សហរដ្ឋអាមេរិក ក្នុងតួនាទីជាអង្គការអន្តរជាតិ ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ 

ក្រសួងការបរទេសសហរដ្ឋអាមេរិក
ការិយាល័យអ្នកនាំពាក្យ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

ព័ត៌មាន​លំអិត
សហរដ្ឋអាមេរិក ក្នុងតួនាទីជាអង្គការអន្តរជាតិ ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ 

«រាល់ពេលដែលអ្នកឃើញជំនួយប្រឆាំងនឹងមេរោគកូវីដ ១៩ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដែលត្រូវបាន ចែកចាយ​នៅទូទាំងពិភពលោក ដោយទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ​ គឺអ្វីដែលអ្នកកំពុងឃើញ គឺជាទឹកចិត្តសប្បុរសធម៌ របស់ប្រជាជនអាមេរិក និងអ្នកទាំងឡាយណា ដែលមានគុណតម្លៃមនុស្សធម៌​ដូចយើង។ យើងជាអ្នករួមចំណែកធំជាងគេច្រើន ចំពោះអង្គការនានា ដូចជា មូលនិធិសហប្រជាជាតិដើម្បីកុមារ(UNICEF) និងអង្គការស្បៀងអាហារពិភពលោក (WFP) ដោយសារយើង មានជឿលើសម្ព័​ន្ធ​ពហុនិយម ប្រកបដោយប្រសិទ្ធភាព ដែលផ្តោតការយកចិត្តទុកដាក់ លើការជួយអ្នកខ្សត់ខ្សោយ មិនមែនដើម្បីចំណេញនយោបាយទេ។ នេះគឺជាការពិត នៃភាពជាអ្នកដឹកនាំសកល» 

ប្រសាសន៍លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ២៧ មីនា ឆ្នាំ ២០២០ 

សហរដ្ឋអាមេរិក គឺជាប្រទេសរួមចំណែកធំជាងគេ និងជាទីទុកចិត្ត ក្នុងការឆ្លើយតបចំពោះវិបត្តិ និងសកម្មភាពមនុស្សធម៌ តាមរយៈអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិរាប់សិបទៀត ។ ជំនួយរបស់សហរដ្ឋអាមេរិក ជាថវិកា និងជាសម្ភារៈ ជំនាញឯកទេស និងបច្ចេកវិទ្យា មានសារៈសំខាន់ចាំបាច់ដល់ការខិតខំ​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ ១៩។ សូមមើលឧទាហរណ៍​ខាងក្រោម៖ 

ជំនួយ​របស់សហរដ្ឋអាមេរិក​ ដល់អង្គការសុខភាពពិភពលោក (WHO) 

  • សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយ ធំជាងគេបំផុត​ចំពោះអង្គការ WHO តាំងពីអង្គការនេះ ​ត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៤៨។ ការរួមចំណែក​របស់សហរដ្ឋអាមេរិក ចំពោះ WHO នៅឆ្នាំ ២០១៩ មានលើស ៤០០ លានដុល្លា គឺសឹងតែទ្វេដង ​នៃការបរិច្ចាគពី់រដ្ឋជាសមាជិកធំទី ២។ ផ្ទុយទៅវិញ ប្រទេសចិន បានរួមចំណែក ៤៤ លានដុល្លា ។ 
  • WHO កំពុងធ្វើការសម្របសម្រួល ការឆ្លើយតបជាសកល ចំពោះការរាតត្បាតនៃកូវីដ ១៩ ហើយកំពុងមានវត្តមាន នៅតាមប្រទេសចំនួន ១៤៩ ជុំវិញសាកលលោក។ ការងារដ៏ទូលំទូលាយទាំងនេះ មិនអាចធ្វើទៅបានដោយគ្មានការជួយគាំទ្ររបស់សហរដ្ឋអាមេរិកបានទេ។ 
  • សហរដ្ឋអាមេរិក និងដៃគូសំខាន់ៗដទៃទៀត ដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងមូលនិធិ Gates Foundation បានធ្វើការចំណាយធនធានរាប់ទសវត្សរ៍​មកហើយ លើការត្រៀមចំពោះភាពអាសន្ន សមត្ថភាពឆ្លើយតប និងជំនាញឯកទេសរបស់អង្គការសុខភាពពិភពលោក។ 

ការជួយគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះមូលនិធិសហប្រជាជាតិដើម្បីកុមារ  (UNICEF) 

