នុងនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក ក្នុងអាគារប្រវត្តិសាស្រ្ត ដែលបានសង់ឡើងកាលពីទសវត្សរ៍ឆ្នាំ ១៩២០។ ផ្ទះនេះជារបស់ស្ថានទូតអង់គ្លេស នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និងនៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ តែត្រូវបានបោះបង់នៅក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ។ សហរដ្ឋអាមេរិកបានចាប់ផ្តើមជួលផ្ទះនេះនៅឆ្នាំ ១៩៩២ ហើយបានទិញយក នៅឆ្នាំ ១៩៩៩។
លោក Murphy បានសរសេរថា៖ «ស្នាដៃនៅនិវេសនដ្ឋាននេះរម្លឹកយើងឲ្យដឹងថា សិល្បៈគ្មានព្រំដែនភូមិសាស្រ្តកំណត់ទេ ហើយផ្សាភ្ជាប់យើងទៅនឹងឬសគល់ និងកំណើតដើមរបស់យើង»។
ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីសិល្បៈក្នុងស្ថានទូត សូមចូលមើលគេហទំព័រ ៖ https://art.state.gov/