សេចក្តីប្រកាសព័ត៌មាន
២៣ កញ្ញា ២០២១
ភ្នំពេញ៖ សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA)ដំបូងរបស់ខ្លួន នៅកម្ពុជា នៅខែនេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ។
ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក (USDA) ស្ថិតនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ USDAនេះ នឹងជំរុញកិច្ចការនេះដើម្បីឲ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាមេរិក»។
ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញរបស់សហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ ២០២០ គេលក់បានក្នុងតម្លៃ ៧២,៧ លានដុល្លារ គឺកើន ៤៧៤% នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ។
ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ USDA ក៏នឹងជួយផងដែរដល់កសិករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់ USDA ដូចជាកម្មវិធី McGovern-Dole International Food for Education ដែលផ្តល់អាហារសម្រាប់កូនសិស្សនៅសាលាបឋមសិក្សា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ។
ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានតែងតាំង កញ្ញា ហូយ សុខគា អ្នកឯកទេសខាងកិច្ចការកសិកម្ម ធ្វើជាជាតំណាង។ កន្លងមក សុខគា គឺជាអ្នកឯកទេសពាណិជ្ជកម្មរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ ដោយនាងបានជួយក្រុមហ៊ុនអាមេរិកនានា ឲ្យចូលមកបណ្តាក់ទុនក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ។
###