វិទ្យាស្ថាន Smithsonian និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះហត្ថលេខា​លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក

For Immediate Release
៣១ តុលា ២០២៣ 

2023 

ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅកម្ពុជា W. Patrick Murphy លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា និង លោក Chase Robinson  នាយកសារមន្ទីរជាតិ សិល្បៈអាស៊ី Smithsonian បាន​ចូលរួម​ជា​អធិបតី​​នៅក្នុងពិធីចុះហត្ថលេខា​លើអនុ​ស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងវប្បធម៌ និងស្ថាប័ន Smithsonian ដើម្បីពង្រីកការអភិវឌ្ឍជំនាញអាជីព បង្កើនការចែករម្លែក​ព័ត៌មាន និងលើកកម្ពស់វប្បធម៌​កម្ពុជា។ 

អនុស្សារណៈនេះ កំណត់គោលដៅជាក់លាក់ ក្នុងការលើកកម្ពស់សមត្ថភាព​របស់បុគ្គលិកនៃសារមន្ទីរ តាមរយៈ​កម្មវិធីផ្លាស់ប្តូរគ្នា សម្របសម្រួលលើការផ្តល់ប្រឹក្សា​ស្តីពីការគ្រប់គ្រងសារមន្ទីរ ការផ្តល់កម្ចី និងការផ្លាស់ប្តូរវត្ថុតាំង និងវត្ថុដទៃទៀត ហើយនិងការសហការគ្នា​លើការស្រាវជ្រាវ។ MOU នេះ​នឹងពង្រឹងផងដែរ នូវការសហការគ្នារវាង​សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា​ លើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុស​ច្បាប់ នៃវត្ថុបុរាណខ្មែរ។ 

ការចុះហត្ថលេខាលើ MOU នេះគឺជាការបង្ហាញឲ្យឃើញមួយទៀត​ នៃកិច្ចសហប្រតិបត្តិការរឹងមាំផ្នែកវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយរួមទាំងការខិតខំ​ក្នុងការអភិរក្ស និងស្តារបេតិកភណ្ឌវប្បធម៌​ដ៏សម្បូរបែប​​របស់ខ្មែរ និងកាត់បន្ថយការលួចប្លន់​នៃវត្ថុបូរាណដែលមានតម្លៃកាត់ថ្លៃមិនបាន។ សហរដ្ឋអាមេរិកបាន​ធ្វើការសម្របសម្រួលលើការបញ្ជូនប្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណដែលមានតម្លៃកាត់ថ្លៃមិនបាន ចំនួនជាង ១០០ ដុំ ហើយបានរួមចំណែកជាថវិកា និងផ្តល់ការបណ្តុះបណ្តាលក្នុងការកាពារ អភិរក្ស និងជួសជុលបេតិកភណ្ឌ​វប្បធម៌​របស់ប្រទេសកម្ពុជា នៅក្នុងរយៈ ២០ ឆ្នាំមក​នេះ 

នៅក្នុងពិធី​នោះ លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ប្រទេសយើងទាំងពីរមើលឃើញតម្លៃ​នៃវប្បធម៌ ក្នុងការបង្រួបបង្រួមប្រជាជន ហើយបណ្តុះគំនិតមោទនភាពលើអត្តសញ្ញាណ និងបេតិកភណ្ឌកិច្ចព្រមព្រៀង​នេះស្តែងឲ្យឃើញការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្សវប្បធម៌នៃព្រះរាជា​​ណាចក្រកម្ពុជា»។ 

លោក Chase Robinson បានមានប្រសាសន៍ថា ៖ MOU នេះ «សន្យាថា កិច្ចសន្ទនា និងកិច្ចសហការគ្នា​នឹងបន្ត ថាយើងនឹងរៀនសូត្រពីគ្នា តាមរយៈសកម្មភាពផ្លាស់ប្តូរគ្នា ដោយបើកចំហ និងថាការស្រាវជ្រាវ និង​​ការចែករម្លែកចំណេះ​​ដឹងនឹងត្រូវបានពង្រីកបន្ថែម»។ 

លោកជំទាវ បណ្ឌិតរដ្ឋមន្រ្តីក្រសួងវប្បធម៌ ភឿង សកុណា បានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយស្ថាប័ន Smithsonian ដើម្បីធ្វើការជាមួយគ្នា ដើម្បីការអភិរក្ស ការបណ្តុះបណ្តាល​ធនធានមនុស្ស និងការនិទានរឿងរ៉ាវពីបេតិកភណ្ឌវប្បធម៌​របស់យើង ដើម្បីបង្ហាញទៅកាន់ពិភពលោក »។ 

តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ៦ លានដុល្លារ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌​កម្ពុជា ដែលរួមមានអំណោយថវិកាសម្រាប់ជួសជុលប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង ការជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ធ្វើបញ្ជីសារពើពន្ធ​តាមប្រព័ន្ធឌីជីថល​នៃនៅសារមន្ទីរតាមខេត្ត ហើយបង្កើត​កម្មវិធីដែលធ្វើឲ្យមានការយល់ដឹងក្នុងចំណោមសាធារណជន លើការការពារបេតិកភណ្ឌវប្បធម៌ 

 ###