  • UNICEF ស្ថិតក្នុងចំណោមអង្គការដំបូងៗ ដែលបានផ្តល់ជំនួយដល់ប្រជាជនចិន នៅក្នុងអំឡុងពេល​នៃ​​​  ជំងឺរាតត្បាត កូវីដ ១៩។ ឧទាហរណ៍ នៅថ្ងៃទី ២៩ មករា UNICEF បានបញ្ជូនសម្លៀកបំពាក់ និងម៉ាសការពារសម្រាប់គ្រូពេទ្យចំនួន ៦ តោន ទៅទីក្រុងសៀងហៃ សម្រាប់ធ្វើការចែកចាយ នៅទីក្រុងវូហាន។ 
  • ការខិតខំនេះ មិនអាចមានទៅបានទេ បើគ្មានការជួយ​របស់សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៩ សហរដ្ឋអាមេរិក បានរួមចំណែកថវិកាចំនួនជាង ៧០០ លានដុល្លាដល់ UNICEF ចំណែកចិនវិញ បានផ្តល់ថវិកាចំនួន ១៦ លានដុល្លា ដល់កម្មវិធី​របស់អង្គការ​នេះ។  
  • UNICEF ចូលរួម​ក្នុងសកម្មភាពសង្គ្រោះបន្ទាន់ នៅតាមប្រទេសរាប់សិប ទូទាំងសាកលលោក ដើម្បីផ្តល់ការផ្គត់ផ្គង់ផ្នែកពេទ្យជាចាំបាច់ ពង្រីកសេវាផ្នែកទឹក និងអនាម័យ ហើយធ្វើការអប់រំ អំពីមធ្យោបាយ​នៃការការពារកុំឲ្យមានការរាលដាល​នៃវីរុសនេះ ។ 
  • សហរដ្ឋអាមេរិក បន្តធ្វើការយ៉ាងខ្លាំងក្លាជាមួយ UNICEF ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពនៃកុមារ នៅទូទាំងសកលលោក។ 

ជំនួយគាំទ្ររបស់សហរដ្ឋអាមេរិក ​ចំពោះទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន​របស់អង្គការសហប្រជាជាតិ (UNHCR) 

  • ជនភៀសខ្លួន ងាយរងខ្លាំងទៅនឹងជំងឺរាតត្បាត កូវីដ ១៩ ហើយការជួយគាំទ្ររបស់​សហរដ្ឋអាមេរិក ដល់អង្គការ UNHCR គឺមានលើសគេទាំងអស់។ 
  • នៅឆ្នាំ ២០១៩ សហរដ្ឋអាមេរិក បានរួមចំណែកជិត ១,៧ ពាន់លានដុល្លា ដល់UNHCR  ហើយ​នេះបង្ហាញ​ឲ្យឃើញច្បាស់ថា យើងគិតគូរពីទុក្ខលំបាករបស់មនុស្ស មិនថា រឿង​នេះ​កើតនៅទីណាទេ។ ប្រទេសចិនបានរួមចំណែក ១,៩ លានដុល្លា។  

ជំនួយគាំទ្ររបស់សហរដ្ឋអាមេរិក​ ដល់អង្គការស្បៀងអាហារពិភពលោក (WFP) 

  • អង្គការ WFP តាមរយៈផ្នែកឆ្លើយតបមនុស្សធម៌​របស់ខ្លួន បានដឹកជញ្ជូនរបស់ជាង ៨៥ នាវា ដល់ប្រទេសចំនួន ៧៤ ដើម្បីជួយ​ដល់ការឆ្លើយតបនឹងជំងឺកូវីដ ១៩ ដោយរួមមាន១,៤ លាន​នៃឧបករណ៍ការពារសុខភាព។ 
  • នៅឆ្នាំ ២០១៩ សហរដ្ឋអាមេរិក បានផ្តល់ធនធានចំនួន ៤២% នៃតម្លៃ ៨ ពាន់លានដុល្លា ដែលជាធនធាន WFP ក្នុងការធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសរួមចំណែកច្រើនជាងគេ ដោយបានរួមចំណែកច្រើនជាងប្រទេសរួមចំណែកធំជាងគេទី ២ ចំនួន ៤ ដង។ ប្រទេសចិន​ បានរួមចំណែកតែ ៣០ លានដុល្លាទេ។ 
  • ទោះស្ថិតនៅចំពោះមុខ មេរាគដ៏រាតត្បាត​នេះ WFP មានគោលដៅរបស់ខ្លួន​ក្នុងការជួយដល់មនុស្សដែលខ្វះសន្តិសុខស្បៀងចំនួន ៨៦ លាននាក់ នៅឆ្នាំ​នេះ ដោយសារមានជំនួយថវិកា របស់អាមេរិក និងស្បៀងអាហារដែលដាំដុះ ដោយកសិករអាមេរិក។