សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែម ៧,៥ លានដុល្លារ ក្នុងការឆ្លើយតបចំពោះជំងឺកូវីដ ១៩ នៅកម្ពុជា

For Immediate Release                                                                                                       May 21, 2020

2020/13

រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសនូវជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារ សម្រាប់ជួយប្រទេសកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច និងសុខាភិបាល ដោយសារ មេរោគកូវីដ ១៩។ ជំនួយ នេះ ដែលត្រូវផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងបន្តការជួយដោយផ្ទាល់សម្រាប់ផ្នែកសុខាភិបាល ហើយពង្រីកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ជំនួយ នេះ ត្រូវបានប្រកាស នៅក្នុងពិធីធ្វើឡើងរួមគ្នារវាងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ធនធានទាំង នេះគឺជាផ្នែកមួយ នៃភាពជាដៃគូដែលមានរយៈពេលយូរ របស់យើងជាមួយ ប្រទេសកម្ពុជា។ តាំងពីឆ្នាំ ១៩៩២ មក រដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតែជួយគាំទ្រដល់ការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា រាប់ពីការជួយកសិករក្នុងការបង្កើនទិន្នផល និងចំណូលរបស់គេ ដល់ការជួយម្ចាស់មុខជំនួញ និងអតិថិជន ឲ្យទទួលបានផលពីកំណើនលូតលាស់សេដ្ឋកិច្ចដ៏អស្ចារ្យ របស់ប្រទេសកម្ពុជា និងរួមចំណែកដល់កំណើនលូតលាស់នេះ។ យើងបន្តកិច្ចសហការគ្នានេះ ជាមួយប្រជាជនកម្ពុជា ជាមួយនឹងការប្តេជ្ញាដ៏ចិត្តច្រើនថែមទៀត ហើយបន្តមានការប្រុងប្រយ័ត្ន នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺរាតត្បាតជាសាកល កូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក»។

វិធានការសង្គ្រោះរយៈពេលខ្លី និងរយៈពេលមធ្យម ជួយប្រជាជនដែលងាយរងគ្រោះនឹងផលប៉ះពាល់សេដ្ឋកិច្ចចំពោះមុខ និងធ្ងន់ធ្ងរ ដូចជាកសិករ អ្នកផលិតផ្នែកកសិកម្ម បុគ្គលិកផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច អ្នកធ្វើការតាមរោងចក្រ និងអ្នកធ្វើការក្រៅប្រព័ន្ធ និងអ្នកដែលងាយរងគ្រោះដោយការជួញដូរខុសច្បាប់។ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងពង្រីកសកម្មភាពដែលកំពុងមាន នៅក្នុងការបង្ការនិងគ្រប់គ្រងមេរោគឆ្លង ការផ្តល់សម្ភារៈផ្គត់ផ្គង់សម្រាប់មន្ទីរពិសោធន៍ ការប្រាស្រ័យទាក់ទងអំពីហានិភ័យ ការចូលរួមរបស់សហគមន៍ និងសកម្មភាពដោយឡែកៗនៅតាមមូលដ្ឋាន។

សរុបមក តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតនេះមក សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ១១ លានដុល្លារ សម្រាប់ជួយដល់ការឆ្លើយតប និងការស្តារឡើងវិញពីជំងឺកូវីដ ១៩។ មូលនិធិទាំងនេះ គឺជាការបន្ថែមលើជំនួយបច្ចេក ទេសដ៏ច្រើន ដែលមានជាយូរមករបស់អ្នកជំនាញឯកទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ដែលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ច្រើនជាងគេនៃជំនួយទ្វេភាគី នៅក្នុងវិស័យសុខភាពសាធារណៈ។ ការគំរាមកំហែងនៃជំងឺ ឆ្លងទោះនៅទីណាក៏ដោយ អាចក្លាយជាការគំរាមហែងនៅគ្រប់កន្លែង។ សហរដ្ឋអាមេរិក សូមអំពាវនាវដល់អ្នកផ្តល់ជំនួយទាំងអស់ ឲ្យចូលរួម និងរួមចំណែកដល់ការខិតខំជាសាកល ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩៕