សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែម ៤​លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩ នៅកម្ពុជា

សេចក្តីប្រកាសព័ត៌មាន
៩ សីហា ២០២១ 

2021/13 

ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃ​នេះ សហរដ្ឋអាមេរិក​ បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេស​កម្ពុជា។ ជំនួយ​នេះ ​នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗ​នេះ​របស់សហរដ្ឋអាមេរិកជាវ៉ាក់សាំង Johnson & Johnson ចំនួន ១​ ០៦០ ១០០ ដូស​ ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវ៉ាក់ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេស​​កម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជន​ដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ដើម្បីលើកកម្ពស់សមត្ថភាព​ក្នុងការធ្វើតេស្ត។ 

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា៖ «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើង​នៃជំងឺមានសារសំខាន់ណាស់ មិនត្រឹមតែ​ដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បី​​ធានា​​​វិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខ​របស់ប្រទេសយើងផងដែរ។យើងមានមោទភាព​ក្នុងការ​​ផ្តល់ការគាំទ្រ​នេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេអ្នកជិតខាង និងអនាគត​នៃសេដ្ឋកិច្ច​របស់​​​គេ»។  

ជំនួយបន្ថែម​នេះ ដែលបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិកគឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លាររបស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺ​នេះ​បានផ្ទុះឡើងជាលើកដំបូង។ ការគាំទ្រ​នេះ​បានដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយមានជាសម្ភារៈលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រ​នេះ​ថែម​​ទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច​ពីមេរោគរាតត្បាត​នេះ។ 

ការខិតខំទាំង​នេះគឺជាការងារបន្តពីការងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍​មកហើយ ក្នុងការជួយ​​សង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំ​របស់សហរដ្ឋអាមេរិកនៅក្នុងការដោះស្រាយវិបត្តិផ្នែកសុខភាពជាសាកល។ តាំងពីឆ្នាំ ១៩៩២ មកសហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១,៥៤ ពាន់លានដុល្លារនៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយ​​អាមេរិក USAID ។ ថវិកានេះ​រួមមានប្រាក់ចំនួនជាង ៣៧៧ លានដុល្លារជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ ឆ្នាំនិងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍     កង្វះអនាម័យកង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាព​របស់​​ប្រទេស​​​កម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាល​របស់ខ្លួន។ 

ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេ។តាមរយៈការងារ​របស់ទីភ្នាក់ងារជំនួយអាមេរិក ​USAID​​ មជ្ឈមណ្ឌល​​​កម្ចាត់​ជំងឺឆ្លងសហរដ្ឋអាមេរិកវិទ្យាស្ថាន​ជាតិសុខភាពសហរដ្ឋអាមេរិក​ អង្គភាពស្រាវជ្រាវវេជ្ជសាស្រ្ត​​របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងអង្គការដទៃទៀតសហរដ្ឋអាមេរិក​ មានការប្តេជ្ញាចិត្ត​ក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជាដើម្បីកម្ចាត់រោគរាត្បាតកូវីដ១៩ បន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និងសេដ្ឋកិច្ច ហើយកសាងឡើងវិញ នូវពិភពលោកមួយដែលមានការត្រៀមរៀបចំល្អជាងមុន ប្រឆាំងនឹងការផ្ទុះ​​ឡើង​នៃជំងឺ​ទៅអនាគត។ 

###