សេចក្តីប្រកាសព័ត៌មាន
១០ កុម្ភៈ ២០២២
សៀមរាប ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុមដែលមានមន្ត្រីការទូតអាមេរិក និងបុគ្គលិកស្ថានទូតជាង ៦០ នាក់ ធ្វើទស្សនកិច្ចការងារនៅខេត្តសៀមរាប និងចូលរួមប្រារព្ធកម្មវិធីសប្តាហ៍ស្ថានទូតអាមេរិក (U.S. Embassy Week) ចាប់ពីថ្ងៃទី ៧ ដល់ ១១ ខែកុម្ភៈ នៅក្នុងទីក្រុងធំទី ២ របស់កម្ពុជា។
គណៈប្រតិភូស្ថានទូត បានជួបប្រាស្រ័យការងារជាមួយដៃគូនានានៅកម្ពុជា ដែលធ្វើការក្នុងវិស័យសុខភាពសាធារណៈ អប់រំ វប្បធម៌ ពាណិជ្ជកម្ម យុវជន ការដោះមីន និងការអនុវត្តច្បាប់ ដែលនេះជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជននៅសៀមរាប។
លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ៖ «យើងជាមន្ត្រីស្ថានទូតអាមេរិក ធ្វើការនៅទូទាំងខេត្ត ២៥ របស់ប្រទេសកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដ៏ក្រៃលែង ក្នុងការនាំ បុគ្គលិករបស់យើងមកខេត្តសៀមរាបនាពេលនេះ»។
បុគ្គលិក មន្ត្រី ដែលចូលរួមធ្វើការងារក្នុងឱកាស សប្តាហ៍ស្ថានទូតអាមរិក រួមមានមន្រ្តីមកពីមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងអាមេរិក (CDC) ទីភ្នាក់ងារជំនួយអាមេរិក (USAID) ផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិ និងមន្ត្រីមកពីវិស័យផ្សេងៗ ព្រមទាំងទីភ្នាក់ងារដទៃទៀតរបស់សហរដ្ឋអាមេរិក ដែលបម្រើការនៅស្ថានទូតអាមេរិក។
វត្តមានចូលរួមរបស់លោកឯកអគ្គរដ្ឋទូត Murphy នៅខេត្តសៀមរាប រួមមានការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយពីទីភ្នាក់ងារប្រយុទ្ធជំងឺឆ្លងអាមេរិក ចូលរួមដឹកនាំកិច្ចពិភាក្សាតុមូលមួយជាមួយក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងអ្នកតស៊ូមតិលើបញ្ហានេះ ព្រមទាំងទៅគោរពវិញ្ញាណក្ខន្ធ អ្នកបច្ចេកទេសរបស់អង្គការដោះមីនកម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងពេលបំពេញការងារកាលពីខែមុន។
អង្គការហ្វារពន្លឺសិល្បៈកម្ពុជា ក៏បានចូលរួមធ្វើការសម្តែងអបអរ ពិធីសប្តាហ៍ស្ថានទូតអាមេរិក ជូនដល់ដៃគូការងារ អ្នកទទួលផល និងមិត្តភក្ត្រទាំងអស់ កាលពីរាត្រីថ្ងៃពុធ ទី ៩ កុម្ភៈ ឆ្នាំ ២០២២។
សប្តាហ៍ស្ថានទូតអាមេរិកនៅសៀមរាប គឺបង្ហាញពីការងារជាបន្តបន្ទាប់របស់ស្ថានទូត ក្នុងការអបអរនូវទំនាក់ទំនង អាមេរិក កម្ពុជា ឆ្នាំ ២០២២ (AmCam2022) លើចំណងទាក់ទងយូរអង្វែង រវាងប្រជាជនអាមេរិក និងប្រជាជននៃប្រទេសកម្ពុជា ក៏ដូចជាប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍៕
###